ជាតិ
អង្គការ​ជនពិការ​កម្ពុជា​ទាមទារ​ឲ្យ គ.ជ.ប យកចិត្តទុកដាក់​លើ​ជនពិការ
29, May 2015 , 8:19 pm        
រូបភាព
 
អង្គការ​ជនពិការ​កម្ពុជា​ស្នើ​ដល់គ.ជ.ប ថ្មី បញ្ជ្រាប​គោលនយោបាយ​ទាក់ទង​នឹង​បញ្ហា​របស់​ជនពិការ​ក្នុង​វិស័យ​នយោបាយ ជាពិសេស​បញ្ហា​ដែល​តែងតែ​កើតឡើង​ពេល​ចុះឈ្មោះ​បោះឆ្នោត និង​អំឡុងពេល​ទៅ​បោះឆ្នោត។នេះ​ជា​លើកឡើង​របស់លោក ងិន សៅ​រត្ន នាយក​ប្រតិបត្តិ​អង្គការ​ជនពិការ​កម្ពុជា ក្នុង​សន្និសីទ​សារពត៌មាន កាលពី​ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០១៥ ។



ជនពិការ មាន​សិទ្ធិ​ស្មើគ្នា​នឹង​ជន​មិន​ពិការ លើ​គ្រប់​វិស័យ​ក្នុងសង្គម ជាពិសេស​វិស័យ​នយោបាយ។ តែ​ជនពិការ​កម្ពុជា​នៅតែ​ជួប​បញ្ហា​មួយចំនួន​ក្នុង​វិស័យ​នយោបាយ ដូចជា​ពេល​ទៅ​ចុះឈ្មោះ​បោះឆ្នោត អំឡុងពេល​បោះឆ្នោត និង​ក្រោយពេល​បោះឆ្នោត។

បើតាម លោក ងិន សៅ​រត្ន​ជនពិការ​នៅតែ​ជួប​បញ្ហា​មួយចំនួន ក្នុង​វិស័យ​នយោបាយ ជាពិសេស​ពេល​ទៅ​ចុះឈ្មោះ និង​អំឡុងពេល​បោះឆ្នោត។ លោក​រៀបរាប់​យ៉ាងនេះ​ថា៖ «បញ្ហា​ដែល​កើតមាន​ចំពោះ​បងប្អូន​ជនពិការ​មានដូចជា បញ្ហា​ផ្លូវចេញចូល​ទៅកាន់​ការិយាល័យ​បោះឆ្នោត​ដំណាក់កាល​ទៅ​ចុះឈ្មោះ​បោះឆ្នោត និង​អំឡុងពេល​ទៅ​បោះឆ្នោត» ។

ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ អង្គការ​ជនពិការ​កម្ពុជា​ក៏​សម្រេច​ផ្តួច​ផ្តើមគំនិត​ឲ្យ​មាន​គោលនយោបាយ​ដាក់បញ្ចូល​ជនពិការ​ទៅកាន់ គ.ជ.ប ថ្មី ក្នុង​គោលបំណង​ធ្វើយ៉ាងណា​ធានា​ឲ្យ​បងប្អូន​ជនពិការ​គ្រប់​ប្រភេទ​បាន​ចូលរួម​ដោយ​ស្មើភាព និង​មិនមាន​ការរើសអើង​ក្នុង​វិស័យ​នយោបាយ និង​វិស័យ​ដទៃទៀត​ដូចជា សេដ្ឋកិច្ច និង​សង្គមកិច្ច។

គួរ​បញ្ជាក់ថា អង្គការ​ជនពិការ​កម្ពុជា គ្រោង​នឹងដាក់​សំណើរ​ស្តីពី​គោលនយោបាយ​បញ្ជ្រាប​ជនពិការ​ទៅកាន់ គ.ជ.ប នៅ​សប្តាហ៍​ក្រោយនេះ បន្ទាប់ពី​ជំនួប​រវាង​តំណាង​អង្គការ​ជនពិការ​កម្ពុជា និង​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប កាលពី​ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥ ៕






© រក្សាសិទ្ធិដោយ thmeythmey.com