អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិន​បញ្ជូន​ទ័ព​ទៅ​ស៊ូដង់​ខាងត្បូង​ដើម្បី​ការពារ​អណ្តូងប្រេង ឬ​រក្សា​សន្តិភាព?
29, May 2015 , 8:39 pm        
រូបភាព
ដោយ:

កងទ័ព​រក្សា​សន្តិភាព​ចិន​ប្រហែល ៧០០នាក់​នឹង​ចាប់​ផ្តើ​ប្រតិបត្តិការ​របស់ខ្លួន​នៅក្នុង​ប្រទេស​ក្មេងខ្ចី​ស៊ូដង់​ខាងត្បូង​ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ។ គេ​មើលឃើញ​ហេតុផល​ពីរ​ផ្សេងគ្នា​ដែល​ជំរុញ​ឲ្យ​ចិន​ដើរតួនាទី​សកម្ម​ជាងគេ​រហូត​បញ្ជូន​កង​ទ័ព​រក្សា​សន្តិភាព​របស់ខ្លួន​ទៅ​ស៊ូដង់​ខាងត្បូង​ទៀត។ ចិន​ទំនងជា​ចង់បង្ហាញ​ពី​ការទទួល​សុខ​ត្រូវ​ក្នុង​ការរក្សា​សន្តិភាព​ក្នុងនាម​ជា​មហាអំណាច​ឬ ដើម្បី​ការពារ​អណ្តូងប្រេង​ជា​ប្រយោជន៍​ខ្លួន​នៅ​ស៊ូដង់​ខាងត្បូង។



ពិធី​ទទួល​កងទ័ព​រក្សា​សន្តិភាព​របស់​ក្រុង​ប៉េកាំង​ត្រូវបាន​រៀបចំឡើង​នៅ​រដ្ឋធានី ជូ​បា (Juba) ស៊ូដង់​ខាងត្បូង​នៅ​ថ្ងៃ​សុក្រ​នេះ។ នេះ​ជា​លើកដំបូង​បំផុត​ដែល​ចិន​បញ្ជូន​កងកម្លាំង​រក្សា​សន្តិសុខ​មាន​ទ័ព​ប្រយុទ្ធ​ផង​ទៅក្នុង​តំបន់​ជម្លោះ​ក្រៅប្រទេស ចាប់តាំងពី​ក្រុង​ប៉េកាំង​ក្លាយជា​សមាជិក​ប្រទេស​គាំទ្រ​ប្រតិបត្តិ​ការរក្សា​សន្តិភាព​ពិភពលោក​ឆ្នាំ ១៩៩។ ក្នុង​ពិធី​ផ្លូវការ​នេះ គេ​សង្កេតឃើញ​មាន​វត្តមាន​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ប្រទេស​ស៊ូដង់​ខាងត្បូង Ma Qiang និង​បេសកជន​ពិសេស​តំណាង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​កិច្ចការ​អាហ្វ្រិក​Ellen MargretheLoej។ អគ្គរដ្ឋទូត​ចិន​ថ្លែង​តំណាង​ឲ្យ​រដ្ឋាភិបាល​លោក ស៊ី​ជីន​ពិ​ង​ថា នេះ​ជា​កងទ័ព​រក្សា​សន្តិភាព​ចិន​ដំបូង​បំផុត​ដែល​ត្រូវ​បញ្ជូនទៅ​ប្រតិបត្តិការ​នៅក្នុង​តំបន់​អាហ្វ្រិក ជ្រក​ក្រោម​ស្លាក​អង្គការ​សហ​ប្រជា​តិ។ លោក​បាន​បន្ថែម​នេះ សកម្មភាព​ថ្មី​នេះ​បញ្ជាក់​ពី​កិច្ចខិតខំ​ប្រឹងប្រែង និង​ការចូលរួម​កម្រិត​ថ្មី​មួយ​របស់​ចិន​ក្នុង​ការរក្សាសន្តិសុខ បង្កើត​សន្តិភាព​ជូន​ពិភពលោក។

ចំណែក​មន្ត្រី​អង្គការ​សហ​ប្រជា​តិ​ខាងលើ​បាន​ថ្លែង​កោតសរសើរ​ចិន​ដែល​ប្រឹងប្រែង និង ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុង​សកម្មភាព​រក្សា​សន្តិភាព​ពិភពលោក​ជាពិសេស​អាហ្វ្រិក បើទោះជា​រដ្ឋាភិបាល​ចិន​ដឹងថា​ប្រតិបត្តិការ​នេះ​ប្រឈម​បញ្ហា​ខ្លាំង​ក៏ដោយ។  ក្នុងចំណោម​កងកម្លាំង​រក្សា​សន្តិភាព​ចិន​នេះ​មាន​កងកម្លាំង​សម្រាប់​ប្រយុទ្ធ កងកម្លាំង​វិស្វកម្ម គ្រូពេទ្យ និង​កងកម្លាំង​មិនមែន​ប្រយុទ្ធ​ផង សរុប ៧០០នាក់។ អ្វីដែល​សំខាន់​កង​ម្លាំ​ង​ថ្មី​នេះ​មាន​សិទ្ធិ​ប្រយុទ្ធ​ករណី​ចាំបាច់ ដែល​ខុសប្លែក​ពី​កងទ័ព​រក្សា​សន្តិភាពមុនៗដែល​ចិន​ប្រើប្រាស់​ចូលរួម​រក្សា​សន្តិភាព​ពិភពលោក។  

ប៉ុន្តែ​យ៉ាងណាក៏ដោយ ចេតនា​របស់​ចិន ក្រៅពី​បង្ហាញ​ពិភពលោក​ថា​ខ្លួន​ជា​មហាអំណាច​មាន​ទំនួល​ខុសត្រូវ​ខ្ពស់​ក្នុងការ​រក្សា​និង​បង្កើត​សន្តិភាព​ជូន​ពិភពលោក ក្រុង​ប៉េកាំង​បញ្ជូន​កងទ័ព​រាប់រយ​នាក់​មាន​ទាំង​ទ័ព​ប្រយុទ្ធ​ផង​ដើម្បី​ជួយ​ការពារ​អណ្តូងប្រេង​របស់ខ្លួន​នៅ​ស៊ូដង់​ខាងត្បូង។ អាចជា​ការពិត​ដែរ ដែល​ចិន​ត្រូវ​ដើរតួនាទី​ឲ្យ​សកម្ម​ក្នុងការ​រក្សា​សន្តិភាព​នៅ​រដ្ឋ​អាហ្វ្រិក​នេះ ដ្ប​តិ​ចិន​មាន​ក្រុមហ៊ុន​វិនិយោគ​របស់ខ្លួន​ជាច្រើន ប្រថុយ​បោះទុន​រកស៊ី​រាប់រយ​លាន​ដុល្លារ​នៅ​ស៊ូដង់​ខាងត្បូង ក្នុង​វិស័យ​ថាមពល ជាពិសេស​បូ​ប ខួង យក​ប្រេង និង​រ៉ែ​ផង។ បើសិនជា​ចិន​បណ្តែតបណ្តោយ​ទុក​ឲ្យ​ជម្លោះ​ស៊ូដង់​ខាងត្បូង​កាន់តែ​រីក​រាលដាល​ធំ វា​ប្រាកដ​ណាស់​ថា ចិន​អាច​បង់លុយ​វិនិយោគ​នៅពេល​ខាងមុខ។  ប៉ុន្តែ ក្នុង​សំណុំ​រឿងនេះ បើ​មើល​ចិន​ក្នុង​ផ្លូវ​ល្អ ចិន​អាច​បារម្ភ​ខ្លាំង​ថា​កាលណា​ជម្លោះ​រីក​ធំ កាត់ផ្តាច់​ការ​បូម​ខួង​យក​ប្រេង ស៊ូដង់​នឹង​អាច​ក្ស័យ​ធន់ ព្រោះ​ការនាំ​ប្រេង​ចេញ​ជា​ប្រភព​ចំណូល​សំខាន់បំផុត​របស់​ប្រទេស​ក្មេងខ្ចី​នៅ​អាហ្វ្រិក​មួយ​នេះ។ 

គួរ​បញ្ជាក់ថា ក្រោយ​ជម្លោះ​ស៊ូដង់​ខាងត្បូង​ផ្ទុះឡើង​ក្រោយ​ប្រទេស​នេះ​ប្រកាស​ឯករាជ្យ​ឆ្នាំ ២០១១ មនុស្ស​រាប់លាន​នាក់​បាត់បង់​ជម្រក រស់​ពិបាក​វេទនា​ជាង​ស្លាប់ ខ្វះមុខ ខ្វះក្រោយ និង​បន្ត​រត់គេច​ពី​គ្រាប់ផ្លោង​និង​ការកាប់សម្លាប់។ បើតាម​របាយការណ៍​ស្ថាប័ន​សិទ្ធិមនុស្ស ជន​ស៊ីវិល​ច្រើនជាង ១ម៉ឺន​នាក់ បាន​ស្លាប់បាត់​បង់ជីវិត ព្រោះ​សង្គ្រាមស៊ីវិល​ដ៏​រាំ​រ៉ៃ​នេះ។ ជម្លោះ​នេះ​ផ្តើមចេញ​មកពី​ការដណ្តើម​អំណាច និង​ចោទប្រកាន់​គ្នា​រឿង​ធ្វើ​រដ្ឋប្រហារ​រវាង​ភាគី​នយោបាយ​ពីរ​ក្រុម ទីមួយ ប្រធានាធិបតី SalvaKiir និង​ក្រុមទី​ពីរ​អនុ​ប្រធានាធិបតី RiekMachar។ ចាប់ពី​មានការ​ចោទប្រកាន់​គ្នា​រឿ​រដ្ឋប្រហារ ជម្លោះ​បង្ហូរឈាម​គ្នា​ក៏​បន្ត​រហូតដល់​ពេលបច្ចុប្បន្ន​នេះ បើទោះជា​មានការ​ចរចា បង្កើត​កិច្ចព្រមព្រៀង​សន្តិភាព​រួមគ្នា​កន្លងមក​ក៏ដោយ៕ 



© រក្សាសិទ្ធិដោយ thmeythmey.com