ពិភពតារា៖ តេង លក្ខិណា ក្រោយក្លាយជាតារាចម្រៀង ហឺហាជាមួយរថយន្តថ្មី
×
ភ្នំពេញ៖ ពិធីការិនីដ៏ស្រស់សោភារាងតូចច្រឡឹងសាច់សខ្ចី កញ្ញាតេង លក្ខិណា ដែលបានបាត់មុខជាង២ឆ្នាំ ក្រោយពីក្លាយជាតារាចម្រៀងរបស់ផលិតកម្ម អឹម មកនោះពេលនេះនាងបានបង្ហាញមុខវិញហើយ ជាមួយនឹងភាពហឺហាឡូយឆាយ ដែលនាងបានបង្ហាញរថយន្តផ្ទាល់ខ្លួន មានតម្លៃជាង១០ដុល្លារ។
ជាមួយនឹងរូបរាងកាន់តែស្វែល ស្បែកកាន់តែសខ្ចីម៉ដ្ឋខៃគួរឱ្យចង់ស្ទាបអង្អែលនោះ តេង លក្ខិណា មិនមែនឡើងឆាកមកធ្វើជាពិធីការិនី អត្ថាធិប្បាយដូចមុនៗទៀតទេ គឺនាងមកច្រៀងបំពេរអារម្មណ៍ទស្សនិកជន ក្នុងកម្មវិធី “តន្ត្រី “GANZBERGS” របស់ប៉ុស្តិ៍អាស៊ីអាគ្នេយ៍ កាលពីកន្លងទៅ។ គ្រាន់តែកាន់ក្បាលមីក្រូដើរឡើងឆាកភ្លាម តេង លក្ខិណា ត្រូវបានអ្នកគាំទ្រជាយុវវ័យហ៊ោឡើងកងរំពងពេញឆាកតែម្តង ជាមួយការជូនបាច់ផ្កា និងតុក្កតា ជាច្រើនដល់តារាស្បែកសខ្ចីដូចបណ្តូលរូបនេះ។
តេង លក្ខិណា បង្ហើរសំនៀងស្រាលៗជាមួយបទថ្មីរបស់នាង នៅផលិតកម្ម M ដូចជាបទ “កូរព្រោះ ស្រលាញ់”, “សុំឈឺមួយថ្ងៃបានហើយ” និងបទ “ក្រោយពេលអស់សិទ្ធិជាសង្សារ។ ក្នុងជំនួបផ្ទាល់ជាមួយស្រីស្អាតតូចតន់រូបនេះ លក្ខិណា បានវាចាថា តាមចំណង់ចំណូលចិត្ត គឺនាង គិតតែម្យ៉ាង គឺស្រលាញ់ច្រៀង អ៊ីចឹងបានជាសុខចិត្តបោះបង់ចោលអាជីពពិធីការិនី។
តេង លក្ខិណា រៀបរាប់ថា “គ្មានហេតុផលអីផ្សេងទេ គឺមកពីខ្ញុំស្រលាញ់អាជីពចម្រៀងជាងពិធីការិនី ហ្នឹងឯង! ខ្លះថា ម៉េចបានខ្ញុំមានឱកាសធ្វើពិធីការិនីហើយ បែរជាដើរចោលទៅវិញ? តាមពិតគឺមកពី ខ្ញុំស្រលាញ់ច្រៀងជាង តែរាល់ថ្ងៃ ខ្ញុំក៏មានសិទ្ធិធ្វើជាពិធីការិនីដែរ តែជាមួយក្រុមហ៊ុន គឺខ្ញុំចង់ផ្តោតលើចម្រៀងជាង។ ពីមុនខ្ញុំគិតថា ស្រលាញ់ទាំងពិធីករ និងចម្រៀង គឺទាំង២ តែចុងក្រោយ ខ្ញុំជ្រើសរើសគឺស្រលាញ់ច្រៀងជាង។ ខ្ញុំមិនបានបោះបង់អាជីពពិធីការិនីចោលរហូតទេ គ្រាន់តែខាងក្រុមហ៊ុនចង់ឱ្យអាជីពចម្រៀងខ្ញុំល្អសិន។ រយៈពេលបាត់មុខនេះ ខ្ញុំប្រឹង ហាត់បទចម្រៀងផង ជួយរកស៊ីប៉ាម៉ាក់ផងដែរ។ សម្រាប់ពេលនេះ ខ្ញុំគិតថា ទឹកដមសំឡេង គឺខ្ញុំត្រូវការហ្វឹកហាត់បន្ថែមទៀត ដើម្បីឱ្យបានពីរោះ មាន ការគាំទ្រ ព្រោះអ្វីៗក៏ដោយ ដំបូងគឺធ្វើមិនសូវបានល្អទេ តែសង្ឃឹមថា ថ្ងៃមុខទៅនឹងល្អជាងនេះ។
លើសពីនេះ លក្ខិណា ថែមទាំងធ្វើឱ្យតារារួមអាជីពស្រឡាំងកាំង ព្រោះតែស្រីស្អាតបង្ហាញភាពហ៊ឺហា ជិះឡានថ្មីដែលមានតម្លៃជាង១០ម៉ឺនដុល្លារឯណោះ ទើបធ្វើឱ្យមានការសង្ស័យថា លក្ខិណា មានគូស្នេហ៍ពីក្រោយខ្នងជួយឧបត្ថម្ភ៕
© រក្សាសិទ្ធិដោយ thmeythmey.com