ជាតិ
បទវិភាគ
​​​ន​យោ​បាយ​ជាតិ​
ការបែកបាក់​សាមគ្គី​របស់​អ្នកនយោបាយ គឺជា​ការបែកបាក់​ជាតិ​ដ៏​ធ្ងន់ធ្ងរ!
26, Jun 2015 , 7:39 pm        
រូបភាព
ដោយ​ប្រើ​វិធី​នៃ​ការសង្កេត​នូ​ព្រឹ​ត្ត​ការណ៍​សង្គម និង​ស្ថានភាព​នយោបាយ គេ​អាច​មើលឃើញ​ទិដ្ឋភាព​ប្រទេសជាតិ​មួយ​ទាំងមូល​បាន​ថា មាន​សាមគ្គីភាព ឬក៏​បែកបាក់ តាមរយៈ​នៃ​ការ​សម្លឹង​ទៅលើ​ទំនាក់ទំនង រវាង​អ្នកនយោបាយ និង​អ្នកនយោបាយ។ ប្រសិនបើ​អ្នកនយោបាយ​បែងចែក​ពណ៌​សម្បុរ​នយោបាយ ដោយ​ធ្វើ​នយោបាយ​ព្រោះតែ​គំនុំគុំកួន ប្រឹង​យកឈ្នះ​ចាញ់​ស្លា​ប់រស់​ជាមួយគ្នា​នឹង​គ្នា គេ​ច្បាស់​ជា​អាច​សន្និដ្ឋានបាន​ភ្លាម​ថា ស្រុក​នោះ​ក៏​មិនមាន​ស្ថេរភាព​នយោបាយ និង​មិន​ចុះសម្រុង​គ្នា​រវាង​ពលរដ្ឋ និង​ពលរដ្ឋ ហើយនឹង​បណ្តាល​ឲ្យ​ជាតិ​បែកបាក់​ជាក់​ជាមិនខាន។



ការបែកបាក់​គ្នា រវាង​អ្នកនយោបាយ និង​អ្នកនយោបាយ គឺជា​ហេតុ​នាំ​ឲ្យ​ពលរដ្ឋ និង​ពលរដ្ឋ​បែកបាក់​គ្នា ដែល​បណ្តាល​ឲ្យ​ជាតិ​ទាំងមូល​បែកបាក់​ផងដែរ។ ដោយ​ដើរ​តាម​គន្លង​អ្នកនយោបាយរៀងៗខ្លួន ប្រជាពលរដ្ឋ​កម្ពុជា​បាន​បែងចែក​ពណ៌​សម្បុរ​នយោបាយ​រវាង​គ្នា​នឹង​គ្នា​ទៅហើយ។ អ្នកណា​មិន​គាំទ្រ ឬ​ប្រឆាំងនឹង​គោលនយោបាយ ឥរិយាបថ​នយោបាយ មនោ​គម​វិទ្យា​នយោបាយ និង​មេដឹកនាំ​នយោបាយ​បក្ស​ខ្លួន គឺជា​សត្រូវ។ ការប្រកាន់​ភ្ជាប់​នូវ​ឥរិយាបថ​ដ៏​ពិបាក​កែប្រែ​បែបនេះ បាន​ក្លាយជា​វប្បធម៌​នៃ​ការគិត​ក្នុងសង្គម​ខ្មែរ​បាត់ទៅហើយ។

ពលរដ្ឋ​ដែលមាន​ជំនឿ​លើ​បក្សនីមួយៗ បាន​ប្រកាន់​យ៉ាង​មាំ​ថា គ្មាន​បក្ស​ណា​ល្អ​ជាង​បក្ស​ខ្លួន​ទេ។ បក្ស​ដទៃ គឺជា​បក្ស​បោកប្រាស់ ពុករលួយ បក្សពួកនិយម គិត​ប្រយោជន៍​បុគ្គល ប្រយោជន៍​គ្រួសារ ប្រយោជន៍​បក្ស ជាង​ប្រយោជន៍​ជាតិ។ បើ​ពលរដ្ឋ​ក្នុង​បក្សនីមួយៗ គិត​ដូច្នេះរៀងៗខ្លួន ប្រកាន់​ភ្ជាប់​យ៉ាងនេះដូចៗគ្នា រឿង​អី​ថា ខ្មែរ​មិន​បែកបាក់​គ្នា មិន​បែងចែក​បក្សពួក​គ្នា មិន​ស្អប់​គ្នា។ ទីបំផុត លទ្ធផល គឺ​ជាតិ​បែកបាក់ ក្លាយជា​ជាតិ​សាសន៍​ដែល​ពលរដ្ឋ​លែង​ជឿទុកចិត្ត​គ្នា។ ពេលនោះ​ភាពកក់ក្តៅ​របស់​ប្រជាពលរដ្ឋ​ដោយ​ក្តី​សង្ឃឹមលើ​បក្ស​ខ្លួន​នោះ នឹង​ក្លាយជា​ភាពកក់ក្តៅ​ដូច​ការ​អាំង​ផេះ​ប៉ុណ្ណោះ។
ជា​ទឡ្ហីករណ៍​ដ៏​ច្បាស់លាស់​ចំពោះ​រឿងនេះ យើង​ក្រឡេកមើល​ភស្តុតាង​នៃ​ការបែកបាក់​ជាតិ ដែល​កើតឡើង​ពី​ជម្លោះ​រវាង​អ្នកនយោបាយ និង​អ្នកនយោបាយ​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​យើង​ក្នុង​របប​មួយចំនួន។

នៅ​ឆ្នាំ១៩៧០ ក្រោយពី​ការបែកបាក់​គ្នា​រវាង សម្តេច​នរោត្តម សីហនុ និង​លោក​សេនាប្រមុខ លន់ នល់ ខ្មែរ​ទូទាំងប្រទេស ត្រូវបាន​បំបែក​ខ្លួនឯង​ជា​ពីរ​ផ្សេងគ្នា គឺ ១ជា​ខ្មែរ​រាជានិយម ២ជា​ខ្មែរ​សាធារណរដ្ឋ។

ខ្មែរ​ដែល​ស្មោះ​ស្ម​គ្រ​នឹង​រាជានិយម ក៏​នាំគ្នា​រត់​ចូល​ព្រៃម៉ាគី (ព្រៃ​តស៊ូ) តាម​ការ​ស្រែកហៅ​របស់​សម្តេច​នរោត្តម សីហនុ ដើម្បី​ទាមទារ​អំណាច​ពី លន់ នល់ មកវិញ។ ចំណែកឯ​ខ្មែរ​ដែល​ពេញចិត្ត​នឹង​របប​សាធារណរដ្ឋ ក៏​នៅ​រួមសុខ​រួមទុក្ខ​ជាមួយ លន់ នល់ ហើយ​ប្រឆាំង​តប​នឹង​ខ្មែរ​រាជានិយម។ ការបែកបាក់​ជាតិ​នេះ បាន​បន្លាយ​អស់​រយៈពេល៥ឆ្នាំ។ ដោយសារតែ​របប​សាធារណរដ្ឋ កើតចេញពី​ការធ្វើ​រដ្ឋប្រហារ​សម្តេច នរោត្តម សីហនុ នេះហើយ ដែលជា​ដើមហេតុ​ជំរុញ​ឲ្យ​មានឱកាស​នៃ​ការកើត​របប​ខ្មែរក្រហម។ ក្នុង​របប៣ឆ្នាំ ៨ខែ ២០ថ្ងៃនេះ គឺ​ធ្ងន់ធ្ងរ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​យើង ដែល​ខ្មែរ​ស្រែកយំ​គ្មាន​ពេល​ឈប់ ពី​ការកាប់សម្លាប់។ ក្រោយ​ឆ្នាំ១៩៧៩ បន្ទាប់ពី​ការដួលរលំ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ខ្មែរ​នៅតែ​បែកបាក់​គ្នា និង​ទទួល​ភាព​រ៉ាំរ៉ៃ​នៅ​ឡើង​ទេ ដោយសារតែ​ការមិនចុះសម្រុង​គ្នា​រវាង​អ្នកនយោបាយ​ច្រើន​បក្ស គួបផ្សំ​នឹង​ការ​លូត​ដៃ​ចូល​ផ្ទៃក្នុង​ដ៏​ខ្លាំងក្លា​ពី​វៀតណាម​ផង។ ទម្រាំ​តែ​ឈានដល់​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ថ្ងៃ២៣ ខែតុលា ឆ្នាំ១៩៩១ ដែលជា​កិច្ចព្រមព្រៀង ឲ្យ​វៀតណាម​ចាកចេញ​ពី​កម្ពុជា និង​ជា​យន្តការ​នៃ​ការបង្រួបបង្រួម​គ្នា​រវាង​អ្នកនយោបាយ តាមរយៈ​នៃ​ការបោះឆ្នោត​ថ្នាក់ជាតិ​តាមបែប​ប្រជាធិបតេយ្យ ដើម្បី​បង្កើត​រដ្ឋាភិបាល ស្ថាប័នរដ្ឋ និង​ប្រកាស​ឲ្យ​ប្រើប្រាស់​នូវ​រដ្ឋធម្មនុញ្ញ​ជា​ផ្លូវការ​ដោយ​ព្រះរាជក្រម ចុះ​ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ខ្មែរ​បាន​បន្លាយពេល​អ​ស់​រយៈ​ជាង​មួយ​ទសវត្ស។

ដើម្បី​ជា​អំណះអំណាង​កាន់តែ​ជាក់លាក់​លើសពីនេះទៅទៀត យើង​ងាកក្រោយ​បន្តិច​ទៅ​មើល ការវិវត្ដ​នយោបាយ​នៅ​កម្ពុជា​ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ។ មុនពេល​ចូលគ្នា បក្ស​សិទ្ធិមនុស្ស និង​បក្ស​សម រង្ស៊ី វាយប្រហារ​គ្នា​សម្បើម​ណាស់។ ចំណែកឯ​ពលរដ្ឋ​វិញ ក៏​ឌឺដង​ដាក់គ្នា​មិន​ចាញ់​អ្នកនយោបាយ​ទាំងពីរ​បក្ស​នេះ​ប៉ុន្មាន​ទេ។ តែ២០១២ ក្រោយពេល​បក្ស​ទាំងនេះ​ចូលគ្នា​ជា​បក្ស​មួយ អ្វីៗត្រូវបាន​ប្រែប្រួល ដូច​ក្រឡាប់​ផែនដី។ ម្ខាង​ដែល​ត្រូវបាន​គេ​រិះគន់ថា​កំសាក រត់ចោលស្រុក ត្រូវបាន​ក្លាយជា​អ្នកក្លាហាន ហ៊ាន​ស្លា​ប់រស់ ដើម្បី​ការពារ​ទឹកដី សង្គ្រោះ​ប្រជាពលរដ្ឋ ហើយ​ម្ខាង​ទៀត ដែល​ត្រូវបាន​គេ​ចោទថា​ជា​អាយ៉ង ស្រាប់តែ​ក្លាយទៅជា​អ្នកស្នេហាជាតិ ប្រឆាំងនឹង​ពួក​ផ្តាច់ការ​ទៅវិញ។ សភាវៈ​ពីមុន​ជា​អ្នក​ប្រជែង​គ្នា​យក​ប្រជាប្រិយភាព ហើ​ក្រោយ​មកជា​បងប្អូន​ស្លា​ប់រស់ របស់​អ្នកនយោបាយ​ពីរ​បក្ស​នេះ ក៏​ធ្វើ​ឲ្យ​ពលរដ្ឋ​ម្តង​ជា​អ្នក​វាយប្រហារ​គ្នា ម្តង​ជា​បងប្អូន​នឹង​គ្នា​ទៅតាម​នឹង​ដែរ។

ឥឡូវ រួមគ្នា​មក​មើល​រូបភាព​នយោបាយ​ប្រែ​ពណ៌​ផ្ទាល់​ភ្នែក​តែម្តង នាពេល​បច្ចុប្បន្ន។ ថ្មីៗនេះ​យើង​ឃើញថា អ្នកនយោបាយ​ខ្មែរ ទាំងពីរ​បក្ស ពោលគឺ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ មាន​ឥរិយាបថ​ប្រែប្រួលចុះឡើងៗ ស្ទើរ​តាម​មិនទាន់។ ម្តង​វាយប្រហារ​គ្នា  ម្តង​សម្រុះសម្រួល​គ្នា ម្តង​បែកបាក់​គ្នា ម្តង​បង្រួបបង្រួម​គ្នា ម្តង​រិះគន់​គ្នា ម្តង​សរសើរ​គ្នា។ ការប្រែក្រឡាស់​សកម្មភាព​របស់​អ្នកនយោបាយ ក៏​ជះឥទ្ធិពល​ដល់​ពលរដ្ឋ ដែលមាន​និន្នាការរៀងៗខ្លួន ឲ្យ​ត្រឡប់​ចុះ​ត្រឡប់​ឡើង​ដែរ។ ពេល​អ្នកនយោបាយ​ឈ្លោះ​គ្នា ពលរដ្ឋ​ក៏​មើលមុខ​គ្នា​មិន​ចំ ពេល​អ្នកនយោបាយ​ចាប់ដៃគ្នា ពលរដ្ឋ​ក៏​ទោរទន់​ទៅរក​គ្នា​បន្តិច​ទៅ។

តាម​ការលើកឡើង​នូវ ប្រវត្តិសាស្ត្រ និង​ព្រឹត្តិការណ៍​នយោបាយ​ជាក់ស្តែង​ទាំងនេះ យើង​អាច​ទាញ​សម្មតិកម្ម​មក​ធ្វើ​សេចក្តី​សន្និដ្ឋានបាន​យ៉ាងច្បាស់​ថា អ្នកនយោបាយ​ឈ្លោះ​គ្នា​ធ្ងន់ធ្ងរ​យ៉ាងណា ពលរដ្ឋ​ប្រាកដជា​មិនត្រូវ​រូ​វ​គ្នា​ធ្ងន់ធ្ងរ​យ៉ាងនោះ។ ពលរដ្ឋ​មិនត្រូវ​រូ​វ​គ្នា​ខ្លាំង​ប៉ុណ្ណា ជាតិ​នឹង​បែកបាក់​ខ្លាំង​ប៉ុណ្ណោះ​ដែរ។

បទពិសោធន៍​អវិជ្ជមាន​ប៉ុណ្ណឹង វា​ល្មម​សម្រាប់​អ្នកនយោបាយ ដែល​គួរតែ​យក​លទ្ធផល​នៃ​វិនាសកម្ម​ពី​ការបែកបាក់​គ្នា​នេះ មក​ធ្វើជា​មេរៀន​ដើម្បី​ប្រែក្លាយ​ជាតិ​ឲ្យ​មាន​សាម​គ្តី​ភាព។ ហើយ​វា​ក៏​គ្រប់គ្រាន់​សម្រាប់​ពលរដ្ឋ ឲ្យ​យល់ច្បាស់​ថា ការទទួល​ឥទ្ធិពល និង​ការដើរតាម​វិថី​អ្នកនយោបាយ​ស្លាប់រស់រៀងៗខ្លួន រហូតដល់​ស្អប់ខ្ពើម​ពលរដ្ឋ​ជាតិ​សាសន៍​ខ្លួនឯង វា​ជា​លទ្ធផល​នៃ​ការបែកបាក់​ជាតិ​ដ៏​ធ្ងន់ធ្ងរ។
វា​ជា​រឿង​ពិបាក​ដែល​យើង​ស្រែក​ឲ្យ​ពលរដ្ឋ​សាមគ្គី​គ្នា ពេលដែល​អ្នកនយោបាយ​កំពុងតែ​បែកបាក់​គ្នា!


© រក្សាសិទ្ធិដោយ thmeythmey.com