ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី៖ ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន សែន CPP នឹង​រឹងមាំ​ជា​លំដាប់
24, Jun 2015 , 8:18 pm        
រូបភាព
ដោយ: រួបរួម
លោក សម រង្ស៊ី កាលពី​ថ្ងៃទី២៣ ខែមិថុនា បាន​សរសេរ​លិខិត​អបអរសាទរ​លោក ហ៊ុន សែន ដែល​បានទទួល​តំណែង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ក្រោយ​មរណភាព​របស់​លោក ជា ស៊ីម។ ក្នុង​លិខិត ប្រធាន​គណបក្សប្រឆាំង មានជំនឿថា គណបក្ស​ប្រជាជន​កម្ពុជា​ក្រោម​ការដឹកនាំ​របស់លោក ហ៊ុន សែន នឹងមាន​ភាពរឹងមាំ​ជា​លំដាប់។ នៅក្នុង​ការឆ្លើយ​ឆ្លង​គ្នា​តាម​លិខិត មេដឹកនាំ​គណបក្សនយោបាយ​ទាំងពីរ​ក៏បាន​លើកឡើង​ពី​ផ្លែផ្កា​នៃ​វប្បធម៌​សន្ទនា​ផងដែរ។



«ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ គណបក្ស​ប្រជាជន​កម្ពុជា​នឹង​បន្ត​រីកចម្រើន​រឹងមាំ​ជា​លំដាប់»។ នេះ​បើតាម​សំណេរ​ជូនពរ​របស់លោក សម រង្ស៊ី ផ្ញើរ​ទៅកាន់​លោក ហ៊ុន សែន។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​បន្ថែមថា វប្បធម៌​សន្ទនា​រវាង​គណបក្ស​ទាំងពីរ នឹង​ចាក់ឫស​ចាក់​គល់​កាន់តែ​ជ្រៅ ហើយនឹង​ពង្រឹងពង្រីក​កាន់តែ​ទូលំទូលាយ​ថែមទៀត​ក្នុង​គោលដៅ​រួម​ដើម្បី​ជា​ប្រយោជន៍​ប្រទេសជាតិ និង​ប្រជារាស្ត្រ​ខ្មែរ​ទាំងមូល។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​ថ្ងៃទី២៤ ខែមិថុនា បាន​សរសេរ​តប​ទៅកាន់​លោក សម រង្ស៊ី វិញ​ថា វប្បធម៌​សន្ទនា​ពិតជា​បាន​នាំមក​នូវ​លទ្ធផល​ដ៏​ល្អ​សម្រាប់​ជាតិ និង​ប្រជាជន។ ប្រធាន​គណបក្សកាន់អំណាច រំពឹង​ផងដែរ​ថា៖ «ខ្ញុំ​សង្ឃឹមថា គណបក្ស​យើង​ទាំងពីរ​នៅតែ​ពង្រឹង​កិច្ច​សហការគ្នា​ដោយ​ស្មារតី​ស្មោះត្រង់​លើ​ការអនុវត្ត​វប្បធម៌​សន្ទនា​នេះ​នៅតាម​បន្តា​ថ្នាក់​បន្តទៀត​ដើម្បី​ភាពសុខដុមរមនា​សម្រាប់​ប្រជាជន​យើង​ទាំង​ពេលបច្ចុប្បន្ន និង​អនាគត»៕




© រក្សាសិទ្ធិដោយ thmeythmey.com