ជាតិ
តើ​អ្នក​ចង់​ឲ្យ​នរណាម្នាក់ ប្លន់​យក​ទ្រព្យ ផ្ទះសម្បែង​របស់​អ្នក​ឬទេ?
24, Jun 2015 , 8:39 am        
រូបភាព

និច្ចសីល ឬ​បញ្ចសីល គឺជា​សីលធម៌៥ប្រការ ដែល​ព្រះពុទ្ធ​ទ្រង់​អប់រំ​មនុស្ស​ឲ្យ​ប្រកាន់យក​ជាប់​ខ្លួន ដើម្បី​សុខសន្តិភាព​ក្នុង​ជីវិត​រស់នៅ។ និច្ចសីល​នេះ គឺ​សំដៅលើ​សីលធម៌ ដែល​មនុស្ស​ត្រូវ​ប្រកាន់​ភ្ជាប់​ក្នុង​ខ្លួន​គ្រប់ពេល​ជានិច្ច ដោយ​មិនអាច​ខ្លះ​បាន។



គ្រួសារ​មួយ សហគមន៍​មួយ ប្រទេសជាតិ​មួយ រហូតដល់​ពិភពលោក​ទាំងមូល នឹង​មិនមាន​សុខសន្តិភាព​ទេ ប្រសិនបើ​មនុស្ស ប្រាសចាក​សីលធម៌​ទាំង ៥ប្រការនេះ។ ត្រង់​ន័យ​នេះ បង្ហាញថា សីលធម៌៥យ៉ាងនេះ ថ្វីដ្បិតតែ​ជា​ព្រះ​ពុទ្ធឱវាទ​ក៏ពិតមែន តែ​មិនមែន​សម្រាប់តែ​ពុទ្ធសាសនិក​នោះទេ។និច្ចសីល​នេះ គឺជា​សីលធម៌​សាកល​សម្រាប់​មនុស្ស​គ្រប់រូប​ក្នុង​លោក ប្រតិបត្តិ​ដើម្បី​សុខសន្តិភាព។ អ្វីខ្លះ​ជា​សីលធម៌៥ប្រការ?

១. ការមិន​សម្លាប់​បៀតបៀន​ជីវិត​អ្នកដទៃ៖
ចៀសវាង​ដាច់ខាត​ពី​ការកាប់សម្លាប់ ជិះជាន់ បៀតបៀន​ជីវិត​អ្នកដទៃ។ជីវិត​យើង​គ្រប់រូប​កើតមក​តែងតែ​ប្រាថ្នា​ចង់​រស់នៅក្នុង​ភាពសុខសាន្ត​ជួបជុំ​គ្រួសារ។ គ្មាន​អ្នកណាម្នាក់​ចង់​ឲ្យ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ត្រូវ​បាត់បង់​ជីវិត និរាស​ព្រាត់ប្រាស់​ពី​ខ្លួន ដោយសារ​ការជិះជាន់ បៀតបៀន គម្រាមកំហែង និង​កាប់សម្លាប់​ពី​អ្នកដទៃ​នោះទេ។

២. មិន​លួច​ឆក់​ទ្រព្យ​អ្នកដទៃ៖
ត្រូវ​វៀរចាក​ពី​ការ​លួច​ឆក់​ទ្រព្យសម្បត្តិ​មាស ប្រាក់​ដែលមាន​ម្ចាស់​ថែរក្សា។មិនត្រូវ​សម្លុត​គម្រាមកំហែង ឬ​បង្ខិតបង្ខំ​ដើម្បី​អូស​យក​ដី​ផ្ទះសម្បែង​របស់គេ​នោះទេ។ ម្យ៉ាងទៀត ជា​ជាតិ​សាសន៍​ថ្លៃថ្នូរ មិនត្រូវ​ប្រើ​កលល្បិច ដើម្បី​ឈ្លានពាន វាតទី​ទឹកដី​ជាតិ​សាសន៍​ដទៃ​នោះដែរ ព្រោះ​វា​ជាហេតុ​នាំ​ឲ្យ​កើតសង្គ្រាម ដែល​នាំមក​នូវ​វិនាសកម្ម​ដល់​មនុស្សជាតិ។

៣. មិន​ប្រព្រឹត្ត​ខុស​កាម​លើ​កូន​ប្រពន្ធ​អ្នក​ទៃ៖
ហាម​ប្រព្រឹត្ត​ខុស​ក្នុង​ផ្លូវ​កាម​លើ​សាច់ញាតិ​អ្នកដទៃ។ យើង​ស្រលាញ់​ហួងហែង​កូន ប្រពន្ធ ប្តី​សាច់ញាតិ និង​មនុស្ស​ដែល​យើង​ស្រលាញ់​យ៉ាងណា អ្នកដទៃ​គេ​ក៏​ស្រលាញ់​ហួងហែង​កូន​ប្រពន្ធ ប្តី សាច់ញាតិ និង​មនុស្ស​ដែល​គេ​ស្រលាញ់​យ៉ាងនោះ​ដែរ ។ ទាំង​យើង​ទាំង​គេ តែងតែ​ប្រាថ្នា​ចង់​ឲ្យ​ស្វាមីភរិយា បុត្រា បុត្រី រស់នៅ​ដោយ​សុភមង្គល មិន​ចង់​ឲ្យ​អ្នកណាម្នាក់​មក​ប្រព្រឹត្ត​អំពើ​ឆ្គាំឆ្គង រំលោភបំពាន​លើ​ក្រុមគ្រួសារ​ខ្លួន​នោះទេ។

៤. មិន​ភូតកុហក​អ្នកដទៃ៖
ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​ពាក្យ​សច្ចៈ ដោយ​ចៀសវាង​ការ​កុហក​បោកប្រាស់​អ្នកដទៃ។ ការនិយាយ​កុហក​ជាហេតុ​នាំមក​នូវ​ការបាត់បង់​តម្លៃ​របស់ខ្លួន។ កុហក​គេ​ម្តង គេ​លែង​ជឿ​មួយជីវិត។ ពេល​អ្នក​កុហក​បោកប្រាស់​គេ គេ​អាច​នឹង​អធ្យាស្រ័យ​ឲ្យ​អ្នក តែ​គេ​នឹងមិន​ភ្លេច​ពី​ទង្វើ​បោកប្រាស់ និង​ពាក្យ​កុហក​របស់​អ្នក​ទេ។ ការ​កុហក​អាច​នាំ​ឲ្យ​មនុស្ស​កើតការ​សង្ស័យ​គ្នា​គ្រប់ពេលវេលា។

៥. មិន​សេព​គ្រឿងញៀន និង​គ្រឿង​ស្រវឹង៖
ហាម​ផឹកទឹក​ស្រវឹង​និង​សេព​គ្រឿងញៀន។ ការទទួល​គ្រឿង​ស្រវឹង និង​ជក់​គ្រឿងញៀន​ជាហេតុ​នាំ​ឲ្យ​ស្មារតី​ប្រែប្រួល​ដែល​អាច​បណ្តាល​ឲ្យ​ប្រព្រឹត្ត​អំពើ​អកុសល និង​ទង្វើ​មិន​គប្បីផ្សេងៗ ។ ម្យ៉ាងទៀត​គ្រឿងញៀន​ក្តី​គ្រឿង​ស្រវឹង​ក្តី អាច​បណ្តាល​ឲ្យ​បញ្ញា និង​ការចងចាំ​ធ្លាក់ចុះ ហើយក៏​អាច​ឲ្យ​បាត់បង់​នូវ​សតិសម្បជញ្ញៈ​ទៀង​ផង។

តើ​អ្នក​ចង់​ឲ្យ​អ្នកណាម្នាក់​មក​ជិះជាន់ កាប់សម្លាប់​ជីវិត​អ្នក បងប្អូន​សាច់ញាតិ​អ្នក​ទេ? តើ​អ្នក​ចង់​ឲ្យ​អ្នកដទៃ​ឆក់យក​ទ្រព្យសម្បត្តិ​ដី​ផ្ទះ ឬក៏​ឈ្លានពាន​មាតុភូមិ​អ្នក​ទេ? តើ​អ្នក​ចង់​ទទួល​ការឈឺ​ចាប់ពី​អំពើ​ថោកទាប​របស់​អ្នកដទៃ ដែល​បាន​រំលោភបំពាន​លើ​កូន​ប្រពន្ធ និង​មនុស្ស​ដែល​អ្នក​ស្រឡាញ់​ទេ? តើ​អ្នក​ចង់​ឲ្យ​អ្នកដទៃ​កុហក​បោកប្រាស់​អ្នក​ទេ? តើ​អ្នក​ចង់​វិនាស​ទ្រព្យ ខូច​កេរ្តិ៍ឈ្មោះ បាត់បង់​សតិ បញ្ញា​ធ្លាក់ចុះ​ដោយសារតែ​សុរា​ទេ? ចម្លើយ​ច្បាស់​ជា​មិន​ចង់​ទេ។

ប្រសិនបើ​អ្នក​មិន​ចង់​ទទួលបាន​អំពើ​ទាំងអស់នេះ​ទេ អ្នក​ត្រូវ​យកចិត្ត​អារម្មណ៍​អ្នក​ទៅ​ប្រៀបធៀប​នឹង​ចិត្ត​អ្នកដទៃ ថា​គេ​ក៏​មិន​ចង់​ទទួល​នូវ​ភាពឈឺចាប់​និង​សេចក្តី​វិនាស​ចឹ​ង​ដូច​អ្នក​ដែរ។ អ្នក​ត្រូវ​ប្រកាន់ខ្ជាប់​ឲ្យ​បាន​នូវ​សីលធម៌​ទាំង​ប្រាំ​ប្រការនេះ ដោយ​ជៀសវាង​ការប្រព្រឹត្ត​អំពើ​បាប​ទាំងនេះ​ទៅលើ​អ្នកដទៃ ប្រសិនបើ​អ្នក​មិន​ចង់​ឲ្យ​អ្នកដទៃ​គេ​ធ្វើ​មកលើ​អ្នក។
រស់នៅ​មិន​សម្លាប់ មិន​បៀតបៀន មិន​ឈ្នានីស មិន​ជិះជាន់ ជីវិត​គ្នា មិន​ប្រាថ្នា​ទ្រព្យ​អ្នកដទៃ មិន​ប្រព្រឹត្ត​អំពើ​ថោកទាប​លើ​កូន​ប្រពន្ធ​អ្នកផង​ទាំងពួង មិន​កុហក​បោកប្រាស់ បោក​បញ្ឆោត​គេ​អ្នកឆ្លើយ​មក​មើលថា តើ​សហគមន៍​មួយ​អាច​នឹង​កើត​ជម្លោះ ប្រទេសជាតិ​មួយ​អាច​នឹង​ចលាចល អសន្តិសុខ ឬ​ពិភពលោក​អាច​នឹង​កើតសង្គ្រាម​តាមរបៀប​ណា?




© រក្សាសិទ្ធិដោយ thmeythmey.com