ជាតិ
ទូរទស្សន៍​ព្រះអាទិត្យ៖ CNRP ប្រមូល​វិភាគទាន​បាន២២ម៉ឺន​ដុល្លារ ត្រឹម​ថ្ងៃទី២ កក្កដា
03, Jul 2015 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
គិត​ត្រឹម​ថ្ងៃទី០២ កក្កដា​នេះ គណបក្ស​សង្គ្រោះ​ជាតិ ប្រមូលបាន​ថវិកា​វិភាគទាន និង​ទុនវិនិយោគ ប្រមាណ២២ម៉ឺន​ដុល្លា។ គណបក្ស​សង្គ្រោះ​ជាតិ​បានចាប់ផ្តើម​ប្រមូល​វិភាគទាន​ដើម្បី​បង្កើត​ទូរទស្សន៍​ព្រះអាទិត្យ​កាលពី​ថ្ងៃទី២៥ខែមិថុនា​មក។



លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្ហោះ​នៅលើ​ហ្វេ​សបុ​កបាន​ឲ្យ​ដឹងថា ថវិការ​សរុប​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ប្រមូលបាន​ត្រឹម​ថ្ងៃទី២ កក្កដា មាន​ចំនួន​ជាង២១ម៉ឺន​ដុល្លារ និង​ប្រាក់រៀល​ជាង៣៩លាន​រៀល ។បើតាម​លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់ថា គណបក្ស​លោក​នឹង​ប្រមូល​វិភាគទាន និង​ទុនវិនិយោគ​ឲ្យ​បាន​គ្រប់៣លាន​ដុល្លារ ដើម្បី​សម្រេច​គោលដៅ​ដែល​បានកំណត់​ថា​បុ​ស្តិ៍​ទូរទស្សន៍​ថ្មី​នេះ នឹង​ដំណើរការ​នៅ​ចុងឆ្នាំ២០១៥ ។ លោក​បញ្ជាក់​កន្លងមក​ថា គណបក្ស​សង្គ្រោះ​ជាតិ ក៏​កំពុង​ពិចារណា​អំពី​ការប្រមូល​វិភាគទាន​ពី​សប្បុរជន និង​អ្នកគាំទ្រ​នៅតាម​បណ្តា​ខេត្ត​ផងដែរ និង​ធ្វើយ៉ាងណា​ធានាថា​វិភាគទាន​របស់​ពួកគាត់ បាន​ចូលរួមចំណែក​ក្នុងការ​បង្កើត​ប៉ុស្តិ៍​ទូរទស្សន៍​ថ្មី​នេះ។

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​សុទ្ធតែ​អះអាងថា ទូរទស្សន៍​ព្រះអាទិត្យ នឹង​ផ្តល់ព័ត៌មាន​ដែលមាន​វិជ្ជាជីវៈ បង្ហាញ​ពី​តថភាព​ពិត​របស់​សង្គម ផ្តល់​ការអប់រំ​ដល់​ប្រជាពលរដ្ឋ និង​បង្កើតឡើង​ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ  មិនមែន​បង្កើតឡើង​ដើម្បី​បម្រើ​ប្រយោជន៍​គណបក្ស​នោះទេ។ នៅក្នុង​កម្មវិធី​ទទួល​វិភាគទាន​កាលពី​ថ្ងៃទី២៧មិថុនា លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង ថា៖«ទូរទស្សន៍​ព្រះអាទិត្យ គឺជា​ទូរទស្សន៍​ដែល​និយាយ​ការពិត ឥត​ល​ម្លៀ​ង»៕


© រក្សាសិទ្ធិដោយ thmeythmey.com