ជាតិ
​​​ន​យោ​បាយ​ជាតិ​
CNRP ​គ្រោង​ប្តឹង​​សហគម​ន៍​អន្តរជាតិ និងស្នើ​ឲ្យរដ្ឋាភិបាល​ការ​ពារ​ពលរដ្ឋខ្មែរ​ក្រោយផ្ទុះ​ហិង្សា​លើ​តំណា​ង​រាស្រ្ត​​ខ្លួន​
29, Jun 2015 , 12:17 pm        
រូបភាព
ដោយ:
ប្រធានគណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី បានថ្កោលទោសខ្លាំង​ៗ​ចំពោះអំពើ​ហិង្សា​ដែលកើត​ឡើង​លើ​ប្រជាពលរដ្ឋ​និងអ្នក​តំណាងរាស្រ្តរបស់ខ្លួន​នៅព្រំ​ដែន​ខេត្ត​ស្វាយ​រៀង​កាល​ពីថ្ងៃអាទិត្យ​ម្សិល​មិញ​។​ លោក សម រង្ស៊ី បានស្នើឲ្យរដ្ឋាភិបាល​កម្ពុជា ចាត់វិធាន​ការ​បន្ទាន់​លើ​អាជ្ញា​ធរ​វៀតណាម ដើម្បីការពារ​ជនជាតិខ្មែរ​ដែលលោកថា ពួកគេគ្រាន់តែ​ទៅការពារ​ និងពិនិត្យមើល​ទឹកដីរបស់ខ្លួនប៉ុណ្ណោះ ​។



ក្រោយ​កិច្ចប្រជុំ​រដ្ឋ​សភា​នៅ​មុន​នេះ​បន្តិច លោក សម រង្ស៊ី បាន​បញ្ជាក់​ប្រាប់​អ្នក​កាសែត​ដូច្នេះ​ថា ៖« បរទេសដេញវ៉ៃយើង​ យើងជាខ្មែរ​ត្រូវ​រួមគ្នាការពារជា​​ជន​ជាតិ​ខ្មែរគ្នា​ឯង។ ​រដ្ឋាភិបាល​អាច​ចាត់​វិធានការ​ដើ​ម្បី​ការ​ពារ​ជនជាតិខ្មែរ។ ខ្ញុំចង់​ឲ្យមាន​បញ្ជា​ពីរដ្ឋាភិបាលទៅ​អាជ្ញាធរនៅតាមមូលដ្ឋាន ​ឲ្យ​ជួយការពារជន​ជាតិ​ខ្មែរ​កុំឲ្យ​បរទេស​ដេញ​វ៉ៃ​យើង​» ។

ជាង​នេះ​ទៅ​ទៀត​លោក សម រង្ស៊ី ក៏ប្រកាស​ដែរថា គណបក្សរបស់លោក នឹងយកបញ្ហាហិង្សា​លើ​ពលរដ្ឋខ្មែរ និងអ្នក​តំណាងរាស្រ្ត​ ដែលលោក​អះអាងថា​ បង្កដោយអា​ជ្ញាធរ​វៀតណាម​នេះ ប្តឹង​ទៅ​សហគមន៍អន្តរជាតិ​ផង​ដែរ​។

សូម​ស្តាប់​សំឡេង​លោក ​សម រង្ស៊ី 



សូមបញ្ជាក់ថា បើ​តាម​របាយការណ៍រ​បស់​អាជ្ញាធរ​ខេត្តស្វាយរៀង យ៉ាងហោចណាស់​ភាគី​កម្ពុជា១០នាក់​រងរបួស រីឯ​ភាគី​វៀតណាម​រងរបួស៨នាក់ ក្នុងការ​ប៉ះទង្គិច​ដោយ​ហិង្សានៅតាម​ព្រំ​ដែន​កម្ពុជា-វៀតណាម​ ស្របពេល​យុវជន​ប្រមាណ ១០០ នាក់ ដែល​ដឹកនាំ​ដោយ​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មាន លោក រៀល ខេ​ម​រិ​ន្ទ្រ និង​លោក អ៊ុំ សំអាន ជាដើម ចុះ​ពិនិត្យ​ព្រំដែន​ខេត្តស្វាយរៀង ត្រង់ចំណុច​ភូមិ​គោកធ្លក ឃុំ​ត្នោត ស្រុក​កំពង់រោ ខេត្តស្វាយរៀង កាល​ពីថ្ងៃអាទិត្យ​ម្សិល​មិញ​។ ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តំបន់​នោះ​ចោទថា វៀតណាម​បាន​រំលោភ​ទឹកដី​ខ្មែរ និង​កំពុង​ធ្វើ​ផ្លូវ​ក្នុង​តំបន់​ដែល​មិនទាន់​ឯកភាពគ្នា៕ 



© រក្សាសិទ្ធិដោយ thmeythmey.com