ពិភពតារា៖ ហេង ម៉ា​រ៉ា​ឌី​ ស្ងប់ស្ងាត់​ពី​អាជីព​សិល្បៈ
10, Jun 2015 , 10:27 am        
រូបភាព
ដោយ:

ភ្នំពេញ៖ ​កន្លងមក ដោយសារតែ​សម្រាក​ព្យាបាល​ជំងឺ​ប្រចាំកាយ​ធ្ងន់ធ្ងរ​នោះ តម្រូវ​ឲ្យ​កញ្ញា ហេង ម៉ា​រា​ឌី បោះបង់ចោល​អាជីព​សិល្បៈ​មួយរយៈ​ធំ បើទោះជា​រហូតមកដល់​ពេលនេះ ហេង ម៉ា​រ៉ា​ឌី អះអាងថា​ជំងឺ​សះជា​ហើយ​ក្តី​តែ​នាង​ហាក់​ស្ងប់ស្ងាត់​ពី​សិល្បៈ​មិនឃើញ​មាន​បង្ហាញ​វត្តមាន​ក្នុង​ខ្សែភាពយន្ត​ណាមួយ​នៅឡើយ។



គេ​នៅ​ចាំបាន​ថា ដោយសារតែ​ជំងឺ​ពោះវៀន​ស្អិត ដំណាក់កាល​គ្រោះថ្នាក់​នោះ ធ្វើ​ឲ្យ ហេង ម៉ា​រ៉ា​ឌី ត្រូវ​ផ្អាក​ពី​អាជីព​សិល្បៈ​មួយរយៈ​ធំ។ក្រោយពី​ស្ថានភាព​ជំងឺ​បាន​ធូរស្រាល​វិញ និង​សះជា​មួយរយ​ភាគរយ​នោះ ហេង ម៉ា​រ៉ា​ឌី បាន​វិល​មករក​អាជីព​សម្តែង​វិញ ចាប់តាំងពី​អំឡុង​ដើមឆ្នាំ២០១៤មក ប៉ុន្តែ រហូតមកដល់​ដើមឆ្នាំ២០១៥នេះ គេ​នៅ​មិនទាន់​ឃើញ​តារា​ស្រី​រូបនេះ ស្តារ​បាន​មុខមាត់​ឡើងវិញ​នៅឡើយ ខណៈដែល​ការងារ​សិល្បៈ​នៅ​មិនទាន់មាន​ជា​ដុំកំភួន​នោះ។

តារា​ស្រី​ដែល​ធ្លាប់តែ​មានឈ្មោះ​បោះ​សំឡេង​ល្បី​រន្ទឺ ទាំង​ការសម្តែង និង​អាជីព​ជា​អ្នក​ផាត់មុខ ប្រចាំ​ក្នុង​កម្មវិធី “Face To Face” កញ្ញា ហេង ម៉ា​រ៉ា​ឌី ដែល​ធ្លាប់តែ​សម្តែង​ជា​តួ​កាច​ឈ្នាសឆ្នើម​បាន យ៉ាង​ស័​ក្ត​សម និង​ជា​ម្ចាស់​ហាង​កែ​សម្ផស្ស “ម៉ា​រ៉ា​ឌី​សាឡ​ន” រូបនេះ ដូចជា​ធ្លាក់​ប្រជាប្រិយភាព​យ៉ាងខ្លាំង មិនសូវ​ទទួលបាន​កា​រ​គាំទ្រ​ច្រើន​ដូច​មុន​ទេ ហើយ​សូម្បីតែ​បណ្តាញសារព័ត៌មាន ក៏​មិនមាន​ចុះផ្សាយ​ពី​ជីវិត​ឯកជន​របស់​នាង​ដូចពេលមុន​ដែរ។

ជាមួយគ្នា​នោះ​ក៏មាន​ប្រភពពី​អ្នកធ្វើការ​ជិតដិត​ជាមួយ​នាង បាន​បង្ហើប​ឲ្យ​ដឹងថា ចាប់តាំងពី ម៉ា​រ៉ា​ឌី ត្រឡប់មក​ចាប់ផ្តើម​ការងារ​វិញ គេ​សង្កេតឃើញ​នាង​ហាក់​មិនសូវ​ខ្វល់ខ្វាយ​ឈឺក្បាល​ហាលថ្ងៃ​និង​ការងារ​សិល្បៈ​ប៉ុន្មាន​ទេ ព្រោះតែ​នាង​ខ្លាច​ធ្វើ​ឲ្យ​ជំងឺ​របស់​នាង​រើ​ឡើងវិញ ហើយ​សម្រាប់​កេរ្តិ៍ឈ្មោះ​ក្នុង​វិថី​សិល្បៈ នាង​មិនបាន​បា​ម្ភ​ព្រួយ​អ្វី​ដែរ ទោះជា​ល្បី ឫ​មិន​ល្បី​ដូច​មុន​ក៏ដោយ​ប៉ុន្តែ​នាង​បែរជា​ជាប់រវល់​មមាញឹក​នឹង​ការងារ​ក្នុង​ហាង​សាឡ​ន​របស់​នាង​ស្ទើរតែ​រក​ពេល​សម្រាក​មិនបាន។ ដោយសារតែ​បែបនេះ​ត្រូវបាន​គេ​សង្ស័យថា​ម៉ា​រ៉ា​ឌី​អាច​បោះបង់​អាជីព​សិល្បៈ​ផង​ក៏​មិនដឹង។

ទាក់ទិន​នឹង​ការលើកឡើង​ថា​ហេង​ម៉ា​រ៉ា​ឌី​អាច​លាឈប់​ពី​សិល្បៈ​នេះ “ថ្មី” បាន​សូម​ការបំភ្លឺ​ពី​នាង​កាលពី​រសៀល​ថ្ងៃទី០៩ខែមិថុនា​ម្សិលមិញ​តែ​ទូរស័ព្ទ​នាង​គ្មាន​អ្នក​លើក។ ទោះជា​បែបណា “ថ្មី” នឹង​ព្យាយាម​សូម​ការបកស្រាយ​ពី​ម៉ា​រ៉ា​ឌី​នៅពេល​ក្រោយ​ទៀត៕



© រក្សាសិទ្ធិដោយ thmeythmey.com