អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ជប៉ុន​ពង្រីក​កញ្ចប់​ជំនួយ​ដល់៦ពាន់​លាន​ដុល្លារ​ទុក​ទប់ទល់​ចិន​នៅ​តំបន់​មេគង្គ
05, Jul 2015 , 7:00 pm        
រូបភាព

កិច្ចប្រជុំ​កំពូល​មេគង្គ​ជប៉ុន​លើក​ទី៧ត្រូវបាន​បិទ​បញ្ចប់​ជា​ផ្លូវការ​កាលពី​ម្សិលមិញ ប្រកបដោយ​ផ្លែផ្ការ​ច្រើន។ ក្រៅពី​សម្រេច​ផែនការ​យុទ្ធសាស្ត្រ​ឆ្នាំ ២០១៥ ជប៉ុន​ក៏បាន​បង្កើន​លុយ​ដល់ ៦ពាន់​លាន​ដុល្លារ​អាមេរិក​ផងដែរ​សម្រាប់​រដ្ឋ​តំបន់​មេគង្គ ៥ ក្រោម​ស្លាក​ជំនួយ​អភិវឌ្ឍន៍។ កញ្ចប់​ជំនួយ​ថ្មី​ផ្តល់ជូន​រដ្ឋ​ប្រាំ​ក្នុង​កិច្ចប្រជុំ ជា​ចេតនា​របស់​ក្រុង​តូ​ក្យូ​ក្នុងការ​ប្រជែង​ឥទ្ធិពល​ក្រុង​ប៉េកាំង​ដែល​កំពុង​កើនឡើង និង​កំពុង​រៀបចំ​ធនាគារ​ថ្មី​ជំរុញ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​អាស៊ី​ផង​នោះ។



មេដឹកនាំ​ប្រទេស​តំបន់​មេគង្គ ថៃ​កម្ពុជា វៀតណាម ឡាវ មី​យ៉ាន់​ម៉ា បានទទួល​ជំនួយ​អភិវឌ្ឍន៍​ថ្មី​ទំហំ ៦ពាន់​លាន​ដុល្លារ​សម្រាប់​លើកកម្ពស់​ការអភិវឌ្ឍ​ន៍​ក្នុង​តំបន់ ពី​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​ម្សិលមិញ។  នាយករដ្ឋមន្ត្រី​ជប៉ុន​ស៊ិន​ហ្សូ អា​បេ បានប្រកាស​ពង្រីក​កញ្ចប់​ជំនួយ​ទៅកាន់​រដ្ឋ​ជាប់​ទន្លេមេគង្គ ស្រប​ពេលដែល​មេដឹកនាំ​ប្រទេស​ទាំង៥ មាន​វត្តមាន​ក្នុង​ទីក្រុង​តូ​ក្យូ ដើម្បី​ចូលរួម​សន្និសីទ​កំពូល​មេគង្គ​ជប៉ុន​លើក​ទី។ យោងតាម​មន្ត្រី​ក្រុង​តូ​ក្យូ រដ្ឋាភិបាល​ជប៉ុន​បានប្រកាស​ពី​ផែនការ​ផ្តល់ជំនួយ​ទឹកប្រាក់ ៧៥០ពាន់​លាន​យ៉េន​ឬ​ស្មើ ៦ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល​បី​ឆ្នាំ​ទៅមុខ ក្រោយពេល​បិទ​បញ្ចប់​កិច្ចប្រជុំ។

យោងតាម​មន្ត្រី​ក្រុង​តូ​ក្យូ រដ្ឋាភិបាល​ជប៉ុន​ក្រោម​ការដឹកនាំ​របស់​នាយ​ក​រដ្ឋមន្ត្រី​ស៊ីន​ហ្សូ អា​បេ មើលឃើញ​ពី​សក្តានុពល​របស់​រដ្ឋ​ទាំង​ប្រាំ​ជាប់​ទន្លេមេគង្គ ព្រោះ​ប្រទេស​ទាំងនេះ​មាន​សេដ្ឋកិច្ច​រីកចម្រើន​រហ័ស ហើយ​និង​ជា​ទិសដៅ​សំខាន់​សម្រាប់​ការវិនិយោគ​លើ​បច្ចេកវិទ្យា​ថាមពល ហេដ្ឋារចនាសម្ព័ន្ធ និង​ប្រព័ន្ធ​ផ្លូវ​រថភ្លើង​ថែមទៀត​ផង។

យ៉ាងណាមិញ ជុំវិញ​ការបង្កើន​ទំហំ​ជំនួយ​របស់​ជប៉ុន​កាន់​រដ្ឋ​ជាប់​ទន្លេមេគង្គ​មិនមែនជា​រឿង​សាមញ្ញ​ពេក​ទេ។ វា​បញ្ជាក់​យ៉ាងច្បាស់​ថា មហាអំណាច​មួយ​នេះ​កំពុង​សំឡឹង​ឃើញ​សក្តានុពល និង​ចាប់អារម្មណ៍​ចង់​ពង្រីក​ឥទ្ធិពល​របស់ខ្លួន​ក្នុង​តំបន់​ទុក​គ្រាន់​ទប់ទល់​ឥទ្ធិពល​របស់​ក្រុង​ប៉េកាំង។   មុន​មានការ​បង្កើន​កញ្ចប់​ជំនួយ​សម្រាប់​រដ្ឋ​ទាំង​ប្រាំ​នេះ នាយករដ្ឋមន្ត្រី​ជប៉ុន​បានប្រកាស​បង្កើត​គម្រោង​ជំនួយ​ផ្តោតលើ​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​ដែលមាន​ទំហំ​ទឹកប្រាក់​ដល់ ១១០ពាន់​លាន​ដុល្លារ​អាមេរិក។

គម្រោង​របស់​ក្រុង​តូ​ក្យូ​ជំរុញ​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ គ្មាន​ខុសប្លែក​អ្វី​ប៉ុន្មាន​ពី​គំនិត​របស់​ក្រុង​ប៉េកាំង​ដែល​បង្កើត​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​ឡើយ។ ជា​ការពិត​គម្រោង​ជប៉ុន គឺ​ដើម្បី​ប្រជែង​ធនាគារ​ចិន​ដែលមាន​បណ្តា​រដ្ឋ​ជាច្រើន​នៅ​អាស៊ី​ប៉ា​ស៊ី​ហ្វី​ក​និង​អី​រ៉ុ​ប រួមទាំង​មាន​សម្ព័ន្ធមិត្ត​អាមេរិក​ផង​នោះ​នាំគ្នា ចុះចូល​ក្នុង​គម្រោង​ចិន​ផងដែរ។ បច្ចុប្បន្ន​ជប៉ុន​និង​ក្រុង​វ៉ាស៊ីនតោន​នៅមាន​មន្ទិលសង្ស័យ និង​ភ័យខ្លាច​ការកើនឡើង​នៃ​ឥទ្ធិពល​របស់​ចិន​ក្នុង​តំបន់ ដូចជា​ក្នុង​តំបន់​អាស៊ាន​ជាដើម។ ដែល​នេះ​ចាំបាច់​ឲ្យ​សម្ព័ន្ធមិត្ត​អាមេរិក មាន​សកម្មភាព​កាន់តែខ្លាំង​ដើម្បី​ប្រជែង​ឥទ្ធិពល​របស់​ចិន​នៅក្នុង​តំបន់។  បើ​មិន​ដូច្នោះ​ទេ​បណ្តា​រដ្ឋ​នៅ​អាស៊ី​បន្ត​ទោរទន់​ទៅរក​មហា​យក្ស​ចិន ដែល​ត្រដែត​ឡើង​ទាំង​សេដ្ឋកិច្ច យោធា និង​នយោបាយ​លើ​ឆាក​អន្តរជាតិ​ផង។

សូមបញ្ជាក់ថា​ជប៉ុន​និង​ចិន​មិន​ដែរ​មាន​ទំនាក់​ទំ​និង​ល្អ​ជាមួយគ្នា​ឡើយ។ នេះ​ក៏ដោយ​សារ​បញ្ហា​ប្រវត្តិសាស្ត្រ និង​ជម្លោះ​ដែនទឹក​សមុទ្រ​ចិន​ខាងកើត​ផងដែរ​លើ​កោះ​សេន​កា​គូ។ ប៉ុន្តែ​យ៉ាងណាក្តី ទំនាក់ទំនង​រវាងរ​ដ្ឋ​ទាំងពីរ​ហាក់​ឈានទៅរក​ភាព​វិជ្ជមាន​បន្តិចដែរ ក្រោយ​ពេលដែល​លោក នាយករដ្ឋមន្ត្រី​អា​បេ ជួបពិភាក្សា​ទ្វ​ភាគី​ជាមួយ​ប្រធានាធិបតី​ចិន ស៊ី​ជិន​ពីង ក្រៅ​វេទិការ​សេដ្ឋកិច្ច អាស៊ី​ប៉ា​ស៊ី​ហ្វិក​ដែល​បាន​រៀប​ឡើង​នៅក្រុង​ប៉េកាំង​ប្រទេស​ចិនកាលពីឆ្នាំទៅ៕


© រក្សាសិទ្ធិដោយ thmeythmey.com