ជាតិ
​​​ន​យោ​បាយ​ជាតិ​
តំណាងរាស្ត្រ​CPP ពីររូប ស្ម័គ្រចិត្ត​លា​ចេញពី​តំណែង
03, Jul 2015 , 4:09 pm        
រូបភាព
រូបខាងឆ្វេងលោកស្រី ចែម សាវ៉ៃ និងខាងស្ដាំលោក អាន ហេ
រូបខាងឆ្វេងលោកស្រី ចែម សាវ៉ៃ និងខាងស្ដាំលោក អាន ហេ
តំណាង​គណបក្ស​ប្រជាជន២រូប គឺ​លោកស្រី ចែម សា​វ៉ៃ និង​លោក អាន ហេ បាន​ស្ម័គ្រចិត្ត​លាលែង​ពី​តំណែង​កាលពី​សប្ដាហ៍​មុន ដោយសារ​ជំងឺមហារីក​និង​ការវះកាត់​ឆ្អឹងខ្នង ។ រដ្ឋសភា​បានតែងតាំង​លោក កែវ ពិសិដ្ឋ និង លោក ងួន ប៊ៀ​ន​ជា​តំណាងរាស្ត្រ​ថ្មី​ជំនួស​លោកស្រី ចែម សា​វ៉ៃ និង​លោក អាន ហេ។



លោក អាន ហេ តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​មណ្ឌល​កែប ដែល​បាន​លាលែង​ពី​តំណែង​បាន​បញ្ជាក់ថា រូបលោក​មិនអាច​បំពេញការងារ​បា​ន​ដូច​មុន​នោះទេ ដោយសារ​លោក​ទើបតែ​វះកាត់​ឆ្អឹងខ្នង ដូចនេះ​បានជា​លោក​លាលែង​ពី​តំណែង ដោយ​ទុក​តួនាទី​នេះ​ឲ្យ​សមាជិក​បក្ស​បន្ដ​តំណែង​ជំនួស។ ថ្លែងប្រាប់​សារព័ត៌មានថ្មីៗនៅ​ថ្ងៃ​សុក្រ​នេះ តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​មណ្ឌល​កែប​រូបនេះ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖«ជំងឺ​វះកាត់​ឆ្អឹងខ្នង​ដើរ​មិន​រួច»។

ដោយឡែក​អ្នក​ស្និទ្ធ​និង​លោកស្រី ចែម សា​វ៉ៃ តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ ប្រាប់​សារព័ត៌មានថ្មីៗដែរ​ថា ការលាលែង​របស់លោក​ស្រី ចែម សា​វ៉ៃ គឺ​មិនមាន​បញ្ហា​អ្វី​ជាមួយ​គណបក្ស​នោះទេ។ ហើយ​មូល​ហេតុដែល​លោកស្រី ចែម សា​វ៉ៃ លាលែង​ពី​តំណែង​នេះ ដោយសារតែ​លោកស្រី មាន​ជំងឺមហារីក ដែល​មិនមាន​កំលាំង​គ្រប់គ្រាន់​សម្រាប់​បំពេញការងារ។«គាត់​មាន​ជំងឺមហារីក​ជាង១ឆ្នាំ​ហើយ ជំងឺ​នេះ​វា​ធ្ងន់ ដូចនេះ​ទើប​គាត់​ស្ម័គ្រចិត្ត​លាឈប់​ពី​តំណែង​ដោយ​ខ្លួនឯង ព្រោះ​គាត់​ឈឺ​គ្មាន​កំលាំង អត់​មាន​ពេល​ចុះ​ជួប​ប្រជារាស្ត្រ​ដូច​មុន។ ហើយ​គាត់​គិតថា​មិន​ចង់បាន​ប្រាក់ខែ​ពី​រដ្ឋ​ដោយ​មិនអាច​ធ្វើ​ការកើត ទើប​គាត់​សុំ​លាឈប់»។ នេះ​ជាការ​បញ្ជាក់​របស់​អ្នក​ស្និទ្ធ និង លោកស្រី ចែម សា​វ៉ៃ។

លោក ហេង សំរិន ប្រធានរដ្ឋសភា បាន​ដឹកនាំ​អង្គប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នៅ​ថ្ងៃ​សុក្រ​នេះ បាន​ពិនិត្យ និង​អនុម័ត​លើ​របៀបវារៈ​ចំនួន៤  ដោយ​ប្រកាស​ទទួលស្គាល់ លោក កែវ ពិសិដ្ឋ ជា​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​ថ្មី​នៃ​មណ្ឌល​ខេត្តកំពង់ចាម ជំនួស​លោកស្រី ចែម សា​វ៉ៃ។ ចំណែក​លោក ងួន ប៊ៀ​ន ជា​តំណាងរាស្ត្រ​ថ្មី​នៃ​មណ្ឌល​ខេត្ត​កែប ជំនួស​លោក អាន ហេ បន្ទាប់ពី​តំណាងរាស្ត្រ​ទាំងពីរ​រូបនេះ បាន​សុំលាលែង​ពី​តំណែង។

លើសពីនេះ​រដ្ឋសភា​ក៏បាន​ពិនិត្យ​លើ​សំណើសុំ​ជ្រើសតាំង​លោក កែវ ពិសិដ្ឋ ជា​សមាជិក គណៈកម្មការ នីតិកម្ម និង យុត្តិធម៌៕




© រក្សាសិទ្ធិដោយ thmeythmey.com