ជាតិ
បទវិភាគ
បង្វិល​ចង្ក្រាន
01, Jul 2015 , 12:27 pm        
រូបភាព
ដោយ: ថ្មីៗ
លិខិត​មិត្ត​អ្នកអាន
ដោយ ធូ វាសនា

ពាក្យ​ដែលថា «ស្ត្រី​បង្វិល​ចង្ក្រាន​មិន​ជុំ» ដែល​ដូនតា​បាន​បន្សល់ទុក​ឲ្យ ត្រូវបាន​មនុស្ស​ភ្នែក​ខ្លី មួយចំនួន​តូច​តិះដៀល ថា​ជា​ពាក្យ​មាក់ងាយ បន្ទាបបន្ថោក ដែល​ធ្វើ​ឲ្យ​តម្លៃ​របស់​ស្ត្រី​ធ្លាក់ចុះ ដោយបាន​បកស្រាយ​ថា ដូនតា​បាន​កំហិត​ឲ្យ​មនុស្ស​ស្រី​ធ្វើ​តែ​កិច្ចការ​ក្នុងផ្ទះ​តែប៉ុណ្ណោះ​ដូចជា ដាំបាយ សម្លរ បោក​ខោអាវ ថែរក្សា​ផ្ទះ មើល​កូន​ឲ្យ​គ្រប់​ជ្រុងជ្រោយ​ទៅបាន​ហើយ ដោយ​មិនចាំបាច់​ក្នុង​ចូលធ្វើ​សេចក្តីសម្រេចចិត្តធំៗ ក្នុង​គ្រួសារ​សង្គម និង​ប្រទេសជាតិ​ឡើយ។ ការបកស្រាយ​ពាក្យ​ដូនតា​ខុស​ស្មើនឹង​បន្ថោក​ដូនតា​ដែល​កសាង​ទឹកដី​ធំ​ល្វឹងល្វើយ ទុកអោយ​យើង ឯ​យើង​ជា​អ្នកចេះដឹង អ្នក​ពូកែ​ជាង​ដូនតា បែរជា​ថែរក្សា ដី​កេរ្តិ៍​មិនបាន។ ថា​ទៅ​មើល តើ​យើង​គ្រាន់បើ ជាង​ដូនតា​យើង ឬ​ដូនតា​យើង​គ្រាន់បើ​ជាង?



បើ​យើង​ពិនិត្យមើល អោយ​ច្បាស់ ស្ត្រី​មិន​ត្រឹមតែ «មិនត្រូវ​បង្វិល​ចង្ក្រាន​អោយ​ជុំ» នោះទេ តែ​ថែមទាំង «ត្រូវតែ​បង្វិល​ចង្ក្រាន​អោយ​ជុំ»ទៀតផង។ ពាក្យ​ថា «ស្ត្រី​បង្វិល​ចង្ក្រាន​មិន​ជុំ» គឺ​មិនមែនជា​ពាក្យ ដែល​ជំរុញ​ឲ្យ​មនុស្ស​ស្រី​ត្រូវតែ​បង្វិល​ចង្ក្រាន​អោយ​ជុំ តាមរយៈ​ការបកស្រាយ ខាងលើ​នោះទេ គឺ​សំដៅ ដល់​ការជួយជ្រោមជ្រែង​កិច្ចការ​របស់​ស្វាមី ដើម្បី​សំរេច​កិច្ចការ​ធំ​សំរាប់​ប្រទេសជាតិ។ បើ​មើលឃើញ​ពាក្យ«ចង្ក្រាន»ត្រឹមតែ​កន្លែង​សំរាប់​ដាំ​ស្ល​ប៉ុណ្ណោះ វា​ប្រាកដ​ណាស់​ដែល​យល់​ន័យ ត្រឹមតែ​ប៉ុណ្ណឹង ដែល​ធ្វើ​ឲ្យ​ទឹកចិត្ត​ស្ត្រី ជា​មេផ្ទះ​មិន​អាចជួយ​កិច្ចការ​ធំដុំ ដល់​ស្វាមី​បាន។

ឯ​រឿង​ចង្ក្រាន​ជើង​ឆ្នាំង គេ​មិន​រាប់​ចូល​ក្នុងការ «បង្វិល​ចង្ក្រាន​អោយ​ជុំ» នោះទេ។ ពាក្យ​ដូនតា ដែល​បន្សល់ទុក​មកនេះ គឺ​សំដៅ​ដល់ ចង្ក្រាន​ដែលមាន​មុំ​បី គឺ «ជាតិ សាសនា ព្រះមហាក្សត្រ»។ គឺ​ចង់​និយាយថា៖ ក្នុងនាម​ជា​ភរិយា ស្ត្រី​ត្រូវ​ជួយ​ដល់​កិច្ចការ​ជាតិ ថ្វាយបង្គំ​សាសនា គាំទ្រ​និង​ស្មោះត្រង់ និង ព្រះមហាក្សត្រ។ ក្នុង​មុំ​ចង្ក្រាន​ទាំងបី​នេះ​ភាគច្រើន​មនុស្ស​ប្រុស ធ្វើ​កិច្ចការ តែមួយ​ទេ​គឺ «បម្រើជាតិ » តែ​មិនបាន​គិតគូ​ដល់ កិច្ចការ​សាសនា (ដែលជា​ដួងព្រលឹង) និង ការគោរព​ព្រះមហាក្សត្រ​នោះទេ។ អ៊ីចឹង​ហើយ​បានជា​សម័យ​ដើម បូរាណ​កាល​របស់​យើង គឺ​មានតែ​ស្ត្រី​ទេ ដែល​ដឹក​នាំមុខ ធ្វើបុណ្យ​ដាក់​ទាន ពេល​ប្តី​ចេញ​ធ្វើ​ចម្បាំង​នៅ​សមរភូមិ ។ ហើយក៏​មានតែ​ស្ត្រី​ទេ ដែល​រាប់​រង​កិច្ចការ​ផ្ទះ សាសនា និង​ការគោរព​ព្រះមហាក្សត្រ ពេល​ប្តី​ទៅ​បំពេញ​កិច្ចការ ជួន​ប្រទេសជាតិ។

មាន​ពាក្យ​ខ្មែរ​ជាច្រើន​ដែល​បង្គ្រប់​អត្ថន័យ​ដល់​ពាក្យ «បង្វិល​ចង្ក្រាន​អោយ​ជុំ»នេះ ដូចជា​ពាក្យ «សម្ល​ឆ្ងាញ់​ដោយសារ​គ្រឿង គ្រួសារ​រុងរឿង​ដោយសារ​ភរិយា»។ ហើយក៏​មានរឿង​ព្រេង​និទាន​ខ្មែរ​ជាច្រើន ដែល​បំពេញ​ន័យ​រឿងនេះ «បង្វិល​ចង្ក្រាន​អោយ​ជុំ» ដូចជា​រឿង​មា​យើង (និយាយ​អំពី​ស្ត្រី គ្រប់លក្ខណ៍ និង ស្ត្រី​ខាតលក្ខណ៍) រឿង​ធនញ្ជ័យ...។ ក្នុងនោះដែរ នៅតាម​ចម្លាក់ ផ្ទាំងសិលា​តាម​អង្គរ ក៏បាន​បញ្ជាក់​យ៉ាងច្បាស់​ថា ស្ត្រី​មាន​តួនាទី​សំខាន់​ក្នុង​កិច្ចការ​ប្រទេសជាតិ។ ហេតុនេះហើយ បានជា​ខ្មែរ​ឲ្យ​តម្លៃ​ស្ត្រី​យ៉ាងខ្ពស់។ ជា​ភស្តុតាង​បញ្ជាក់​គឺថា បុព្វបុរស​ខ្មែរ​បាន​រើស​ពាក្យ «មេ» សំដៅលើ «ស្ត្រី» ដាក់​ក្នុង​កិច្ចការ​រដ្ឋបាលជាតិ​ដូចជា មេភូមិ មេឃុំ មេស្រុក មេ​ខេត្ត។ ហើយ​ក្នុង​ប្រពៃណី​ខ្មែរ ពេល​រៀបការ គឺ «ព្រះថោង» តោង​ស្បៃ​នាងនាគ តើ​មានន័យថា​ម៉េច? គឺ​មនុស្ស​ស្ត្រី​ជា​មេគំនិត មនុស្ស​ប្រុស​ជា​អ្នកមាន​កំលាំង(អ្នកអនុវត្ត)។

ត្រឡប់មកវិញ បើ​ក្រុមគ្រួសារ​ណា​ចាត់ទុក​ស្ត្រី​គ្រាន់តែ​ជា​អ្នកបម្រើ​ក្នុងផ្ទះ (មាន់​ចងជើង) គឺ​ក្រុមគ្រួសារ​នោះ មិនសូវ មាន​ភាព​រីកចម្រើន​នោះទេ។ ឯ​រឿង​ប្រទេសជាតិ ក៏​ដូច្នោះ​ដែរ។ បើ​ប្រទេស​ណា ឬ សង្គម​ណា អោយ​តំលៃ​ស្ត្រី​ទាប​ជាង​បុរស គឺ សង្គម​នោះ ឬ​ប្រទេស​នោះ មិនសូវ​រីកចំរើន​នោះទេ។ ផ្ទុយ​មកវិញ នៅពេលដែល ស្ត្រី​ចូលរួម​យ៉ាងសកម្ម​ក្នុង​កិច្ចការ​ប្រទេសជាតិ គឺ​ប្រទេស​នោះ ច្បាស់​ជា​រីកចម្រើន​យ៉ាង​ជាក់ច្បាស់។

ស្វាមី​ដែល​មិនអោយ​តម្លៃ​ភរិយា ឬ​រាប់​ភរិយា​ត្រឹមតែ​ជា​អ្នករៀបចំ​ផ្ទះសំបែង ចង្ក្រាន​ជើង​ឆ្នាំង គឺ​ប្រាកដ​ណាស់ គឺ​ដូចជា​មនុស្ស​ពិការភ្នែក​ម្ខាង ឬ ពិការ​ជើង​ម្ខាង។ បើ​យើង មាន​ភ្នែក​តែមួយ តើ​យើង​ភ្លឺ​ច្បាស់​ជាង​ភ្នែក​ពីរ ឬ​យ៉ាងណា? បើ​យើង​មាន​ជើង​តែមួយ តើ​ដើរ​ទៅមុខ​លឿន យ៉ាងម៉េច​នឹង​កើត?

ពាក្យចាស់​លោក​ពោលថា «មនុស្ស​ប្រុស​ដែល​ធ្វើ​កិច្ចការ​អស្ចារ្យ តែងតែមាន​មនុស្ស​ស្រី ដ៏​អស្ចារ្យ​នៅក្បែ​ខ្លួន»។ ហេតុនេះហើយ បើ​ស្វាមី​ជា​ជើងឆ្វេង ភរិយា​ត្រូវ​ធ្វើជា​ជើង​ស្តាំ។ បើ​ប្តី​ជា​អណ្តាត ភរិយា​ត្រូវតែ​ជា​ធ្មេញ។ បើ​ប្តី​ជា​អ្នក​ធ្វើស្រែ ប្រពន្ធ​ត្រូវជា​អ្នក​រើស​គ្រាប់ពូជ។ បើ​ប្តី​ជា​អ្នកជំនួញ ប្រពន្ធ​ត្រូវជា​ហិ​រ​ញ្ញិ​ក។ បើ​ប្តី​ជា​អ្នករដ្ឋការ ប្រពន្ធ​ត្រូវជា​អ្នក​ពិធីការ។ បើ​ប្តី​ជា​មេទ័ព ប្រពន្ធ ត្រូវជា​អ្នក​ប្រារព្វ ប្រ​ត្តិ​ប​ត្ត​សាសនា ព្រះមហាក្សត្រ។ គ្រប់​ពេលដែល​ស្វាមី​រៀបនឹង​ដួល គឺ​តែងតែ មាន​ភរិយា​ជួយ​លើកទឹកចិត្ត ជួយ​ទប់​ជំហរ ជួយ​ប្រឹក្សា​យោបល់​ជានិច្ច ។ នេះ​ជា​អត្ថន័យ ចំពោះ​ស្ត្រី ដែលថា «ត្រូវ​បង្វិល​ចង្ក្រាន​អោយ​ជុំ» មិនត្រូវ​បកស្រាយ​ខុស​ធ្វើអោយ​បងប្អូន ឬ កូនស្រី​ណា​បាក់​ទឹកចិត្ត​ឡើយ៕


© រក្សាសិទ្ធិដោយ thmeythmey.com