ជាតិ
សហភាពអឺរ៉ុបផ្តល់ហិរញ្ញប្បទានជាង៤៦០លានដុល្លារគាំទ្រដល់វិស័យ៣នៅកម្ពុជា
×
កម្ពុជា និងសហភាពអឺរ៉ុបបានចុះហត្ថលេខាផ្តល់និងទទួល ហិរញ្ញប្បទានឥតសំណងចំនួន៤១០លានអឺរ៉ូ ស្មើនឹងប្រមាណ៤៦០ដុល្លារលើកម្មវិធីណែនាំពហុឆ្នាំរបស់សហភាពអឺរ៉ុប ឆ្នាំ២០១៤-២០២០ សម្រាប់កិច្ចសហប្រតិបត្តិការជាមួយកម្ពុជា។
ពិធីចុះហត្ថលេខានេះ បានធ្វើឡើងរវាង លោកហ្សង់ ហ្វ្រង់ស្វ័រកូតាំង ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ជាមួយលោក គាត ឈន់ អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៌កម្ពុជា ក្រោមអធិបតីភាព លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
បើយោងតាមទីភ្នាក់ងារសារព័រ៌មានជាតិ AKP ហិរញ្ញប្បទានឥតសំណងនេះ សំរាប់គាំទ្រដល់វិស័យអទិភាពចំនួន៣នៅកម្ពុជា ទី១. វិស័យកសិកម្មនិងការគ្រប់គ្រងធនធានធម្មជាតិ រួមទាំងព្រៃឈើ និងជលផល មានទឹកប្រាក់១៤៤លានអឺរ៉ូទី២.វិស័យអប់រំ និងជំនាញ ដោយផ្តោតលើការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការអភិវឌ្ឍជំនាញចំនួន១៤០លានអឺរ៉ូ និងទី៣. គាំទ្រអភិបាលកិច្ច និងការគ្រប់គ្រង មានចំនួន១២០លានអឺរ៉ូ។
បើតាមAKPដដែល សហភាពអឺរ៉ុបក៏បានត្រៀមធនធានចំនួន៦លានអឺរ៉ូ សម្រាប់គាំទ្រដល់ការរៀបចំ ការអនុវត្តគម្រោង និងសកម្មភាពនានាក្នុងវិស័យអាទិភាពទាំង៣នេះផងដែរ។
គួរបញ្ជាក់ថា កម្មវិធីណែនាំពហុឆ្នាំនេះ ត្រូវបានគណៈកម្មាធិកាអឺរ៉ុបអនុម័តកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៤កន្លងមក។ គិតទាំងការចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានកម្មវិធីណែនាំពហុឆ្នាំ២០១៤-២០២០ នៅពេលនេះសហភាពអឺរ៉ុបបានផ្តល់ហិរញ្ញប្បទានឥតសំណង ដល់កម្ពុជា ចំនួន១,២៨០លានដុល្លារ៕
© រក្សាសិទ្ធិដោយ thmeythmey.com