ពិភពតារា៖ តេង លក្ខិណា ក្រោយ​ក្លាយជា​តារាចម្រៀង ហឺ​ហា​ជាមួយ​រថយន្ត​ថ្មី
01, Jul 2015 , 9:53 am        
រូបភាព
ដោយ:

ភ្នំពេញ៖ ពិធី​ការិនី​ដ៏​ស្រស់​សោភា​រាង​តូច​ច្រឡឹង​សាច់​សខ្ចី កញ្ញា​តេង លក្ខិណា ដែល​បាន​បាត់​មុខ​ជាង២ឆ្នាំ ក្រោយពី​ក្លាយជា​តារាចម្រៀង​របស់​ផលិតកម្ម អឹម មក​នោះ​ពេលនេះ​នាង​បានបង្ហាញ​មុខ​វិញ​ហើយ ជាមួយនឹង​ភាព​ហឺ​ហា​ឡូយឆាយ ដែល​នាង​បានបង្ហាញ​រថយន្ត​ផ្ទាល់ខ្លួន មានតម្លៃ​ជាង១០ដុល្លារ។



ជាមួយនឹង​រូបរាង​កាន់តែ​ស្វែ​ល ស្បែក​កាន់តែ​សខ្ចី​ម៉ដ្ឋខៃ​គួរឱ្យ​ចង់​ស្ទាបអង្អែល​នោះ តេង លក្ខិណា មិនមែន​ឡើង​ឆាក​មក​ធ្វើជា​ពិធី​ការិនី អត្ថាធិប្បាយ​ដូចមុនៗទៀត​ទេ គឺ​នាង​មក​ច្រៀង​បំពេរ​អារម្មណ៍​ទស្សនិកជន ក្នុង​កម្មវិធី “តន្ត្រី “GANZBERGS” របស់​ប៉ុស្តិ៍​អាស៊ីអាគ្នេយ៍ កាលពី​កន្លងទៅ។ គ្រាន់តែ​កាន់​ក្បាល​មីក្រូ​ដើរ​ឡើង​ឆាក​ភ្លាម តេង លក្ខិណា ត្រូវបាន​អ្នកគាំទ្រ​ជា​យុវវ័យ​ហ៊ោ​ឡើង​កងរំពង​ពេញ​ឆាក​តែម្តង ជាមួយ​ការជូន​បាច់ផ្កា និង​តុក្កតា ជាច្រើន​ដល់​តារា​ស្បែក​សខ្ចី​ដូច​បណ្តូល​រូបនេះ។

តេង លក្ខិណា បង្ហើរ​សំនៀងស្រាលៗជាមួយ​បទ​ថ្មី​របស់​នាង នៅ​ផលិតកម្ម M ដូចជា​បទ “កូរ​ព្រោះ ស្រលាញ់”, “សុំ​ឈឺ​មួយថ្ងៃ​បាន​ហើយ” និង​បទ “ក្រោយពេល​អស់សិទ្ធិ​ជា​សង្សារ។ ក្នុងជំនួប​ផ្ទាល់​ជាមួយ​ស្រី​ស្អាត​តូចតន់​រូបនេះ លក្ខិណា បាន​វាចា​ថា តាម​ចំណង់​ចំណូលចិត្ត គឺ​នាង គិតតែ​ម្យ៉ាង គឺ​ស្រលាញ់​ច្រៀង អ៊ីចឹង​បានជា​សុខចិត្ត​បោះបង់ចោល​អាជីព​ពិធី​ការិនី។

តេង លក្ខិណា រៀបរាប់ថា “គ្មាន​ហេតុផល​អី​ផ្សេង​ទេ គឺ​មកពី​ខ្ញុំ​ស្រលាញ់​អាជីព​ចម្រៀង​ជាង​ពិធី​ការិនី ហ្នឹងឯង! ខ្លះ​ថា ម៉េច​បាន​ខ្ញុំ​មានឱកាស​ធ្វើ​ពិធី​ការិនី​ហើយ បែរជា​ដើរចោល​ទៅវិញ? តាមពិត​គឺ​មកពី ខ្ញុំ​ស្រលាញ់​ច្រៀង​ជាង តែ​រាល់ថ្ងៃ ខ្ញុំ​ក៏មាន​សិទ្ធិ​ធ្វើជា​ពិធី​ការិនី​ដែរ តែ​ជាមួយ​ក្រុមហ៊ុន គឺ​ខ្ញុំ​ចង់​ផ្តោតលើ​ចម្រៀង​ជាង។ ពីមុន​ខ្ញុំ​គិតថា ស្រលាញ់​ទាំង​ពិធីករ និង​ចម្រៀង គឺ​ទាំង២ តែ​ចុងក្រោយ ខ្ញុំ​ជ្រើសរើស​គឺ​ស្រលាញ់​ច្រៀង​ជាង។ ខ្ញុំ​មិនបាន​បោះបង់​អាជីព​ពិធី​ការិនី​ចោល​រហូត​ទេ គ្រាន់តែ​ខាង​ក្រុមហ៊ុន​ចង់ឱ្យ​អាជីព​ចម្រៀង​ខ្ញុំ​ល្អ​សិន។ រយៈពេល​បាត់​មុខ​នេះ ខ្ញុំ​ប្រឹង ហាត់​បទ​ចម្រៀង​ផង ជួយ​រកស៊ី​ប៉ា​ម៉ាក់​ផងដែរ។ សម្រាប់​ពេលនេះ ខ្ញុំ​គិតថា ទឹកដម​សំឡេង គឺ​ខ្ញុំ​ត្រូវការ​ហ្វឹកហាត់​បន្ថែមទៀត ដើម្បី​ឱ្យបាន​ពីរោះ មាន ការគាំទ្រ ព្រោះអ្វីៗក៏ដោយ ដំបូង​គឺ​ធ្វើ​មិនសូវ​បានល្អ​ទេ តែ​សង្ឃឹមថា ថ្ងៃមុខ​ទៅនឹង​ល្អ​ជាង​នេះ។

លើសពីនេះ លក្ខិណា ថែមទាំង​ធ្វើឱ្យ​តារា​រួម​អាជីព​ស្រឡាំងកាំង ព្រោះតែ​ស្រី​ស្អាត​បង្ហាញ​ភាព​ហ៊ឺហា ជិះឡាន​ថ្មី​ដែលមាន​តម្លៃ​ជាង១០ម៉ឺន​ដុល្លារ​ឯណោះ ទើប​ធ្វើឱ្យមាន​ការសង្ស័យថា លក្ខិណា មាន​គូស្នេហ៍​ពី​ក្រោយខ្នង​ជួយឧបត្ថម្ភ៕



© រក្សាសិទ្ធិដោយ thmeythmey.com