ជាតិ
សង្គមជាតិ
សុំ​អនុញ្ញាត​ពី​នាយករង​ទៅ​ទះកំផ្លៀង​សិស្សស្រី​ដែល​ឈ្លោះ​ជាមួយ​កូន​ខ្លួន?
02, Jul 2015 , 12:40 pm        
រូបភាព

វីដេអូ​មាន​រយៈពេល១៤ វិនាទី បង្ហាញ​ពី​ទិដ្ឋភាព​ដ៏​គួរ​ឲ្យ​តក់ស្លុត និង​ហួសចិត្ត​មួយ ដែល​បុរស​ម្នាក់​ទះកំផ្លៀង​សិស្សស្រី​យ៉ាង​ពេញទំហឹង​នៅ​សាលា​វិទ្យាល័យ​ជា ស៊ីម បឹង​កេងកង កាលពី​ថ្ងៃទី១ ខែកក្កដា ម្សិលមិញ​នេះ។


មុននឹង​ប្រើ​អំពើហិង្សា​បុរស​នោះបាន​ដើរ​តម្រង់​មក​សិស្សស្រី​នោះ​ដោយ​បន្លឺសម្លេង​បែប​កំហឹង​ថា ហេតុ​អី​បាន​វាយ​គ្នា..ហា៎! មួយ​រំពេច​បុរស​នោះ​ក៏​ប្រើ​ដៃ​ខាងស្តាំ​ទះកំផ្លៀង​សិស្សស្រី​នោះ​តែម្តង។ ក្រោយពី​ទះកំផ្លៀង​សិស្សស្រី​នោះ​ហើយ បុរស​នោះបាន​អះអាងថា ខ្លួន​បាន​សុំ​ការអនុញ្ញាត​ពី​នាយក​សាលា​រួចហើយ។ បុរស​នោះបាន​ចង្អុលមុខ​សិស្សស្រី​នោះ ដោយ​សម្លុតខ្លាំងៗថា «អញ​ប្រាប់​ឲ្យ​ហើយ! អញ​ហា៎! អញ​ហា៎! មិញ​អញ​សុំ​អនុញ្ញាត​ពី​នាយក​សាលា​ហើយ! អញ​សុំ​អនុញ្ញាត​ពី​នាយក​សាលា​រួចហើយ​មិញ» ។ ការ​និយាយថា ខ្លួន​សុំ​ការអនុញ្ញាត​ពី​នាយក​សាលា បុរស​នោះ​ចង់​មានន័យថា ខ្លួន​អាច​ទះកំផ្លៀង​សិស្សស្រី​នោះបាន ដោយសារតែ​នាយក​សាលា​អនុញ្ញាត។

លោក រស់ សា​លីន អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​មានប្រសាសន៍ថា នៅ​ថ្ងៃកើតហេតុ​នោះ នាយក​សាលា​មិនមាន​វត្តមាន​ទេ អ្នក​ដែល​អនុញ្ញាត​នោះ គឺជា​នាយករង។ ហើយ​លោក​នាយករង​នោះ​ក៏​មិនមែន​អនុញ្ញាត ឲ្យ​បុរស​នោះ​ទៅប្រើ​អំពើហិង្សា​យ៉ាង​កំរោល​អីចឹង​ដែរ។ ការពិត​បុរស​នោះបាន​សុំ​ការអនុញ្ញាត​ពី​នាយករង​មែន តែ​ការ​អនុ​ញ្ញា​នោះ​ដោយ​លោកនាយ​ករង​យល់ថា​ជាការ​ចូលទៅ​ដោះស្រាយ​ក្នុងនាម​ជា​អាណាព្យាបាល ដែល​សិស្សស្រី​ពីរ​នាក់​ឈ្លោះប្រកែក​គ្នា​តិច​តូច​ប៉ុណ្ណោះ ដោយ​មិន​នឹកស្មានថា​បុរស​នោះ​ហ៊ាន​ប្រើ​អំពើហិង្សា​ដល់​ថ្នាក់​នឹង​សោះ។

អ្នកនាំពាក្យ​រូបនេះ​បន្ថែមថា ក្រោយពី​ទះកំផ្លៀង​ហើយ លោកគ្រូ អ្នកគ្រូ​ចូលមក​អន្តរាគមន៍​ភ្លាម ហើយ​ទាក់ទង​ទៅ​សមត្ថកិច្ច​ខណ្ឌចំការមន ដើម្បី​នាំ​នោះ​បុរស​នោះ​ទៅ​ដោះស្រាយ​តាមផ្លូវ​ច្បាប់។ លោក​បញ្ជាក់​យ៉ាងនេះ​ថា «ឥឡូវនេះ​បុរស​ប្រើ​អំពើហិង្សា​នោះ កំពុងតែ​ស្ថិត​នៅឯ​អធិការដ្ឋាន​ខណ្ឌចំការមន​ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់ តែ​ដោះស្រាយ​យ៉ាងណា​នោះ ខ្ញុំ​ក៏​មិនទាន់​ដឹង​ដែរ ទល់​តែ​គេ​ដោះស្រាយ​រួច ទើប​ខ្ញុំ​អាច​ផ្តល់ព័ត៌មាន​បន្ថែម​បាន» ។

ទាក់ទង​នឹង​អត្តសញ្ញាណ​បុរស​ប្រើ​អំពើហិង្សា​នោះ លោក រស់ សា​លីន គ្រាន់តែ​បញ្ជាក់ថា ជាណា​ព្យាបាល​របស់​សិស្សស្រី​ម្នាក់ទៀត ដែលមាន​ជម្លោះ​ជាមួយ​សិស្សស្រី​ដែល​ខ្លួន​ទះកំផ្លៀង​នោះ។ តែ​លោក​មិនទាន់​ដឹងថា បុរស​នោះ​ជា​ឪពុក ពូ ឬក៏​អ៊ំ​របស់​សិស្សស្រី​ដែល​ខ្លួន​ការពារ​នោះទេ៕






© រក្សាសិទ្ធិដោយ thmeythmey.com