ជាតិ
តើ​ព្រះរាជ​បរម​ងា«ព្រះ​ស្រី​លោក​ធម្មិករាជ»មាន​អត្ថន័យ​ដូចម្តេច?
02, Jun 2015 , 10:23 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖កម្ពុជា​នឹង​រៀបចំ​ពិធី​ថ្វាយ​ព្រះរាជ​បរម​ងារ​កិត្តិយស​ថ្វាយ​ព្រះមហាក្សត្រ ព្រះបរមនាថ នរោត្តម សីហមុនី នៅ​ព្រឹក​ថ្ងៃទី៣មិថុនា​នេះ​ដែល​ក្នុង​ពិធី​នោះ​នឹងមាន​វត្តមាន​ចូលរួម​ពី​ថ្នាក់ដឹកនាំ​នៃ​ស្ថាប័ន​កំពូល ព្រមទាំង​ព្រះសង្ឃ១ម៉ឺន​អង្គ។ តើន​រណា​ជា​អ្នក​ថ្វាយព្រះប​រម​ងារ​ដល់​ព្រះអង្គ? ហើយ​ថា​តើ​ព្រះ​បរម​ងារ​នេះ​មាន​អត្ថន័យ​យ៉ាងដូចម្តេច?



អ្នក​ដែល​សម្រេច​ថ្វាយព្រះប​រម​ងារ «ព្រះ​ស្រី​លោក​ធម្មិករាជ» ដល់​ព្រះមហាក្សត្រ ព្រះបរមនាថ នរោត្តម សីហមុនី​គឺ​អង្គការ​ព្រះពុទ្ធសាសនា​ពិភពលោក។ លោក ជ័យ ចាប ​ទីប្រឹក្សា​លោក​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងព្រះបរមរាជវាំង​បាន​រៀបរាប់​ប្រាប់​សារព័ត៌មានថ្មីៗ​ថា អង្គការ​អន្តរជាតិ​ផ្នែក​ព្រះពុទ្ធសាសនា​បាន​ស្វែងរក​ព្រះមហាក្សត្រ​នៃ​ប្រទេស​នានា​នៅក្នុង​ពិភពលោក​ដែល​យកចិត្តទុកដាក់ និង​លើកស្ទួយ​ព្រះពុទ្ធសាសនា ដើម្បី​ថ្វាយព្រះប​រម​ងារ​នេះ។ បើតាម​ការអះអាង​រប​ស់លោក ជ័យ ចាប ដដែល ​ថ្នាក់ដឹកនាំ​នៃ​អង្គការ​អន្តរជាតិ​ខាង​ព្រះពុទ្ធសាសនា​បាន​រកឃើញ​ព្រះមហាក្សត្រ​ខ្មែរ​ថា​ជា​អ្នកយក​ព្រះទ័យ​ទុកដាក់​ខ្លាំង​លើ​វិស័យ​ព្រះពុទ្ធសាសនា។ ហើយ​ថា​នៅ​ថ្ងៃ​ថ្វាយព្រះប​រម​ងារ​នៅ​ថ្ងៃទី៣មិថុនា​នោះ​ តំណាង​អង្គការ​អន្តរជាតិ​ផ្នែក​ព្រះពុទ្ធសាសនា​មកពី​ប្រទេស​ចំនួន៣ គឺ​ម៉ុង​ហ្គោ​លី សិង្ហបុរី និង ប្រទេស​ជប៉ុន គឺជា​អ្នក​នាំយក ព្រះ​បរម​ងារ​ភ្ជាប់​ជាមួយនឹង​បណ្ណ​បញ្ជាក់​ព្រះ​បរម​ងារ​នេះ ថ្វាយ​ព្រះមហាក្សត្រ។

លោក ជ័យ ចាប​ដែល​ធ្លាប់បាន​ចូលរួម​ប្រជុំ​ស្តីពី​ការរៀបចំ​ពិធី​ថ្វាយព្រះប​រម​ងារ​ដល់​ព្រះមហាក្សត្រ​ដែរនោះ​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖«គេ​បានសម្រេច​ថ្វាយព្រះប​រម​ងារ​កិត្តិយស​នេះ ដល់​ព្រះមហាក្សត្រ​យើង​ពីព្រោះ​គេ​បាន​តាមដាន​ឃើញ​ព្រះអង្គ​គឺជា​អ្នក​បដិបត្តិ​ព្រះពុទ្ធសាសនា​ពិតប្រាកដ​និង​បាន​យក​ព្រះ​ហរ​ទ័យ​ទុកដាក់​លើ​វិស័យ​ព្រះពុទ្ធសាសនា​ខ្លាំង​មែនទែន។ ព្រះអង្គ​យាង​តាំងសីល​រាល់ថ្ងៃ​សីល​ទាំង៤ដង​ក្នុង​មួយខែ។ក្រៅពី​ព្រះវិហារ​ព្រះ​កែវ​មរកត ព្រះអង្គ​ក៏​យាង​ទៅ​វត្តផ្សេងៗដែរ។ ហើយ​ព្រះអង្គ​ឧបត្ថម្ភ​ច្រើនណាស់​ដល់​វិស័យ​ព្រះពុទ្ធសាសនា»។ លោក ជ័យ ចាប​ ដែលជា​អតីត​សាស្ត្រាចារ្យ​ភាសា​ខ្មែរ​បាន​ពន្យល់​អំពី​អត្ថន័យ​នៃ​ព្រះ​បរម​ងារ​យ៉ាង​ដូច្នេះ៖«ព្រះ​ស្រី​លោក​ធម្មិករាជ មានន័យថា​ក្សត្រ​ដែល​យកចិត្តទុកដាក់​និង​ឧបត្ថម្ភ​លើកស្ទួយ​ព្រះពុទ្ធសាសនា​ក្នុង​ពិភពលោក»។

លោក ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​អះអាង​ឲ្យ​ដឹងថា​មនុស្ស​ជិត២ម៉ឺន​នាក់​នឹង​អាចមាន​វត្តមាន​នៅក្នុង​ពិធី​នៅ​ព្រឹក​ថ្ងៃទី៣មិថុនា​នោះ​ដោយ​ក្នុងនោះ​គ្រាន់តែ​ព្រះសង្ឃ​នឹងមាន​ចំនួន១ម៉ឺន​អង្គ​រួចទៅហើយ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រធានរដ្ឋសភា​លោក ហេង សំរិន​តំណាង​ព្រឹទ្ធសភា ថ្នាក់ដឹកនាំ​តាម​ក្រសួង និង​មន្ត្រីរាជការ​នឹងមាន​វត្តមាន​នៅក្នុង​ពិធី​នោះដែរ។ ដើម្បី​សម្រួល​ដល់​ការរៀបចំ​ពិធី កំណាត់​ផ្លូវ​ជុំវិញ​ព្រះបរមរាជវាំង នឹងត្រូវ​បិទ​ចាប់ពី​ថ្ងៃទី២មិថុនា​នេះ៕



© រក្សាសិទ្ធិដោយ thmeythmey.com