ច​ន ច័ន្ទ​លក្ខិណា៖ ដាច់​និស្ស័យ​ប្តី​ប្រពន្ធ តែ​និស្ស័យ​បងប្អូន​កាត់​មិនបាន​ឡើយ
23, Jun 2015 , 5:43 pm        
រូបភាព
ដោយ: ថ្មីៗ


តារា​សម្តែង ច​ន ច័ន្ទ​លក្ខិណា នៅ​ថ្ងៃទី២៣ ខែមិថុនា នេះ បាន​បង្ហោះ​រូបថត៥សន្លឹក​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ដើម្បី​បង្ហាញថា ទោះបីជា​ចំណងអាពាហ៍ពិពាហ៍​ជិត២០ឆ្នាំ​ជាមួយ​លោក យុ​ត្ថា​រ៉ា ឆា​នី បានបញ្ចប់​ក៏ដោយ ប៉ុន្តែ​ទំនាក់ទំនង​របស់​អ្នក​ទាំងពីរ​ក្នុង​ភាពជា​បងប្អូន​ស្ថិតនៅ​ជា​ដរាប។



ជាមួយនឹង​ការ​បង្ហោះ​ជាមួយនឹង​រូបថត​ដែល​ពោរពេញ​ដោយ​ស្នាមញញឹម ច​ន ច័ន្ទ​លក្ខិណា បានសរសេរថា៖ «និស្ស័យ​ប្តី​ប្រពន្ធ​យើង​អាច​កាត់​បាន តែ​និស្ស័យ​បងប្អូន​គឺ​កាត់​មិន​បានឡើយ»។ យោងតាម​សំណេរ អ្នក​ទាំងពីរ និង​ក្រុមការងារ បាន​ថតរូប​រួមគ្នា​នៅ​ទូរទស្សន៍​បាយ័ន កាលពី​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៥ ។

ការចែក​ផ្លូវ​គ្នា​របស់​តារា​សម្តែង​ជើងចាស់​ទាំងពីរ បង្ក​មតិ​លើកឡើង​អវិជ្ជមាន​ជាច្រើន។ អ្នកខ្លះ​បាន​ចោទប្រកាន់ ច​ន ច័ន្ទ​លក្ខិណា ថា ស្រឡាញ់​អ្នកផ្សេង​ដោយសារ​អំណាច​ទឹកប្រាក់ ហើយ​អ្នកខ្លះ​ទៀតថា លោក យុ​ត្ថា​រ៉ា ឆា​នី មាន​ស្រី​ថ្មី រួមទាំង​ការលើកឡើងផ្សេងៗទៀត។

គួរ​ឲ្យ​កត់សម្គាល់​ផងដែរ លោក យុ​ត្ថា​រ៉ា ឆា​នី កាលពីពេល​ថ្មី​នេះ បាន​សរសេរ​បញ្ជាក់​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា ពាក្យពេចន៍​កម្សត់ផ្សេងៗដែល​លោក​បាន​ចែករំលែក​នោះ មិនមែនជា​គំនិត​ផ្ទាល់​របស់លោក​ឡើយ វា​គ្រាន់តែ​ទ្រឹស្តី​ដែល​គេ​បាន​សរសេរ​មក​តែប៉ុណ្ណោះ។

អ្នក​ទាំង​ពីរបាន​បែកបាក់​គ្នា​ដោយ​បន្សល់​នូវ​អនុ​ស្សារី​យ៍​កូនស្រី​ស្រស់ស្អាត​ម្នាក់។ ទោះបីជា​លោក យុ​ត្ថា​រ៉ា ឆា​នី ទទួល​សិទ្ធិ​គ្រប់គ្រង​កូន​ក៏ដោយ ប៉ុន្តែ​កូនស្រី​នៅតែ​អាច​ទៅមក​ជាមួយ​ម្តាយ។ បច្ចុប្បន្ន ច​ន ច័ន្ទ​លក្ខិណា កំពុងមាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​បុរស​ពោះម៉ាយ​ម្នាក់៕


© រក្សាសិទ្ធិដោយ thmeythmey.com