ជាតិ
បទវិភាគ
តើ​ប្រតិកម្មថ្មីៗអំពី​បញ្ហា​ព្រំដែន ដើម្បី​បូរណភាព​ទឹកដី ឬ​ប្រជាភិថុតិ?
04, Jul 2015 , 2:47 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ទំនាស់​បញ្ហា​ព្រំដែន​រវាង​កម្ពុជា​ជាមួយ​ប្រទេសជិតខាង​របស់ខ្លួន ធ្លាប់​កើតមានឡើង​តាំងពី​យូរ​មកហើយ​ក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន ជាពិសេស ទំនាស់​បញ្ហា​ព្រំដែន​រវាង​កម្ពុជា​ជាមួយ​ប្រទេស​វៀតណាម​និង​ប្រទេស​ថៃ ដែល​បាន​កើតឡើង​តាំងពី​សម័យ​អាណានិគមនិយម​បារាំង។ រហូតមកដល់​សព្វថ្ងៃ​នេះ កម្ពុជា​បាន​បាត់បង់​ទឹកដី របស់ខ្លួន​ចំនួន២១ខេត្ត​ទៅខាង​វៀតណាម និង១២ខេត្ត​ទៅខាង​ប្រទេស​ថៃ។ លើសពីនេះ​ទៀត សូម្បីតែ ទឹកដី​របស់ កម្ពុជា​ដែល​នៅ​សេសសល់ ទំហំ ១៨១ ០៣៥ គីឡូម៉ែត្រ​ការ៉េ ក៏ត្រូវ​បាន​គេ​អះអាងថា កំពុង​ត្រូវ​បាត់បង់​បន្ថែមទៀត ជា​បន្តបន្ទាប់ ទាំង​ព្រំដែន​ដីគោក ព្រំដែន​ទឹក​និង​ដី​កោះ។ ក្នុងស្ថានភាព​បែបនេះ ជំរុញ​ឱ្យ​អ្នក​ស្រឡាញ់​ទឹកដី​ពិតប្រាកដ​មានការ​ឈឺចាប់ សោកស្ដាយ និង​រិះរក​វិធីផ្សេងៗគ្រប់បែបយ៉ាង​ក្នុង​បំណង​ទាមទារ​ទឹកដី​ដែល​បាន​បាត់បង់ ទាំងនោះ​មកវិញ ឬ​យ៉ាងហោចណាស់ ការពារ​បូរណភាព​ទឹកដី​ដែល​បានកំណត់​ក្នុង​ផែនទី​ផ្លូវការ​របស់​កម្ពុជា​សព្វ​ថ្ងៃ។ ក្រោ​ពីនេះ ក៏មាន​អ្នកនយោបាយ​មួយចំនួន​ឆ្លៀត​ទាញយក​ផលចំណេញ​ពី​បញ្ហា​នៃ​ការបាត់បង់​ទឹកដី​នេះ​ផងដែរ។   


  
ទាក់ទិន​នឹង​បញ្ហា​ព្រំដែន ឬ​បូរណភាព​ដែនដី​នេះ អ្នកដឹកនាំ​និង​អ្នកនយោបាយ​ខ្មែរ​ជាច្រើន​ជំនាន់ តែងតែ​យក​វា​ជា​កម្មវត្ថុ​សម្រាប់​ចោទប្រកាន់​គ្នា​ទៅវិញទៅមក ដើម្បី​ជា​ឈ្នាន់​ក្នុងការ​ឡើងកាន់​អំណាច​និង​អាវុធ​សម្រាប់​វាយប្រហារ​ដៃគូ​ប្រជែង​របស់ខ្លួន​ផងដែរ។ ជាក់ស្ដែង អតីតព្រះមហាក្សត្រ​ខ្មែរ​និង​អតីត​អ្នកដឹកនាំ​ខ្មែរ​ភាគច្រើន សុទ្ធតែ​ត្រូវបាន​គេ​ចោទថា​បានធ្វើឱ្យ​បាត់បង់​ទឹកដី។ សូម្បីតែ ព្រះមហាវីរក្សត្រ​បរម​រន​ត​កោដ្ឋ នរោត្តម សីហនុ ដែល​ទើបតែ​យាង​ចូល​ទិវង្គត​កាលពី​ឆ្នាំ២០១២នោះ ក៏មាន​មតិ​ខ្លះ​ធ្លាប់​ចោទប្រកាន់​ព្រះអង្គ​អំពី​រឿងនេះ​ដែរ។ ដូចគ្នា​ដែរ​អ្នកដឹកនាំ​ខ្មែរ​ក្រោយ​ឆ្នាំ១៩៧៩ រហូតមកដល់​សព្វថ្ងៃ​នេះ ក៏ត្រូវ​បាន​គេ​ចោទប្រកាន់​អំពី​ការធ្វើឱ្យ​បាត​បង់​ទឹកដី​ដែរ។

ជាការ​ឆ្លើយតប​ទៅនឹង​ការចោទប្រកាន់​របស់​ម​ន្ដ្រី​បក្សប្រឆាំង​និង​មហាជន សម្ដេច ហ៊ុន សែន ក៏​ធ្លាប់បាន​ប្រើ​សំដី​ផ្ចាញ់ផ្ចាលខ្លាំងៗទៅ​អ្នក​ដែល​ចង់បាន​ទឹកដី​ដែល​បាន​បាត់បង់​នោះមក​វិញ ដូចជា​ថា «...បើ​មាន​អ្នក​ចង់​ទាមទារ​យក​ទឹកដី​កម្ពុជា​ក្រោម​មកវិញ សូម​អញ្ជើញ ខ្ញុំ​រៀបចំ​ម្ឈូស​ជូន...» និង​ធ្លាប់បាន​ថ្លែងការណ៍​បកស្រាយ​រឿង​ព្រំដែន​នៅក្នុង​រដ្ឋសភា​ជា​បន្តបន្ទាប់ ឯ​អ្នកទទួលខុសត្រូវ​ផ្ទាល់​ក្នុង​រឿងនេះ ក៏​ធ្លាប់​ស្រាយ​បំភ្លឺ​អំពី​រឿង​ព្រំដែន​នេះ ជា​បន្តបន្ទាប់​ដែរ។ ទោះបីជា​យ៉ាងណាក៏ដោយ ក៏​បញ្ហា​ព្រំដែន​ហាក់ដូចជា​ស្ងប់​មិនបាន​យូរ​ទេ ឱ្យតែ​ជិត​ដល់ពេល​បោះឆ្នោតម្ដងៗ បញ្ហា​នេះ​តែងតែ​កក្រើក​ឡើងវិញ។ ជាក់ស្ដែង នៅ​ចុងខែ​ឧសភា​និង​ដើមខែ​មិថុនា​ឆ្នាំ២០១៥នេះ ដែលជា​ពេល​មួយ​ដែល​បក្សនយោបាយនីមួយៗ ត្រូវ​កសាង​ស្នាដៃ​និង​កេ​រ្ដ៍​ឈ្មោះ សម្រាប់​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ សង្កាត់ នា​ឆ្នាំ២០១៧ និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នា​ឆ្នាំ២០១៨ ខាងមុខ បញ្ហា​ព្រំដែន​ក៏បាន​កក្រើក​ឡើងវិញ ចំពេល​ដែល​ភាគី​វៀតណាម​បាន​ចូលមក​បាញ់​ឆ្នាំ​បំផ្លាញ​ដំណាំ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ស្រុ​មេមត់ ខេត្ត​ត្បូងឃ្មុំ និង​បាន​ជីក​ស្រះ​ចំនួន​ប្រាំបី​នៅក្នុង​ទឹកដី​កម្ពុជា ត្រង់​តំបន់​មួយ​ក្នុងស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី។

ជា​ប្រតិកម្ម​តប​ក្នុងករណីនេះ ប្រជាពលរដ្ឋ​ដែលជា​អ្នករងគ្រោះ​ផ្ទាល់ តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ និង​សកម្មជន​ដទៃទៀត បាននាំគ្នា​ចុះ​ទៅដល់​កន្លែងកើតហេតុ ដើម្បី​ពិនិត្យមើល​ហេតុការណ៍​ដោយផ្ទាល់ បើទោះបីជា​មានការ​រារាំង​ពី​អាជ្ញាធរ​ខ្មែរ​និង​វៀតណាម​ក៏ដោយ។ លើសពីនេះ​ទៀត តំណាងរាស្ត្រ​បក្សប្រឆាំង​មួយចំនួន បាន​ចោទថា រដ្ឋាភិបាល​កម្ពុជា បាន​ប្រើ​ផែនទី​ក្លែងក្លាយ​ដើម្បី​កំណត់ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម ដែល​បានធ្វើឱ្យ​បាត់បង់​ទឹកដី​របស់​កម្ពុជា​យ៉ាងច្រើន និង​ថែមទាំង​បានទាមទារ​ឱ្យ​រដ្ឋាភិបាល​បង្ហាញ​ផែនទី​ដែល​ខ្លួន​បាន​ប្រើ​នោះ​ផងដែរ។ ផ្ទុយទៅវិញ សម្ដេចនាយក​រដ្ឋ​ន្ត្រី ហ៊ុន សែន និង លោក វ៉ា គឹ​ហុង ដែលជា​អ្នកទទួលខុសត្រូវ​បញ្ហា​ព្រំដែន បាន​ប្រតិកម្ម​យ៉ាងខ្លាំង​នឹង​តំណាងរាស្ត្រ​បក្សប្រឆាំង​ដែល​បាន​ចោទប្រកាន់​នោះ ហើយ​ក៏បាន​ស្នើឱ្យ​អ្នកចោទ​ប្រកាន់​រូបនោះ​បង្ហាញ​ផែនទី​ដែល​ខ្លួន​អះអាងថា ជា​ផែនទី​ពិត​នោះ​ផងដែរ។    
 
មកទល់នឹង​ពេលនេះ ទាំង​ភាគី​រដ្ឋាភិបាល ទាំង​ភាគី​បក្សប្រឆាំង មិនទាន់បាន​យក​ផែនទី​របស់ខ្លួន​ដែល​បាន​អះអាងថា​ជា​ផែនទី​ត្រឹមត្រូវរៀងៗខ្លួន​នោះ មក​បង្ហាញ​ជា​សាធារណៈ ដើម្បី​បំបាត់​ការសង្ស័យ​ពី​មហាជន និង​ដើម្បី​បង្ហាញ ភាព​ស្អាតស្អំ​របស់ខ្លួន​នៅឡើយ​ទេ។ ដរាបណា សច្ចភាព​មិនទាន់​ត្រូវបាន​គេ​លាតត្រដាង ដរាប​នោះ ភាគី​ទាំងពីរ​សុទ្ធិ​តែ​ត្រូវ​បាត់បង់​ប្រជាប្រិយភាព​របស់ខ្លួន ដោយ​ភាគី​រដ្ឋាភិបាល​ត្រូវគេ​ចោទថា​បាន​ប្រើ​ផែនទី​មិន​ត្រឹ​ត្រូវ​ដែល​ធ្វើឱ្យ​បាត់បង់​ទឹកដី ចំណែកឯ​តំណាងរាស្ត្រ​បក្សប្រឆាំង​វិញ​ក៏​ត្រូវគេ​ចោទថា បានធ្វើ​ជា​ភិ​ថុ​តិ​ដើម្បី​ប្រជាប្រិយភាព​ខាង​នយោបាយ ដោយសារតែ​ការចោទប្រកាន់​គ្មាន​ភស្តុតាង និង​គ្មាន​មូលដ្ឋាន​ច្បាស់លាស់។

ទោះបីជា​យ៉ាងនេះ​ក៏ ក៏​ពេលថ្មីៗបំផុត​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​ទទួលស្គាល់ថា ស្រះ​ទាំងអស់​ដែល​បាន​ជីក​នៅលើ​ទឹកដី​ខេត្តរតនគិរី​ដោយ​ភាគី​វៀតណាម​នោះ ពិតជា​ការរំលោភ​មក​ក្នុង​ដែន​អធិបតេយ្យភាព​របស់​ក​ម្ពុ​ជា​ប្រាកដ​មែន ព្រមទាំង​បាន​បញ្ជា​ឱ្យ​ក្រសួង​ការ​ការបរទេស​របស់​ខ្លួន សរសេរ​កំណត់​ទូត​ចំនួន​ពីរលើក​ផ្ញើជូន​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា​ដើម្បី​តវ៉ា​រឿងនេះ។ រហូតមកដល់​ពេលនេះ ប្រទេស​វៀតណាម ដែលជា​មិត្ត​ចាក់ទឹកមិនលេច​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន​នោះ មិនទាន់បាន​ឆ្លើយតប​យ៉ាងណា​នៅឡើយ​ទេ។

ក្នុងការ​បង្ហាញ​ជំហរ​ប្រតិកម្ម តវ៉ា​ជាមួយ​វៀតណាម ជា​លើកដំបូង ដ៏​កម្រ និង​មិនដែល​ធ្លាប់មាន​ពីមុនមក​របស់​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​បក្ស​ប្រជាជន​កម្ពុជា​នេះ ត្រូវបាន​ទទួល​ការ​ស្វា​គម​និង​ការគាំទ្រ​ដោយសារ​ធា​រណៈ​មតិ អ្នកវិភាគ​មួយចំនួន រួមទាំង​បក្សប្រឆាំង​ផងដែរ។ លើសពីនេះ​ទៀត ស្របពេល​ជាមួយគ្នានេះ អន្តោប្រវេសន៍​វៀតណាម ក៏ត្រូវ​រដ្ឋាភិបាល​កម្ពុ​ជា​ចាប់ផ្ដើម​ត្រួតពិនិត្យ​ភាពស្របច្បាប់ និង​ចាប់បញ្ជូន​ចេញទៅ​ស្រុក​របស់ខ្លួន​វិញ នូវ​អន្តោប្រវេសន៍​រូប​ណា​ដែល​ស្នាក់នៅ​កម្ពុជា​ដោយ​មិន​ស្របច្បាប់។

ជាការ​វិនិច្ឆ័យ​ជំហាន​ដំបូង​ចំពោះ ចំណាត់ការ​ដ៏​កម្រ គួរ​ជាទី​ចាប់អារម្មណ៍ និង​ជាការ​គាប់​ជួន​គ្នា​នេះ អ្នកវិភាគ​មួយចំនួន​សង្ស័យថា អាចជា​ការរៀបចំ​ទុកជាមុន និង​ជា​ឈុត​ល្ខោន ដែល​បក្ស​ប្រជាជន​កម្ពុជា​បាន​រៀបចំឡើង​ដើម្បី​ស្ដារ​មុខមាត់ និង​ប្រជាប្រិយភាព​របស់ខ្លួន ដែល​បាននិងកំពុង​ធ្លាក់ចុះ​ជា​បន្តបន្ទាប់ ដោយសា​តែ បញ្ហា​ព្រំដែន អន្តោប្រវេសន៍​វៀតណាម​ខុសច្បាប់ អំពើពុករលួយ ប្រព័ន្ធតុលាការ​មិន​ឯករាជ្យ ការកាប់បំផ្លាញ​ព្រៃឈើ...។ ទោះបីជា​យ៉ាងនេះ​ក៏ដោយ ក៏​ការ​សន្មត​នេះ​មិនទាន់​ជា​ការណ៍​ពិត​ដែរ វា​គ្រាន់តែ​ជាការ​សង្ស័យ​របស់​អ្នកវិភាគ​មួយចំនួន​ប៉ុណ្ណោះ។ ការណ៍​ពិត​ជាក់ស្ដែង​យ៉ាងណា​នោះ​សូម​រង់ចាំ​ពិនិត្យ​និង​តាមដាន​ដោយ​យកចិត្តទុកដាក់​ទាំងអស់​គ្នា។

ផ្ទុយទៅវិញ ប្រសិនបើ អ្វីដែល​រដ្ឋាភិបាល​កំពុង​ធ្វើ​ចំពោះ​បញ្ហា​ព្រំដែន​និង​អន្តោប្រវេសន៍​វៀតណាម​នោះ គឺជា​ជំហរ​ពិត​របស់ខ្លួន ដែល​ចេញពី​សុ​ឆន្ទៈ​ពិត​របស់​រដ្ឋាភិបាល យើង​ជា​អ្នកវិភាគ ពលរដ្ឋ​គ្រប់រូប រួមទាំង​បក្សប្រឆាំង​ផង ត្រូវតែ​គាំទ្រ​ដោយ​ឥត​ក្ខ​ខណ្ឌ និង​សូម​សរសើរ​ដោយស្មោះ​ចំពោះ​របត់​ថ្មី​នេះ ហើយ​សូមឱ្យ​វា​វិ​វ​ឌ្ឍ​ទៅមុខ​និង​ស្ថិតស្ថេរ​ក្នុង​មនសិការ​នៃ​អ្នកដឹកនាំ​ខ្មែរ​គ្រប់រូប គ្រប់​ជំនាន់។

លើសពីនេះ​ទៀត ក្នុង​បុព្វហេតុ​ជាតិ និង​បូរណភាព​ទឹកដី​រួម រដ្ឋាភិបាល​ខ្មែរ បក្សប្រឆាំង និង​សកម្មជន​ព្រំដែន​ក្នុង​និង​ក្រៅប្រទេស មិនត្រូវធ្វើៗអ្វីដាច់ដោយឡែកៗពីគ្នា ដោយ​លាក់លៀម ប្រឆាំង​គ្នា និង​ពោរពេញ​ដោយ​កលល្បិច ដើម្បី​ទាញយក​ប្រជាប្រិយភាព​និង​ជាការ​ធ្វើ​ប្រជាភិថុតិ​នោះទេ។ ផ្ទុយទៅវិញ ពួកគេ​ត្រូវ​រួម​សា​ម្គី​គ្នា ដើម្បី​ខ្មែរ​ខ្លាំង​និង​ឈ្នះសត្រូវ​គ្រប់ទិសទី ដូច​ព្រះរាជ​បណ្ដាំ​របស់​អតីត​ព្រះមហាវីរក្សត្រ នរោត្តម សីហនុ និង​ក៏ដូចជា បណ្ដាំ​របស់ សម្ដេច ជា ស៊ីម ដែល​ទើបតែ​ទទួលមរណភាព​កាលពី​ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០១៥នេះដែរ៕       



© រក្សាសិទ្ធិដោយ thmeythmey.com