ជាតិ
សង្គមជាតិ
រូបចម្លាក់​ដែល​ពលរដ្ឋ​ប្រទះឃើញ​ធ្វើឡើង​នៅ​សម័យ​បាយ័ន
02, Jul 2015 , 11:20 am        
រូបភាព
រូបភាព៖ អាជ្ញាធរជាតិអប្សរា
រូបភាព៖ អាជ្ញាធរជាតិអប្សរា
សៀមរាប៖ អាជ្ញាធរ​ជាតិ​អប្សរា បានកំណត់​អត្តសញ្ញាណ​នៃ​រូបចម្លាក់ ដែល​ពលរដ្ឋ​រស់នៅ​តំបន់​អង្គរ​ប្រទះឃើញ​កាលពី​ម្សិលមិញ​ហើយ។ បើតាម​អ្នកជំនាញ រូប​ទាំងពីរ​ដុំ​នោះ ធ្វើឡើង​នៅ​ចុង​សម័យ​បាយ័ន គឺ​ចុង​សតវត្ស​ទី១៣ ។



ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី២ កក្កដា​នេះ អាជ្ញាធរ​ជាតិ​អប្សរា​ហៅ​រូបចម្លាក់​ដែល​ប្រទះឃើញ​នៅ​បរិវេណ​តំបន់​អង្គរ​ម្សិលមិញ គឺជា​បំណែក​វត្ថុ​បុរាណ២ដុំ ហើយ​ដែល​ពលរដ្ឋ​ប្រទះឃើញ​ពេល​កំពុង​ឆ្កា​ដី។ អ្នកជំនាញ​សន្និដ្ឋានថា បំណែក​វត្ថុ​បុរាណ​ទាំងនោះ គឺជា​ទេវរូប​ធ្វើ​ពី​ថ្មភក់ ក្នុង​រចនាបថ​ទម្រង់​សិល្បៈ​ចុង​សម័យ​បាយ័ន (ចុង​សតវត្ស​ទី១៣)។

តាម​ការបញ្ជាក់​ពី​អាជ្ញាធរ​ជាតិ​អប្សរា​ដដែល បំណែក​វត្ថុ​បុរាណ​ខាងលើ ត្រូវបាន​ពលរដ្ឋ​ប្រទះឃើញ​នៅ​ភូមិ​វាល សង្កាត់​គោកចក ក្រុង​សៀមរាប គឺ​នៅ​ខាងត្បូង​ទីតាំង​បា​ឡុង មុខ​ប្រាសាទអង្គរវត្ត។ ដោយ​រូប​ទី១ ជា​រូប​ទេវរូប​អង្គុយពែនភ្នែន មាន​កម្ពស់ ២០សង់ទីម៉ែត្រ ទទឹង ១៧ សង់ទីម៉ែត្រ និង​កម្រាស់ ៩សង់ទីម៉ែត្រ។ ហើយ​រូប​ទី២ ជា​ព្រះ​កេស​ទេវរូប មាន​កម្ពស់ ១៨សង់ទីម៉ែត្រ ទទឹង ២៣សង់ទីម៉ែត្រ និង​កម្រាស់ ១២សង់ទីម៉ែត្រ។

បច្ចុប្បន្ន អ្នកជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា កំពុង​សិក្សា​បន្ត​ទៅលើ​លក្ខណៈ​បុរាណវិទ្យា សិល្បៈ​រចនាបថ​ជាដើម ដើម្បី​ឈានដល់​ការចុះបញ្ជី និង​រក្សាទុក​ក្នុង​សារមន្ទីរ។ អាជ្ញាធរ​ជាតិ​អប្សរា ក៏បាន​ថ្លែង​ការ​អរគុណ​ចំពោះ​ប្រជាពលរដ្ឋ ដែល​តែង​សហការ​និង​អាជ្ញាធរ ក្នុង​កិច្ចការ​អភិរក្ស​រមណី​យ​ដ្ឋា​ន​អង្គរ​ជា​រៀង​រហូតមក៕





© រក្សាសិទ្ធិដោយ thmeythmey.com