ជាតិ
​​​ន​យោ​បាយ​ជាតិ​
វៀតណាម​ថ្កោលទោស​ពលរដ្ឋ​កម្ពុជា ជា​ភាពអាម៉ាស​របស់​រដ្ឋាភិបាល
01, Jul 2015 , 12:07 pm        
រូបភាព
រូបខាងឆ្វេងលោក រៀល ខេមរិន្ទ្រ រីឯរូបខាងស្ដាំលោក Le Hai Binh ក្រសួងការបរទេសវៀតណាម
រូបខាងឆ្វេងលោក រៀល ខេមរិន្ទ្រ រីឯរូបខាងស្ដាំលោក Le Hai Binh ក្រសួងការបរទេសវៀតណាម
តំណាងរាស្ត្រ​បក្សប្រឆាំង និង​អ្នកវិភាគ រិះគន់​ក្រសួងការបរទេស​ថា មាន​ភាពកម្សោយ​និង​ផ្ដល់​ភាពអាម៉ាស​សម្រាប់​កម្ពុជា ដែល​មិន​អើពើ​ចំពោះ​ការប៉ះទង្គិច​គ្នា រវាង​ភាគី​វៀតណាម និង​កម្ពុជា នៅ​ព្រំដែន​ខេត្តស្វាយរៀង ខណៈដែល​ក្រសួងការបរទេស​វៀត​ណា​ម​ថ្កោលទោស​ភាគី​កម្ពុជា។ ក្រសួងការបរទេស​វៀ​ត​ណា​ម រិះគន់​យ៉ាងខ្លាំង​ថា​សកម្មភាព​ហិង្សា ដែល​ប្រព្រឹត្ត​ដោយ​ជន​ជ្រុលនិយម​កម្ពុជា ល្មើស សន្ធិសញ្ញា អនុសញ្ញា និង​កិច្ចព្រមព្រៀង​រវាង​ប្រទេស​វៀតណាម និង​កម្ពុជា។



តំណាងរាស្រ្តគណបក្សប្រឆាំង លោក អ៊ុំ សំអាន រិះគន់ក្រសួងការបរទេសកម្ពុជាថា ការនៅស្ងៀមមិនអើពើ ប្រតិកម្មទៅភាគីវៀតណាមនៅពេលនេះ គឺ​ជាភាពកម្សោយ​មួយ​សម្រា​ប់ប្រ​ទេសកម្ពុជា ដោយទុក​ឲ្យវៀត​ណាម​ថ្កោ​ល​ទោសប្រជាពលរដ្ឋកម្ពុជាដែលការពារបូរណភាពទឹកដីរបស់ខ្លួនទៅវិញ ។ តំណាងរាស្ត្រ​គណ​បក្ស​​សង្គ្រោះ​ជាតិ ​កំពុង​រិះគន់​ក្រសួង​ការ​បរទេស​​កម្ពុ​ជា ដែល​មិនមាន​ប្រតិកម្ម​ទៅលើ​ភាគី​វៀតណាមយ៉ាងដូច្នេះថា៖«ក្រសួងការបរទេស​ក​ម្ពុ​ជា​គួរតែ​ចេញ​លិខិត​ប្រតិកម្ម ថ្កោលទោស​ទៅ​​វៀតណាម​ចំពោះ​ការប៉ះទង្គិច​គ្នា​នៅ​ព្រំដែន មិនគួរ​ទុក​ឲ្យ​ភាគី​វៀតណាម​ថ្កោលទោស​កម្ពុជា​យើង​វិញ​នោះទេ»។តំណាង​រាស្រ្តបក្សប្រឆាំង​ដែលតែងតែដឹកនាំពលរដ្ឋចុះទៅត្រួត​ពិនិត្យ​ព្រំដែនរូបនេះ រិះគន់ថា​ការមិន​អើពើ​របស់​ក្រសួងការបរទេស​នេះ កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​នៅតាម​ព្រំដែន​រងគ្រោះ ខណៈដែល​វៀតណាម​កំពុង​រំលោភ​បូរណភាព​ទឹកដី​កម្ពុជា ។ «ការមិន​អើពើ​នេះ​ដូចជា​ធ្វើ​ឲ្យ​ចោរ​រួចខ្លួន បែរជា​ម្ចាស់ផ្ទះ​រងគ្រោះ។ អ្នករងគ្រោះ​ជា​ប្រជាពលរដ្ឋ​ខ្មែរ ព្រោះ​ខាង​យួន​ចូលមក​ទឹកដី​កម្ពុជា និង​ជា​អ្នកបង្ក​ហេតុ បង្ក​ហិង្សា​មកលើ​ប្រជាពលរដ្ឋ​កម្ពុ​ជាមុន ព្រោះ​តំបន់​ដែល​ខ្ញុំ​នឹង​ពលរដ្ឋ​ខ្មែរ​ចុះទៅ​មើល​ត្រួតពិនិត្យ​នោះ​ជា​តំបន់ស ដែល​វៀតណាម​រំលោភ​កិច្ចព្រមព្រៀង​ប្រទេស​ទាំងពីរ ឆ្នាំ១៩៩៥»។ នេះជាការបញ្ជាក់របស់លោក អ៊ុំ សំអាន។

លោក អ៊ុំ សំអាន បន្ថែមថា រូបលោក​និង​តំណាងរាស្ត្រ​ដទៃទៀត នឹង​សរសេរ​លិខិត​ជូនទៅ​លោក ហោ ណាំហុង ក្រសួងការបរទេស​ក​ម្ពុ​ជា នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ ដើម្បី​ឲ្យ​ចេញ​លិខិត​ថ្កោលទោស​ភាគី​វៀតណាម និង​កោះហៅ​ទូត​វៀតណាម​នៅ​កម្ពុជា មក​បកស្រាយ​ពី​បញ្ហា​ព្រំដែន​នេះ។

ដោយឡែកអ្នកវិភាគ​សង្គម​លោក កែម ឡី យល់ថា ការ​ថ្កោលទោស​របស់​វៀតណាម​នេះ គឺ​បង្ហាញ​ពី​ភាពអាម៉ាស​និង​ភាពកម្សោយ​របស់​ប្រទេស​កម្ពុជា ដោយ​គ្រាន់តែ​ទៅ​ត្រួត​ពិនិត្យមើល​ទឹកដី​របស់​ខ្លួនឯង​ទៅវិញ។អ្នកវិភាគរូបនេះ​អត្ថាធិប្បាយ​ដូច្នេះ​ថា៖«ជា​រឿង​គួរ​ឲ្យ​អាម៉ាស សម្រាប់​កម្ពុជា ដែលមាន​ព្រះមហាក្សត្រ ជា​ប្រមុខរដ្ឋ មាន​រដ្ឋធម្មនុញ្ញ ឯករាជភាព បូរណភាព​ទឹកដី តែ​គ្រាន់តែ​ចុះទៅ​មើល​ទឹកដី​ខ្លួន​ដែរ​គេ​ឈ្លានពាន បែរជា​ត្រូវបាន​គេ​ថ្កោលទោស ហើយ​កម្ពុជា​ខ្លួនឯង​បែរ​ក្លាយជា​អ្នក​ខុស​ទៅវិញ។ លោក​បន្ថែមថា «ព្រះមហាក្សត្រ​ជា​ប្រមុខរដ្ឋ គួរតែបង្កើត​គណៈកម្មាធិកា​រ​ពិសេស ដើម្បី​សិក្សា​ពី​បញ្ហា​ព្រំដែន ដើម្បី​ឲ្យ​ទទួលបាន​ពត៌មាន​ច្បាស់លាស់ និង​ដាក់ពាក្យ​ទៅ​សហគមន៍​អាស៊ាន ឬ​ទី​ក្រុងឡាអេ ប្រសិនបើ​មិនអាច​ដោះស្រាយបាន ដោយ​ពឹង​ផ្អែកលើ​កិច្ច​ព្រៀម​ព្រៀង​ទីក្រុង​បារី​ស ឆ្នាំ ១៩៩១»។

ការរិះគន់របស់តំណាងរាស្រ្តបក្សប្រឆាំង​ និងអ្នកវិភាគនេះ ធ្វើឡើងក្រោយពីក្រសួងការបរទេស​វៀ​ត​ណា​ម លោក​Le Hai Binh ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី៣០ មិថុនា ដោយ​ចាត់ទុកថា​ហិង្សា​កើតឡើង​ដោយសារ«ពួក​ជ្រុលនិយម​កម្ពុជា​មួយចំនួន ដែល​រំលោភបំពាន​ច្បាប់​កម្ពុជា និង​វៀតណាម ក៏ដូចជា​សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​​ប្រទេស​ទាំងពីរ​»។ លោក​បញ្ជាក់ថា«យើង​បានស្នើ​ឲ្យ​អាជ្ញាធរ​កម្ពុជា​រៀបចំ​ជា​វិធានការ​ ក្នុងការ​ដោះស្រាយ​ឧបទ្ទវ​ហេតុនេះ​ឲ្យ​បាន​ត្រឹមត្រូវ និង​បង្ការ​សកម្មភាព​បែបនេះ​កុំ​ឲ្យ​កើតឡើង​ម្តងទៀត ដើម្បី​ធានា​ពី​ការអនុវត្ត​ឲ្យ​បាន​រលូន​នៃ​ការកំណត់​ព្រំដែន និង​បោះបង្គោល​ព្រំដែន ដើម្បី​ជា​ប្រយោជន៍​រួម​នៃ​ប្រជាជន​ទាំងពីរ»។

សារព័ត៌មានថ្មីៗមិនអាច​សុំ​ការអត្ថាធិប្បាយ​ពី​លោក ជុំ ស​ន្ទ​រី អ្នកនាំពាក្យ​ក្រសួង​ការបទេស​ ជុំវិញ​ប្រតិកម្ម​ចំពោះ​ការប៉ះទង្គិច​គ្នា​នៅ​ព្រំដែន​កម្ពុជា-វៀតណាមនៅ​ខេត្តស្វាយ​រៀងបាន​ឡើយ​​ទេ។

កន្លងមក​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ី​ផាន បានបង្ហាញ​ការសោកស្តាយ​ចំពោះ​ហេតុការណ៍​ហិង្សា​នេះ។ មន្ត្រី​រដ្ឋាភិបាល​រូបនេះ មិន​ចង់​បន្ទោស​ក្រុម​អ្នកតំណាង​រាស្ត្រ​គណបក្ស​ប្រ ឆាំង​ដែល​បាន​ដឹកនាំ​ពលរដ្ឋ​តវ៉ា​បញ្ហា​ព្រំដែន​នោះទេ ប៉ុន្តែ​សម្រាប់​លោក ការដោះស្រាយ​បញ្ហា​ព្រំដែន​តាម​យន្តការ​រដ្ឋាភិបាល គឺជា​រឿង​ល្អ​បំផុត។ អ្នកនាំពាក្យ​រូបនេះ​ថ្កោលទោស​ទាំង​ភាគី​កម្ពុជា និង​រៀ​ត​ណា​ម​ដែល​បាន​ប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​នៅ​ព្រំដែន​ក្នុង​ខេត្តស្វាយរៀង។

យ៉ាងហោចណាស់​ភាគី​កម្ពុជា១០នាក់​រងរបួស រីឯ​ភាគី​វៀតណាម​រងរបួស៨នាក់ ក្នុងការ​ប៉ះទង្គិច​ដោយ​ហិង្សា។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​អាជ្ញាធរ​ខេត្តស្វាយរៀង។

ការប៉ះទង្គិច​គ្នា​បណ្ដាល​ឲ្យ​មាន​អ្នករងរបួស​នេះ គឺ​កើតឡើង​ខណៈដែល​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​ដែល​ដឹកនាំ​ដោយ​លោក រៀល ខេ​ម​រិ​ន្ទ្រ និង​លោក អ៊ុំ សំអាន ចុះ​ពិនិត្យ​ព្រំដែន​ខេត្តស្វាយរៀង ត្រង់ចំណុច​ភូមិ​គោកធ្លក ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង។ ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តំបន់​នោះ​ចោទថា វៀតណាម​បាន​រំលោភ​ទឹកដី​ខ្មែរ និង​កំពុង​ធ្វើ​ផ្លូវ​ក្នុង​តំបន់ស ដែល​ភាគី​កម្ពុជា​និង​វៀតណាម មិនទាន់​ឯកភាពគ្នា៕





© រក្សាសិទ្ធិដោយ thmeythmey.com