ជាតិ
សេដ្ឋកិច្ច
កម្ពុជា-ជប៉ុន​ចុះហត្ថលេខា​លើ​ជំនួយ​ជាង២៧លាន​ដុល្លារ​ធ្វើ​ទឹកស្អាត​ក្នុង​ខេត្តកំពត
17, Jun 2015 , 9:24 am        
រូបភាព
ប្រទេស​កម្ពុជា និង​ជប៉ុន បាន​ចុះហត្ថលេខា​ទទួល និង​ផ្តល់​ជំនួយឥតសំណង ដែលមាន​ទំហំ៣២៨៤ លាន​យ៉េន ប្រមាណ​ជាង២៧លាន​ដុល្លារ។ ជំនួយ​នេះ​នឹងត្រូវ​ផ្តល់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ផលិត​ទឹកស្អាត​នៅក្នុង​ខេត្តកំពត និង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស។



លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង Itsu Adachi ប្រធាន​ទីភ្នាក់ងារ សហប្រតិបត្តិការ​អន្តរជាតិ​​ប្រទេស​ជប៉ុន​JICA  បាន​ចុះហត្ថលេខា​ទទួល និង​ផ្តល់​ជំនួយឥតសំណង​ប្រមាណ​ជាង២៧លាន​ដុល្លារ​នេះ  នៅ​ថ្ងៃទី១៦ខែមិថុនា។

បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន ក្នុងចំណោម​ជំនួយ​ហិរញ្ញវត្ថុ​ចំនួន ៣,២៨៤លាន​យ៉េន​នេះ ថវិកា២៩៨៥លាន​យ៉េន (២៤.៨៧លាន​ដុល្លារ) នឹងត្រូវ​ប្រើប្រាស់​សម្រាប់​គម្រោង​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត។ រីឯ​ទឹកប្រាក់ ២៩៩លាន​យ៉េន (២.៥ លាន​ដុល្លារ) នឹងត្រូវ​ប្រើប្រាស់​សម្រាប់​គម្រោង​បណ្តុះបណ្តាល​ធនធានមនុស្ស។ ជំនួយ​នេះ​នឹង​អនុញ្ញាត​ឲ្យ​មន្ត្រីរាជការ​វ័យក្មេង​ចំនួន២៤នាក់ ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​រយៈពេល២ឆ្នាំ។

ប្រទេស​ជប៉ុន​បាន​នាំមុខគេ​ក្នុងចំណោម​ដៃគូ​អភិវឌ្ឍន៍ ដែល​ជួយ​កម្ពុជា​ក្នុង​វិស័យ​ទឹកស្អាត​តាំង​ដើម​ទស្សវត្ស១៩៩០។ ការរៀបចំ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​នៅក្នុង​រាជធានី​ភ្នំពេញ នៅ​ខេត្តសៀមរាប នៅ​កំពង់ចាម និង​បច្ចុប្បន្ន​ក្នុង​ខេត្តកំពត សុទ្ធតែ​បាន​ប្រើប្រាស់​ជំនួយ​របស់​ជប៉ុន៕

 





© រក្សាសិទ្ធិដោយ thmeythmey.com