ជាតិ
​​​ន​យោ​បាយ​ជាតិ​
UN ចាប់ផ្តើម​តាមដាន​វិវាទ​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម
04, Jul 2015 , 7:59 pm        
រូបភាព
ដោយ: ថ្មីៗ

អគ្គលេខាធិការ​នៃ​អង្គការសហប្រជាជាតិ (អ.ស.ប) លោក Ban Ki-moon បាន​តាមដាន​បញ្ហា​វិវាទ​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម ដែល​បង្ក​ឲ្យ​មាន​អំពើហិង្សា និង​បង្ក​របួស​ដល់​ភាគី​ទាំងសងខាង​ជាង ១០នាក់​កាលពី​សប្តាហ៍​កន្លងទៅ ហើយ​លោក​បាន​សម្តែង​ការស្វាគមន៍ ចំពោះ​ការបង្កើត​ក្រុមការងារ​ចម្រុះ​ចុះ​ដោះស្រាយ​វិវាទ​ព្រំដែន​ដែរ។ នេះ​បើ​យោងតាម ការផ្សាយ​របស់​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA) ដែល​ផ្សាយ​ជា​ភាសា​ខ្មែរ។



អ្នកនាំពាក្យ​អង្គការ UN លោកស្រី Eri Kaneko បាន​ប្រាប់​វី​អូ​អេ​ខេមរភាសា​អំពី​ការយកចិត្តទុកដាក់រ​បស់​លោក​អគ្គលេខាធិកា​រ​អ.ស.ប.ទៅលើ​បញ្ហា វិវាទ​ព្រំដែន។ អ្នកស្រី​និយាយថា៖«លោក​អគ្គលេខាធិការ​អ.ស.ប.បាន​តាមដាន​ការវិវត្ត​នានា​ចំពោះ​បញ្ហា ព្រំដែន​កម្ពុជា និង​វៀតណាម ហើយ​សម្តែង​ការស្វាគមន៍​ឲ្យ​មាន​កិច្ចព្រមព្រៀង​នៃ​ប្រទេស​ទាំងពីរ​ក្នុង ការបង្កើត​ក្រុមការងារ​ចម្រុះ​ដើម្បី​ពិនិត្យមើល​និង​បញ្ជាក់​ឲ្យ​ច្បាស់ ពី​បញ្ហា​ដែល​បាន​កើតឡើង»។

គណៈកម្មការ​ចម្រុះ​ព្រំដែន​គោក​កម្ពុជា និង​វៀតណាម នឹង​ជួបប្រជុំគ្នា​ក្នុង​ខេត្តសៀមរាប​ពីថ្ងៃ​ទី៦ដល់ ថ្ងៃទី៩ខែកក្កដា​សប្តាហ៍​ក្រោយ ដើម្បី​ដោះស្រាយ​វិវាទ​ព្រំដែន​ដែល​នៅ​សេសសល់ និង​បញ្ហា​នា​ន​ព្រំដែន​ផ្សេងទៀត​កន្លងមក។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ទីស្តីការ គណៈរដ្ឋមន្ត្រី ចុះ​ថ្ងៃទី១ កក្កដា​កន្លងទៅ។

ទាក់ទិន​បញ្ហា​ព្រំដែន​ដែរ  លោក អ៊ុំ សំអាន និង​តំណាងរាស្ត្រ​មួយចំនួនទៀត​មកពី​គណបក្ស​ង្គ្រោះ​ជាតិ ក៏បាន​ដាក់ពាក្យ​ស្នើសុំ​ជា​ផ្លូវការ​ទៅកាន់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន តាមរយៈ ប្រធានរដ្ឋសភា ដើម្បី​ប្តឹង​វៀតណាម​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ របស់​អ.ស.ប ក្នុង​ទីក្រុង​ឡាអេ​ពី​ការរំលោភ​ចូល​ទឹកដី​កម្ពុជា​ដែរ។

គួរ​រម្លឹក​ផងដែរ​ថា រដ្ឋាភិបាល បានបង្ហាញ​ផែនទី​មូលដ្ឋានគ្រឹះ ដែល​ខ្លួន​បាន​យកមកអនុវត្ត​ក្នុង​កិច្ចការ​ការពារ​ដែន​អធិបតេយ្យភាព​កម្ពុជា កាលពី​ថ្ងៃទី២ កក្កដា នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី។ តែ​បក្សប្រឆាំង​នៅតែ​មិន​ទទួលស្គាល់​ផែនទី​កំណត់ព្រំដែន​ក្នុង​ដៃ​រដ្ឋាភិបាល ទោះ​រដ្ឋាភិបាល​អះអាងថា ខ្លួន​បង្ហាញ​ផែនទី​យក​ពី UN បារាំង និង​វៀតណាម។ ការបង្ហាញ​របស់​រដ្ឋា​ភិ​បាល​នេះ គឺធ្វើឡើង​ក្រោយពី​តំណាងរាស្ត្រ​បក្សប្រឆាំង​ចោទ​រដ្ឋាភិបាល​ថា បាន​ប្រើប្រាស់​ផែនទី​ក្លែងក្លាយ។ តំណាងរាស្ត្រ​បក្សប្រឆាំង​ដែល​ចូលរួម​ស្ដាប់​ការបកស្រាយ​របស់​រដ្ឋា​ភិ​បាល នោះ បដិសេធ​មិន​ទទួលស្គាល់​ផែនទី​របស់​រដ្ឋាភិបាល​ទេ ដោយ​ថា​ផែនទី​ទាំងនោះ​គឺ​រដ្ឋាភិបាល យក​ផែនទី​ដែល​រៀបចំ​បោះ​ពុ​ម្ភ​ដោយ​វៀតណាម៕


© រក្សាសិទ្ធិដោយ thmeythmey.com