ជាតិ
បទវិភាគ
សង្គមជាតិ
កម្មវិធីសិក្សា​គ្មាន​តុល្យភាព ធ្វើ​ឲ្យ​ការផលិត​ធនធានមនុស្ស​គ្មាន​ប្រសិទ្ធភាព
30, Jun 2015 , 7:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ បញ្ហា​នៃ​ការត្រៀមខ្លួន​របស់​ប្រទេសនីមួយៗ ដើម្បី​ឆ្លើយតប​ទៅនឹង​សមាហរណកម្ម​សហគម​ន៍​សេដ្ឋកិច្ច​អាស៊ាន​ដែល​គ្រោង​នឹង​ប្រព្រឹត្តទៅ​នា​ចុងឆ្នាំ២០១៥ គឺជា​បញ្ហា​គន្លឹះ​ដែល​ប្រទេស​ជា​សមាជិក​អាស៊ាន​កំពុង​យកចិត្តទុកដាក់ ជាពិសេស ក្រុម​ប្រទេស​ដែលមាន​ការអភិវឌ្ឍ​តិចតួច ដូចជា កម្ពុជា ឡាវ ភូមា និង វៀតណាម (CLMV)។ បញ្ហា​ដែល​ត្រូវ​យកចិត្តទុកដាក់​នោះ មាន​ច្រើន ដូចជា ការកសាង​ច្បាប់​និង​បទដ្ឋាន​គតិយុត្ត, ហេដ្ឋារចនាសម្ព័ន្ធ, ការត្រៀម​បម្រុង​ដើមទុន ហិរញ្ញវត្ថុ បច្ចេកទេស បច្ចេកវិទ្យា និង​ធនធាន​ដទៃទៀត ជាពិសេស គឺ ធន​ធា​មនុស្ស។ ក្នុង​អត្ថបទ​នេះ​យើង​លើក​យកតែ​ការកសាង​ធន​ធា​មនុស្ស​មក​ពិភាក្សា​ប៉ុណ្ណោះ។



លទ្ធភាព​នៃ​ការកសាង​ធន​ធា​មនុស្ស មិន​ចោទ​ជា​បញ្ហា​ទេ​ចំពោះ​ប្រទេស​អភិវឌ្ឍ​ក្នុង​សហគមន៍​អាស៊ាន ដូចជា សិង្ហបូរី ថៃ ម៉ាឡេស៊ី ហ្វីលីពីន ឥណ្ឌូណេស៊ី។ ប៉ុន្តែ ចំពោះ​កម្ពុជា​វិញ វា​គួរតែ​ជា​កង្វល់​មួយ​ដែល​ត្រូវ​យកចិត្តទុកដាក់​បំផុត។     តើ​កម្ពុជា ត្រូវ​កសាង​ធនធានមនុស្ស​របស់ខ្លួន​របៀប​ណា ដើម្បី​ឆ្លើយតប​ទៅនឹង​សមាហរណកម្ម​សហគម​ន៍​សេដ្ឋកិច្ច​អាស៊ាន​ដែល​នឹង​មកដល់​នា​ចុងឆ្នាំ២០១៥ខាងមុខនេះ?
កន្លងមក រាជរដ្ឋាភិបាល ក្រសួង​អប់រំ យុវជន និង​កីឡា និង ក្រសួង​ពាក់ព័ន្ធ​ដទៃទៀត ក៏បាន​បង្ហាញ​ពី​ការព្រួយបារម្ភ និង​ការយកចិត្ត​ទុក​ដែរ។ ប៉ុន្តែ ក្នុង​ចំណាត់ការ និង​ការអនុវត្ត​ជាក់ស្ដែង កម្ពុជា​ហាក់ដូចជា​មិនទាន់បាន​បង្ហាញឱ្យឃើញ​ថា មានលទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​ត្រៀមខ្លួន​នៅឡើយ​ទេ។

លើសពីនេះ​ទៀត ដោយសារ​កង្វះ​ទស្សនវិស័យ​ប្រកបដោយ​គតិបណ្ឌិត ផែនការ​យុទ្ធសាស្ត្រ​ច្បាស់លាស់ ធនធានមនុស្ស​ប្រកបដោយ​គុណភាព ថវិកា សម្ភារៈ បច្ចេកទេស បច្ចេកវិទ្យា និង​ជាពិសេស កង្វះ​មនសិការ ភាពជា​អ្នកដឹកនាំ​និង​គ្រប់គ្រង​ល្អ រួមទាំង​មាន​របាំង​នៃ​អំពើពុករលួយ និង ការមិនចុះសម្រុង​គ្នា​រវាង​អ្នកនយោបាយ​ផង​នោះ បានធ្វើឱ្យ​កម្ពុជា ជួប​ឧបសគ្គ​ជាច្រើន​ក្នុង​ការកសាង​ធនធានមនុស្ស​របស់ខ្លួន។ តាម​ការប្រមើលមើល យើង​អាច​និយាយបានថា ចុងឆ្នាំ២០១៥នេះ កម្ពុជា​នឹងមិន​អាចធ្វើ​អ្វី​បានជា​ដុំកំភួន​ទេ​ក្នុង​អភិវឌ្ឍ​ធនធានមនុស្ស​ដើម្បី​ឆ្លើយតប​ទៅនឹង​ការប្រកួតប្រជែង​ជាមួយ​ប្រទេស​ជា​សមាជិក​អាស៊ាន​ដទៃទៀត។     

ហេតុផល​ចំពោះ​អំណះអំណាង​នេះ​គឺថា ធនធានមនុស្ស​ក្នុងការ​ដឹកនាំ​និង​ការ​គ្រប់​គ្រង់​វិស័យ​អប់រំ ថវិកា សម្ភារៈ បច្ចេកវិទ្យា របស់​ក្រសួង​អប់រំ យុវជន និង កីឡា នៅមានកម្រិត។ ប្រាក់ខែ​គ្រូ​ប​ង្រៀ​មិនទាន់​ឆ្លើយតប​នឹង​តម្រូវការ​ជាក់ស្ដែង, សមត្ថភាព​របស់​គ្រូបង្រៀន​នៅមានកម្រិត ឯ​សីលធម៌​វិជ្ជាជីវៈ និង​មនសិការ​គ្រូបង្រៀន​ក៏​មិនទាន់​ល្អប្រសើរ​ដែរ។ លើសពីនេះ​ទៀត គោលនយោបាយ​អប់រំ ទស្សនវិជ្ជា​អប់រំ វិទ្យាសាស្ត្រ​អប់រំ គោលដៅ​អប់រំ ការ​គ្រប់​គ្រង់​អប់រំ កម្មវិធីសិក្សា សៀវភៅ​គោល សម្ភារៈ​ឧបទ្ទេស និង​ហេដ្ឋារចនាសម្ព័ន្ធ​ដទៃទៀត ក៏​មិនទាន់​ល្អ​សមស្រប​ដែរ។

ប្រសិនបើ​យើង​ពិនិត្យ​ឱ្យ​ស៊ីជម្រៅ​បន្តិច យើង​នឹង​មើលឃើញថា មាន​បញ្ហា​មួយចំនួន​ដែល​កំពុងតែ​ប្រទាញប្រទង់​គ្នា​ក្នុង​ការកសាង​កម្មវិធី​សិក្សា និង​ការកំណត់​មុខវិជ្ជា​ឱ្យ​សិស្ស និង​និស្សិត​សិក្សា ចាប់ពី​ក្រិត​ទាប​រហូតដល់​ក្រិត​មហាវិទ្យាល័យ។ ក្នុង​កម្រិត ម​ត្តេ​យ្យ បឋម និង មធ្យមសិក្សា ការកសាង​កម្មវិធីសិក្សា​និង​ការកំណត់​មុខវិជ្ជា​សិក្សា គឺជា​សមត្ថកិច្ច​របស់​ក្រសួង​អប់រំ យុវជន និង កីឡា។ ឯ​កម្រិត​មហាវិទ្យាល័យ​វិញ ទាំង​រដ្ឋ​និង​ឯកជន ការកសាង​កម្មវិធីសិក្សា​និង​ការកំណត់​មុខវិជ្ជា​សិក្សា គឺជា​សមត្ថកិច្ច​របស់​សាកលវិទ្យាល័យនីមួយៗ ចំណែក​ក្រសួង​អប់រំ យុវជន និង​កីឡា និង ស្ថាប័ន​ពាក់ព័ន្ធ​នានា គ្រាន់តែ​ជា​អ្នកទទួល​ស្គាល់​កម្មវិធី​សិក្សា​ទាំងនោះ​តែប៉ុណ្ណោះ។

ក្នុងការ​កំណត់​នេះ យើង​បាន​មើលឃើញថា ដោយ​ផ្អែកលើ​ឆន្ទៈ​ចង់​រត់តាម​តម្រូវការ​ខាង​សម្ភារៈ​ខ្លាំងពេក និង​ការ តម្រូវ​តាម​ការចង់បាន​របស់​អ្នកសិក្សា នាំឱ្យ​កម្មវិធីសិក្សា​បាន​ផ្អៀង​ទៅរក​មុខវិជ្ជា​វិទ្យាសាស្ត្រ​មួយចំនួន​ដែល​គេ​គិតថា​ស្រប​នឹង​ទីផ្សា​ការងារ ដូចជា គ្រប់គ្រង ពាណិជ្ជកម្ម សេដ្ឋកិច្ច ទីផ្សារ គណនេយ្យ ធនាគារ ហិរញ្ញវត្ថុ ច្បាប់ ទេសចរណ៍ ភាសា​អង់គ្លេស ព័ត៌មានវិទ្យា...ចំណែកឯ​មុខវិជ្ជា​សម្រាប់​អភិវឌ្ឍ​ផ្នែក​ស្មារតី ការគិត​ជ្រៅជ្រះ ការពិចារណា និង​ការបណ្ដុះ​សេចក្ដីស្រឡាញ់​វិញ ដូចជា ទស្សនវិជ្ជា (តក្កវិជ្ជា សីល​វិជ្ជា ពុទ្ធិ​វិទ្យា...) ចិត្តវិជ្ជា សង្គមវិជ្ជា សាសនា...មិនសូវមាន​ទេ​ក្នុង​កម្មវិធីសិក្សា។ លក្ខខណ្ឌ​បែបនេះ បាន​ជំរុញ​ឱ្យ​ការអប់រំ​នៅ​កម្ពុជា​ខ្វះ​តុល្យភាព​ភាព ដែល​ធ្វើឱ្យ​និស្សិត​ដែល​បានបញ្ចប់​ការសិក្សា​ទទួលបាន​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ ប៉ុន្តែ ខ្វះ​សីលធម៌ ខ្វះ​ការគិត​ជ្រៅជ្រះ និង​ខ្វះ​សេចក្ដីស្រឡាញ់ ជាហេតុ​នាំឱ្យ​ពួកគេ​អាច​យក​ជំនាញ​របស់ខ្លួន​ទៅប្រើ​ប្រាស់​ក្នុង​ផ្លូវខុស មិនមាន​ទស្សនវិស័យ​វែងឆ្ងាយ និង​អាច​ចាញ់បោក​គេ​ក្នុង​អន្តរ​កម្ម​សង្គម ទាំង​ក្នុង​ក្របខណ្ឌ​ផ្ទៃក្នុង​ប្រទេស អាស៊ាន និង​ពិភពលោក។

ហេតុនេះ ក្រសួង​អប់រំ យុវជន និង កីឡា ជាពិសេស ផ្នែក​ឧ​ត្ត​មសិ​ក្សា ក្រុមប្រឹក្សា​ជាតិ​អប់រំ និង​គណៈកម្មាធិការ​ទទួល​ស្គាល់​គុណភាព​អប់រំ​នៃ​កម្ពុជា ត្រូវ​ជំរុញ​យ៉ាងណា ឱ្យ​ការអប់រំ​នៅ​កម្ពុជា មាន​តុល្យភាព ដែល​សិស្ស និស្សិត​ទទួលបាន​ទាំង​ការអប់រំ​ចិត្ត ការអប់រំ​កាយ ការអប់រំ​បញ្ញា(ជំនាញ បច្ចេកទេស) និង ការអប់រំ​សីលធម៌​ក្នុង​កម្រិត​សមាមាត្រ​គ្នា ពោលគឺ​ជាការ​អប់រំ​មួយ ដែល​សិស្ស និស្សិត ទទួលបាន​ភាពរឹងមាំ​ខាង​រាងកាយ សេចក្ដីស្រឡាញ់​ពិត មនសិការ​សីលធម៌ ការគិត​ជ្រៅជ្រះ និង​ជំនាញ​រឹងមាំ ដែល​អាច​ប្រកួតប្រជែង​ជាមួយ​ធនធានមនុស្ស​ក្នុង​អាស៊ាន​និង​ពិភពលោក នាពេល​អនាគត។ ដើម្បី​ធ្វើបែបនេះ​បាន ក្រសួង​អប់រំ យុវជន និង កីឡា និង គ្រឹះស្ថាន​អប់រំ​ទាំងអស់ ត្រូវ​ពិនិត្យ​និង​កែសម្រួល​ឡើងវិញ​នូវ​គោលនយោបាយ​អប់រំ ទស្សនវិជ្ជា​អប់រំ វិទ្យាសាស្ត្រ​អប់រំ គោលដៅ​អប់រំ ការ​គ្រប់​គ្រង់​អប់រំ កម្មវិធីសិក្សា សៀវភៅ​គោល សម្ភារៈ​ឧបទ្ទេស និង​ហេដ្ឋារចនាសម្ព័ន្ធ​ដទៃទៀត ឱ្យបាន​សមស្រប។

លើសពីនេះ ចំពោះ​ឯកទេស​ដែលមាន​សារៈសំខាន់ ដូចជា ទស្សនវិជ្ជា ចិត្តវិជ្ជា សង្គមវិជ្ជា សាសនា...ប៉ុន្តែ មិនសូវមាន​និស្សិត​ចង់​រៀន​ដោយសារតែ​មិន​សម្បូរ​ទីផ្សារការងារ រដ្ឋ​ត្រូវ​លើកទឹកចិត្ត តាមរយៈ​ការផ្ដល់​អាហារ​រូបករណ៍​ឱ្យ​និស្សិត​លើ​ឯកទេស​ទាំងនេះ ដើម្បី​ធ្វើឱ្យ​ធនធានមនុស្ស​របស់​ក​ម្ពុ​ជាមាន​គ្រប់​ប្រភេទ​សម្រាប់​បំពេញតម្រូវការ​របស់​សង្គម​ទាំងមូល មិនមែន​គ្រាន់តែ​សម្រាប់​បំពេញតម្រូវការ​ទីផ្សារ​ប៉ុណ្ណោះ​ទេ។ ចំណែកឯ ជីវភាព សមត្ថភាព និង​សីលធម៌​វិជ្ជាជីវៈ​របស់​គ្រូបង្រៀន​ក៏​ត្រូវតែ​ធ្វើឱ្យ​ប្រសើរឡើង​ដែរ។ បើ​មិន​ដូច្នោះ​ទេ កំណែទម្រង់​ស៊ីជម្រៅ​លើ​វិស័យ​អប់រំ ពិតជា​មិនអាច​ធ្វើទៅ​បានឡើយ ឯ​ការប្រកួតប្រជែង​ក្នុង​សមាហរណកម្ម​សហគម​ន៍​សេដ្ឋកិច្ច​អាស៊ាន​ក៏​មិនអាច​សម្រេចបាន​ជោគជ័យ​ដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com