សង្គមអន្តរជាតិ​
អន្តរជាតិ
វិបត្តិ​ក្រិ​ក៖ ប្រជាជន​ក្រិ​កនៅ​បរទេស​ត្រូវ​ទិញ​ឥ​វ៉ាន់​ផ្ញើ​ក្រុមគ្រួសារ​នៅ​ស្រុក
04, Jul 2015 , 6:30 pm        
រូបភាព

ធនាគារ​ក្រិ​ក​នៅតែ​បន្ត​បិទ​ដោយសារ​ខ្វះ​សាច់ប្រាក់ ចំណែក​ប្រជាជន​ដណ្តើម​គ្នាដ​កលុយ​ចេញពី​គណនី។ ប៉ុន្តែ​ប្រជាជន​ក្រិ​កម្នាក់ៗអាច​ដក​បាន​ត្រឹម៦០អឺរ៉ូ​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ។ ប្រជាជន​ក្រិ​កនៅ​ក្រៅប្រទេស​បាន​បង្ខំចិត្ត​ទិញ​របស់របរ​ប្រើប្រាស់​ចាំបាច់​ផ្ញើជូន​បងប្អូន ឬ​ឳ​ពុក​ម្តាយ​នៅ​ស្រុក​កំ​ណើ​វិញ​ដែល​កំពុង​ខ្វះ​លុយកាក់​សម្រាប់​ប្រើប្រាស់។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។



ប្រជាជន​ក្រិ​ក​កំពុង​ប្រឈម​បញ្ហា​ខ្វះ​លុយកាក់​សម្រាប់​ប្រើប្រាស់ ដោយសារតែ​ក្រិ​ក​ប្រកាស​មិន​សងបំណុល និង​បិទ​ធនាគារ​មិន​ឲ្យ​ប្រជាជន​ដក​លុយ។ ដោយសារតែ​ខ្វះ​សាច់ប្រាក់​ប្រើប្រាស់ រដ្ឋាភិបាល​បានចេញ​បញ្ជា​បិទ​ធនាគារ​បណ្តោះអាសន្ន​សិន​ទម្រាំ​មាន​ដំណោះស្រាយ។ ហើយ​អ្វីដែល​សំខាន់​ប្រជាជន​ក្រិ​ក​រស់នៅ​ក្នុងស្រុក​អាច​ត្រឹម​ដក​លុយ ៦០អឺរ៉ូ​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ ដើម្បី​ទុក​ប្រើប្រាស់​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ។ ប្រជាជន​កើតក្តី​ភ័យ​បារម្ភ និង​មាន​ខ្លះ​យំសោក​ផង ដោយសារតែ​គ្មាន​​លុយ​ប្រើប្រាស់​គ្រប់គ្រាន់​ដើម្បី​ទិញ​របស់របរ​ចាំបាច់​។

ប្រជាជន​ក្រិ​ក​ដែលមាន​បងប្អូន​នៅក្រៅ​ប្រទេស បង្ខំចិត្ត​សុំ​ឲ្យ​បងប្អូន​ខ្លួន​ទិញ​របស់របរ​ចាំបាច់​ដូចជា​គ្រឿងទេស ប្រេងឆា អង្ករ ក្រដាស​បន្ទប់ទឹក ផ្ញើ​ទៅកាន់​ប្រទេស​ក្រិ​ក​ផង​ក៏មាន។ គេ​ឃើញថា ប្រជាជន​ក្រិ​ក​ភាគច្រើន​ត្រូវ​បង្ខំចិត្ត​ធ្វើបែបនេះ​ដោយសារតែ​ប្រឈម​ការខ្វះខាត មិន​អាចមាន​សាច់ប្រាក់​ល្មម​សម្រាប់​ទិញ។

 ជាក់ស្តែង Nelly Skoufatoglou  ជនជាតិ​ក្រិ​ក​ម្នាក់​ដែល​កំពុង​រស់នៅ​ប្រទេស​អូស្ត្រាលី ក៏បាន​ចំណាយលុយ​ទិញ​របស់របរ​ផ្ញើ​ទៅ​ម្តាយ​របស់​នាង​នៅ​ក្រិ​ក។ នាង​បាន​ឆ្លៀតពេល​ទិញ​អីវ៉ាន់​តាម​ប្រព័ន្ធ​អ៊ិន​ធឺ​ណែ​ត ក្រោយពេល​នាង​ទូរ​សព្ទ​សួរ​ម្តាយ​របស់​នាង​ដែល​កំពុង​រស់នៅ​ក្នុងប្រទេស​ក្រិ​ក ថា​ត្រូវការ​របស់​ប្រើប្រាស់​អ្វីខ្លះ។ ម្តាយ​នាង​ប្រាប់​នាង​ថា គាត់​ខ្វះខាត​គ្រឿងទេស ប្រេងឆា និង​អង្ករ​ជាដើម ដែល​របស់​ទាំងនេះ​ចាំបាច់​សម្រាប់​ការប្រើប្រាស់​ប្រចាំថ្ងៃ។ នាង​បាន​សង្កត់ធ្ងន់ថា នាង​សម្រេចចិត្ត​ទិញ​អីវ៉ាន់​តាម​អន​ឡាញ ក្រៅពី​នាង​មិនអាច​រក​វិធី​អ្វី​ជួយ​ឪពុកម្តាយ​នាង​បាន​ផ្សេង​ពីនេះ។ នាង​មិនអាច​ផ្ទេរ​លុយ​ពី​គណនី​របស់​នាង​ទៅ​ក្រិ​ក ហើយ​ម្យ៉ាង​ឪពុកម្តាយ​នាង​ក៏​មិនអាច​ដក​លុយ​បាន​ទៀត ព្រោះ​ធនាគារ​បិទទ្វារ​ស្ទើរ​អស់​ទៅហើយ​នៅ​ក្រិ​ក។

 ក្រៅពីនេះ Nely Kostopoulou ដែល​កំពុង​រស់នៅ Baltimore សហរដ្ឋអាមេរិក ក៏​ធ្វើ​ស្រដៀង​គ្នា ដោយ​ទិញ​របស់របរ​ប្រើប្រាស់​ចាំបាច់​តាម​អ៊ី​ន​ធឺ​ណែ​ត​បញ្ជូន​ទៅកាន់​ឪពុកម្តាយ​នៅក្នុង​ប្រទេស​ក្រិ​ក​ដូចគ្នា​ដែរ ព្រោះ​មិនចាំបាច់​ដក​លុយ​ចេញពី​គណនី។ នាង Kostopoulou បាន​បង្ហាញថា ប្រាក់​សោធន​និវត្តន៍​ម្តាយ​នាង​ត្រូវ​រដ្ឋាភិបាល​កាត់បន្ថយ​ដល់៣០ភាគរយ ហើយ​ប្អូនស្រី​នាង​រក​ការងារ​មិនបាន​ធ្វើ​អស់​រយៈពេល​យូរ​មកហើយ​ដែរ។ ប្រជាជន​ក្រិ​ក​ដទៃទៀត​កំពុង​ជួប​ទុក្ខលំបាក​ដូចគ្នា​ដែរ​ខណៈ​ពេលនេះ ប៉ុន្តែ​រាល់​ប្រជាជន​ក្រិ​ក​សង្ឃឹមថា សុ​បិ​ន្ត​អាក្រក់​នេះ​នឹង​ឆ្លង​ផុតឆាប់ៗនេះ។

សូម​រំលឹក​បន្តិច​ថា ក្រិ​ក​បានប្រកាសថា​ខ្លួន​គ្មាន​លទ្ធភាព​សងបំណុល​មូល​និ​ធី​រូបី​យ​វត្ថុ​អន្តរជាតិ​កាលពី​ថ្ងៃ ៣០មិថុនា​កន្លងទៅ ដោយសារ​ចរចា​មិន​ត្រូវរ៉ូវ​ដើម្បី​បង្កើត​កិច្ចព្រមព្រៀង​ជាមួយ​ម្ចាស់បំណុល។ នៅ​ថ្ងៃ ៥កក្កដា​ស្អែក​នេះ ក្រិ​ក​ក៏​នឹង​រៀបចំ​ប្រជាមតិ​មួយ​ដើម្បី​ឲ្យ​ប្រជាជន​ក្រិ​ក​សម្រេចចិត្តថា​តើ​គួរ​ទទួលយក​សំណើរ​របស់​ម្ចាស់បំណុល​ដែល​ទាមទារ​ឲ្យ​ក្រិ​ក​អនុវត្ត​ការកែទម្រង់​និង​ដើរ​តាម​គោលនយោបាយ​ត្បិតត្បៀត​កាត់​ដោយ​ចំណាយ​សាធារណ​និង​តំឡើង​ពន្ធ​ដែរ​ឬ​អត់ ។ បច្ចុប្បន្ន​រដ្ឋ​អឺរ៉ុប​អះអាងថា​ខ្លួន​បើកទ្វារ​សម្រាប់​ក្រិ​ក បើសិន​ក្រិ​ក​ចង់​បន្ត​ការចរចា​បន្តទៀត៕


© រក្សាសិទ្ធិដោយ thmeythmey.com