ជាតិ
សង្គមជាតិ
គណកម្មការ​រដ្ឋសភា​ចំនួន ៣ កំពុង​ពិភាក្សា​សេចក្តីព្រាងច្បាប់​NGOs
01, Jul 2015 , 10:35 am        
រូបភាព
ដោយ: ថ្មីៗ
ដូច​ការគ្រោងទុក នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ គណៈកម្មការ​រដ្ឋសភា​ចំនួន ៣ កំពុង​ជួប​ពិភាក្សាគ្នា​ស្តីពី​សេចក្តីព្រាងច្បាប់ សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល នៅ​វិមាន​រដ្ឋសភា។ សេចក្តីព្រាងច្បាប់​នេះ កំពុង​ក្លាយជា​ក្តីបារម្ភ​យ៉ាងខ្លាំង​របស់​អង្គការ​សង្គម​ស៊ីវិល។



សមាភាព​គណៈកម្មការ​ទាំង ៣ ដែល​បាន​ចូលរួម​ពិភាក្សា​នៅ​ព្រឹក​នេះ ទី ១ គណៈកម្មការ​ទី ៤ គឺ​គណៈកម្មការ​ទទួលបន្ទុក មហាផ្ទៃ ការពារជាតិ និង​មុខងារសាធារណៈ មាន​លោក ហ៊ុន ណេង តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ជា​ប្រធាន។ ទី ២ គណៈកម្មការ​ទី ៥ គឺ​គណៈកម្មការ​ទទួលបន្ទុក​ការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន មាន​លោក ឈាង វុន ជា​ប្រធាន។ ទី ៣ គណៈកម្មការ​ទី ៦ គឺ​គណៈកម្មការ​ទទួលបន្ទុក​នីតិកម្ម និង​យុត្តិធម៌ ប្រធាន ដែលមាន​លោក ប៉ែន បញ្ញា តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​ប្រធាន។

បន្ទាប់​គណៈកម្មការ​ទាំ​ង ៣ នៃ​រដ្ឋសភា ពិភាក្សា​សេចក្តីព្រាងច្បាប់​ស្តីពី​សមាគម​និង​អង្គការ​រ​មិនមែន​រដ្ឋាភិបាល​រួច រដ្ឋសភា​នឹង​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​មួយ​ពី​សេចក្តីព្រាងច្បាប់​នេះ នៅ​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ នា​វិមាន​រដ្ឋសភា ជាមួយ​អង្គទូត អង្គការ​ជាតិ អន្តរជាតិ​នានា​នៅ​កម្ពុជា ។

សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់​ស្ដីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល មាន​ចំនួន៩ជំពូក រួមមាន៣៩មាត្រា។សេចក្ដីព្រាងច្បាប់​ស្ដីពី​សមាគម​និង​អង្គការ​រ​មិនមែន​រដ្ឋាភិបាល ត្រូវបាន​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​មួយចំនួន​ចាប់ផ្តើម​យុទ្ធនា​ការតវ៉ា​ប្រឆាំងនឹង​ច្បាប់​នេះ ជា​បន្តបន្ទាប់​មួយរយៈ​ពេល​ចុងក្រោយ​នេះ ដោយ​ពួកគេ​យល់ថា ច្បាប់​នេះ​មានកា​រឹតត្បិត​សិទ្ធិសេរីភាព​បញ្ចេញមតិ​របស់​ពួកគេ។ តែ​យ៉ាងណា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ធ្លាប់​ផ្ដាំផ្ញើ​ទៅ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ថា កុំ​មានការ​ព្រួយបារម្ភ​ពេក​ចំពោះ​ច្បាប់​នេះ៕


© រក្សាសិទ្ធិដោយ thmeythmey.com