ជាតិ
សង្គមជាតិ
ព្រលែងសត្វទោចម្កុដមួយគូនៅតំបន់អង្គរដើម្បីលើកតម្លៃបេតិកភណ្ឌធម្មជាតិ សត្វទោចម្កុដ ដែលបានព្រលែងនៅព្រឹកថ្ងៃ ៣០ មិថុនា ឆ្នាំ២០១៥
× សៀមរាប៖ ប្រភេទសត្វទោចម្កុដមួយគូ ត្រូវបានអាជ្ញាធរព្រលែងនៅក្នុងតំបន់ឧទ្យានជាតិអង្គរ។ ការព្រលែងសត្វព្រៃនៅពេលនេះ ធ្វើឡើងមិនត្រឹមតែដើម្បីឲ្យទាក់ទាញភ្ញៀវទេសចរប៉ុណ្ណោះទេ ថែមទាំងជាផ្នែកមួយ លើកតម្លៃបេតិកភណ្ឌធម្មជាតិក្នុងរមណីយដ្ឋានអង្គរទៀតផង។
អាជ្ញាធរជាតិអប្សរា សហការនិងអង្គរសម្ព័ន្ធមិត្តសត្វព្រៃ(Wildlife Alliance) និងក្រុមហ៊ុនខ្សែយោងអេកូទេសចរណ៍ (Flight of the Gibbon Angkor) បានរៀបចំពិធីព្រលែងសត្វទោចម្កុដមួយគូ ក្នុងរមណីយដ្ឋានអង្គរ។ ការព្រលែងសត្វព្រៃកម្រនេះ ក្នុងគោលបំណងដើម្បីធ្វើឲ្យព្រៃឈើក្នុងតំបន់អង្គរ មានប្រភេទសត្វទាំងនោះរស់នៅឡើងវិញ ក្រោយពេលវត្តមានរបស់វា បានផុតពូជអំឡុងសង្គ្រាមនាពេលកន្លងមក។
ប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា លោក និន ចាន់សាមៀន បានឲ្យដឹងថា តាមការធ្វើជំរឿនឆ្នាំ២០០៦បានរកឃើញថា ប្រភេទសត្វទោច បានផុតពូជក្នុងតំបន់អង្គរ អំឡុងឆ្នាំ១៩៨៥ និងឆ្នាំ១៩៩០ ។ លោក ចាន់សាមៀន បន្ថែមថា ដើម្បីប្រមូលសត្វដ៏កម្រទាំងនោះឲ្យមករស់នៅក្នុងព្រៃតំបន់អង្គរវិញ គម្រោងដែលសហការនឹងដៃគូខាងលើ បាននាំយកប្រភេទសត្វទោចម្កុដពីភ្នំតាម៉ៅ ហើយពួកវាត្រូវបានផ្សាំរយៈពេល១១ខែ មុននឹងព្រលែងក្នុងព្រៃ។ លោក ចាន់សាមៀន បញ្ជាក់ថា ព្រៃក្នុងឧទ្យានអង្គរភាគច្រើនជាប្រភេទព្រៃស្រោង មានកម្ពស់ចាប់ពី១៨ម ទៅ២០ម និងមានប្រភេទរុក្ខជាតិជាង៥០ ដែលអាចផ្តល់ជាអាហារសម្រាប់សត្វទោចទាំងនោះបាន មានដូចជា ផ្លែគុយ សាវម៉ាវ មង្សុតព្រៃ។ល។
មានប្រសាសន៍ក្នុងពិធីព្រលែងសត្វទោចនៅក្លោងទ្វារខ្មោចនៃប្រាសាទបាយ័ន នៅព្រឹកថ្ងៃ៣០ មិថុនានេះ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក ប៊ុន ណារិទ្ធ ស្នើឲ្យអ្នកអភិរក្ស និងស្រាវជ្រាវ ត្រូវរិះរកប្រភេទសត្វកម្រផ្សេងទៀត មកព្រលែងក្នុងព្រៃអង្គរ។ បើតាមលោក ប៊ុន ណារិទ្ធ ការព្រលែងនេះ វាបានលើកតម្លៃទេសភាពវប្បធម៌ និងធម្មជាតិ ក្នុងតំបន់អង្គរ ឲ្យកាន់តែវិសេសវិសាលថែមទៀត។ លោក ប៊ុន ណារិទ្ធ រំពឹងថា វត្តមានប្រភេទសត្វកម្រនេះ នឹងអាចទាក់ទាញដល់ភ្ញៀវទេសចរ ឲ្យចូលមើលក្នុងតំបន់ព្រៃនៃរមណីយដ្ឋានអង្គរផងដែរ។
តំណាងអង្គរសម្ព័ន្ធមិត្តសត្វព្រៃ លោក និច ម៉ាក្ស និយាយថា អង្គការរបស់លោករីករាយ ក្នុងការសហការនាំយកប្រភេទសត្វកម្រ មកព្រលែងក្នុងតំបន់អង្គរ។ លោក ម៉ាក្ស បន្ថែមថា៖« ក្រៅពីព្រលែងវាហើយ យើងក៏គួរចាត់ទុកវាដូចជាកូនចៅរបស់យើងយ៉ាងដូច្នោះដែរ ចាំបាច់ត្រូវមានការថែទាំឲ្យបានត្រឹមត្រូវ និងពិនិត្យតាមដានរាល់សកម្មភាពរបស់វា ថាតើវាអាចផ្សាំនឹងជីវិតជាមួយពលរដ្ឋក្នុងតំបន់អង្គរដែរឫទេ»។ លោក ម៉ាក្ស បានហៅគម្រោងនេះថា «មិនធម្មតា» គឺវាអាចឲ្យប្រទេសផ្សេងទៀតយកតម្រាបតាមក៏ថាបាន ព្រោះមិនទាន់មានប្រទេសណាមួយធ្វើបាននៅឡើយ។
គួរបញ្ជាក់ថា សត្វទោចម្កុដញីឈ្មោលមួយគូ ដែលបានព្រលែងនៅព្រឹកនេះ គឺនាំយកមកពីសួនសត្វភ្នំតាម៉ៅ ហើយវាមានអាយុ៦ឆ្នាំ។ នេះជាលើកទីពីរហើយ ដែលអាជ្ញាធរអប្សរា សហការនិងដៃគូ បាននាំយកប្រភេទសត្វទោចកម្រ មកព្រលែងក្នុងតំបន់អង្គរ។ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៣ សត្វទោចមួយគូ បានព្រលែងក្នុងឧទ្យានអង្គរដូចគ្នា ហើយបច្ចុប្បន្ន វាបង្កើតកូនបានមួយក្បាល។ សត្វទោចម្កុដជាប្រភេទសត្វកម្រ ហើយបើតាមការសិក្សា វាមានមិនដល់មួយម៉ឺនក្បាលទេក្នុងប្រទេសកម្ពុជា ដែលសត្វប្រភេទនេះភាគច្រើនរស់នៅភាគខាងលិចនៃទន្លេមេគង្គ ម្តុំជួរភ្នំក្រវ៉ាញ និងភាគខាងជើងបឹងទន្លេសាប ដូចជាតំបន់ព្រះវិហារជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com