អន្តរជាតិ
អាស៊ាន​បង្កើត​ប្រអប់​ជំនួយ​ជួយ​ជនរងគ្រោះ​ដោយសារ​ការជួញដូរ​តាម​ទូក
03, Jul 2015 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
រដ្ឋមន្ត្រី​អាស៊ាន​បាន​ឯកភាពគ្នា​ចូលរួម​ដោះស្រាយ​បញ្ហា​បទឧក្រិដ្ឋ​ឆ្លងដែន និង​បង្កើត​ប្រអប់​លុយ​សម្រាប់​ប្រើប្រាស់​ជួយសង្គ្រោះ​ជនរងគ្រោះ​ដោយសារ​ការជួញដូរ​ម​នុស្ស​ឬ​ជនភៀសខ្លួន។ ការសម្រេច​នេះ​កើតឡើង​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​អាស៊ាន​បន្ទាន់​នៅក្នុង​ទីក្រុង​កូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។ ប្រទេស​សិង្ហ​បុរី​បាន​ក្លាយជា​សមាជិក​អាស៊ាន​ផ្តល់​លុយ​ជំនួយ ២សែន​ដុល្លារ​គាំទ្រ​គម្រោង​នេះ។



បញ្ហា​វិបត្តិ​ជនអន្តោប្រវេសន៍ បញ្ហា​ជួញដូ​មនុស្ស​និង​បទឧក្រិដ្ឋ​ឆ្លងដែន​បាន​ក្លាយជា​បញ្ហាសំខាន់ និង​ចម្រូងចម្រាស់​ដោះស្រាយ​មិន​ចេញ​នៅ​តំបន់​អាស៊ាន។ យ៉ាងណាក៏ដោយ ម្សិលមិញ​នេះ បញ្ហា​ប្រឈម​ទាំងនេះ​ត្រូវបាន​ក្រុម​រដ្ឋមន្ត្រី​អាស៊ាន​ជួបប្រជុំគ្នា​យកមក​ពិភាក្សា​និង​រក​ដំណោះស្រាយ​បញ្ចប់​បញ្ហា​នេះ។ ក្រោយ​ពិភាក្សាគ្នា​អស់​ពេល​យូរ​ល្មម​នៅ​រា​ធានី​កូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី ក្រុម​រដ្ឋមន្ត្រី​អាស៊ាន​បានសម្រេច​ឯកភាពគ្នា​បង្កើត​ឲ្យ​មាន​វិធានការ​រួមគ្នា​រវាង​សមាជិក​អាស៊ាន​តាម​កម្ចាត់​បទឧក្រិដ្ឋ​ឆ្លងដែន​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ បន្ថែម​ពី​វិធានការ​សំខាន់​នេះ បណ្តា​រដ្ឋមន្ត្រី​ទាំងអស់​ក៏​ព្រមព្រៀងគ្នា​បង្កើន​ប្រអប់​ជំនួយ​ហិរញ្ញវត្ថុ​រួមមួយ ដែល​ប្រមូលផ្តុំ​រាល់​វិភាគទាន​ពី​បណ្តា​រដ្ឋ​អាស៊ាន​ទាំងអស់​សម្រាប់​ដោះស្រាយ​បញ្ហា​ជនរងគ្រោះ​ជា​ជនភៀសខ្លួន និង​ជនអន្តោប្រវេសន៍​ដែល​ចាញ់បោក​ឈ្មួញ​ជួញដូរ​មនុស្ស​តាម​ទូក​ផង។

គ្រាន់តែ​ប្រកាស​បង្កើត​មូលនិធិ​នេះ​ភ្លាម រដ្ឋាភិបាល​សិង្ហ​បុរី បានប្រកាស​ផ្តល់​វិភាគទាន ២សែន​ដុល្លារ ប៉ុន្តែ​សមាជិក​ផ្សេងទៀត​មិនទាន់​សម្រេចចិត្ត​ឡើយ​ថា​នឹង​ផ្តល់​វិភាគទាន​ប៉ុន្មាន​សម្រាប់​ទ្រទ្រង់​គម្រោង​នេះ។ លេខាធិការដ្ឋាន​អាស៊ាន​នឹង​បន្ត​ចាត់ចែង​ផែនការ​នេះ​ដើម្បី​អាច​ឲ្យ​ប្រទេស​សមាជិក​ឯទៀត​ផ្តល់ជំនួយ​របស់ខ្លួន។
 
ការបង្កើត​ប្រអប់​លុយ​ជំនួយ​នេះ ជា​អ្វីដែល​គ្រប់គ្នា​ចង់បាន ព្រោះ​វា​នឹង​លែង​មានការ​រត់គេច​ពី​ការទទួលខុសត្រូវ ហើយ​បញ្ហា​គ្រោះមហន្តរាយ​មនុស្សជាតិ​ក៏​មិនអាច​កើតមានឡើង​ទៀត​ដែរ។ គ្រប់​រដ្ឋ​សមាជិក​អាស៊ាន​មាន​បន្ទុក​រួមគ្នា លែងមាន​រដ្ឋ​មួយណា​ដែល​ត្រូវ​រងបន្ទុក​ម្នាក់ឯង​ទៀត​ដែរ។ កន្លងមក​បញ្ហា​ជនភៀសខ្លួន និង​ជនអន្តោប្រវេសន៍​ពី​មី​យ៉ាន់​ម៉ា និង​បង់​ក្លា​ដែន​បានធ្វើ​ឲ្យ​សមាជិក​អាស៊ាន​មួយចំនួន​ឈឺក្បាល វិលមុខ ហើយ​ជនភៀសខ្លួន និង​ជនអន្តោប្រវេសន៍​ដែល​ចាញ់បោក​ក្រុម​ឈ្មួញ​នោះបាន​រងគ្រោះ​បន្តរ​សាត់អណ្តែត​គ្មាន​កោះ​ត្រើយ​រហូត​ស្លាប់​រាប់រយ​នាក់​ថែម​ទៀតផង។  ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ស្ថិតក្នុង​ចំណោម​អ្នករងគ្រោះ​នោះដែរ បន្ត​ចាក​ចេញពី​មី​យ៉ាន់​ម៉ា ដើម្បី​គេច​ពី​គ្រោះថ្នាក់ និង​ការធ្វើ​ទុក​បុក​ម្នេញ​របស់​អាជ្ញាធរ និង​ប្រជាជន​ភាគច្រើន​ផង។  បញ្ហា​នេះ​នៅតែ​ជា​កង្វក់​ដ៏​ធំ​របស់​អាស៊ាន និង​ជា​រឹសគល់​នៃ​វិបត្តិ​ជនភៀសខ្លួន​និង​ជនអន្តោប្រវេសន៍​ដែរ។

យ៉ាងណាក៏ដោយ រដ្ឋ​សមាជិក​អាស៊ាន​មិនបាន​ជជែក​រឿង​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ឡើយ ព្រោះ​មី​យ៉ាន់​ម៉ា បាន​បន្ត​ស្នើ​ឲ្យ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​អាស៊ាន​ទាំងមូល ដក​ប្រធានបទ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ចេញពី​របៀបវារៈ។ មី​យ៉ាន់​ម៉ា​អះអាងថា បញ្ហា​ប្រជាជន​រ៉ូ​ហ៊ីង​យ៉ា ជា​កិច្ចការ​ផ្ទៃក្នុង និង​កិច្ចការ​នយោបាយ​មី​យ៉ាន់​ម៉ា និង​មិនត្រូវ​លើក​យកមក​ជជែក​គ្នា​ថ្នាក់​តំបន់​ឡើយ។ ប្រធាន​កិច្ចប្រជុំ​អាស៊ាន រដ្ឋមន្ត្រី​មហាផ្ទៃ​ម៉ាឡេស៊ី បាន​គាំទ្រ​ការលើកឡើង​របស់​ភាគី​មី​យ៉ាន់​ម៉ា ដោយ​សង្កត់ធ្ងន់ថា​កិច្ចការ​អាស៊ាន​គឺ​ជំរុញ​ការសហការ​គ្នា​ដោះស្រាយ​បញ្ហា​ឧក្រិដ្ឋកម្ម​ឆ្លងដែន មិនមែន​ផ្តោតលើ​បញ្ហានយោបាយ​ផ្ទៃក្នុង​របស់​រដ្ឋ​ជា​សមាជិក​ឡើយ៕


© រក្សាសិទ្ធិដោយ thmeythmey.com