សង្គមអន្តរជាតិ​
អន្តរជាតិ
ជនជាប់ចោទ​ស្រែកយំ និង​អៀនខ្មាស ក្រោយ​ដឹងថា ចៅក្រម​គឺជា​អតីត​មិត្ត​រួម​ថ្នាក់
05, Jul 2015 , 7:59 pm        
រូបភាព
ដោយ: ធីតា
កាលពី​ថ្ងៃទី៣០ ខែមិថុនា នៅ​តុលាការ Miami សហរដ្ឋអាមេរិក អតីត​មិត្ត​រួម​ថ្នាក់​ពីរ​នាក់​បាន​ជួបគ្នា ក្រោយពី​បែក​គ្នា​អស់​រយៈពេល​រាប់សិប​ឆ្នាំ។ ប៉ុន្តែ​វា​ជា​ជំនួប​ដ៏​មិន​នឹកស្មាន ដោយ​មិត្ត​ម្នាក់​ជា​ចៅក្រម ហើយ​មិត្ត​ម្នាក់ទៀត​ជា​ជនជាប់ចោទ​ក្នុង​អំពើចោរកម្ម។



នៅពេល​សាកសួរ​ភិនភាគ​នាពេល​ដំណើរការ​សវនាការ អ្នកស្រី Mindy Glazer បាន​អះអាងថា ជនល្មើស Arthur Booth អាយុ៤៩ឆ្នាំ គឺជា​អតីត​មិត្ត​រួម​ថ្នាក់​របស់​អ្នកស្រី នៅ​សាលា Nautilus Middle School។ នេះ​បើតាម​ការរាយការណ៍រ​បស់​សារព័ត៌មាន ABC។

គ្រាន់តែ​អ្នកស្រី​ចៅក្រម បាន​រំលឹក​រឿង​ដើម​ភ្ញៀវ ជនសង្ស័យ​ភ្ញាក់​ព្រើត ហើយ​បាន​មើល​ចៅក្រម​ទាំង​អារម្មណ៍​ខ្មាសអៀន ហើយ​បានត្រឹមតែ​ស្រែកថា «ឱ ព្រះ​ជា​ម្ចាស់! ឱ ព្រះ​ជា​ម្ចាស់» ។

អ្នកស្រី Glazer បាន​និយាយថា៖ «ខ្ញុំ​សោកស្តាយ​ខ្លាំងណាស់​ដែល​ឃើញ​អ្នក​នៅទីនេះ។ ខ្ញុំ​តែងតែ​ឆ្ងល់​ថា តើ​វា​មានរឿង​អ្វី​កើតឡើង​ចំពោះ​លោក»។ អ្នកស្រី​បានបញ្ជាក់​ថា Booth គឺជា​អតីត​ក្មេង​ម្នាក់​ដ៏​ល្អ​បំផុត​នៅ​សាលា។

អ្នកស្រី បាន​រំលឹក​ផងដែរ​ថា កាល​នៅ​រៀន អ្នកស្រី​ធ្លាប់​លេង​បាល់ទាត់​ជាមួយ Booth និងក្មេងៗដទៃទៀត។ បើ​យោងតាម​សារព័ត៌មាន Local 10 អ្នកស្រី Melissa Miller ដែល​ប្អូនជីដូនមួយ​របស់ Booth  អះអាងថា កាល​នៅ​រៀន Booth គឺជា​សិស្ស​ល្អ​ម្នាក់ ដែលមាន​ជំនាញ​ខាង​កីឡា និង​ភាសា ប៉ុន្តែ​អនាគត​របស់គាត់ ត្រូវបាន​បំផ្លាញ​ដោយសារ​គ្រឿងញៀន និង​ករណី​ឧក្រិដ្ឋកម្ម​ជាច្រើន។

នៅក្នុង​សំណុំរឿង​ចោរកម្ម​នោះ អ្នកស្រី​ចៅក្រម Glazer បាន​ពិន័យ Booth នូវ​ទឹកប្រាក់៤៤ ០០០ដុល្លារ​អាមេរិក ហើយ​បាន​ជូនពរ​ដល់ Booth ឲ្យ​មានជីវិត​ល្អប្រសើរ​ជាង​នេះ៕




© រក្សាសិទ្ធិដោយ thmeythmey.com