ជាតិ
បទយកការណ៍ / បទសម្ភាសន៍
និស្សិត​ជនជាតិចាម ម៉ូត គីម​រី បោះបង់​ការសិក្សា ទៅ​ការពារ​ព្រៃឈើ​នៅ​អា​រ៉ែ​ង
30, Jun 2015 , 12:31 pm        
រូបភាព
ដោយ:

ភ្នំពេញ៖ នៅ​ឆ្នាំ២០១១ ជា​ឆ្នាំ​ដែល​យុវជន​ជនជាតិចាម ម៉ូត គីម​រី បាន​ផ្តើម​ជីវិត​ជា​និស្សិត​នៃ​មហាវិទ្យាល័យ​ស្ថាបត្យកម្ម និង​ជា​និស្សិត​បរិញ្ញាបត្ររង​មួយទៀត​ផ្នែក​សេដ្ឋកិច្ច​ផែនការ។ ដោយមាន​ទម្លាប់​ចូលរួម​ធ្វើ​កិច្ចការ​សង្គម​តាំងពី​ថ្នាក់​វិទ្យាល័យ គីម​រី ក៏បាន​បន្តសកម្មភាព​នេះ​រហូតដល់​សម្រេចចិត្ត​ព្យួរ​ការសិក្សា​ថ្នាក់​មហាវិទ្យាល័យ​ស្ថាបត្យកម្ម​នៅ​ឆ្នាំ​ទី៣ ក្នុង​ឆ្នាំ២០១៤ ដើម្បី​តស៊ូ​មតិ​ការពារ​តំបន់​អា​រ៉ែ​ង និង​ជនជាតិភាគតិច​ជង។ ហេតុអ្វី​បានជា​យុវជន​ខ្មែរ​អ៊ីស្លាម​មាន​ឆន្ទៈ​មោះមុត​យ៉ាងនេះ?



«រៀន​នៅ​មហាវិទ្យាល័យ ខ្ញុំ​អាចមាន​ឱកាស​លើក​ទី២ ។ ប៉ុន្តែ​ប្រសិនបើ អា​រ៉ែ​ង​ត្រូវបាន​គេ​សាងសង់​ទំនប់​វា​រី​អគ្គិសនី​មែន ខ្ញុំ​នឹងមិន​មានឱកាស​ការពា​រ​វា​ជា​លើក​ទី​ពីរ​ទៀតឡើយ»។ យុវជន​សម្បុរ​ស​ស្តើង កំពុងតែ​បង្ហាញ​ជំហរ និង​ការសម្រេចចិត្ត​ដ៏​ច្បាស់លាស់ក្នុងបុព្វហេតុ​ការពារ​តំបន់​អា​រ៉ែ​ង​ដ៏​ចម្រូងចម្រាស។ តំបន់​អា​រ៉ែ​ង ជា​តំបន់​ប្រទាញប្រទង់​រវាង​រដ្ឋាភិបាល​ដែលមាន​គម្រោង​ផ្តល់​ឲ្យ​ក្រុមហ៊ុន​ចិន​វិនិយោគ​បង្កើត​វា​រី​អគ្គិសនី និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ទាមទារ​ឲ្យ​ថែរក្សា។

ក្នុង​វ័យ២២ឆ្នាំ ហើយ​រស់នៅក្នុង​គ្រួសារ​ធូរធា​ល្មម ដោយមាន​ឪពុកម្តាយ​ជា​អាជីវករ​នោះ ប្រសិនបើ​យុវជន ម៉ូត គីម​រី ផ្តោតអារម្មណ៍​លើ​ការសិក្សា​ដោយ​ស្ងប់ចិត្ត​នោះ ក៏​គេ​អាចធ្វើ​បាន​យ៉ាង​ងាយស្រួល​ដែរ។ ប៉ុន្តែ គីម​រី យល់ឃើញ​ខុសពី​នេះ។ សម្បត្តិ​ធនធានធម្មជាតិ​របស់​កម្ពុជា​នៅក្នុង​តំបន់​អា​រ៉ែ​ង ដែល​កំពុង​ប្រឈម​នឹង​ការបំផ្លាញ និង​ការបាត់បង់ ពិតជា​មានតម្លៃ​លើស​កា​រ​សិក្សា​ជំនាញ​ស្ថាបត្យកម្ម​របស់​គីម​រី។ ដូច្នេះ​គីម​រី មិន​ស្តាយស្រណោះ​នឹង​ការព្យួរ​ការសិក្សា រហូតដល់​សាលា​លុបឈ្មោះ​គីម​រី​ពី​បញ្ជី​ឈ្មោះ​សិស្ស​ព្យួរ​ការសិក្សា​នោះឡើយ។ «ការលះបង់​តិចតួច​របស់ខ្ញុំ ពិតជា​ស័ក្តិសម​នឹង​ការប្តូរ​ជាមួយ​របស់​មានតម្លៃ​បំផុត​នៅក្នុង​តំបន់​អា​រ៉ែ​ង។ ព្រៃឈើ វប្បធម៌​ជនជាតិដើម​ភាគតិច សត្វ​កម្រ​រាប់រយ​ប្រភេទ ក្រពើ​ភ្នំ ត្រី​នាគ ប្រសិនបើ​មាន​ទំនប់​វា​រី​អគ្គិសនី។ ជនជាតិដើម​ភាគតិច​ជង​ជាង១៥០០នាក់ កំពុង​ប្រឈមមុខ​នឹង​ការជម្លៀស​ចេញពី​ទឹកដី​ខ្លួនឯង»។ គីម​រី ពន្យល់​យ៉ាងនេះ​ដោយ​ការជឿជាក់​លើ​សេចក្តីសម្រេច​របស់ខ្លួន។

តើ​គីម​រី បានទទួល​ឥទ្ធិពល​នៃ​ការស្រឡាញ់​កិច្ចការ​សង្គម​មកពីណា? ទម្លាប់​ដែល​ត្រូវបាន​បណ្តុះ​នៅ​ថ្នាក់​វិទ្យាល័យ​ក្នុង​ក្របខណ្ឌ​នៃ​យុវជន​កាកបាទក្រហម បាន​ចាក់គ្រឹះ​យ៉ាងជ្រៅ​ទៅក្នុង​ផ្នត់គំនិត​របស់​យុវជន​គីម​រី​រួចហើយ។ នៅក្នុង​ឆ្នាំ ២០១៣ នៅពេលដែល​គីម​រី​បាន​ជួប​បុរស​ជនជាតិ​អេ​ស្ប៉ា​ញ​ឈ្មោះ​អា​ឡិច​ដែល​និយាយ​ភាសា​ខ្មែរ​យ៉ាងច្បាស់ ហើយ​បាន​តស៊ូ​មតិ​ប្រឆាំង​គម្រោង​កសាង​តំបន់​អគ្គិសនី​នៅ​អា​រ៉ែ​ង​ក្នុង​ខេត្តកោះកុង​នោះ ទឹកចិត្ត​គីម​រី​កាន់តែ​ក្លៀវក្លា​ក្នុងការ​ការពារ​ប្រយោជន៍​សហគមន៍ និង​បរិស្ថាន​ជាដើម។ បោះបង់​ការសិក្សា​ជំនាញ​ស្ថាបត្យកម្ម​មួយ​មែន ប៉ុន្តែ​គីម​រី មាន​អំនួត​វិញ​ថា ខ្លួន​ក៏បាន​រៀន​ជំនាញ​ផ្សេង​មួយ​ជំនួស​វិញ​ពី​តំបន់​អា​រ៉ែ​ង។

អាច​រៀនសូត្រ​ពី​តំបន់​អា​រ៉ែ​ង​បាន ក៏​ព្រោះតែ​យុវជន​ជនជាតិចាម​រូបនេះ ឧស្សាហ៍​ឡើង​ចុះ និង​ស្នាក់​នៅក្នុង​តំបន់​នោះ ស្ទើរតែ​ដូច​អ្នកភូមិ​នៅ​ទីនោះ​ទៅហើយ។ គីម​រី រម្លឹក​អំពី​ការរស់នៅ​ក្នុង​តំបន់​អា​រ៉ែ​ង​យ៉ាងនេះ៖«ក្នុង​មួយខែ​ខ្ញុំ​ស្នាក់នៅ​អា​រ៉ែ​ង​ចន្លោះ​ពី​ពីរ​ទៅ​បី​សប្តាហ៍។ នៅ​ទីនោះ​គ្មាន​សេវា​ទូរ​សព្ទ​សម្រាប់​ទំនាក់ទំនង ខ្វះ​ទឹក​ប្រើប្រាស់ គ្មាន​ភ្លើងអគ្គិសនី​ជាដើម។ រស់នៅ​ទីនោះ​វា​លំបាក​សម្រាប់​ខ្ញុំ ព្រោះ​ខ្ញុំ​កាន់សាសនា​ឥស្លាម តែ​ក្រោយពី អ្នកភូមិ​ជនជាតិភាគតិច​ជង​បានដឹង​និង​យល់​ពី​ខ្ញុំ ពេលខ្លះ​ពួកគាត់​បាន​យក​ម្ហូប​សម្រាប់​ជន​អ៊ីស្លាម​ឲ្យ​ខ្ញុំ​ហូប។ ពេលណា​មាន​ម្ហូប​ត្រី គឺ​យើង​ហូប​ជាមួយគ្នា។ តែ​ខ្ញុំ​មិន​ហូប​សាច់សត្វ​ព្រៃ​ដូច​ពួកគាត់​ទេ។ ហើយ​ការគោរព​ប្រតិបត្តិ​តាម​សាសនា​ឥស្លាម ខ្ញុំ​នៅតែ​អាចធ្វើ​បាន​ដដែល»។

ព្យួរ​ការសិក្សា​នៅ​មហាវិទ្យាល័យ​គឺ​រឿង​ដែល​ពិបាក​សម្រេចចិត្ត​មួយ​ហើយ ប៉ុន្តែ​ការបញ្ចុះ​បញ្ចូល​រក​ការគាំទ្រ​ពី​ឪពុកម្តាយ​ដើម្បី​គេ​អាចធ្វើ​សកម្មភាព​ការពារ​តំបន់​អា​រ៉ែ​ង វា​ក៏​ជា​ចំណោទ​មួយទៀត​សម្រាប់​គីម​រី​ដែរ។ ប៉ុន្តែ​គីម​រី​នៅតែ​ព្យាយាម​ពន្យល់​ឪពុកម្តាយ​របស់គេ រហូតដល់​ឪពុកម្តាយ​យល់ព្រម​បំពេញ​បំណង​គីម​រី។ យុវជន​កូនពៅ​នៅក្នុង​ចំណោម​បងប្អូន​បង្កើត៥នាក់​រូបនេះ បាន​ពន្យល់​ឪពុកម្តាយ​ថា៖ «ខ្ញុំ​បាន​ព្យាយាម​ពន្យល់​ទៅ​ឪពុកម្តាយ​ខ្ញុំ​ថា ខ្ញុំ​ទៅធ្វើ​ការទាក់ទង​នឹង​ទេសចរណ៍​ទៅ​តំបន់​អា​រ៉ែ​ង គឺ​ខ្ញុំ​នាំ​យុវជន និង​ភ្ញៀវ​បរទេស​ឲ្យ​ស្គាល់​ពី​តំបន់​អា​រ៉ែ​ង។ ខ្ញុំ​ខំ​ពន្យល់​រហូត​ទាល់តែ​គាត់​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅធ្វើ​ការងារ​ហ្នឹង។ ប៉ុន្តែ​មានរឿងធំៗឬ​បញ្ហា​ប្រឈម​ខ្លះ ខ្ញុំ​មិនដែល​ហ៊ាន​ប្រាប់​ពួកគាត់​ទេ»។

យុវជន​ស្រឡាញ់​បរិស្ថាន​រូបនេះ ធ្លាប់​ជួប​បញ្ហា​ប្រឈម​ជាមួយនឹង​អាជ្ញាធរ​ដែល​មិន​ពេញចិត្ត​នឹង​សកម្មភាព​របស់ខ្លួន​ទៀត។ សកម្មជន​ការពារ​ព្រៃ​អា​រ៉ែ​ង​រូបនេះ​បាន​និយាយថា៖«ខ្ញុំ​ត្រូវ​អាជ្ញាធរ​និង​ទាហាន​នៅ​ទីនោះ​សម្លុត​គំរាមកំហែង និង​បាន​យក​ទូរ​សព្ទ​ខ្ញុំ​លុប​រូបថត លុប​សំឡេង​ដែល​ខ្ញុំ​បាន​ថត​នោះ​អស់ ហើយ​បាន​រារាំង​ក្រុមយុវជន និង​ប្រជាជន​ដែល​តវ៉ា​នៅ​ទីនោះ​ទៀតផង»។

សកម្មភាព​នៅ​អា​រ៉ែ​ង​យុវជន​ស្ម័គ្រចិត្ត ម៉ូត គីម​រី បាន​ដើរតួរ​ជួយ​បង្រៀន​សហគមន៍​ផង នាំ​យុវជន អង្គការ​សង្គម​ស៊ីវិល និង​ជនជាតិ​បរទេស​ឲ្យ​ស្គាល់​ពី​តំបន់​អា​រ៉ែ​ង​ទៀតផង។ គីម​រី បង្រៀន​ប្រជាជន​សហគមន៍ ឲ្យ​ពួកគាត់​យល់​ពី​សិទ្ធិមនុស្ស លិ​ទ្ធិ​ប្រជាធិបតេយ្យ សិទ្ធិ​លំនៅឋាន និង​ភាសា​អង់គ្លេស​បន្តិចបន្តួច​ដ​ល់​ពួកគាត់។

សកម្មភាព​ដែល​សកម្មជន​ការពារ​អា​រ៉ែ​ង​រូបនេះ​ធ្វើ គ្មានអ្វី​ក្រៅពី​ជួយ​ការពារ​សិទ្ធិ​របស់​ជនជាតិ ភាគតិច​ជង​នៅ​អា​រ៉ែ​ង ដើម្បី​ឲ្យ​ពួកគាត់​ទទួលបាន​សិទ្ធិ​កាន់កាប់​ដីធ្លី ការពារ​ព្រៃឈើ​និង​សត្វព្រៃ​រាប់រយ​ប្រភេទ និង​អភិរក្ស​វប្បធម៌​របស់​ពួកគាត់។ ជាពិសេស កូន​ជនជាតិចាម ម៉ូត គីម​រី ចង់ឃើញ​តំបន់​អា​រ៉ែ​ង​ប្រែក្លាយជា​តំបន់​ទេសចរណ៍​បៃតង ដែលមាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ទៅ​កម្សាន្ត​កុះករ។

នៅពេល​អា​រ៉ែ​ង​សន្តិភាព ស្រស់ស្រាយ ដោយ​ពណ៌​បៃតង​នៃ​ប្រភព​ជីវៈចម្រុះ​របស់ខ្លួន​ហើយ​នោះ ម៉ូត គីម​រី នឹង​ចាប់ផ្តើម​ជីវិត​ជា​និស្សិត​ផ្នែក​ស្ថាបត្យកម្ម​វិញ ហើយ​គីម​រី​ក៏​មិន​បំភ្លេច​បរិស្ថាន​ឡើយ។ សំណង់​ស្ថាបត្យកម្ម​ស្តង់ដា និង​មាន​និរន្តរភាព​ជាមួយ​បរិស្ថាន​ល្អ គឺជា​សុបិន​របស់ ម៉ូត គីម​រី៕





© រក្សាសិទ្ធិដោយ thmeythmey.com