ជាតិ
ប្រលោមលោក​ខ្នាត​ខ្លី៖ មេរៀន​ជីវិត​មួយ​របស់​ពុក (ចប់)
21, Jun 2015 , 11:29 am        
រូបភាព
ដោយ: ថ្មីៗ
ប្រលោមលោក​ខ្នាត​ខ្លី រឿង «មេរៀន​ជីវិត​មួយ​របស់​ពុក» របស់​យុវជន ហេង ឧ​ត្ត​ម បានទទួល​ចំណាត់ថ្នាក់​លេខ​មួយ​ក្នុង​កម្មវិធី​ប្រកួតប្រជែង​ក្រោម​ប្រធានបទ «បុរស​ល្អ» ដែល​រៀបចំ​ដោយ​សមាគមយុវជន​ខ្មែរ កាលពី​ឆ្នាំ២០១៣ ។ ឧ​ត្ត​ម ដែល​កាលនោះ​ជា​និស្សិត​ឆ្នាំ​ទី២នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច បាន​ចំណាយ​បី​ថ្ងៃ​ពេញ​ក្នុង​ការសរសេរ​រឿងនេះ បន្ទាប់ពី​បានរៀបចំ​ឆ្អឹង​រឿង​បាន​រួចរាល់។



សូម​អាន​ វគ្គ​១៖ ប្រលោមលោក​ខ្នាត​ខ្លី៖ មេរៀន​ជីវិត​មួយ​របស់​ពុក

ដល់​ថ្ងៃ​ត្រូវ​ចូលរៀន​វិញ​ហើយ ជំនិត បញ្ចប់​កិច្ចការ​ទាំងអស់​ដូចដែល​បានគ្រោង​ទុក។ នាយ​ក៏​រៀបចំ​ធ្វើដំណើរ​មក​ក្រុងភ្នំពេញ។ ជំនិត បាន​ផ្តាំ​ម្តាយ​ឱ្យជួយ​មើល​លម្អង និង​បានផ្តល់​អាសយដ្ឋាន​នាម​បណ្ណ លោក ជ័យ វីរៈ បុគ្គលិក​អង្គការ​ជួយ​ស្ត្រី​មាន​វិបត្តិ ទៅ​ម្តាយ​ផងដែរ។
ថ្ងៃខែ​ចេះតែ​រំលង ហាក់ដូច​មាន​ស្លាប​ហើយ។
លម្អង ខឹង​ប្តី​នាង។ លើក​នេះ នាង​មក​ផ្ទះ​ម្តាយ​នាង​ជាង១ខែ​ហើយ ពុំ​ឃើញ​ប្តី​នាង​មក​តាម​ដូច​លើក​មុន​សោះ។
មួយ​សប្តាហ៍​ក្រោយមក ម្តាយ​ជំនិត ដើរ​សួរសុខទុក្ខ​អ្នកភូមិ និង​ដើរ​សួរ​មតិយោបល់​ប្រជាពលរដ្ឋ​ក្នុងភូមិ និង​ស្តាប់​សំណើ​របស់​ពួកគាត់ ដូច​រាល់​គាត់​ធ្វើ​រាល់ដង។ ថ្ងៃនេះ គាត់​ឆៀង​ចូល​លេង​ផ្ទះ​លម្អង ចំពេល​ដែល​ប្តី​នាង​ក៏​មករក​នាង​ដែរ។
លោក​ច​ក្រា ឃើញ​លោកស្រី​សមាជិក​ក្រុមប្រឹក្សាឃុំ​មក ក៏មាន​ចិត្ត​រអា​បន្តិច​ដែរ។ មក​ផ្ទះ​លើក​នេះ លោក​ច​ក្រា ហាក់ដូចជា​ស្លូត​ជាង​មុន​បន្តិច។
លោក​បាន​ដាច់ចិត្ត​ស្នើឱ្យ​ម្តាយ​ជំនិត​ជួយ​អង្វរ​លម្អង​ឱ្យទៅ​ផ្ទះ​វិញ។
«មីង​អើយ! ខ្ញុំ​ពិបាកចិត្ត​ណាស់ មក​លួង លម្អង ទៅផ្ទះ​វិញ តែ​នាង​មិន​ព្រម​សោះ! សូម​មីង​ជួយ​និយាយ​នឹង​នាង​ឱ្យ​ខ្ញុំ​ផង!»
ឮ​សំណើ​ដូច្នេះ ម្តាយ​ជំនិត បាន​ឱកាស​និយាយ​ទៅកាន់​លោក​ច​ក្រា។ គិត​មួយសន្ទុះ ក៏​តប៖
«ក្មួយ! មីង​ឧស្ស​ហ៍​មកលេង​លម្អង​ដែរ នាង​បាន​ប្រាប់​មីង​ច្រើនណាស់​ពី​ទុក្ខលំបាក​របស់​នាង។ នេះ​មកពី​ក្មួយ​ធ្វើបាប​នាង​ពេក រហូត​នាង​ឆ្អែត​ចិត្ត​ទ្រាំលែងបាន! ក្មួយ​សាក​គិត​មើល ស្រី​ណា​មិន​ស្រឡាញ់​ប្តី មិន​ស្រឡាញ់​កូន? មិន​ចង់ឱ្យ​គ្រួសារ​រស់នៅ​ជួបជុំ សុខ​សប្បាយ​នោះ?»
លោក​ច​ក្រា​ស្ងាត់​មាត់​ដូច​គេ​ចុក។ ម្តាយ​ជំនិត​បន្ត៖
«លម្អង គ្នា​នៅមាន​កូនតូច​ផង ណា​បាយទឹក​កូន រៀប​បាយ​ឱ្យ​ប្តី! ទៅ​ផ្សារ បោកគក់​ខោអាវ រៀបចំផ្ទះ​សម្បែង កិច្ចការ​ផ្ទះ​រាប់រយ​ជំពូក! ក្មួយ​ត្រូវ​គិតពី​កម្លាំង​គ្នា​ផង! ការងារ​ផ្ទះ​ហត់នឿយ​ណាស់ណា​ក្មួយ រួច​ពីនេះ ធ្វើ​នោះ មិនចេះចប់​ទេ!»
លោក​ច​ក្រា​ស្តាប់មួយៗ និង​ទន់​ចិត្ត​បន្តិច​ដែរ។
«មីង​សូមទោស​ចុះ​ដែល​ជជែក​វែកញែក​ក្នុង​គ្រួសារ​ក្មួយ តែ​មីង​និយាយ​ឱ្យ​ក្មួយ​ជ្រាប មាន​ចំណុច​សំខាន់​មួយ​ដែល​មីង​ចង់​រម្លឹក​ក្មួយ​ដែរ។ ការរំលោភ​ភេទ ទោះបីជា​ប្រពន្ធ​ខ្លួនឯង​ក៏ដោយ បើ​ប្រពន្ធ​មិនមាន​អារម្មណ៍​ចំណង់​រួមភេទ​ទេ ហើយ​ប្តី​បង្ខំ​រួមភេទ​ទៀត​នោះ ចាត់​ទុកដូចជា​ការរំលោភ​ដែរ​ណា!» ផ្អាក​បន្តិច ក៏​បន្ត៖ «មីង ឮ​លម្អង​ប្រាប់ថា ពេលខ្លះ ក្មួយ​វ៉ៃតប​នាង​ផង មែន​ទេ? ហើយ​ពេល​ស្រវឹងម្តងៗ ក្មួយ​ប្រើ​ដៃជើង​ធ្វើបាប​លម្អង​ទៀត! ក្មួយ​ដឹង​ទេ? នេះ​ជាការ​ប្រើ​អំពើហិង្សា​ក្នុង​គ្រួសារ​ធ្ងន់ធ្ងរ​ណាស់! ប៉ូលិស​អាច​ចាប់​ក្មួយ​ដាក់​ពន្ធ​ធនាគា​និង​ទាមទារ​ឱ្យ​បង់ពិន័យ​បាន! នេះ​សំណាង​ហើយ ដែល លម្អង​មិន​ដាក់ពាក្យ​ប្តឹង!!»
ដោយ​បើកចំហ​ចិត្ត​ស្តាប់ លោក​ច​ក្រា​កាន់តែ​យល់​ពី​ទង្វើ​របស់ខ្លួន។
បញ្ចេញ​ដង្ហើមធំ​បន្តិច ម្តាយ​ជំនិត បន្ថែម៖ «ក្មួយ​ច​ក្រា​នៅមាន​ឱកាស បើ​ខំ​សាង​ខ្លួន​ឡើងវិញ! មីង​ឮថា លម្អង​ឆ្អែត​ចិត្តនឹង​ក្មួយ​មែនទែន​ហើយ ហើយនឹង​ចង់​ដាក់ពាក្យ​លែងលះ បើ​ក្មួយ​នៅតែ​ប្រកាន់ខ្លួន​មិនល្អ ទៀត!»
លោក​តប​យ៉ាង​ប្រញាប់៖
«អ្នក​មីង ខ្ញុំ​លង់ខ្លួន​យល់​ខុស និង​ធ្វើ​ខុស​ច្រើន​ហើយ​កន្លងមក! អាង​តែ​អំណាច​ខ្លួន​ជា​ប្តី! ធ្វើ​អ្វី​ស្រេច​នឹង​ចិត្ត! ពេលនេះ ខ្ញុំ​ដឹងខ្លួន​ខុស​ហើយ! ខ្ញុំ​មិន​ចង់ឱ្យ​លម្អង​ប្តឹង​លែង​ខ្ញុំ​ទេ។ ខ្ញុំ​ក៏​ចេះ ស្រឡាញ់​កូន​ស្រឡាញ់​ប្រពន្ធ​ដែរ! អ្នក​មីង! ខ្ញុំ​នឹង​ខំ​កែខ្លួន! ខ្ញុំ​សូម​សន្យា! ខ្ញុំ​មិន​ប្រព្រឹត្ត​ខុស​ជាថ្មីទៀត​ទេ សូមអ្នក​មីង​ជា​សាក្សី​ផង​ចុះ! លើក​ក្រោយ បើ​ខ្ញុំ​ចង់បាន ឬ​ធ្វើ​អ្វីមួយ ខ្ញុំ​ត្រូវ​សួរ​ចិត្ត​លម្អង និង​ពិភាក្សា​នឹង​នាង​ជាមុនសិន ហើយ​សូម​ការយល់ស្រប​ពី​នាង​សិន​ដែរ។ តែ! តែ​អ្នក​មីង​សូមជួយ​និយាយ​លួងលោម​លម្អង​ឱ្យ​ខ្ញុំ​ផង នាង​ខឹង​នឹង​ខ្ញុំ​សម្បើម​ណាស់!»
«តែ​ក្មួយ ត្រូវ​ជួយ​ការងារ​ផ្ទះ​លម្អង​ផង! ហើយ​កិច្ចការ​ណា អាច​ធ្វើបាន​ខ្លួនឯង ធ្វើទៅ ដូចជា​បោក​ខោអាវ ដាំបាយ​ទឹក លាងចាន​ឆ្នាំង សុទ្ធតែ​អាចជួយ​ធ្វើ​គ្នា​បាន​តើ!»
«បាទ! ខ្ញុំ​អាចធ្វើ​បាន»។ លោក​ច​ក្រា​បន្ត​និយាយ​ដោយ​អរ «អ៊ីចឹង មីង​ព្រម​ជួយ​ខ្ញុំ​ហើយ​មែន​ទេ?»
ម្តាយ​ជំនិត​ញញឹម ហើយ​លោ​កច​ក្រា​ក៏​ត្រេកអរ​មិនតិច​ដែរ។
ពីថ្ងៃ​នោះមក លោក​ច​ក្រា​បាន​នាំ​លម្អង​ទៅផ្ទះ​នៅ​ទី​រួម​ខេត្ត​វិញ ហើយ​លោក​ក៏​ខំ​កែខ្លួន​យ៉ាងច្រើន​ដែរ។ ការងារ​ផ្ទះ​ខ្លះ​ដែល​លោក​មិន​ធ្លាប់ធ្វើ​ពីមុនមក ពេល​ចាប់ធ្វើ​ដំបូង​ហាក់ដូចជា​ឆ្គង​ដែរ តែ​លម្អង​ជួយ​បង្ហាញ​ណែនាំ​ប្តី។
ពេល​មកពី​ធ្វើការ​ល្ងាច​ថ្ងៃ​សៅរ៍​អាទិត្យ លោក​ច​ក្រា​តែ​បញ្ជិះ​ម៉ូតូ​ដុប​ភរិយា​និង​កូន​ដើរ​លំហែ​មុខ​ប្រាសាទ​អង្គរ ស្រូបយក​ខ្យល់អាកាស និង​ចូល​ក្រុង​វិញ​តាមផ្លូវ​ស្ទឹង​សៀមរាប​ដ៏​ស្រស់ស្អាត ដែលមាន​បរិយាកាស​ល្អ។
លម្អង បាន​ធូរស្រាល​ចិត្តច្រើន ហើយ​នាង​មាន​ក្តីសង្ឃឹម​នឹង​ជីវិត​ឡើងវិញ។ នាង​បាន​ហៅ​ទូរ​សព្ទ​ទៅ​ថ្លែងអំណរគុណ​ចំពោះ​ម្តាយ​ជំនិត​ដែល​បាន​ជួយ​សម្រប សម្រួល​គ្រួសារ​នាង។
អ្នកស្រី​សមាជិកា​ក្រុមប្រឹក្សាឃុំ​ប្រាប់​ដំណឹង​ល្អ​ពី​គ្រួសារ លម្អង​ទៅ​ជំនិត​ដែរ។ ជំនិត​រីករាយ​ណាស់ ដែល​ប្តី​ប្រពន្ធ​លម្អង បាន​ត្រូវរ៉ូវ និង​រស់នៅ​ចុះ​ចម្រុង​នឹង​គ្នា​ឡើងវិញ។ នាយ​ក៏​ត្រេកអរ និង​សរសើរ​មាតា​ខ្លួន​ដែល​បាន​ជួយ​ដោះស្រាយ​បញ្ហា​របស់​អ្នកភូមិ​បាន កាន់តែច្រើន។
ដើម្បីឱ្យ​ម្តាយ​ជំនិត កាន់តែ​បាន​ចូលរួម​សកម្មភាព​សង្គម​កាន់តែ​ច្រើន ឪពុក​ជំនិត​បាន​ជំរុញ​លើកទឹកចិត្ត​ភរិយា​ឱ្យ​ឈរឈ្មោះ​ជា​មេឃុំ នៅ​អណ​ត្តិ​ថ្មី។ ជំនិត គាំទ្រ​គំនិត​ឪពុក​ណាស់ នាយ​ខំប្រឹង​ស្រាវជ្រាវ​ឯកសារ និង​និ​ទ្និ​ន័យ​ផ្សេង​ពី​យេនឌ័រ សិទ្ធិ​ស្រី្ត និង​គោលនយោបាយ​ភូមិ​ឃុំ​សុវត្ថិភាព… មកឱ្យ​ឪពុកម្តាយ​អាន។
ឪពុក​ជំនិត​យក​ក្រដាស​មួយ​សំណុំ​មកឱ្យ​ភរិយា។
បុរស​ចំណាស់​ថ្លែង៖ «ម៉ែ​វា​មើល​នៀក គឺ អនុក្រឹត្យ​របស់​រដ្ឋាភិបាល ដែល​ចេញ​ដើម្បី​លើកកម្ពស់​ស្ត្រី​ឱ្យចូល​រួម​ជួយ​បម្រើ​ជាតិ ដោយ​ត្រូវមាន​ស្ត្រី​បម្រើការ​នៅក្នុង​គ្រប់​ក្រសួង​មន្ទីរផ្សេងៗ ដែល​អាច​កាន់តំណែង ចាប់ពី​អគ្គនាយក អគ្គ​នាយ​រក ប្រធាន អនុប្រធាន​ការិយាល័យ… ជាដើម។ បើតាម​ខ្ញុំ​ដឹង​កន្លងមក នៅក្នុង​វិស័យ​នយោបាយ​វិញ ក៏មាន​ស្ត្រី​ខ្មែរ​យើង​មួយចំនួន​ជា​សមាជិកា​រដ្ឋសភាជាតិ ព្រឹទ្ធសភា និង​មាន​តួនាទី​ជា​តំណាងរាស្ត្រ ជា​រដ្ឋមន្ត្រី រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ… ផងដែរ។ ខ្ញុំ​ចង់​ជំរុញ​ម៉ែ​វា​ឯង​ឱ្យ​ឈរឈ្មោះ​ជា​មេឃុំ​ស្ត្រី​សម្រាប់​ឃុំ​យើង​តែ ម្តង! ព្រោះ​អ្នកភូមិ​ឃុំ​យើង​ស្រឡាញ់​ចូលចិត្ត​ម៉ែ​វា​ឯងគ្រប់ៗគ្នា! ហើយ​គេ​ក៏បាន​ដឹង​ពី​សមត្ថភាព​ម៉ែ​វា​ឯង​កន្លងមក​ច្រើន​ដែរ​ហើយ»។
លាប​ទឹកមាត់​បន្តិច ឪពុក​ជំនិត​លើកឡើង​បន្ត៖ «ខ្ញុំ​ក៏បាន​ស្តាប់​វិទ្យុ​ឮ​ដែរ​ថា ខាង​អង្គការ សមាគម សង្គម​ស៊ីវិលផ្សេងៗ ពិសេស អង្គការ​ចម្រើន​ស្ត្រី ខិតខំ​ជម្នះ​ទាមទារ​ដើម្បី​ឱ្យមាន​ស្ត្រី​យ៉ាងហោច៣០ភាគរយ កាន់តំណែង​កំពូល​ដើម្បី​ឈានដល់​សិទ្ធិ​ក្នុង«ការធ្វើ​សេចក្តីសម្រេច ចិត្ត»ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ព្រមទាំង​បានស្នើ​សូម​គ្រប់​គណបក្សនយោបាយ​ទាំងអស់ ដាក់​បេក្ខភាព​ស្ត្រី​ក្នុង​លំដាប់​លេខ​រៀងដំបូងៗ ដែល​អាច​ជាប់​ជាង​តំណាងរាស្ត្រ និង​ក្រុមប្រឹក្សាឃុំ-សង្កាត់»។
ជញ្ជឹងគិត​យូរ​គ្រាន់បើ​ដែរ ម្តាយ​ជំនិត​ក៏​ស្រដី​តប៖ «ខ្ញុំ​អាណិត​ពុក​វា​ឯង​ណាស់! មិន​គិត​លំបាក​ហត់នឿយ​ខ្លួនឯង​ទេ ខំ​នៅផ្ទះ ជួយ​ការងារ​ផ្ទះ ហើយ​រកស៊ី និង​ចិញ្ចឹម​មាន់​ទៀត ហើយ​តែងតែ​ជួយ​ជំរុញ​លើកទឹកចិត្ត​ខ្ញុំ​ឱ្យធ្វើ​ការឃុំ​ទៀត។ នៅពេល​ទៅ​ជួយ​សម្រួល​ជម្លោះ​ហិង្សា​គ្រួសារ​គេ​ទាំងយប់​ព្រលប់​ក៏​ពុក​វា ឯង​សុខចិត្ត​ជូន​ខ្ញុំ​ទៅ​ដែរ! ខ្ញុំ​អរគុណ​ពុក​វា​ឯង​ខ្លាំងណាស់! ខ្ញុំ​នឹង​ខំប្រឹងប្រែង​ដើម្បី​ជួយ​ភូមិ​ឃុំ​យើង​បន្តទៀត!»
ស្រីអូន ដែល​បាន​ស្តាប់ឮ​ឪពុកម្តាយ​ជជែក​គ្នា​ដូច្នោះ​ក៏​ត្រេកអរ​ជាខ្លាំង។
ស្អែក​ឡើង នាង​ហៅ​ទូរ​សព្ទ​ទៅ​បងប្រុស​នាង​ដែល​កំពុង​រៀន​នៅឯ​ភ្នំពេញ។
«បង​អើយ! ខ្ញុំ​នឹង​រៀន​ឱ្យ​ពូកែ ហើយ​ចង់​ចូលរៀន​ច្បាប់ ហើយ​ធ្វើជា​មេធាវី!»
«ម៉េច​ក៏​និយាយ​ប្លែក​ម៉េះ​ថ្ងៃនេះ​ប្អូនស្រី​បង? រាល់ដង ដូច​មិនដែល​ហ៊ាន​ប្រាប់ថា ចង់​ធ្វើ​អី​ឱ្យ​បង​ដឹង​ឱ្យ​ប្រាកដ​ផង!»
ប្អូនស្រី​ពៅ​របស់​ជំនិត​សើច ហើយ​តប​ទៅ​បង «ខ្ញុំ​រៀន​ធ្វើ​ក្លាហាន​ដូច​ម៉ែ​ដែរ! បង​ដឹង​ទេ? ពុក​បាន​ជំរុញ​លើកទឹកចិត្ត​ឱ្យ​គាត់​ឈរឈ្មោះ​ជា​មេឃុំ​ហើយ! ឯខ្ញុំ​ចង់​រៀន​ធ្វើ​មេធាវី ដើម្បី​នឹង​បាន​ជួយ​ការពារ​អ្នកភូមិ ពិសេស​ការងារ​ទាក់ទង​ស្ត្រី និង​កុមារ, ចូលរួម​លុបបំបាត់​អំពើហិង្សា​លើ​ស្ត្រី! ជួយ​រក​យុត្តិធម៌​ឱ្យ​ស្ត្រី​រងគ្រោះ ណា​បង!!»
«ល្អ​ណាស់​ប្អូន! បង​សង្ឃឹមថា​ប្អូន​អាចធ្វើ​បាន! បង​នៅ​ខាង​ប្អូន​ជានិច្ច!» នាយ​ជំនិត​បន្ត«ទាំងនេះ មកពី​ពុក​យើង​លះបង់ សុខចិត្ត​លំបាក​ច្រើនណាស់ ជួយ​ជ្រោង​គ្រួសារ​យើង!»
«ត្រូវ​ហើយ​បង! ពុក​តែងតែ​ពិភាក្សា​នឹង​ម៉ែ​ជានិច្ច​មុន​ធ្វើ​អ្វីមួយ។ គាត់​ផ្តល់​តម្លៃ​ឱ្យ​ម៉ែ​ខ្លាំងណាស់ និង  តែងតែ​លើកទឹកចិត្ត​ម៉ែ​ជានិច្ច។ ម៉ែ​ក៏​មិន​បណ្តែតបណ្តោយ​ដែរ ខំប្រឹង​ជម្នះ​គ្រប់​ឧបសគ្គ​ដើម្បី​ជួយ​បម្រើ​សង្គម​យើង!»
ជំនិត​សើចញឹមៗ និង​នឹក​សរសើរ​ប្អូនស្រី ដែល​ចេះដឹង​ច្រើន​ដូច្នេះ។ នាយ​ឆ្លើយ​បន្ថែម​ទៅ​ប្អូន៖ «ពុក​ម៉ែ​សប្បាយចិត្ត​ណាស់ ដែលមាន​កូនស្រី​ចេះដឹង​ដូច​អូន! បង​ត្រូវតែ​រៀន​តាម​ពុក​ដែរ​ហើយ!»
«បង​ឯង ចេះតែ​បញ្ជោរ​ខ្ញុំ​ហើយ!!» នាង​រាង​និយាយ​ដូច​ងរ​ងក់​បន្តិច​តាម​ចរិត​ស្រី​ក្រមុំ ហើយ​បន្ត «ត្រូវ​ហើយ បង​ត្រូវតែ​យក​គំរូ​តាម​ពុក​យើង! ដឹង​ទេ «បុរស​ល្អ​ផ្តល់​តម្លៃ​ឱ្យ​ស្ត្រី» ណា»
«បាទ! ប្អូនស្រី​បង!»
«អ៊ីចឹង ប៉ុណ្ណឹង​សិន​ហើយ​ណា! ខ្ញុំ​ដល់​ម៉ោង​ទៅ​រៀន​ហើយ!»
«ហ្នឹងហើយ! ខំរៀន​ណា ដើម្បី​បានធ្វើ​មេធាវី!»
បងប្អូន​ទាំងពីរ​ជម្រាប​លាគ្នា​យ៉ាង​គួរសម។
បន្ទាប់ពី​ដាក់​ទូរ​សព្ទ​ចុះ  ជំនិត បន្ត​នឹក​គិតពី​វីរភាព​របស់​ឪពុក​របស់ខ្លួន។ នរៈ​តាំងចិត្ត​ថា នឹង​រៀនសូត្រ​មេរៀន​ជីវិត​ដែល​បិតា​បាន​បង្រៀន​កន្លងមក។ ជំនិត ប្តេជ្ញា​ថា នាយ​ត្រូវខិតខំ​ប្រឹងប្រែង​សិក្សា​រៀនសូត្រ ឱ្យមាន​ចំណេះដឹង​និង​សមត្ថភាព​ពិតប្រាកដ ហើយ​នៅពេល​រៀន​ចប់​និង​កសាង​គ្រួសារ ខ្លួន​នឹង​ធ្វើជា​បុរស​ល្អ​ក្នុង​គ្រួសារ​និង​ក្នុង​សហគមន៍ ជា​ស្វាមី​ល្អ​របស់​ភរិយា ជា​ឪពុក​ល្អ​របស់​កូន និង​ជា​ពលរដ្ឋ​ល្អ​នៅក្នុង​សង្គម។ គោរព​ស្ត្រី    ផ្តល់​តម្លៃ​ឱ្យ​ស្ត្រី លើកតម្កើង​នារី​ភេទ លុបបំបាត់​អំពើហិង្សា និង​ចូលរួម​ទប់ស្កាត់​ការជួញដូរ​មនុស្ស ស្ត្រី​និង​កុមារ៕

ផ្តើម​សរសេរ​ថ្ងៃទី២៧, ២៩ និង៣០ ខែវិច្ឆិកា ឆ្នាំ២០១២ នៅ​សៀមរាប-ភ្នំពេញ
ដោយ ហេង ឧត្ដម
[email protected]







© រក្សាសិទ្ធិដោយ thmeythmey.com