ពិភពតារា៖ ប៊ីរីយ៉ា ការងារសិល្បៈស្ទុះឡើងខណៈការរិះគន់កំពុងវាយប្រហារ
×
ភ្នំពេញ៖ តារាសម្តែងល្បីឈ្មោះនាង ប៊ីរីយ៉ា មួយរយៈចុងក្រោយនេះ នាងក្តោបក្តាប់ការងារសិល្បៈបានយ៉ាងច្រើនគួរឲ្យកត់សម្គាល់។ទន្ទឹមនឹងការឡើងកូដយ៉ាងខ្លាំងនេះ ក៏ស្រាប់តែលេចធ្លាយដំណឹងអាក្រក់ផងដែរថា ប៊ីរីយ៉ា ធ្វើខ្លួនជាមនុស្សឆ្មើងឆ្មៃ វាយឫកពាខ្ពស់កប់ពពកខុសប្លែកពីមុន ។
ប្រភពពីអ្នកសិល្បៈមួយ បានបង្ហើបឲ្យដឹងថា កាលដែល ប៊ីរីយ៉ា មិនទាន់ល្បី ពុំសូវមានការងារធ្វើ ប៊ីរីយ៉ា មិនមានចរិតបែបនេះទេ ពោលគឺ នាងជាមនុស្សស្រីម្នាក់រួសរាយរាក់ទាក់គួរឱ្យចង់រាប់អានណាស់ ចុះវាចម្លែកអ្វីពេលនេះ នាងកំពុងតែ មានឈ្មោះល្បីលេចធ្លោនៅក្នុងពិភពតារាសម្តែង គួរតែនាងចេះរក្សាទុកប្រជាប្រិយភាពឱ្យវារឹតតែរលូនល្អទៅមុខ តែបែរជាធ្វើខ្លួនទាញឱ្យថយក្រោយ ធ្វើឱ្យគេឯងដែលធ្លាប់តែស្រឡាញ់ពេញចិត្ត ក្លាយទៅជាអាក់អន់ ស្រពន់ចិត្ត លែងចង់រាប់រកនាងទៅវិញ ។
ទោះជាបែបណា ពេលនេះ “ថ្មី”ពុំទាន់អាចសុំការបំភ្លឺពីកញ្ញាតាំង គឹមចាំង ហៅប៊ីរីយ៉ា បាននៅឡើយទេ ពីព្រោះនាងជាប់ថតកុនរឿងភាគដ៏ធំមួយ តែមានមតិខ្លះបានលើកឡើងឱ្យដឹងថា ចំពោះព័ត៌មានដែលកំពុងតែលេចឮថាស្រីស្អាតប៊ីរីយ៉ា ពេលល្បីឈ្មោះខ្ពស់ខាងវាយឫកក្រអើតក្រទមនោះ អាចជាដើមចមមកពីការច្រណែនឈ្នានីសគ្នាក៏អាចថាបាន ពីព្រោះថា នៅក្នុងពិភពសិល្បៈ មិនថាឈរនៅក្នុងអាជីពអ្វីនោះទេ គឺជាប្រភពកាច់កុងគ្នាខ្លាំងណាស់យ៉ាងណា ដូចជាកញ្ញា ប៊ីរីយ៉ា មួយរយៈចុងក្រោយនេះ នាងកំពុងតែល្បីឈ្មោះខ្លាំង តាមរយៈការថតសម្តែងភាពយន្តខ្នាតធំៗ ប្រភេទរឿងភាគជាច្រើនរឿង ឯតារាខ្លះរកការងារពុំបានហើយក៏ស្រាប់តែលេចឮព័ត៌មានរិះគន់រូបនាងយ៉ាងដូច្នេះ ។
គួររំព្ញកដែរថា នៅក្នុងពិភពសិល្បៈថ្មីៗនេះ មិនមែនត្រឹមតែកញ្ញាប៊ីរីយ៉ា ម្នាក់នោះទេ ដែលល្បីរឿងបែបនេះ នៅមានលោកនីកូ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ និងកញ្ញាភិន សុដាលីស ជាតារាសម្តែងក៏រងការរិះគន់ថា ពេលបានល្បីឈ្មោះ វាយឫកក្រអើតក្រទម ដាក់គេឯងអ៊ីចឹងដែរ ៕
© រក្សាសិទ្ធិដោយ thmeythmey.com