ជាតិ
សង្គមជាតិ
យុវជនបារម្ភច្បាប់​សមាគម និង​NGO រារាំង​ការបង្កើត​ក្លឹប សមាគមយុវជន​
30, Jun 2015 , 11:41 am        
រូបភាព
ដោយ:
ភ្នំពេញ៖ ក្រុមយុវជន​នៃ​សភា​យុវជន​ត្រាប់​បានទាមទារ​ឲ្យ​រដ្ឋសភា​ពន្យា​ពេល​អនុម័ត​សេចក្តី ព្រាង​ច្បាប់ ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​បានដាក់​ឆ្លង​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី៥ ខែមិថុនា​កន្លងទៅ។ យុវជន​បាន​លើកឡើងថា មាត្រា​មួយចំនួន ដែល​បានចែងក្នុង​ច្បាប់​នេះ ដែលនឹង​ក្លាយជា​ឧបសគ្គ​យ៉ាងខ្លាំង​ដល់​ការចូលរួម​របស់​យុវជន ក្នុងការ​បង្កើតក្លឹប សមាគមយុវជនថ្មី។



យុវជន នៃ​សភា​យុវជន​ត្រាប់​បាន​លើកយក​ក្តីកង្វល់​របស់​ពួកគេ ដែលបានចែងក្នុងមាត្រា​មួយចំនួន នៃ​សេចក្តីព្រាងច្បាប់​ស្តីពី ការ​គ្រប់​គ្រង់​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល ក្នុងនោះ មាន មាត្រា ៥ មាត្រា៨ មាត្រា១០ មាត្រា២៤ ដល់២៦ និង​មាត្រា៣០ ជាដើម។ ពួកគេ​បាន​លើក ឡើង​បែបនេះ នា​សន្និសីទ​សារព័ត៌មាន ដែលមាន​ព្រះសង្ឃ និង​សិស្ស និស្សិត​ជាង ៣០អង្គ​នាក់​ចូលរួម នៅ​ថ្ងៃទី៣០ ខែមិថុនា​នេះ ក្នុង​ទី​ស្នាក់​កណ្តាល​អង្គការ OXFAM។


តំណាង​សភា​យុវជន​ត្រាប់ លោក ហេង គឹមហុង បាន​និយាយថា ការតម្រូវ​ឲ្យ​ចុះបញ្ជី​ជាល​ក្ខ ខណ្ឌ​ចាំបាច់​ក្នុង​ច្បាប់ NGOនេះ គឺ​មិន​លើកទឹកចិត្ត​ឲ្យ​ក្រុមយុវជន​មានលទ្ធភាព​បង្កើត សមាគម និង​អង្គការ​សេរី។ លោក​បញ្ជាក់ថា៖«វា​នឹង​ប៉ះពាល់ ជា​ចម្បង​ដល់​ការផ្តួចផ្តើម​គំនិត ដល់​យុវជន​ក្នុងការ​បង្កើត​ការងារ និង​ការស្វែងរក​បទពិសោធ​ន៍​ដែល​យុវជន​កំពុងតែ​ប្រឹងប្រែង បង្កើត​ការងារ​ដោយ​ខ្លួនឯង។ បើ​ឱកាស​នៃ ការបង្កើត​សមាគម និង​អង្គការ​មាន​ភាព​ចង្អៀត វា​នឹងធ្វើ​ឲ្យ​យុវជន​ដែល​គ្មាន​ការងារ​ក្លាយជា​ជនក្រីក្រ ព្រមទាំង​អាច​បង្កចលាចល​ក្នុងសង្គម ទៅ​ថ្ងៃ​អនាគត»។

ជាងនេះទៀត លោក​បន្តថា ពាក្យ​អ​ព្យា​ក្រិត​ភាព ប៉ះពាល់​សេ្ថ​រ​ភាព សន្តិសុខ​ជាតិ សណ្តាប់​ធ្នាប់​​សាធារណៈ វប្បធម៌ ប្រពៃណី​ទំនៀមទម្លាប់ ដែលបានចែងក្នុងច្បាប់នេះ​ ​វា​​នឹង​ធ្វើ​ឲ្យ​​រដ្ឋាភិបាល​​យក​ជា​មូលហេតុ​សម្រាប់​បកស្រាយ ​តាម​ការយល់ឃើញ​រប​ស់​គេ ក្នុងការ​​ចាត់វិធានកា​រ​បិទ ឬ​ពិន័យ សមាគម និ​ង​អង្គការ​មិនមែន​រដ្ឋាភិបាល​នានា ​ដោយ​លោក​បាន​​លើក​ជា​ឧទាហរណ៍​ថា ដូចជា សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​ធ្វើការ​ការពារ​​សិទ្ធិ សមាគម ឬ​ក្រុមយុវជន​ដែល ធ្វើការ​ការពារ​តំបន់​អា​រ៉ែ​ង ព្រៃ​ឡង់ ដីធ្លី ជាដើម។​

ជាមួយគ្នានេះដែរ លោក ពុធ កុល​កា សមាជិក នៃ​សភា​យុវជន​ត្រាប់ បាន​និយាយថា ប្រសិនបើ​សេចក្តីព្រាងច្បាប់​នេះ ត្រូវបាន​អនុម័ត​វា​នឹង​ក្លាយជា​ឧបសគ្គ ចំពោះ​ការចូលរួម របស់​យុវជន ដែល​បង្កើតជា​ក្លឹប សមាគម និង​ក្រុមផ្សេងៗ ដើម្បី​ចូលរួមចំណែក​ពង្រឹងវិមជ្ឈការ និង​វិសហមជ្ឈការ ព្រមទាំង​តម្លាភាព​នៅ​ថ្នាក់ក្រោម​ជាតិ។ លោក​មាន​កង្វល់​ថា៖« ច្បាប់​នឹង​ក្លាយជា​ឧបសគ្គ​ក្នុងការ​អនុវត្ត​គោលនយោបាយ​ជាតិ​ស្តីពី​ការអភិវឌ្ឍ​យុវជន​កម្ពុជា»។

ក្រុមយុវជន នៃ​សភា​យុវជន​ត្រាប់​បានស្នើ​ដល់​រដ្ឋាភិបាល និង​រដ្ឋសភា ពន្យា​ពេល​អនុម័ត ច្បាប់​នេះ ហើយ​រដ្ឋសភា​គួរ​បើក​ឲ្យ​មានការ​ពិគ្រោះ​យោបល់​ទូលំទូលាយ​ឡើងវិញ ជាមួយនឹង អង្គការ​សង្គម​ស៊ីវិល ដោយ​ផ្តោតលើ​សិទ្ធិសេរីភាព​ក្នុងការ​បង្កើត និង​ការធ្វើសកម្មភាព​របស់ សមាគម និង NGO ទាំងនោះ ជាពិសេស​គឺ សិទ្ធិ​របស់​យុវជន។ «យើង​គាំទ្រ​វប្បធម៌​សន្ទនា រវាង​គណបក្សនយោបាយ​ទាំងពីរ ក្នុងការ​ស្វែងរក​ដំណោះស្រាយ​រួមមួយ ធ្វើ​ឲ្យ​ល្អប្រសើរ​ឡើង​នូវ​សេចក្តីព្រាងច្បាប់​នេះ»។ នេះ​ជា​បញ្ជាក់​របស់​តំណាង​សភា​យុវជន ត្រាប់ លោក ហេង គឹមហុង។

គួររម្លឹកថា សេចក្តីព្រាងច្បាប់​ចុងក្រោយ​ស្តីពី អង្គការ​មិនមែន​រដ្ឋាភិបាល និង​សមាគម មាន៩ជំពូក និង៣៩មាត្រា និង​ត្រូវបាន​រដ្ឋាភិបាល​អនុម័ត​នៅ ថ្ងៃទី៥មិថុនា​កន្លងទៅ។ រដ្ឋាភិបាល​បានសម្រេច​កែសម្រួល​ពាក្យពេចន៍ និង​បាន​ដក​មាត្រា​ចំនួន​ពីរ​ចេញពី​សេចក្តីព្រាងច្បាប់​នេះ គឺ​មាត្រា​ដែល​ចែង​ពី​ការដាក់កំហិត​លើ​ការចំណាយ​ថវិកា​រដ្ឋបាល​របស់​អង្គការ សមាគម និង​នីតិវិធី​នៃ​ការចុះបញ្ជី​របស់​អង្គការ​អន្តរជាតិ។

គួរបញ្ជាក់​បន្តិច​ផងដែរ ក្នុងអំឡុង​ពេលដែលរ​ដ្ឋ​សភា កំពុងតែ​ពិភាក្សា​សេចក្តីព្រាងច្បាប់​ពី ការទូត​ទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ឆ្នាំ ២០១៣ ម្សិលមិញ​នោះ លោក សម រង្ស៊ី បាន​ឆ្លៀត​ដើរទៅ​ជជែក​ជាមួយ​លោក ហ៊ុន សែន ស្ងាត់ៗ អំពី​ការព្រួយបារម្ភ​របស់​អង្គការ​ក្រៅ​រដ្ឋា ភិ​បាល​ជុំវិញ​សេចក្តីព្រាងច្បាប់ សមាគម និង​អង្គការ​សង្គម​ស៊ីវិល ដែល​រដ្ឋសភា គ្រោង​នឹង​អនុម័ត​នាពេលឆាប់ៗខាងមុខ។ លោក សម រង្ស៊ី បាន​នាំ​សម្តី​លោក ហ៊ុន សែន ប្រាប់​ទៅ​អ្នកកាសែត​ក្រោយ​កិច្ចប្រជុំសភា​ថា លោក ហ៊ុន សែន ស្នើ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​នោះ កុំ​ព្រួយបារម្ភ​ចំពោះ​ច្បាប់​នោះ​ខ្លាំងពេក៕


© រក្សាសិទ្ធិដោយ thmeythmey.com