អន្តរជាតិ
នយោបាយអន្តរជាតិ
អាមេរិករិះគន់សិទ្ធិមនុស្សមីយ៉ាន់ម៉ាក្នុងUNSCខណៈចិននិងរុស្ស៊ីមិនពេញចិត្ត
×
កិច្ចប្រជុំបិទទ្វារក្រុមប្រឹក្សាសន្តិសុខត្រូវបានរៀបចំម្សិលមិញដោយផ្តោតលើបញ្ហាប្រជាជនរ៉ូហ៊ីងយ៉ានៅមីយ៉ាន់ម៉ា។ តំណាងសហរដ្ឋអាមេរិកបានរិះគន់គោលនយោបាយរើសអើងរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ាក្នុងកិច្ចប្រជុំ ហើយស្នើសុំឲ្យមានការចាត់វិធានការបញ្ចប់ការធ្វើទុក្ខបុកម្នេញជនជាតិភាគតិចផង។ យ៉ាងណាក៏ដោយរុស្ស៊ី និងចិន ហាក់ដូចជាទើសទាល់នៅពេលបញ្ហាសិទ្ធិមនុស្សត្រូវលើកយកមកជជែកគ្នាក្នុងក្រុមប្រឹក្សាសន្តិសុខនេះ។
មានសំឡេង
នេះជាលើកដំបូងហើយដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឆ្លៀតលើកយករឿងចម្រូងចម្រាសរំលោភសិទ្ធិប្រជាជនឥស្លាមរ៉ូហ៊ីងយ៉ានៅមីយ៉ាន់ម៉ាមកពិភាក្សាក្នុងកិច្ចប្រជុំបិទទ្វារម្សិលមិញ។
ក្នុងកិច្ចប្រជុំបិទទ្វារផ្តោតលើបញ្ហាជនជាតិភាគតិចដែលរងទុក្ខវេទនាជាងគេលើលោក តំ ណាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនប្រចាំក្រុមប្រឹក្សាសន្តិសុខលោកស្រី Samantha Power បានលើកឡើងពីក្តីកង្វល់របស់រដ្ឋបាលលោក បារ៉ាក់ អូបាម៉ា ចំពោះស្ថានភាពសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ា។ មុននឹងបន្ទោសរដ្ឋាភិបាលក្រុងណៃពីដ៏ជុំវិញការអនុវត្តន៍គោលនយោបាយរើស អើងនិងព្រៃផ្សៃចំពោះក្រុមជនជាតិភាគតិច លោកស្រី Power បានឆ្លៀតសរសើររឿងការបន្តកែទម្រង់និងឆន្ទៈចង់បន្តដើរលើគន្លងប្រជាធិបតេយ្យរបស់មីយ៉ាន់ម៉ាផងដែរ។ប៉ុន្តែលោកស្រីបានសង្កត់ធ្ងន់ថាការកែទម្រង់និងបន្តទទួលយកការគោរពសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ាបានក្លាយជាឱកាសរបស់មនុស្សមួយក្រុមប្រើប្រាស់ដើម្បីបង្កើតគំនិតស្អប់ខ្ពើម និងបញ្ឆេះកំហឹងឬហិង្សាប្រឆាំងក្រុមណាមួយផងដែរ។
អ្វីដែលគួរឲ្យកត់សម្គាល់ បេសកជនពិសេសតំណាងឲ្យក្រុងវ៉ាស៊ីនតោនខាងលើ បានពិពណ៌នាថា អាជ្ញាធរមីយ៉ាន់ម៉ាបានធ្វើឲ្យស្ថានភាពសិទ្ធិមនុស្សរបស់ប្រជាជនភាគតិចឥស្លាមរ៉ូហ៊ីងយ៉ាធ្លាក់ក្នុងស្ថានភាពធ្ងន់ធ្ងនិងអមនុស្សធម៌បំផុត។ លោកស្រីបានអំពាវនាវឲ្យអាជ្ញាធរមីយ៉ាន់ម៉ាប្រញាប់ប្រញាល់ដោះស្រាយបញ្ហានេះឲ្យឆាប់រហ័សដើម្បីបញ្ចប់សកម្មភាពធ្វើទុក្ខបុកម្នេញជនជាតិភាគតិចបែបនេះ។
យ៉ាងណាមិញ មហាអំណាចមួយចំនួនជាសមាជិកក្រុមប្រឹក្សាសន្តិសុខ ដូចជារុស្ស៊ីនិងចិន នាំគ្នាត្អូញត្អែរពីការលើកយកបញ្ហាសិទ្ធិមនុស្សមកជជែកគ្នាក្នុងក្រុមប្រឹក្សា។ អ្នកការទូតរុស្ស៊ីចាត់ទុកថា បញ្ហាសិទ្ធិមនុស្សមិនគួរយកមកជជែកក្នុងវេទិកាប្រជុំក្រុមប្រឹក្សាសន្តិសុខទេ។ ចំណែកចិនឯណោះវិញ ជាសម្ព័ន្ធមិត្តមីយ៉ាន់ម៉ាយូរមកហើយ បានឆ្លៀតលើកឡើងថា ក្រុមប្រឹក្សាមិនគួរលូកដៃកិច្ចការផ្ទៃក្នុងមីយ៉ាន់ម៉ាឡើយ ប៉ុន្តែប្រទេសនេះបង្ហាញក្តីបារម្ភដែរចំពោះស្ថានភាពជនភៀសខ្លួន។
បច្ចុប្បន្ននេះប្រជាជនមីយ៉ាន់ម៉ានៅតែបន្តចាត់ទុកជនជាតិភាគតិចរ៉ូហ៊ីងយ៉ាជាជនអន្តោប្រវេសន៍ខុសច្បាប់ ហើយអាជ្ញាធររឹតត្បិតសិទ្ធិសេរីភាពមូលដ្ឋានពួកគេសព្វគ្រប់ ហើយអ្វីគួរឲ្យអនិច្ចា គឺការនៅបន្តធ្វើទារុណកម្ម និងបំពានសិទ្ធិជនជាតិភាគតិចរ៉ូហ៊ីងយ៉ានេះ។ ប្រជាជនរ៉ូហ៊ីងយ៉ាមានប្រហែល១.៤លាននាក់កំពុងរស់នៅប្រទេសមីយ៉ាន់ម៉ាក្នុងរដ្ឋរ៉ាក់ឃីន ប៉ុន្តែពួកគេបានបន្តរត់ភៀសខ្លួនចេញពីមីយ៉ាន់ម៉ាដើម្បីរត់រកទីកន្លែងមានសុវត្ថិភាពដើម្បីសាងជីវិតថ្មី។
បញ្ហាសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ាក្លាយជារឿងក្តីនិងចម្រូសចម្រាសខ្លាំងបន្ទាប់ពីជនភៀសខ្លួនជាច្រើនបានព្យាយាមរត់ចេញពីមីយ៉ាន់ម៉ាតាមទូកដើម្បីស្វែងរកសិទ្ធិជ្រកកោននៅរដ្ឋផ្សេងទៀតទៀត។ ប្រជាជនភាគតិចឥស្លាមនេះ ក្លាយជាជនរងគ្រោះព្រោះឈ្មួញជួញដូរមនុសុ្ស ខ្លះទៀតបាត់បង់ជិវិត និងរសាត់អណ្តែតតែលតោលក្នុងសមុទ្រផងក៏មាន៕
© រក្សាសិទ្ធិដោយ thmeythmey.com