ពិភពតារា៖ តាក់​ម៉ា ប្តូរ​គោលការណ៍​ក្រោយ​ជ្រក​ក្នុង​ទ្រនំ​ថ្មី
02, Jul 2015 , 9:50 am        
រូបភាព
ដោយ:
ភ្នំពេញ៖ តារាចម្រៀង​សម្បុរ​ខ្មៅ​ស្រអែម នាង ណុប មុនី​សោ​ម៉ា ហៅ​តាក់​ម៉ា ដែល​ជ្រកកោណ​នៅ​ផលិតកម្ម M រយៈពេល​ជាង៦ឆ្នាំ ពេលនេះ​នាង​បាន​ផ្លាស់​មក​ផលិតកម្ម​ថ្មី​ហើយ ក្រោយពី​ទទួលបាន​កេរ្តិ៍ឈ្មោះ​លេចធ្លោ​គួរសម​មក​នោះ។ តាក់​ម៉ា បញ្ជាក់ថា ការពិត​កន្លងមក នាង​មិន​ចង់​ផ្តាច់ខ្លួន​ពី​បណ្តាញសារព័ត៌មាន​ទេ ប៉ុន្តែ វា​ជាគោលការណ៍​របស់​ក្រុមហ៊ុន​តែ​មកដល់​ទ្រនំ​ថ្មី គឺ​នាង​មិន​ធ្វើ​ដូច​គោល​ការ​នៅ​ទ្រនំ​ចាស់​នោះទេ។



អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​នោះ កាលដែល តាក់​ម៉ា ឈរជើង​នៅ​ផលិតកម្ម M រយៈពេល ជាង៦ឆ្នាំ​មក​នោះ នាង​តែងតែ​ព្យាយាម​គេច​មុខ​ពី​អ្នកសារព័ត៌មាន ដោយ​អះអាងថា ជាគោលការណ៍​របស់​ក្រុម​ល​នាំ​ឲ្យ​រាំងខ្ទប់​ព័ត៌មាន​ផ្ទាល់ខ្លួន​ជាច្រើន និង​ព័ត៌មាន​ជុំវិញ​សកម្មភាព​សិល្បៈ​របស់​នាង​ផងដែរ គឺ​នាង​មិន​ផ្តល់​បទ​សម្ភាស និង​មិន​អនុញ្ញាតឱ្យ​ថតរូប​ឡើយ ។ ទោះជា​យ៉ាងណា បន្ទាប់ពី​ក្លាយជា​តារាចម្រៀង​របស់​ផលិតកម្ម​សាន់​ដេ មក តាក់​ម៉ា ស្រាប់តែ​ចោល​ទម្លាប់​ចាស់ មក​ញញឹម​ស្វាគមន៍​អ្នកកាសែត ដោយ​យល់ព្រម​ផ្តល់​បទ​សម្ភាស និង​ឈរ​ញញឹម​កាច់រាង​ឱ្យ​អ្នកកាសែត​ថតរូប​តាមចិត្ត ។

កាលពីពេល​កន្លងទៅថ្មីៗនេះ តារា​ចំណូល​ថ្មី​របស់​សាន់​ដេ​រូបនេះ បាន​ប្រាប់​ឲ្យ​ដឹងថា ការពិត​កន្លងមក នាង​មិន​ចង់​ផ្តាច់ខ្លួន​ពី​បណ្តាញសារព័ត៌មាន​ទេ។ ប៉ុន្តែ វា​ជាគោលការណ៍​របស់​ក្រុមហ៊ុន។ តាក់​ម៉ា បញ្ជាក់ថា “ការពិត​រវាង​អ្នកសិល្បៈ និង​ខាង​បណ្តាញសារព័ត៌មាន មិនអាច​កាត់ផ្តាច់​ពីគ្នា​ទេ ពីព្រោះ​ជា​ផ្នែក​មួយ​ក្នុង​ការនាំ​ដំណឹង​ទៅដល់​អ្នកគាំទ្រ ហើយ​កន្លងមក ខ្ញុំ​ធ្វើទៅ​តាមតែ​ខាង​ក្រុមហ៊ុន​ទេ ។ ប៉ុន្តែ សម្រាប់​នៅ​សាន់​ដេ គឺ​បើកទូលាយ​ដល់​ខ្ញុំ ដែល​ធ្វើឱ្យ​ខ្ញុំ​មាន​ភាពកក់ក្តៅ​ជាង​កន្លែងចាស់” ។

ផលិតកម្ម M ត្រូវបាន​តារាចម្រៀងរ​បស់​ខ្លួន​រត់ចេញ​ជា​បន្តបន្ទាប់ ដែល​មជ្ឈដ្ឋាន​មួយ ចំនួន​លើកឡើងថា ដោយសារតែ​ក្រុមហ៊ុន​នេះ មាន​គោលការណ៍​តឹងតែង​ចំពោះ​ពួកគេ​ពេក ។ ជាពិសេស ពាក់ព័ន្ធ​នឹង​បណ្តាញសារព័ត៌មាន ដោយ​តារាចម្រៀង​ខ្លះ​យល់ថា បណ្តាញ ផ្សព្វផ្សាយ អាចជួយ​ពង្រីក​ទីផ្សារ​របស់​ពួកគេ ឱ្យ​លេចធ្លោ​មួយកម្រិត​ថែមទៀត៕



© រក្សាសិទ្ធិដោយ thmeythmey.com