ជាតិ
​​​ន​យោ​បាយ​ជាតិ​
កម្ពុជា និង​វៀតណាម​នឹង​ប្រជុំ​បញ្ហា​ព្រំដែន​នៅ​រាជធានី​ភ្នំពេញ​វិញ
05, Jul 2015 , 5:59 pm        
រូបភាព
ដោយ:

គណៈកម្មការ​ចម្រុះ​ព្រំដែន​គោក​កម្ពុជា និង​វៀតណាម បានសម្រេច​ផ្លាស់ប្តូរ​ប្រជុំ​ពី ខេត្តសៀមរាប មក​រាជធានី​ភ្នំពេញ​វិញ ពីថ្ងៃ​ទី៦ដល់ ថ្ងៃទី៩ ខែកក្កដា​នេះ ដើម្បី​ដោះស្រាយ​វិវាទ​ព្រំដែន​ដែល​នៅ​សេសសល់ និង​បញ្ហា​តាម​ខ្សែបន្ទាត់​ព្រំដែន​ផ្សេងទៀត​កន្លងមក។



លោក​ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ព្រំដែន និង​ជា​ប្រធាន​កិច្ចការ​ចម្រុះ​ព្រំដែន វ៉ា គឹមហុង បាន​ប្រាប់​សារព័ត៌មានថ្មីៗថា គណៈកម្មការ​ចម្រុះ​ព្រំដែន​គោក​ភាគី​ទាំងពីរ កម្ពុជា និង​វៀតណាម នឹង​ជួបប្រជុំ​ពិភាក្សាគ្នា​រឿង​បញ្ហា​ព្រំដែន នៅ​រាជធានី​ភ្នំពេញ​វិញ។ ការផ្លាស់ប្តូរ ទីតាំង​ប្រជុំ​វិញ​នេះ ភាគី​ទាំងពីរ​មិន​ចង់​ចំណាយពេល​ច្រើន ធ្វើដំណើរ​ទៅកាន់​ខេត្តសៀមរាប ដើម្បី​ប្រជុំ។

«កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា និង​វៀតណាម នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី៦ ដល់​ថ្ងៃទី៩ សប្តាហ៍​ក្រោយនេះ តែ​យើង​ប្តូរ​មក​ប្រជុំ​នៅ​ភ្នំពេញ​វិញ»។ នេះ​ជា​ប្រសាសន៍​បញ្ជាក់​របស់ លោក វ៉ា គឹមហុង។ យ៉ាងណា លោក​ថា គណៈកម្មការ​ទាំងពីរ ពុំទាន់​រក​ទីកន្លែង ដើម្បី​ពិភាក្សាគ្នា​នៅ​រាជធានី​ភ្នំពេញ​ច្បាស់​នោះទេ។

គួររម្លឹកថា កាលពី​ថ្ងៃទី១ កក្កដា​កន្លងទៅ ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ថា គណៈកម្មការ​ចម្រុះ​ព្រំដែន​គោក​កម្ពុជា និង​វៀតណាម នឹង​ជួបប្រជុំគ្នា​នៅ ខេត្តសៀមរាប ពីថ្ងៃ​ទី៦ដល់ ថ្ងៃទី៩ ខែកក្កដា​នេះ ដើម្បី​ដោះស្រាយ​វិវាទ​ព្រំដែន​កម្ពុជា និង​វៀតណាម។

ជុំវិញ​បញ្ហា​ព្រំដែន​នេះដែរ កន្លងមក លោក អ៊ុំ សំអាន និង​តំណាងរាស្ត្រ​មួយចំនួនទៀត​មកពី​គណបក្ស​ង្គ្រោះ​ជាតិ បានដាក់​ពាក្យស្នើសុំ​ជា​ផ្លូវការ​ទៅកាន់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន តាមរយៈ ប្រធានរដ្ឋសភា ដើម្បី​ប្តឹង​វៀតណាម​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ របស់​អ.ស.ប ក្នុង​ទីក្រុង​ឡាអេ​ពី​ការរំលោភ​ចូល​ទឹកដី​កម្ពុជា៕


© រក្សាសិទ្ធិដោយ thmeythmey.com