ជាតិ
បទយកការណ៍ / បទសម្ភាសន៍
​​​ន​យោ​បាយ​ជាតិ​
លោក ឈាង វុន ថា ក្រុមអ្នកកាសែត​ដែល​លោក​បណ្តេញ​ចេញពី​រដ្ឋសភា ធ្វើ​ខុស​វិជ្ជាជីវៈ
03, Jul 2015 , 5:31 pm        
រូបភាព
ដោយ:

ក្លិប​អ្នកកាសែត​កម្ពុជា បានចេញ​សេចក្តីថ្លែងការណ៍ភ្លាមៗរិះគន់ លោក ឈាង វុន អ្នកតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ប្រើ​សម្តី​មិន​សមរម្យ​ទៅលើ​អ្នកសារព័ត៌មាន​នៅ​វិមាន​រដ្ឋសភា​កាល​ថ្ងៃ​ពុធ ទី ០១ ខែកក្តដា កន្លងទៅ។ ជាមួយគ្នានេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន ក៏​បង្ហាញ​ក្តី​ព្រួយបារម្ភ​ពី​សេរីភាព​នៃ​ការបញ្ចេញមតិ ដោយសារតែ​ទង្វើ​លោក ឈាង វុន បណ្តេញ​អ្នកតំណាងរាស្ត្រ​បក្សប្រឆាំង​មិន​ឲ្យ​ផ្តល់​បទសម្ភាសន៍​ដល់​អ្ន​ក​កាសែត​ផងដែរ។ តែ​យ៉ាងណាក៏ដោយ លោក ឈាង វុន មិនបាន​ទទួលស្គាល់ថា ខ្លួន​ជា​អ្នក​ខុស​នោះទេ ថែមទាំង​ចាត់ទុក​សកម្មភាព​រប​ស់​អ្នកសារព័ត៌មាន​នៅពេល​នោះ​ថា ធ្វើ​ផ្ទុយ​ពី​វិជ្ជាជីវៈ​របស់ខ្លួន ហើយ​លោក​ស្នើ​ឲ្យ​ប្រធាន​ក្លិប​អ្នកកាសែត ត្រូវ​ពិនិត្យមើល​ឲ្យ​បានច្បាស់លាស់​មុននឹង​ចេញ​សេចក្តីថ្លែងការណ៍។ រីឯ​តំណាងរាស្ត្រ​បក្ស​ឆាំង​លោក អ៊ុំ សំអាន វិញ បានធ្វើ​សកម្មភាព​ខុសពី​បទបញ្ជា​ផ្ទៃក្នុង​រដ្ឋសភា ហើយ​វា​ជា​ទង្វើ​ព្រហើន​នៅក្នុង​រដ្ឋសភា។ នេះ​ជា​អ្វីដែល​លោក ឈាង វុន តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាង​នៅក្នុង​បទសម្ភាសន៍​ជាមួយ ការី​និពន្ធ​ព័ត៌មាន​ជាតិ​នៃ​សារព័ត៌មានថ្មីៗ លោក ជា ធី​រិ​ទ្ធ ។



លោក ជា ធី​រិ​ទ្ធ៖ លោក ឈាង វុន កាលពី​ថ្ងៃ​ពុធ កន្លងទៅ​លោក​បាន​បណ្តេញ​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក អ៊ុំ សំអាន និង​អ្នកកាសែត​ចេញពី​វិមាន​រដ្ឋសភា មិន​ឲ្យ​សម្ភាសន៍​លោក អ៊ុំ សំអាន។ សកម្មភាព​របស់លោក ត្រូវ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន ចាត់ទុកថា ជាការ​រំលោភ​សិទ្ធិសេរីភាព​ក្នុងការ​សម្តែង​មតិ ហើយ​ក្លិប​អ្នកកាសែត​កម្ពុជា ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​សម្តែង​ការសោកស្តាយ​នឹង​ទង្វើ​របស់លោក​ទៅលើ​អ្នកកាសែត​ផងដែរ។ តើ​លោក​ទទួលស្គាល់​កំហុសរ​បស់​ខ្លួន​ដូច​ការលើកឡើង​របស់​សង្គម​ស៊ីវិល និង​ក្លិប​អ្នកកាសែត​ដែរឬទេ?
លោក ឈាង វុន៖ ទេ​ខ្ញុំ​អត់​មាន​ខុស​អ្វី​ផង។ ហើយ​ខ្ញុំ​ក៏​អត់​មានប្រតិកម្ម​ដែរ។ តែ​ខ្ញុំ​គ្រាន់តែ​ផ្តល់ព័ត៌មាន​ពី​រឿងនេះ។ ខ្ញុំ​សូមបញ្ជាក់ថា ពេលនោះ ខ្ញុំ​កំពុង​ដឹកនាំ​គណៈកម្មការ​ចំនួន ៣ នៃ​រដ្ឋសភា ជជែក​ពី​សេចក្តីព្រាងច្បាប់​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល ដែល​ខ្ញុំ​ទទួល​សិទ្ធិ​ពី​គណៈកម្មាធិការ​អចិ​ន្ត្រៃ​នៃ​រដ្ឋសភា។ ពេល​កំពុង​ប្រជុំ​នោះ លោក គី វណ្ណ​រ៉ា ដែលជា​មា​ជិ​ក​គណៈកម្មការ​ទី ៥ នៃ​រដ្ឋសភា បានលើកឡើង​នៅក្នុង​អង្គប្រជុំ​ថា មាន​អ្នកកាសែត​នៅ​ខាងក្រៅ​រដ្ឋសភា ហើយ​សន្តិសុខ​មិន​ឲ្យ​ចូល លោក​ស្នើ​ឲ្យ​ខ្ញុំ​ជា​អ្នកដឹកនាំ​នៃ​អង្គប្រជុំ អនុញ្ញាត​ឲ្យ​អ្នកកាសែត​ទាំងនោះ​ចូល។ ពេលនោះ យើង​ពិភាក្សាគ្នា​ទៅ ក៏​សម្រេច​ឲ្យ​អ្នកកាសែត​ចូល ហើយ​ឲ្យ​រង់ចាំ​នៅ​ខាងក្រៅ​បន្ទប់​ប្រជុំ ពោលគឺ​រង់ចាំ​ខ្ញុំ ដែលជា​ប្រធាន​អង្គប្រជុំ​ដឹកនាំ និយាយប្រាប់​ពី​លទ្ធផល។ តែ​ពេលដែល​ខ្ញុំ​និយាយប្រាប់​អ្នកកាសែត​ចប់ ស្រាប់តែ​លោក អ៊ុំ សំអាន ស្ទុះ​ចេញពី​ក្រោយ ហើយ​និយាយ​ជាមួយ​អ្នកកាសែត​តែម្តង។ ខ្ញុំ​ក៏​ឲ្យ​គាត់​ចេញ ហាម​គាត់​មិន​ឲ្យ​ផ្តល់​បទសម្ភាសន៍​ដល់​អ្ន​ក​កាសែត កុំ​ឲ្យ​វា​មាន​បញ្ហា​ប្រឈម​ដាក់គ្នា ពោល​កុំ​ឲ្យ​ខ្ញុំ​និយាយ​បែបនេះ គាត់​និយាយ​ផ្សេង។ បើ​គាត់​ចង់​និយាយ មិន​និយាយ​ក្នុង​អង្គប្រជុំ​ទៅ។ តែ​ខ្ញុំ​ខ្លាច​ថា បើ​ឲ្យ​គាត់​និយាយ​មិនមែន​និយាយ​តែ​រឿង​សេចក្តីព្រាងច្បាប់ NGOs នោះទេ។

លោក ជា ធី​រិ​ទ្ធ៖ តាម​លោក​គិត លោក អ៊ុំ សំអាន ចង់​និយាយ​រឿង​អ្វី? លោក អ៊ុំ សំអាន អាច​នឹង​និយាយ​រឿង​ព្រំដែន​ក្នុង​វិមាន​រដ្ឋសភា​ឬ? ព្រោះ​គាត់ តែងតែ​តវ៉ា​រឿង​ព្រំដែន។
លោក ឈាង វុន៖បាទ​ត្រូវ​ហើយ។ ខ្ញុំ​ព្រួយបារម្ភ​ខ្លាច​គាត់​និយាយ​រឿង​បញ្ហា​ព្រំដែន​នៅក្នុង​វិមាន​រដ្ឋសភា ព្រោះ​កន្លងមក​សម្តេច​ប្រធានរដ្ឋសភា ធ្លាប់បាន​មិន​អនុញ្ញាត​តាម​សំណើ​របស់​ក្រុម​លោក​តំណាងរាស្ត្រ​រូប​ហ្នឹង ដែល​ចង់​និយាយ​ពី​បញ្ហា​ព្រំដែន​កន្លងមក។ ហើយ​សម្តេច​ប្រធាន​គាត់​ផ្តាំ​ខ្ញុំ​ថា ហាម​មិន​ឲ្យ​នរណា​និយាយ​ដាច់ខាត ក្រៅតែ​ពី​ខ្ញុំ ។ តែបើ​ចង់​និយាយ​ត្រូវ​សុំច្បាប់​ពីស​ម្តេច​ប្រធាន​សិន។

លោក ជា ធី​រិ​ទ្ធ៖ លោក ឈាង វុន បើតាម​ការអះអាង​រប​ស់លោក គឺមាន​តែ​លោក​ទេ ដែលមាន​សិទ្ធិ​និយាយ​នៅក្នុង​បរិវេណ​រដ្ឋសភា​នេះ​មែន​ទេ?
លោក ឈាង វុន៖ នែ! ខ្ញុំ​សូមបញ្ជាក់​ណា ខ្ញុំ​មិនដែល​បិទមាត់​អ្នកណា​មិន​ឲ្យ​និយាយ​ទេ។ តែ​លោក អ៊ុំ សំអាន ព្រហើន​ពេក មក​និយាយ​ទាំង​ខុស​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា។ មានតែ​ខ្ញុំ​ដែលមាន​សិទ្ធិ​និយាយ​នៅពេលនោះ ពីព្រោះថា ទី ១ ខ្ញុំ​ជា​អ្នកដឹកនាំ​អង្គប្រជុំ ដែល​ទទួលបាន​អាណត្តិ​ពី​អង្គប្រជុំ​ថា ឲ្យ​ខ្ញុំ​និយាយ​ជាមួយ​អ្នកកាសែត ទី២ ដោយសារ​ខ្ញុំ​ទទួល​សិទ្ធិ​ពីស​ម្តេច​ប្រធានរដ្ឋសភា និង​ទី ៣ ដោយសារ​ខ្ញុំ​មាន​តួនាទី​ជា​អ្នកនាំពាក្យ​នៃ​រដ្ឋសភា។

លោក ជា ធី​រិ​ទ្ធ៖ លោក ឈាង វុន លោក​នៅ​មិនទាន់​ឆ្លើយ​នឹង​សំណួ​របស់ខ្ញុំ​ជុំវិញ​សេចក្តីថ្លែងការណ៍​របស់​ក្លិប​អ្នកកាសែត​កម្ពុជា ដែល​រិះគន់​លោក​ថា ប្រើស​ម្តី​មិន​សមរម្យ​ទៅលើ​អ្នកកាសែត​នៅពេលនោះទេ។
លោក ឈាង វុន៖ ដូច​ខ្ញុំ​និយាយ​ខាងលើ ខ្ញុំ​មិន​ខុស​ទេ។ ខ្ញុំ​ថា លោក​ប្រធាន​ក្លិប​អ្នកកាសែត លោក ប៉ែន បូ​ណា នោះ គួរតែ​សិក្សា​ឲ្យ​ច្បាស់​មុននឹង​ចេញ​សេចក្តីថ្លែងការណ៍​រិះគន់​សកម្មភាព​របស់​ខ្ញុំ។ ពីព្រោះ​ពេលដែល​អ្នកកាសែត​ទាំងនោះ សុំចូល​ក្នុង​បរិវេណ​រដ្ឋសភា ហើយខ្ញុំ​ឲ្យ​អ្នក​ទាំងនោះ​ចូល​រង់ចាំ​នៅ​ខាងក្រៅ​បន្ទប់​ប្រជុំ គឺ​ដើម្បី​សម្ភាសន៍​តែ​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ។ អ្នកកាសែត​ដែល​ចូលក្នុង​រដ្ឋសភា​បាន មិនមែន​ដើម្បី​សម្ភាសន៍​លោក អ៊ុំ សំអាន នោះទេ។ ដូច្នេះ ខ្ញុំ​ថា លោក​ប្រធាន​ក្លិប​គួរពិនិត្យមើល​សកម្មភាព​កូនចៅ​ខ្លួន​ឲ្យ​ច្បាស់​ផង។

លោក ជា ធី​រិ​ទ្ធ៖ លោក​ចង់​និយាយថា មូលហេតុ​ដែល​លោក​បណ្តេញ​អ្នកកាសែត​ពេលនោះ ដោយសារ​អ្នកកាសែត​ជា​អ្នក​ខុស?
លោក ឈាង វុន៖  បាទ​ត្រូវ​ហើយ។ អ្នកកាសែត​ទាំងនោះ​បោកប្រាស់​ខ្ញុំ។ ពួកគេ​ធ្វើ​ខុសពី​វិជ្ជាជីវៈ​ខ្លួនឯង។ ព្រោះ​ពេលដែល​សុំ​ខ្ញុំ​ចូលក្នុង​រដ្ឋសភា​ថា ចាំ​សម្ភាសន៍​ខ្ញុំ​ស្តីពី​លទ្ធផល​នៃ​កិច្ចប្រជុំ តែ​ដល់​បាន​ចូលក្នុង ទៅជា​ទៅ​សម្ភាសន៍​អ្នកផ្សេង​ទៀត។ នេះ​ជា​សកម្មភាព​ខុសពី​វិជ្ជាជីវៈ​របស់​អ្នកកាសែត៕



© រក្សាសិទ្ធិដោយ thmeythmey.com