អំពើពុករលួយគឺជាមេរោគដ៏គ្រោះថ្នាក់បំផុត ដែលប្រទេសនៅលើពិភពលោកនេះ មិនត្រូវការ ហើយស្វែងរកវិធីដើម្បីបង្ការ កាត់បន្ថយ និងកម្ចាត់មេរោគចង្រៃមួយនេះ ចេញពីសង្គមឲ្យមានប្រសិទ្ធភាព។ នៅកម្ពុជាក៏មិនខុសពីប្រទេសដទៃលើលោកដែរ ប្រជាជន រដ្ឋាភិបាល តែងតែអះអាងថា ពួកគេស្អប់អំពើពុករលួយខ្លាំងណាស់ តែជាអកុសលប្រទេសក្រីក្រមួយនេះ នៅតែត្រូវរងការទន្ទ្រានបឺតជញ្ជក់ដោយមេរោគដ៏សាហាវមួយនេះរាល់ថ្ងៃ។ មេរោគពុករលួយនេះ កំពុងបង្កវិនាសកម្មបន្តិចម្តងៗ ដល់សង្គមខ្មែរ ដែលទាមទារឲ្យមានចំណាត់ការម៉ឺងម៉ាត់ដោះស្រាយបន្ទាន់។ ពីព្រោះថា ប្រសិនបើអំពើពុករលួយកើតមាននៅទីណាហើយ វានឹងបង្កមហន្តរាយដល់កន្លែង ឬស្ថាប័ននោះ។
សឹងតែរាល់ឆ្នាំទៅហើយ កម្ពុជាមិនដែលទទួលបានដំណឹងល្អនៃចំណាត់ថ្នាក់ពុករលួយនោះទេ ពោលគឺប្រទេសនេះ នៅតែរត់មិនរួចពីចំណាត់ថ្នាក់ផ្នែកពុករលួយច្រើនជាងគេនៅលើលោកដដែល។ នៅឆ្នាំ ២០១៤ កន្លងទៅនេះ អង្គការតម្លាភាពអន្តរជាតិ បានរកឃើញថា ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ពុករលួយលេខ ១៥៦ ក្នុងចំណោមប្រទេសចំនួន ១៧៥ ដែលអង្គការនេះបានសិក្សា។ ចំណាត់ថ្នាក់នេះ ជាចំណាត់ថ្នាក់ស្ថិតនៅក្នុងលំដាប់អាក្រក់ បើទោះបីជាវាគ្រាន់បើជាងឆ្នាំ ២០១៣ ដែលកម្ពុជាជាប់ចំណាត់ថ្នាក់លេខ ១៦០ ក៏ដោយ។
នៅកម្ពុជា គ្មានការស្រាវជ្រាវណាមួយច្បាស់លាស់នោះទេថា ក្នុងមួយឆ្នាំៗរដ្ឋាភិបាល បាត់បង់ថវិកាប៉ុន្មាន ដោយសារតែអំពើពុករលួយនេះ តែបើតាមអ្នកតាមដានស្ថានការណ៍នយោបាយមួយចំនួន និងគណបក្សប្រឆាំង កន្លងមកធ្លាប់អះអាងថា ដោយសារតែអំពើពុក រលួយនេះ ក្នុងមួយឆ្នាំៗ រដ្ឋាភិបាលត្រូវខាតបង់ថវិកាជាតិប្រមាណ ៧ រយលានដុល្លារអាមេរិក។ ទម្រង់នៃការប្រព្រឹត្តអំពើពុករលួយ មន្ត្រីខ្មែរ ប្រព្រឹត្តក្នុងរូបភាពផ្សេងៗគ្នា ស្ទើរគ្រប់ស្ថាប័នរដ្ឋទាំងអស់ និងស្ថាប័នឯកជនមួយចំនួនផង។ កន្លងមក វិស័យសុខាភិបាល វិស័យអប់រំ វិស័យតុលាការ វិស័យការងារ និងវិស័យពាណិជ្ជកម្ម ជាដើម។ល។ សុទ្ធតែធ្លាប់បែកធ្លាយ នៃព័ត៌មានដែលមន្ត្រីនៅក្នុងស្ថាប័នទាំងអស់នេះ បានប្រព្រឹត្តអំពើពុករលួយ។
អំពើពុករលួយនៅក្នុងប្រទេសដែលធ្លាប់ឈ្លក់ដោយភ្លើងសង្គ្រាមមួយនេះ គឺជាឧបសគ្គ និងជាមេរោគដ៏គ្រោះថ្នាក់ ដែលរាំងស្ទះដល់ការរីកលូតលាស់នៃប្រទេសជាតិ។ ពីព្រោះថា មេរោគនេះ វានឹងបំផ្លាញសរីរាង្គរបស់សង្គមឲ្យអន្តរាយបន្តិចម្តងៗ រហូតដល់រលំរលាយសោះសូន្យតែម្តង ប្រសិនបើគ្មានថ្នាំព្យាបាលទាន់ពេល ពោលគឺចំណាត់ការដែលចេញពីឆន្ទៈពិតប្រាកដ និងដោយស្មើមុខគ្នា ពីសំណាក់រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធទេនោះ។ ដោយមិនចាំបាច់និយាយពីស្ថាប័នរដ្ឋទាំងមូល គ្រាន់តែក្រឡេកមើលស្ថាប័នអប់រំមួយតែប៉ុណ្ណោះ យើងនឹងឃើញមហន្តរាយផ្នែកធនធានមនុស្សស្រស់ៗ នៅពេលដែលអំពើពុករលួយ ជ្រាបចូលទៅក្នុងប្រព័ន្ធនៃការអប់រំ។ ប្រឡងម្តងៗ សិស្សឲ្យលុយគ្រូ ឬអនុរក្ស ជាថ្នូរនឹងការបើកវិញ្ញាសាចម្លង ហើយពេលសិក្សា លោកគ្រូ អ្នកគ្រូខ្លះយកលុយពីសិស្សពេលបង្រៀន ខុសគោលការណ៍ ដែលធ្វើឲ្យសិស្សក្រីក្រមួយចំនួន ត្រូវបង្ខំចិត្តបោះបង់ការសិក្សាដោយសារគ្មានលុយឲ្យគ្រូ។ នៅពេលដែលសិស្សបោះបង់ការសិក្សា ហើយសិស្សភាគច្រើនបើកវិញ្ញាសាចម្លងនោះ វាជាសញ្ញាណនៃគ្រោះថ្នាក់ផ្នែកធនធានមនុស្ស ដែលមិនអាចជួយឲ្យកម្ពុជា វិវឌ្ឍន៍ខ្លួននោះឡើយ ខណៈដែលប្រទេសជិតខាងកម្ពុជា មានដូចជា ថៃ និងវៀតណាម ជាដើមកាន់រីកចម្រើនទៅមុខរាល់ថ្ងៃ។ ហើយអំពើពុករលួយនេះ កុំថាឡើយនៅក្នុងស្ថាប័នជាតិ សូម្បីតែនៅក្នុងគ្រួសារមួយដែលជារឿងឯកជនសោះ ប្រសិនបើមានអំពើពុករលួយកើតឡើង ដែលប្រព្រឹត្តដោយសមាជិកគ្រួសារណាមួយហើយ គ្រួសារនោះ នឹងមិនរីកចម្រើន ហើយប្រឈមនឹងការបែកបាក់គ្នា និងអន្តរាយនៅថ្ងៃណាមួយជាក់ជាមិនខានដែរ។
នៅចំពោះមុខបញ្ហាទាំងអស់នេះ វាមិនមែនជាពេលដែលរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ត្រូវនៅស្ងៀមបន្តឲ្យអំពើពុករលួយកើតឡើង ដោយគ្មានវិធានការទប់ស្កាត់ និងកាត់បន្ថយក្រោមហេតុផលថា កម្ពុជាទើបតែរួចពីសង្គ្រាមនោះទេ។ ជាការពិត កន្លងមករដ្ឋាភិបាលតាមរយៈអង្គភាពប្រឆាំងអំពើពុករលួយ ក៏ធ្លាប់បំបែកសំណុំរឿងពុករលួយនៅក្នុងស្ថាប័នរដ្ឋមួយចំនួនផងដែរ។ ជាមួយគ្នានេះ ក្រោមការដឹកនាំរបស់រដ្ឋមន្ត្រីក្រសួងអប់រំថ្មី លោក ហង់ ជួន ណារ៉ុន អំពើពុករលួយក្នុងពេលប្រឡងមធ្យមសិក្សាទុតិយភូមិសឹងតែកាត់បន្ថយបានទាំងស្រុង។ នេះជាសកម្មភាពដែលគួរឲ្យសាទរ។
ជាងនេះទៅទៀត ដើម្បីឲ្យប្រទេសកាន់តែចាកឆ្ងាយពីអំពើពុករលួយនោះ សកម្មភាពមួយចំនួន ដែលពលរដ្ឋជាម្ចាស់ប្រទេស ត្រូវអនុវត្តមានដូចជា៖
ចំណុចទី១៖ អ្នកដឹកនាំប្រទេស មន្ត្រីរដ្ឋាភិបាល ត្រូវមានឆន្ទៈពិតប្រាកដ និងមានទស្សនៈវិស័យវែងឆ្ងាយ ព្រមទាំងយុត្តិសាស្ត្រ ដើម្បីចាត់វិធានការឲ្យមានប្រសិទ្ធភាព បោសសម្អាតអំពើពុករលួយឲ្យប្រាសចេញឆ្ងាយពីប្រទេសកម្ពុជា។ សកម្មភាពនេះ ត្រូវការស្មារតីភ្ញាក់រលឹក ពីមន្ត្រីគ្រប់លំដាប់ថ្នាក់ចាប់ពីថ្នាក់កំពូលដល់ថ្នាក់មូលដ្ឋាន។
ចំណុចទី២៖ ការអនុវត្តច្បាប់ ត្រូវធ្វើឡើងដោយមានតម្លាភាព និងប្រសិទ្ធភាព ដោយមិនគិតពីអ្នកមានអំណាច និងអ្នកគ្មានអំណាច។
ចំណុចទី៣៖ ប្រព័ន្ធអប់រំវិញ ត្រូវបញ្ចូលខ្លឹមសារមេរៀនទាក់ទងនឹងអំពើពុករលួយឲ្យបានច្រើនតាមដែលអាចធ្វើទៅបានដល់សិស្សចាប់ពីថ្នាក់ទាបរហូតដល់ថ្នាក់ខ្ពស់។ ក្នុងន័យនេះ គឺមានន័យថា មេរៀន ត្រូវប្រាប់សិស្សអំពីមហន្តរាយនៃអំពើពុករលួយ ដែលជះឥទ្ធិពលដល់សង្គម។
ចំណុចទី៤៖ នៅក្នុងគ្រួសារ ម្តាយ ឪពុក ឬអាណាព្យាបាល ត្រូវឧស្សាហ៍អប់រំទូន្មានកូនៗរបស់ខ្លួន ឲ្យខ្ពើមរអើមអំពើពុករលួយ។
ចំណុច ទី៥៖ អ្នកដែលរងគ្រោះដោយសារ អំពើពុករលួយ ឬបានដឹង និងឮអំពីព័ត៌មាននៃអំពើពុករលួយនៅក្នុងស្ថាប័នណាមួយ ត្រូវមានភាពក្លាហាន ក្នុងការរាយការណ៍ ឬប្តឹងអំពីករណីអំពើពុករលួយ មកកាន់អាជ្ញាធរមានសមត្ថកិច្ច ឲ្យចាត់វិធានការរឿងនេះ។ សុំកុំភ្លេចថា ប្រសិនបើយើងរងគ្រោះ និងដឹងពីជនណាមួយ ឬក្រុមណាមួយប្រព្រឹត្តអំពើពុករលួយហើយ មិនប្តឹង មិនរាយការណ៍ មានន័យថា យើងកំពុងតែជួយលាក់បាំង នឹងអំពើពុករលួយនោះ។
ជារួមមក ដើម្បីឲ្យប្រទេសកម្ពុជារីកចម្រើន កាត់បន្ថយអំពើពុករលួយ រហូតលុបបំបាត់មេរោគដ៏គ្រោះថ្នាក់មួយនេះនោះ ត្រូវចាប់ផ្តើមពីប្រជាពលរដ្ឋខ្មែរទាំងអស់ តាំងពីអ្នកដឹកនាំ មន្ត្រី អ្នកនយោបាយ ព្រះសង្ឃ បរិស័ទគ្រប់សាសនា ព្រមទាំងកសិករ កម្មករ ត្រូវបណ្តុះនូវគំនិតស្អាតស្អំ ស្អប់ខ្ពើមអំពើពុករលួយ។ ចូរចងចាំថា «អ្នកសូក និងអ្នកទទួលសំណូក គឺត្រូវជាប់ទោសដូចគ្នា ដូច្នេះខ្មែរគ្រប់ជនា ត្រូវលាឆ្ងាយពីអំពើពុករលួយ» ៕