ឌី សូ​នី​តា ជំនាញ​ច្រៀង ៦ភាសា ស្ទើរ​មិនគួរ​ឲ្យ​ជឿ
03, Jun 2015 , 10:06 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ក្រោយពី​ហក់​ចូល​សិល្បៈ​ជាថ្មី​រហូតដល់​ក្លាយ​តារាចម្រៀង​នៅ​ផលិតកម្ម ហនុមាន អស់​ពេល​ជាង ១ឆ្នាំ​មក​នោះ ឌី សូ​នី​តា ប្រាប់ថា មកទល់នឹង​ពេលនេះ នាង​អាច​ច្រៀង​បាន​ដល់​ទៅ ៦ភាសា​ផ្សេងគ្នា​ឯណោះ។



ទាំង ៦ភាសា ដោយ​ដក​តែ​ភាសា​កំណើត​ចេញ កញ្ញា ឌី សូ​នី​តា អាច​ច្រៀង​បាន៥ភាសា​ផ្សេងទៀត មានដូចជា អង់គ្លេស កូរ៉េ ចិន វៀតណាម និង​ថៃ។ សូ​នី​តា ថ្លែងថា “មិនដឹង​យ៉ាងម៉េច​ទេ ខ្ញុំ​ជាមួយ​ភាសា​ហ្នឹង​ដូច​ឆាប់​ចាប់បាន​តា​ម៉​ង!។ ទោះយ៉ាងណា កញ្ញា បញ្ជាក់ថា មិនមែន​មានន័យថា នាង​សុទ្ធតែ​ចេះ​និយាយ និង​ស្តាប់​បាន​គ្រប់​ភាសា​នោះទេ គឺ​ខ្លះ​នាង​អាច​និយាយ និង​ស្តាប់​បាន​មែន ប៉ុន្តែ​ផ្សេងទៀត​ក៏​អត់​ដែរ។

តារាចម្រៀង​មានកំណើត​នៅ​ខេត្តកំពង់ឆ្នាំង​រូបនេះ ថ្លែងថា “អង់គ្លេស ខ្ញុំ​អាច​និយាយ និង​ស្តាប់​បាន​ច្រើន ឯ​កូរ៉េ​បានខ្លះៗ ព្រោះ​ខ្ញុំ​ធ្លា​ប់រៀន និង​ធ្វើការ​ជាមួយ​កូរ៉េ ដោយឡែក ចិន បានតិចៗ ប៉ុន្តែ​ធ្លាប់​រៀន​ដែរ តែ​បាន​ទម្លាក់ចោល​វិញ មក​រៀន​កូរ៉េ។ យ៉ាងណា សូ​នី​តា បញ្ជាក់ថា ក្នុងចំណោម​ភាសា​ទាំងនេះ ភាសា​ចិន គឺ​នាង​ច្រៀង​បានល្អ​ជាងគេ ហើយ​មានការ​ទទួលស្គាល់​ថែម​ទៀតផង។

កញ្ញា លើកឡើង​បន្ថែមថា “មិត្ត​ភ័ក្តិ និង​អ្នក​រួម​ការងារ​ជាច្រើន និងបងៗអ្នកដឹកនាំ​កម្មវិធី​ខ្លះ សរសើរ​ថា ខ្ញុំ​ច្រៀង​ភាសា​អី គឺ​ដូច​គ្មាន​ខុស បើ​ច្រៀង​វៀតណាម តុង(ការបញ្ចេញ​សំឡេង)ដូច​វៀតណាម បើ​ច្រៀង​ចិន តុង​ហ្នឹង ដូច​ចិន​យក​មែនទែន​តែម្តង(សើច)!។ ដោយសារតែ​បែបនេះ តារាចម្រៀង​វ័យ ២១ឆ្នាំ​រូបនេះ បន្តថា កញ្ញា គ្រោង​ចូលរៀន​ចិន​វិញ​ក្នុងពេលឆាប់ៗ ដើម្បី​ពង្រីក​សមត្ថភាព និង​ការគាំទ្រ​លើ​ការ​ច្រៀង​ភាសា​ចិន។

កញ្ញា ឌី សូ​នី​តា ធ្លាប់បាន​លាឈប់​ពី​សិល្បៈ​ម្តង អំឡុង​ឆ្នាំ២០០៨ បន្ទាប់ពី​ប្រឡង​ធ្លាក់​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុងការ​ប្រឡង​ចម្រៀង​មួយ​ជាមួយ​លោក គូ​ម៉ា តារាចម្រៀង​ផលិតកម្ម M។ កញ្ញា ថ្លែងថា កាលណោះ កញ្ញា បាក់​ទឹកចិត្ត​មែនទែន​ទើប​សម្រេច​ថា​ឈប់ ព្រោះតែ​យល់ថា លទ្ធផល​ហាក់ដូច​អយុត្តិធម៌​ពេក​សម្រាប់​កញ្ញា៕




© រក្សាសិទ្ធិដោយ thmeythmey.com