បទយកការណ៍ / បទសម្ភាសន៍
លោក ជា វុឌ្ឍី អ្នកត្រួតពិនិត្យចំនីអាហារសម្រាប់អ្នកដំណើរតាមយន្តហោះ
× ភ្នំពេញ៖ ក្នុងវ័យ ២២ឆ្នាំ យុវជន ជា វុឌ្ឍី ជាអ្នកត្រួតពិនិត្យចំណីអាហារសម្រាប់ផ្គត់ផ្គង់ អ្នក ដំណើរលើយន្តហោះ ប្រចាំក្រុមហ៊ុនខេមបូឌា អ៊ែរខាធ័ររីង សឺរវីស អិលជធីឌី (Cambodia Air Catering Services LTD) ដែលជាក្រុមហ៊ុនត្រួតពិនិត្យគុណភាពចំណីអាហារសម្រាប់អ្នក ធ្វើដំណើរតែមួយគត់ នៅកម្ពុជា។ វុឌ្ឍី មានមោទនភាព ពេលដែលខ្លួនក្លាយជាអ្នកធានា គុណភាពអាហារដល់អ្នកដំណើរចេញពីប្រទេសកម្ពុជាទាំងអស់ រួមទាំង គណៈប្រតិភូពិសេស របស់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលជាតិ និងអន្តរជាតិ។
សូមស្តាប់បទសម្ភាសន៍រវាងលោក ជា វុឌ្ឍី អ្នកត្រួតពិនិត្យគុណភាពចំណីអាហារសម្រាប់អ្នក ដំណើរតាមយន្តហោះ និងលោក រឿន ភារុន អ្នកសារព័ត៌មានអេឡិត្រូនិចថ្មីៗ ៖
ជានិស្សិតទើបនឹងបញ្ចប់ការសិក្សាផ្នែកកសិឧស្សាហកម្មចំណីអាហារ នៃ សាកលវិទ្យា ល័យភូមិន្ទកសិកម្ម (ចំការដូង) នៅឆ្នាំ២០១៥នេះ លោក ជា វុឌ្ឍី បានក្លាយខ្លួនជា អ្នកត្រួតពិនិត្យចំណីអាហារសម្រាប់អ្នកដំណើរតាមជើងយន្តហោះចេញពីប្រទេសកម្ពុជា។ ហើយការងារមួយនេះ ក៏ជាក្តីស្រមៃរបស់ វុឌ្ឍី តាំងពីកុមារភាពដែរ។ យុវជន វុឌ្ឍី និយាយថា លោកតែងមានក្តីបំណងចង់ក្លាយជាអ្នកជំនាញបច្ចេកទេសត្រួតពិនិត្យ គ្រប់គ្រងចំណីអាហារ ប្រចាំកម្ពុជា។
«ខ្ញុំមានការពេញចិត្តយ៉ាងខ្លាំង ចំពោះការងាររបស់ខ្ញុំ ក៏ដូចជាមោទនភាពមួយដែរ ដោយសារ ខ្ញុំអាចធានាសុវត្ថិភាពជួនឥស្សរិយជន ក៏ដូចជាបុគ្គលសំខាន់»។ នេះជាការបញ្ជាក់របស់ យុវជន ជា វុឌ្ឍី។
ក្រុមហ៊ុនខេមបូឌា អ៊ែរខាធ័ររីង ជាក្រុមហ៊ុនតែមួយគត់ដែលបំរើសេវាឧស្សាហកម្មម្ហូបអាហារ ដល់អ្នកដំណើរតាមយន្តហោះ ដែលចាកចេញទៅអន្តរជាតិ។ ហើយដែរ សេវាកម្មនេះ កំពុង មានធនធានមនុស្សចាប់អារម្មណ៍ ជាក់ស្តែង វុឌ្ឍី ដែលជាធនធានមនុស្សម្នាក់ ក្នុងធ្វើការងារនេះ បានអះអាងថា បច្ចុប្បន្ននេះ ការបម្រើសេវាកម្មគុណភាពម្ហូបអាហារ មានការប្រកួតប្រជែង ដូចនេះលោកថា សេវាកម្មនេះ នឹងកាន់តែមានការប្រជែងថែមទៀត នៅពេលសមាហរកម្មអាស៊ាន នៅចុងឆ្នាំ២០១៥ ខាងមុខ។
នៅថ្ងៃអនាគត យុវជន ជា វុឌ្ឍី ដែលធ្លាប់ទទួលបានអាហារូបករណ៍ផ្លាស់ប្តូរកម្មវិធីសិក្សារយៈ ពេល ១០ខែ នៅប្រទេសអេស្ប៉ាញ លើជំនាញចំណីអាហារនោះ មានបំណងបើកក្រុមហ៊ុន បម្រើសេវាម្ហូបអាហារសរីរាង្គសម្រាប់ប្រជាជនកម្ពុជាដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com