ពិភពតារា៖ វ៉ា​ឌី ភា​លីង បង្ហាញខ្លួន​ជាថ្មី​ក្រោយ​ល្បី​ថា​មាន​ឧកញ៉ា​ចិញ្ចឹម
04, Jul 2015 , 8:19 am        
រូបភាព
ដោយ:

ភ្នំពេញ៖ អតីត​តារាចម្រៀង​ស្រី​ល្បីឈ្មោះ​ប្រចាំ​ផលិតកម្ម​ស្ពា​ក Spark Music កញ្ញា​វ៉ា​ឌី ភា​លីង បាន​ឱបក្រសោប​នូវ​ប្រជាប្រិយភាព​ល្បី​គួរសម កាលពី​អំឡុង​ឆ្នាំ២០១០ ប៉ុន្តែ​ត្រូវ​បាត់​មុខ​យ៉ាង​ស្ងាត់កំបាំង​ជាមួយនឹង​ព័ត៌មាន​ថា នាង​មាន​ឧកញ៉ា​ជា​ម្ចាស់​ស្នេហ៍ បង្ខំ​ឱ្យ​នាង​ដកខ្លួន ពី​សិល្បៈ ទៅសម្ងំ​រស់នៅ​សោយសុខ​លើ​គំនរ​ទ្រព្យ។



ការដកខ្លួន​ឱ្យនៅ​ឆ្ងាយ​ពី​ពិភព​សិល្បៈ​របស់ ស្រី​ស្អា​តវ៉ា​ឌី ភា​លីង ក៏​លេចចេញ​នូវ​ព័ត៌មាន អាស្រូវ​មួយចំនួន ដោយ​គេ​នាំគ្នា​និយាយ ថា នាង​មាន​ឧកញ៉ា​ម្ចាស់​ស្នេហ៍ បង្ខំ​ឱ្យ​នាង​ដកខ្លួន ពី​សិល្បៈ ទៅសម្ងំ​រស់នៅ​សោយសុខ​លើ​គំនរ​ទ្រព្យ វីឡា ដុល្លារ និង​ឡាន​ទំនើប​ទៀតផង ។ តែ​សម្រាប់​ព័ត៌មាន​មួយ​នេះ​កន្លងមក ក៏ត្រូវ​បាន​ខាង​គ្រួសារ​របស់​កញ្ញា​វ៉ា​ឌី ភា​លីង ផ្ទាល់ បាន​ចេញមុខ​បដិសេធថា នោះ​ពុំមែន​ជា​ការពិត​ទាំងអស់ ហើយ​ក៏បាន​អះអាង​ទៀតថា តារាចម្រៀង​រូបឆោម​ស្រស់ វ៉ា​ឌី ភា​លីង មាន​បញ្ហា​សុខភាព​យ៉ាងធ្ងន់ធ្ងរ ទើប​នាង​អវត្តមាន​ពី​អាជីព​យ៉ាង​ដូច្នេះ ។

មាន​ទស្សនិកជន​ជាច្រើន មិនបាន​ជឿ ជាក់​ថា កញ្ញា​វ៉ា​ឌី ភា​លីង មិន​បង្ហាញខ្លួន​ដោយ សារ​សុខភាព​នោះទេ ផ្ទុយទៅវិញ គេ​បែរជា​នាំគ្នា​ជឿ​ទៅលើ​រនាំង​ស្នេហា​របស់​នាង​ជាមួយ នឹង​បុរស ដែលមាន​ងារ​ជា​ឧកញ៉ា​នោះ​ច្រើនជាង ។ បើ​គិត​មកដល់ពេលនេះ អវត្តមាន​នៅក្នុង​ពិភព​សិល្បៈ​របស់​តារាចម្រៀង​វ៉ា​ឌី ភា​លីង បានអូសបន្លាយ​មក​ជិត ៣ឆ្នាំ​ហើយ យូរៗម្តង គេ​បានឃើញ​នាង​ឡើង​ច្រៀង​នៅក្នុងនាម​ជា​តារា​កិត្តិយស​ម្តងម្កាល​ដែរ ។ ថ្មីៗនេះ លេចឮ​ដំណឹង​មក​ថា កញ្ញា​វ៉ា​ឌី ភា​លីង បាន​ស្ពាយ​បង្វេច​វិល​មក​ប្រកប​របស់​ចាស់​យ៉ាង​ពេញទំហឹង​វិញ​ហើយ ។

ដំណឹង​មួយ នេះ ក៏បាន​ធ្វើឱ្យ​ទស្សនិកជន​មួយចំនួន​សង្ស័យ ថា ចំណង​ស្នេហ៍​ដែល​ធ្លាប់តែ​ល្បី​រវាង​កញ្ញា​វ៉​ឌី ភា​លីង ជាមួយ​ឧកញ៉ា​ម្នាក់​នោះ ប្រហែលជា ដើរ​ដល់​ផ្លូវ​ពុះ​ជ្រែក​បេះដូង​ពីគ្នា​ហើយ ទើប ធ្វើឱ្យ​កញ្ញា​វ៉ា​ឌី ភា​លីង ខ្វះ​ភាពកក់ក្តៅ​នៅក្នុង​ការរស់នៅ ហើយក៏​ងាក​មក​ផ្ញើ​ឆ្នាំងបាយ​ជាមួយ​អាជីព​ចាស់​ឡើងវិញ​យ៉ាង​ដូច្នេះ។ បើតាម​ប្រភពពី​អ្នក​ជិតស្និទ្ធ​របស់​កញ្ញា​វ៉ា​ឌី ភា​លីង បាន​លួច​បង្ហើប​ឱ្យដឹងថា តាមពិត កញ្ញា វ៉ា​ឌី ភា​លីង វិល​ចូលមក​ពិភព​សិល្បៈ​ជាថ្មី ឡើងវិញ​នោះ​គឺ យូរ​ក្រែល​ហើយ​ដែរ គ្រាន់តែ​ប៉ុន្មាន​ខែ​មកនេះ នាង​ដើរ​ច្រៀង​ចល័ត ពុំទាន់​មាន​ទ្រនំ​ជ្រកកោណ​ច្បាស់លាស់​នៅឡើយ ។

ប្រភព​ដដែល​បាន​បន្តទៀតថា ដោយសារតែ​ការរស់នៅ​ពុំមាន​លំនឹង​សម្រាប់​ខ្លួនឯង ទើប​ធ្វើឱ្យ​វ៉ា​ឌី ភា​លីង សម្រេចចិត្ត​ដើរចេញ​ពី​ទី​ងងឹត​មករក​ទី​ភ្លឺ​សាង​កេរ្តិ៍ឈ្មោះ​ជាថ្មី ហើយ​ពេលនេះ នាង​រកបាន​ទ្រនំ​មួយ​ហើយ សម្រាប់​ធ្វើជា​ខ្នងបង្អែក គ្រាន់តែ​នាង​ពុំទាន់​បានប្រកាស​ជា​សាធារណៈ​តែប៉ុណ្ណោះ ។ បើតាម​ដំណឹង ល្ហិ​ត​ល្ហៀ​ង​មក​ថា កញ្ញា​វ៉ា​ឌី ភា​លីង ពេលនេះ កំពុងតែ​ជ្រកកោន​នៅក្នុង​ផលិតកម្ម​ដាយ​ម៉ិ​ន ទៀតផង៕


© រក្សាសិទ្ធិដោយ thmeythmey.com