អន្តរជាតិ
អាជ្ញាធរ​ចិន​ប្រមូលបាន​សាច់​ក្លាសេ​ផុតកំណត់​ពេល​បរិភោគ​រហូតដល់៤០ឆ្នាំ
24, Jun 2015 , 5:07 pm        
រូបភាព
ដោយ: ធីតា
ស្លាបមាន់ សាច់ជ្រូក និង​សាច់គោ​ក្លាសេ​ខូចគុណភាព​ជាង១០ម៉ឺន​តោន​ស្មើនឹង​ទំហំ​ទឹកប្រាក់​ប្រមាណ៤៨៨លាន​ដុល្លារ​ត្រូវបាន​អាជ្ញាធរ​ចិន​ប្រមូលបាន​នៅក្នុង​យុទ្ធនា​ការបង្ក្រាប​ថ្នាក់ជាតិ​មួយ​ដែល​បានបញ្ចប់​កាលពី​ពាក់កណ្តាល​ខែមិថុនា​កន្ល​ង​ទៅនេះ។ ក្នុងចំណោម​សាច់​ស្អុយរលួយ​ទាំងនោះ សាច់​ខ្លះ​ហួស​កំណត់ពេល​បរិភោគ​ជាង៤០ឆ្នាំ​មកហើយ។



មន្ត្រី​មួយរូប​ក្នុង​ខេត្ត Hunan បាន​ពិពណ៌នា​ពី​ក្លិន​នៅ​ឃ្លាំង​មួយកន្លែង​ដែលមាន​ស្តុក​សាច់​ខូចគុណភាព​ដល់​ទៅ៨០០តោន​ថា៖ «វា​ធុំក្លិន​អាក្រក់​ណាស់។ គ្រាន់តែ​បើកទ្វារ​ភ្លាម ខ្ញុំ​ស្ទើរតែ​ក្អួតចង្អោរ​ទៅហើយ »។

នៅក្នុង​យុទ្ធនាការ​នេះ ឃ្លាំង​ស្តុក​សាច់​ខូចគុណភាព​មិនតិចជាង១៤កន្លែង​នៅ​ទូទាំងប្រទេស​ត្រូវបាន​បោសសម្អាត។ បើតាម​បណ្តាញ​ព័ត៌មាន​រដ្ឋ​ឈ្មួញ​ទុច្ចរិត​បាន​ទិញ​សាច់​ក្នុង​តម្លៃថោក​ពី​បរទេស ហើយ​នាំ​ចូលមក​ចិន​ដោយ​ឆ្លងកាត់​តាម​ហុងកុង និង​វៀតណាម។

មន្ត្រី​នៃ​តំបន់​Guangxiដែលមាន​ព្រំប្រទល់​ជាប់​នឹង​វៀតណាម​បានបញ្ជាក់​ប្រាប់​សារព័ត៌មាន China Daily ថា សាច់​មួយចំនួន​ហួសកំណត់​យ៉ាងតិច៤០ឆ្នាំ។ មានន័យថា សាច់​ខ្លះ​ត្រូវបាន​កាត់​ជាដុំៗ និង​វេច​ខ្ជ​ប់​តាំងពី​សម័យ​លោក​Mao Tse-tungអ្នកបង្កើត​របប​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅមាន​ជីវិត​រស់នៅ​ម្ល៉េះ។

ប្រធាន​ផ្នែក​គយ​នៅ​ខេត្ត Hunan បាន​មានប្រសាសន៍ថា ដើម្បី​កាត់បន្ថយ​ការចំណាយ ឈ្មួញ​ដឹកជញ្ជូន​សាច់​រាប់ម៉ឺន​តោន​នោះ​ក្នុង​ចម្ងាយ​ឆ្ងាយ ដោយ​ដាក់​រំលែក​តាម​រថយន្ត​ធម្មតា មិនមែន​តាម​រថយន្ត​កា​ម្ញ៉ុ​ង​ដែល​បំពាក់​ដោយ​ទូរ​ទឹកកក​ទេ។ បន្ទាប់មក ទើប​គេ​យក​សាច់​ទៅ​ក្លាសេ។ សាច់​នោះ​ត្រូវបាន​គេ​ដកចេញ​ពី​ទូរ​ទឹកកក​ជាច្រើនលើក​ច្រើនសារ​មុននឹង​ទៅដល់​អ្នក​បរិភោគ។

នៅក្នុង​ប្រទេស​ចិន ស្តង់ដារ​គុណភាព​សុខភាព​ហាក់​នៅមានកម្រិត​នៅឡើយ ខណៈដែល​ការអនុវត្ត​ច្បាប់​នៅមាន​សភាព​ធូររលង់ ហើយ​ការ​ប្រមូលបាន​ផលិតផល​ខូចគុណភាព​ឬ​មាន​មេរោគ​តែងតែ​កើតមាន​ជា​ញឹកញាប់៕




© រក្សាសិទ្ធិដោយ thmeythmey.com