ជាតិ
​​​ន​យោ​បាយ​ជាតិ​
ស្ថាប័ន​រដ្ឋសភា​ខ្វះ​ការផ្តល់​តម្លៃ​ដល់​អ្នកសារព័ត៌មាន ?
02, Jul 2015 , 1:47 pm        
រូបភាព
ទិដ្ឋភាព​របស់លោក ឈាង វុន អ្នកតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា បណ្តេញ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន មិនអោយ​ផ្តល់​បទសម្ភាសន៍​ដល់​អ្ន​ក​កាសែត​នៅក្នុង​ទីធ្លា​រដ្ឋសភា​នោះ បានធ្វើ​ឲ្យ​គេ​គិត​អំពី​តម្លៃ​នៃ​សេរីភាព​សារព័ត៌មាន​នៅក្នុង​ស្ថាប័ន​កំពូល​មួយ​នេះ។ ខណៈ​លោក ពុ​យ គា ដែលជា​អគ្គលេខាធិការ​ក្លិប​អ្នកកាសែត​កម្ពុជា​ចង់ឃើញ​អ្នកនយោបាយ​អាច​ប្រើ​អ​កប្ប​កិរិយា និង​ភាសា​ទន់ភ្លន់​ទៅកាន់​អ្នកកាសែត លោក អ៊ូ វីរៈ បាន​រិះគន់​បទបញ្ជាផ្ទៃក្នុងរ​ដ្ឋ​សភា​ដែល​មិនបាន​ចែង​ច្បាស់លាស់​អំពី​ការផ្តល់​សារៈសំខាន់​ដល់​ការងារ​អ្នកសារព័ត៌មាន។



ដោយ​សំអាងថា លោក អ៊ុំ សំអាន អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មិនបាន​សុំ​ការអនុញ្ញាត​ពី​ប្រធានរដ្ឋសភា​ដើម្បី​ផ្តល់​សម្ភាសន៍​ដល់​អ្នកកា​សែត លោក ឈាង វុន ប្រធាន​គណកម្មការ​កិច្ចការបរទេស និង​ព័ត៌មាន និង​ទទួលបន្ទុក​ជា​អ្នកនាំពាក្យ​នៃ​រដ្ឋសភា​ផង​នោះ ក៏បាន​បញ្ឈប់​ការសម្ភាសន៍​នេះ។ លោក ឈាង វុន បាន​បណ្តេញ​លោក អ៊ុំ សំអាន និង​អ្នកកាសែត​ចេញ​ក្រៅពី​ទីធ្លា​រដ្ឋសភា ប្រសិនបើ​ពួកគេ​ចង់​បន្ត​កិច្ចសម្ភាសន៍ ហើយ​បាន​ព្រមាន​ហៅ​សន្តិសុខ​អោយ​ចាប់​អ្នកកាសែត​ចេញ​ទៀតផង។

លោក ពុ​យ គា ហាក់​មាន​អារម្មណ៍​រំខាន​ក្នុង​ចិត្ត នៅពេលដែល​លោក​ឃើញ​វីដេអូ​ឃ្លី​ប​ដែល​បង្ហាញ​សកម្មភាព​របស់​អ្នកតំណាងរាស្ត្រ ឈាង វុន ដេញ​អ្នកកាសែត និង​អ្នកតំណាងរាស្ត្រ​បក្សប្រឆាំង។ សម្រាប់​អ្នកកាសែត​ដ៏​មាន​ពិសោធន៍​រូបនេះ ការប្រើប្រាស់​កាយវិការ និង​ភាសា​ទន់ភ្លន់ គឺជា​អ្វីដែល​គេ​ត្រូវ​ប្រព្រឹត្ត​ចំពោះ​អ្នកកាសែត។ លោក ពុ​យ គា បាន​ចែករម្លែក​ពិសោធន៍​ដែល​បានឃើញ​អ្នកនយោបាយ និង​ស្ថាប័ន​មានតម្លៃធំៗ ដោយ​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖«ជា​ទម្លាប់ ជាពិសេស​ស្ថាប័នធំៗ រាប់ទាំង​រាល់​កិច្ចប្រជុំ​ខ្នាត​អន្តរជាតិ​ផង គេ​មិន​ដេញ​អ្នកកាសែត​ទេ។ តែបើ​ចាំបាច់​ដូច​ជាមាន​កិច្ចប្រជុំ​ចង្អៀត​ឬ​កិច្ចប្រជុំ​ផ្ទៃក្នុង​សម្ងាត់ គេ​ប្រើ​ភាសា​អញ្ជើញ​អ្នកសារព័ត៌មាន​ឲ្យ​រង់ចាំ​នៅ​ខាងក្រៅ​ជាដើម។ ហើយ​ខ្ញុំ​គិតថា​វប្បធម៌​បែបនេះ​គួរ​បន្ត​អនុវត្ត ព្រោះ​វា​ជា​វប្បធម៌​ដ៏​ចំណាស់​របស់​ខ្មែរ ដែល​បរទេស​ជាច្រើន​បាន​សរសើរ។ គេ​សរសើរ​ថា​ខ្មែរ​ទន់ភ្លន់»។

អគ្គលេខាធិការ​នៃ​ក្លិប​អ្នកកាសែត​កម្ពុជា​ដដែល​បាន​ពន្យល់ថា អ្នកសារព័ត៌មាន មាន​ក្រមសីលធម៌​របស់ខ្លួន​ដូច​ស្ថាប័ន​ដទៃទៀត​ដែរ ហើយ​តាមរយៈ​វិជ្ជាជីវៈ​នេះ អ្នក​សារពត៌មាន​តែង​គោរព​មនុស្ស​ទូទៅ។

លោក អ៊ូ វីរៈ ដែលជា​អ្នកវិភាគ​ឯករាជ្យ​មួយរូប​បាន​ថ្លែង​សោកស្តាយ​ចំពោះ​ហេតុការណ៍​បណ្តេញ​អ្នកកាសែត និង​អ្នកតំណាងរាស្ត្រ​ចុងក្រោយ​នេះ ហើយ​លោក​មើលឃើញថា នេះ​ជា«រូបភាព​រញ៉េរញ៉ៃ»មួយ។ អតីត​ប្រធាន​មជ្ឈមណ្ឌល​សិ​ទិ្ធ​មនុស្ស​កម្ពុជា​បាន​រិះគន់​បទបញ្ជាផ្ទៃក្នុង​នៃ​រដ្ឋសភា​ដែល​មិន​មានចែង​លើកតម្កើង​វិស័យ​សារព័ត៌មាន។ លោក អ៊ូ វីរៈ បញ្ជាក់ថា៖«គួរតែមាន​ការកំណត់​ឲ្យ​មាន​បន្ទប់​សន្និសីទកាសែត​មួយ​ដែល​អ្នកតំណាងរាស្ត្រ​ក៏​អាចធ្វើ​សន្និសីទ ឬ​ផ្តល់​សម្ភាសន៍​ជាមួយ​អ្នកកាសែត​ដោយ​មិនចាំបាច់​ស្នើសុំ​ការយល់ព្រម​ពី​ប្រធានរដ្ឋសភា»។

លោក អ៊ូ វីរៈ បន្តថា៖«សព្វថ្ងៃនេះ​បើ​អ្នកកាសែត​ចង់បាន​ឯកសារ​អ្វីមួយ​នៅ​រដ្ឋសភា ពួកគេ​មិនដឹង​ទៅរក​នៅ​កន្លែង​ណា​ទេ។ ម្យ៉ាងទៀត អ្វីៗត្រូវមាន​ការយល់ព្រម​ពី​ប្រធានរដ្ឋសភា។ នេះ​មិនបាន​បង្ហាញថា​រដ្ឋសភា​ជា​តួអង្គ​ប្រជាធិបតេយ្យ​នោះទេ»។

នេះ​ជា​លើក​ទី២ហើយ ដែល​អ្នកតំណាងរាស្ត្រ ឈាង វុន ដេញ​អ្នកតំណាងរាស្ត្រ​គណបក្សប្រឆាំង​ពី​ទីធ្លា​រដ្ឋសភា។ លើកទីមួយ​លោក ឈាង វុន បាន​ដេញ​លោក សុន ឆៃ។ រូបភាព​បែបនេះ អាចធ្វើ​ឲ្យ​ធ្លាក់​តម្លៃ​ស្ថាប័ន​រដ្ឋសភា ដែល​កំពុង​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា៕



© រក្សាសិទ្ធិដោយ thmeythmey.com