អន្តរជាតិ
យ៉ាង​ហោច៣០​នាក់ស្លាប់ដោយករណីធ្លាក់យន្តហោះយោធានៅ​ឥណ្ឌូនេស៊ី​
30, Jun 2015 , 2:11 pm        
រូបភាព
ដោយ: ថ្មីៗ
 យ៉ាង​ហោច​ណាស់​មនុស្ស​៣០​នាក់​ស្លាប់​ដោយសារ​ករណី​ធ្លាក់​យន្តហោះ​សង្កត់លើសណ្ឋាគារ និងផ្ទះសម្បែង​ប្រជាជន​នៅលើកោះ​ស៊ូ​ម៉ាត្រា​ ប្រទេស​ឥណ្ឌូ​នេស៊ី​នៅថ្ងៃអង្គារ​នេះ។ នេះ​បើយោង​តាម​សារព័ត៌មាន​South China Morning Post។


យន្តហោះ​ដឹក​ជញ្ជូន​សម្ភារៈ​យោធា​មួយគ្រឿង​បាន​ធ្លាក់​ចុះ​ទៅលើសណ្ឋា​គារ​និង​លំនៅដ្ឋាន​របស់​ប្រជាជន​នៅ​កោះ​ស៊ូ​ម៉ា​ត្រា​ ដោយ​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​៣០​នាក់​ផង។ បើតាម​សាក្សី​នៅ​កន្លែង​កើត​ហេតុ​ យន្តហោះយោធា​ហោះ​ចេញ​ពី​មូលដ្ឋាន​ទ័ពនៅ​លើ​កោះ​ ហើយ​ស្រាប​តែ​ធ្លាក់​ចុះ​លើ​ទីប្រជុំជន ​ក្រោយពីហោះឡើង​បានបន្តិចប៉ុណ្ណោះ​។ ម៉ោង​ដែល​យន្តហោះ​ធ្លាក់ ប្រហែល ១២៖០៨​នាទី​ថ្ងៃត្រង់។​ សាក្សី​ដដែល​បាន​បញ្ជាក់​ថា​ យន្តហោះ​នេះ បាន​ធ្លាក់​លើ​សំណង់​ទើបសាង​សង់​ថ្មី ប៉ុន្តែ​គេ​មិនដឹង​ថា មាន​មនុស្សចូល​ទៅរស់​នៅហើយ​ឬ​អត់​ឡើយ។

ចំណែក​អ្នកនាំពាក្យក្រសួង​ការពារជាតិ​ឥណ្ឌូនេស៊ីលោក Fuad Basya បានឲ្យដឹងថា យន្តហោះដែលធ្លាក់នោះដឹកជញ្ជូន​​សម្ភារយោធា​ពីក្រុង Medan ប៉ុន្តែ​លោកមិន​ដឹង​ថា​ មូលហេតុអ្វីដែល​បណ្តាល​​ឲ្យ​យន្តហោះ​ធ្លាក់​ឡើយ ហើយជុំវិញចំនួន​អ្នក​ស្លាប់​ក៏​មិន​ទាន់​ដឹង​ច្បាស់​ដូចគ្នា​ដែរ​។ ​យោង​តាម​ការ​សន្និដ្ឋាន​ជា​បឋមរបស់​អាជ្ញាធរ​មូលដ្ឋាន​​ ចំនួន​អ្នក​ស្លាប់​អាច​លើសពី ៣០នាក់ ។​  ​

© រក្សាសិទ្ធិដោយ thmeythmey.com