ពិភពតារា៖ លន់ ដា​ណេ ច្រានចោល​ព័ត៌មាន​ដែលថា មាន​អ្នក​ឧបត្ថម្ភ​បើកហាង
13, Jun 2015 , 11:05 am        
រូបភាព
ដោយ:
ភ្នំពេញ៖តារា​កំប្លែង​ដែល​ធ្លាប់​ជ្រក​ក្រោម​ទ្រនំ​ជាមួយ​ក្រុម​នាយ ក្រឹម​គឺ​អ្នកនាង លន់ ដា​ណេ ដែល​សព្វថ្ងៃ​ក្លាយជា​ម្ចាស់​ភោជនីយដ្ឋាន​ដែល​បាន​ចំណាយ​ទឹកប្រាក់​ខ្ទង់១០ម៉ឺន​ដុល្លារ​នោះ​ត្រូវបាន​គេ​លើកឡើងថា​មាន​ប្រុស​ស្នេហ៍​ណា​ឧបត្ថម្ភ​តែ​នាង​បាន​ច្រានចោល​ព័ត៌មាន​នេះ។



អ្នកនាង លន់ ដា​ណេ បាន​បើកហាង​រកស៊ី​ជាថ្មី​ម្តងទៀត​ទោះជា​កន្លងមក​ធ្លាប់​បរាជ័យ​យ៉ាងណាក៏ដោយ​ក៏​នាង​នៅតែ​បំពេញ​មហិច្ឆតា​ធ្វើជា​ថៅកែ​ដដែល​ដោយ​ម្តងនេះ នាង​បាន​ចំណាយ​ថវិកា​ច្រើនជាង​មុន និង​រំពឹងថា​ពិតជា​មិន​ខាត​ឡុងចុង ដួលរលំ​ដូច​មុន​ឡើយ។ លន់ ដា​ណេ ប្រាប់ថា ភោជនីយដ្ឋាន​ថ្មី​នេះ ចំណាយ​ទឹកប្រាក់​ខ្ទង់១០ម៉ឺន​ដុល្លារ​ទៀតផង។
នៅពេល​សាកសួរ​ពី​ប្រាក់​ដ៏​សន្ធឹកសន្ធាប់​នោះ នាង​បាន​អះអាងថា គឺជា​ប្រាក់​ដែល​នាង​បាន​ពី​អ្នកផ្ទះ​របស់​នាង​នៅឯ​ខេត្ត​ជួយ​បំពេញ ព្រោះ​កាលដែល​នាង​បោះទុន​រកស៊ី​សាជាថ្មី​នេះ គឺ​ប៉ា​ម៉ាក់​នាង​លក់​ដី​នៅឯ​ស្រុកកំណើត ហើយ​គ្មាន​អ្នកណា​ផ្សេង​ឲ្យ​នោះទេ។

លន់ ដា​ណេ បាន​និយាយថា “ប្រហែលជា​គេ​មិន​ជឿ​នោះទេ ក៏​ស្រាប់តែ​ខ្ញុំ​ធ្លាប់​បើកហាង​ដួលរលំ​ម្តង ហើយ​ឥឡូវនេះ បើក​ដំណើរការ​វិញទៀត បើ​គេ​មិន​ជឿ វា​ជា​សិទ្ធិ​របស់គេ ខ្ញុំ​ខ្ជិល​គិត​ណាស់។ម្យ៉ាង អ្នកសិល្បៈ​ដូច​ខ្ញុំ ច្បាស់​ជា​ជួប​ជំពប់​នឹង​រឿងរ៉ាវ​ចេចចូច​នេះ​មិនអាច​ចៀសផុត​ឡើយ។ ចំពោះ​រឿង​បើក​មុខរបរ​រកស៊ី​ក្នុង​ខ្ទង់ចំណាយ​មួយ​ច្រើន​គួរសម​នេះ ខ្ញុំ​បាន​ត្រៀម​ចិត្ត​គិត​មុន​ជាស្រេច​ហើយ​ថា ច្បាស់​ជាមាន​គេ​សួរនាំ​ពី​រឿង​ប្រាក់​ចំណាយ​នេះ​មិន​ខាន ដោយសារតែ​ខ្ញុំ​មិនសូវ​ជា​លេចមុខ​ក្នុងការ​សម្តែង ក៏ដូចជា​មាន​វត្តមាន​នៅតាម​កញ្ចក់​ទូរទស្សន៍​ក្តី តែ​បែរជា​មានមុខ​ក្លាយជា​ថៅកែ​ស្រី អ្នកណា​ក៏​ឆ្ងល់​ដែរ។

លន់ ដា​ណេ ដែល​សព្វថ្ងៃ​ក្លាយជា​ម្ចាស់​ភោជនីយដ្ឋាន​ដែល​បាន​ចំណាយ​ទឹកប្រាក់​ខ្ទង់១០ម៉ឺន​ដុល្លារ​នោះ​ត្រូវបាន​គេ​លើកឡើងថា​មាន​ប្រុស​ស្នេហ៍​ណា​ឧបត្ថម្ភ​តែ​នាង​បាន​ច្រានចោល​ព័ត៌មាន​នេះ។

តារា​កំប្លែង​រូបនេះ បាន​ថ្លែង​បន្តទៀតថា មូលហេតុ​ដែល​ការរកស៊ី​របស់​នាង​ដួល​កាលពី​លើក​មុន​នោះ មក​តែ​ពី​នាង​ទុកចិត្ត​អ្នកមើលការខុសត្រូវ​ពេក ដូច្នេះ​គេ​កិបកេង​លុយ​នាង ហើយ​ហាង​ចាស់​មានផ្ទះ​គេ​នៅ​ពីលើ​ផង ទើប​ហុងស៊ុយ​មិនល្អ។ ទោះយ៉ាងណា កន្លែង​ថ្មី​នេះ នាង​យល់ថា ជា​កន្លែង​ធំ​ទូលាយ ដី​ឡូ​តិ៍​ជិត​មួយ​ហិកតា ដែល​នាង​ឲ្យ​គេ​រៀបចំ​ក្នុង​រូបភាព​ថ្មី ទាក់ទាញ​គួរសម ដោយបាន​បំពាក់​ម៉ាស៊ីនត្រជាក់​ទៀតផង៕




© រក្សាសិទ្ធិដោយ thmeythmey.com