ពិភពតារា៖ សុវណ្ណ លីនដា កាដូចងចិត្តពីបុរសមានព្រព្យ
×
ភ្នំពេញ៖ តារាសម្ដែង និងបង្ហាញម៉ូដវ័យក្មេង នាង សុវណ្ណ លីនដា បានសារភាពថា ខ្លួនមិនទាន់ទទួលយកទំនាក់ទំនងស្នេហាមួយ ដែលមានការដោះដូរទ្រព្យនោះនៅឡើយទេ តែក៏មិនទាន់ប្រកែកទាំងស្រុងដែរ ពោលគឺកំពុងតែពិចារណាមើលថា កិច្ចសន្យាបុរសទ្រព្យស្ដុកនោះមានទម្ងន់អាចឲ្យនាងដោះដូរ កិត្តិយសបានឬអត់?
តារាសម្តែងវ័យក្មេង ដែលលេចវត្តមានក្នុងខ្សែវីដេអូភាគ រឿង “អច្ឆរិយស្នេហ៍” និងរឿង “ពេជ្រក្នុងបេះដូង” ក្នុងតំណែងតួរងឆ្នាសឆ្នើម របស់ផលិតកម្ម មហាហង្ស ដែលបានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ នាពេលកន្លងទៅ នាង សុវណ្ណ លីនដា កំពុងញ៉ាំញីដោយព័ត៌មានថា នាងត្រូវបានបុរសសម្បូរទ្រព្យម្នាក់ ចាយប្រាក់ រៀបធ្នាក់ថ្ពក់យកបេះដូងរបស់នាង ដើម្បីក្លាយជាស្រីកំណាន់របស់គេ។
ជួបសម្ភាសន៍ជាមួយអ្នកយកព័ត៌មានយើង កាលពីពេលកន្លងទៅ នាងបានបង្ហើបឲ្យដឹងថា សព្វថ្ងៃ បេះដូងរបស់នាងកំពុងប្រទាញប្រទុងយ៉ាងខ្លាំង ខណៈដែលបុរសមួយចំនួន ទាំងកំលោះ ទាំងអ្នកមានប្រពន្ធកូនហើយ កំពុងប្រជែងគ្នាទម្លាក់កញ្ចប់ប្រាក់ឲ្យនាងរំជើបរំជួល។ដូច្នេះហើយទើបនាងគិតថា រូបភាពនោះកំពុងតែក្លាយជាឥទ្ធិពលអូសទាញមួយថ្មី ដែលធ្វើឲ្យនាងចង់សាកល្បង ស្របពេលដែលចំណូលពីសិល្បៈ ក៏មិនសូវឃើញមានបានដូចអ្នកល្បីខ្លះកំពុងសម្ញែងនោះ។
ទោះយ៉ាងណានាងអះអាងថា ខ្លួនមិនទាន់បានទទួលចំណែកទ្រព្យណាមួយដូចជាឡាន និងប្រាក់កាសសូម្បីមួយចម្រៀកដុល្លារឡើយ ក្រោយពីនាងរឹងជំហរ ប៉ុន្តែក្នុងចំណោមនោះ គឺពិតជាមានបុរសវ័យជ្រេម្នាក់ ដែលស្ថិតក្នុងជម្រើសនៃការសម្រេចចិត្តហើយ បន្ទាប់ពីគេហាក់មានការយកចិត្តទុកដាក់ចំពោះនាងជាងគេនោះ។
នាងព្រលយចេញតម្រុយខ្លះៗថា“គាត់ឲ្យខ្ញុំទៅជួប ហើយគាត់នឹងឲ្យរបស់មានតម្លៃដល់ខ្ញុំ សូម្បីតែខ្ញុំទារអ្វី ឬចង់បានអ្វី គឺគាត់ឲ្យទាំងអស់ ព្រោះគាត់ស្រឡាញ់ខ្ញុំ បន្ទាប់ពីឃើញខ្ញុំតាមរយៈខ្សែរឿង និងឈុតខារ៉ាអូខេមួយចំនួន ហើយខ្ញុំកំពុងតែគិត និងពិចារណា” ។
យ៉ាងណាក្តីនាងថា មុនសម្រេចអ្វីមួយក៏នាងត្រូវសាកសួរម្តាយនាងដែរ ដើម្បីកុំឲ្យមានការធ្លោះធ្លោយ ឬការស្តីបន្ទោសពីអ្នកមានគុណទាំងពីរ។
នៅពេលសួរថា តើនាងសុខចិត្តទទួលធ្វើប្រពន្ធចុងរបស់អ្នកមានម្នាក់នោះទេ បើគេល្អបែបហ្នឹង? តារារូបនេះឆ្លើយយ៉ាងរហ័សថា មិនទាន់ច្បាស់នៅឡើយទេ។ នាងបញ្ជាក់ថា ខ្លួនមិនចង់ទទួលយកលក្ខខណ្ឌហ្នឹងឡើយ តែមកពីមិនចង់រស់ក្នុងភាពសាមញ្ញ នៃការមើលស្រាលពីក្រុមអ្នកសិល្បៈដូចគ្នា ទើបមិនដឹងថាខ្លួននឹងធ្លាក់ក្រោមឥទ្ធិពលដុល្លារនោះពេលណា៕
© រក្សាសិទ្ធិដោយ thmeythmey.com