ជាតិ
បទយកការណ៍ / បទសម្ភាសន៍
នយោបាយជាតិ
លោក ឈាង វុន ថា ក្រុមអ្នកកាសែតដែលលោកបណ្តេញចេញពីរដ្ឋសភា ធ្វើខុសវិជ្ជាជីវៈ
×
ក្លិបអ្នកកាសែតកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ភ្លាមៗរិះគន់ លោក ឈាង វុន អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ដែលប្រើសម្តីមិនសមរម្យទៅលើអ្នកសារព័ត៌មាននៅវិមានរដ្ឋសភាកាលថ្ងៃពុធ ទី ០១ ខែកក្តដា កន្លងទៅ។ ជាមួយគ្នានេះ ក្រុមអង្គការសង្គមស៊ីវិលមួយចំនួន ក៏បង្ហាញក្តីព្រួយបារម្ភពីសេរីភាពនៃការបញ្ចេញមតិ ដោយសារតែទង្វើលោក ឈាង វុន បណ្តេញអ្នកតំណាងរាស្ត្របក្សប្រឆាំងមិនឲ្យផ្តល់បទសម្ភាសន៍ដល់អ្នកកាសែតផងដែរ។ តែយ៉ាងណាក៏ដោយ លោក ឈាង វុន មិនបានទទួលស្គាល់ថា ខ្លួនជាអ្នកខុសនោះទេ ថែមទាំងចាត់ទុកសកម្មភាពរបស់អ្នកសារព័ត៌មាននៅពេលនោះថា ធ្វើផ្ទុយពីវិជ្ជាជីវៈរបស់ខ្លួន ហើយលោកស្នើឲ្យប្រធានក្លិបអ្នកកាសែត ត្រូវពិនិត្យមើលឲ្យបានច្បាស់លាស់មុននឹងចេញសេចក្តីថ្លែងការណ៍។ រីឯតំណាងរាស្ត្របក្សឆាំងលោក អ៊ុំ សំអាន វិញ បានធ្វើសកម្មភាពខុសពីបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ហើយវាជាទង្វើព្រហើននៅក្នុងរដ្ឋសភា។ នេះជាអ្វីដែលលោក ឈាង វុន តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បានអះអាងនៅក្នុងបទសម្ភាសន៍ជាមួយ ការីនិពន្ធព័ត៌មានជាតិនៃសារព័ត៌មានថ្មីៗ លោក ជា ធីរិទ្ធ ។
លោក ជា ធីរិទ្ធ៖ លោក ឈាង វុន កាលពីថ្ងៃពុធ កន្លងទៅលោកបានបណ្តេញអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ គឺលោក អ៊ុំ សំអាន និងអ្នកកាសែតចេញពីវិមានរដ្ឋសភា មិនឲ្យសម្ភាសន៍លោក អ៊ុំ សំអាន។ សកម្មភាពរបស់លោក ត្រូវក្រុមអង្គការសង្គមស៊ីវិលមួយចំនួន ចាត់ទុកថា ជាការរំលោភសិទ្ធិសេរីភាពក្នុងការសម្តែងមតិ ហើយក្លិបអ្នកកាសែតកម្ពុជា ក៏បានចេញសេចក្តីថ្លែងការណ៍សម្តែងការសោកស្តាយនឹងទង្វើរបស់លោកទៅលើអ្នកកាសែតផងដែរ។ តើលោកទទួលស្គាល់កំហុសរបស់ខ្លួនដូចការលើកឡើងរបស់សង្គមស៊ីវិល និងក្លិបអ្នកកាសែតដែរឬទេ?
លោក ឈាង វុន៖ ទេខ្ញុំអត់មានខុសអ្វីផង។ ហើយខ្ញុំក៏អត់មានប្រតិកម្មដែរ។ តែខ្ញុំគ្រាន់តែផ្តល់ព័ត៌មានពីរឿងនេះ។ ខ្ញុំសូមបញ្ជាក់ថា ពេលនោះ ខ្ញុំកំពុងដឹកនាំគណៈកម្មការចំនួន ៣ នៃរដ្ឋសភា ជជែកពីសេចក្តីព្រាងច្បាប់សមាគម និងអង្គការក្រៅរដ្ឋាភិបាល ដែលខ្ញុំទទួលសិទ្ធិពីគណៈកម្មាធិការអចិន្ត្រៃនៃរដ្ឋសភា។ ពេលកំពុងប្រជុំនោះ លោក គី វណ្ណរ៉ា ដែលជាមាជិកគណៈកម្មការទី ៥ នៃរដ្ឋសភា បានលើកឡើងនៅក្នុងអង្គប្រជុំថា មានអ្នកកាសែតនៅខាងក្រៅរដ្ឋសភា ហើយសន្តិសុខមិនឲ្យចូល លោកស្នើឲ្យខ្ញុំជាអ្នកដឹកនាំនៃអង្គប្រជុំ អនុញ្ញាតឲ្យអ្នកកាសែតទាំងនោះចូល។ ពេលនោះ យើងពិភាក្សាគ្នាទៅ ក៏សម្រេចឲ្យអ្នកកាសែតចូល ហើយឲ្យរង់ចាំនៅខាងក្រៅបន្ទប់ប្រជុំ ពោលគឺរង់ចាំខ្ញុំ ដែលជាប្រធានអង្គប្រជុំដឹកនាំ និយាយប្រាប់ពីលទ្ធផល។ តែពេលដែលខ្ញុំនិយាយប្រាប់អ្នកកាសែតចប់ ស្រាប់តែលោក អ៊ុំ សំអាន ស្ទុះចេញពីក្រោយ ហើយនិយាយជាមួយអ្នកកាសែតតែម្តង។ ខ្ញុំក៏ឲ្យគាត់ចេញ ហាមគាត់មិនឲ្យផ្តល់បទសម្ភាសន៍ដល់អ្នកកាសែត កុំឲ្យវាមានបញ្ហាប្រឈមដាក់គ្នា ពោលកុំឲ្យខ្ញុំនិយាយបែបនេះ គាត់និយាយផ្សេង។ បើគាត់ចង់និយាយ មិននិយាយក្នុងអង្គប្រជុំទៅ។ តែខ្ញុំខ្លាចថា បើឲ្យគាត់និយាយមិនមែននិយាយតែរឿងសេចក្តីព្រាងច្បាប់ NGOs នោះទេ។
លោក ជា ធីរិទ្ធ៖ តាមលោកគិត លោក អ៊ុំ សំអាន ចង់និយាយរឿងអ្វី? លោក អ៊ុំ សំអាន អាចនឹងនិយាយរឿងព្រំដែនក្នុងវិមានរដ្ឋសភាឬ? ព្រោះគាត់ តែងតែតវ៉ារឿងព្រំដែន។
លោក ឈាង វុន៖បាទត្រូវហើយ។ ខ្ញុំព្រួយបារម្ភខ្លាចគាត់និយាយរឿងបញ្ហាព្រំដែននៅក្នុងវិមានរដ្ឋសភា ព្រោះកន្លងមកសម្តេចប្រធានរដ្ឋសភា ធ្លាប់បានមិនអនុញ្ញាតតាមសំណើរបស់ក្រុមលោកតំណាងរាស្ត្ររូបហ្នឹង ដែលចង់និយាយពីបញ្ហាព្រំដែនកន្លងមក។ ហើយសម្តេចប្រធានគាត់ផ្តាំខ្ញុំថា ហាមមិនឲ្យនរណានិយាយដាច់ខាត ក្រៅតែពីខ្ញុំ ។ តែបើចង់និយាយត្រូវសុំច្បាប់ពីសម្តេចប្រធានសិន។
លោក ជា ធីរិទ្ធ៖ លោក ឈាង វុន បើតាមការអះអាងរបស់លោក គឺមានតែលោកទេ ដែលមានសិទ្ធិនិយាយនៅក្នុងបរិវេណរដ្ឋសភានេះមែនទេ?
លោក ឈាង វុន៖ នែ! ខ្ញុំសូមបញ្ជាក់ណា ខ្ញុំមិនដែលបិទមាត់អ្នកណាមិនឲ្យនិយាយទេ។ តែលោក អ៊ុំ សំអាន ព្រហើនពេក មកនិយាយទាំងខុសបទបញ្ជាផ្ទៃក្នុងរដ្ឋសភា។ មានតែខ្ញុំដែលមានសិទ្ធិនិយាយនៅពេលនោះ ពីព្រោះថា ទី ១ ខ្ញុំជាអ្នកដឹកនាំអង្គប្រជុំ ដែលទទួលបានអាណត្តិពីអង្គប្រជុំថា ឲ្យខ្ញុំនិយាយជាមួយអ្នកកាសែត ទី២ ដោយសារខ្ញុំទទួលសិទ្ធិពីសម្តេចប្រធានរដ្ឋសភា និងទី ៣ ដោយសារខ្ញុំមានតួនាទីជាអ្នកនាំពាក្យនៃរដ្ឋសភា។
លោក ជា ធីរិទ្ធ៖ លោក ឈាង វុន លោកនៅមិនទាន់ឆ្លើយនឹងសំណួរបស់ខ្ញុំជុំវិញសេចក្តីថ្លែងការណ៍របស់ក្លិបអ្នកកាសែតកម្ពុជា ដែលរិះគន់លោកថា ប្រើសម្តីមិនសមរម្យទៅលើអ្នកកាសែតនៅពេលនោះទេ។
លោក ឈាង វុន៖ ដូចខ្ញុំនិយាយខាងលើ ខ្ញុំមិនខុសទេ។ ខ្ញុំថា លោកប្រធានក្លិបអ្នកកាសែត លោក ប៉ែន បូណា នោះ គួរតែសិក្សាឲ្យច្បាស់មុននឹងចេញសេចក្តីថ្លែងការណ៍រិះគន់សកម្មភាពរបស់ខ្ញុំ។ ពីព្រោះពេលដែលអ្នកកាសែតទាំងនោះ សុំចូលក្នុងបរិវេណរដ្ឋសភា ហើយខ្ញុំឲ្យអ្នកទាំងនោះចូលរង់ចាំនៅខាងក្រៅបន្ទប់ប្រជុំ គឺដើម្បីសម្ភាសន៍តែខ្ញុំម្នាក់ប៉ុណ្ណោះ។ អ្នកកាសែតដែលចូលក្នុងរដ្ឋសភាបាន មិនមែនដើម្បីសម្ភាសន៍លោក អ៊ុំ សំអាន នោះទេ។ ដូច្នេះ ខ្ញុំថា លោកប្រធានក្លិបគួរពិនិត្យមើលសកម្មភាពកូនចៅខ្លួនឲ្យច្បាស់ផង។
លោក ជា ធីរិទ្ធ៖ លោកចង់និយាយថា មូលហេតុដែលលោកបណ្តេញអ្នកកាសែតពេលនោះ ដោយសារអ្នកកាសែតជាអ្នកខុស?
លោក ឈាង វុន៖ បាទត្រូវហើយ។ អ្នកកាសែតទាំងនោះបោកប្រាស់ខ្ញុំ។ ពួកគេធ្វើខុសពីវិជ្ជាជីវៈខ្លួនឯង។ ព្រោះពេលដែលសុំខ្ញុំចូលក្នុងរដ្ឋសភាថា ចាំសម្ភាសន៍ខ្ញុំស្តីពីលទ្ធផលនៃកិច្ចប្រជុំ តែដល់បានចូលក្នុង ទៅជាទៅសម្ភាសន៍អ្នកផ្សេងទៀត។ នេះជាសកម្មភាពខុសពីវិជ្ជាជីវៈរបស់អ្នកកាសែត៕
© រក្សាសិទ្ធិដោយ thmeythmey.com