ជាតិ
សេដ្ឋកិច្ច
សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា​រំពឹងថា​មនុស្ស១ម៉ឺន​នាក់​នឹងចូលរួម​ក្នុង​វេទិកា​ការងារ
19, Jun 2015 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា នឹង​រៀបចំ​វេទិកា​ការងារ​ឆ្នាំ២០១៥ (Career Forum 2015)  រយៈពេល​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃទី២០ ដក់​ទី២១ ខែកក្កដា ឆ្នាំ២០១៥ ខាងមុខ នៅ​មជ្ឈមណ្ឌល​កោះ​ពេ​ជ្យ ដោយ​រំពឹងថា នឹងមាន​មនុស្ស​ចូលរួម​ជាង ១ ម៉ឺន​នាក់។



បើតាម​សេចក្តីជូនដំណឹង​របស់​សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា វេទិកា​ការងារ​ឆ្នាំ២០១៥ នេះ នឹងមាន​ការចូលរួម​ពី​សំណាក់ លោក ឱក ប៊ុង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម និង​លោក ហ្ស​ង់ ហ្វ្រ​ង់​ស័​រ កូ​តាំង ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា រួមទាំង​អ្នកពាក់ព័ន្ធ​ជាតិ និង​អន្តរជាតិ​ផងដែរ។

សេចក្តីជូនដំណឹង​នៅ​ថ្ងៃទី ១៨ ខែមិថុនា​បាន បន្តថា វេទិកា​ការងារ​នេះ នឹង​បើក​លំហ​ដល់​ក្រុមហ៊ុនធំៗនៅ​កម្ពុជា មក​ផ្សព្វផ្សាយ​ពី​ឱកាស​ការងារ ការអភិវឌ្ឍ​ខ្លួន​ក្នុង​វិស័យ​ការងារ និង​គម្រោង​បណ្តុះបណ្តាល​ធនធានមនុស្ស តាមរយៈ​ការតាំង​ពិ​ពរណ៍ និង​ការធ្វើ​បទ​បង្ហាញ​ពី​សំណាក់​អ្នកជំនាញ និង​និយោជកសំខាន់ៗជា​ដៃគូ។

សេចក្តីប្រកាស​ព័ត៌មាន​ដដែល បញ្ជាក់​យ៉ាងនេះ​ថា៖ «វេទិកា​ការងារ​ឆ្នាំ២០១៥នេះ វា​ស័ក្តិសម​បំផុត​សម្រាប់​និស្សិត​ទើប​បញ្ចប់ និង​ជិត​បញ្ចប់​ការសិក្សា​ថ្នាក់​ឧ​ត្ត​មសិ​ក្សា ដែលមាន​គោលបំណង​បង្កើត​ទំនាក់ទំនង​រវាង​ឱកាស​ការងារ និង​តម្រូវការ​ការងារ​រប​ស់​និស្សិត​និង​អ្នកជំនាញ​វ័យក្មេង និង​ចង់​ជម្រុញ​ឲ្យ​និយោជក​បង្ហាញ​ពី​ជំនាញ និង​សមត្ថភាព​ដែល​ខ្លួន​ត្រូវការ​ក្នុង​វិស័យ​ការងារ» ។

សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា បាន​បង្កើតឡើង​ក្នុង​ឆ្នាំ២០១១ ដោយមាន​ការគាំទ្រ​ពី​សភាពាណិជ្ជកម្ម​ចំនួន​បី បារាំង អង់គ្លេស និង​អាឡឺម៉ង់។ នេះ​ជា​លើក​ទី១១ ហើយ​ដែល​វេទិកា​ការងារ​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង ក្រោយពី​វេទិកា​នេះ បានរៀបចំ​ឡើង​ដំបូង​ដោយ​សភាពាណិជ្ជកម្ម​បារាំង​ក្នុង​ឆ្នាំ២០០៥៕

ដោយ សឿន វណ្ណ​ដេ​ត

© រក្សាសិទ្ធិដោយ thmeythmey.com