បទវិភាគ
ទំនាស់​ផលប្រយោជន៍ និង​អ​សមភាព​សង្គម​ធ្វើឱ្យ​សង្គម​ខ្មែរ​បែកបាក់!
05, Jul 2015 , 8:30 pm        
រូបភាព
ដោយ:

ភ្នំពេញ៖ ទំនាស់​ផលប្រយោជន៍ និង​អ​សមភាព​សង្គម មាន​អត្ថិភាព​គ្រប់​សម័យកាល និង​គ្រប់​ទម្រង់​សង្គម ទាំង​សង្គម​ជឿនលឿន និង​សង្គម​អន់ថយ។ ដោយឡែក​នៅក្នុង​សង្គម​ខ្មែរ សភាព​បែបនេះ​ក៏​បាននិងកំពុង​កើតឡើង​ដែរ។ ជាពិសេស គឺ​ទំនាស់​ផលប្រយោជន៍ និង​អ​សមភាព​រវាង អ្នកដឹកនាំ​និង​ប្រជាពលរដ្ឋ អ្នកធំ​និង​អ្នកតូច, អ្នកមាន​និង​អ្នកក្រ, អ្នកខ្លាំង​និង​អ្នកខ្សោយ,...។ ប្រសិនបើ​គ្មាន​ដំណោះស្រាយ​ទេ បញ្ហា​សង្គម អំពើ​អយុត្តិធម៌ និ​ទណ្ឌ​ភាព ជម្លោះ ការ​បែប​បាក់ និង​វិបត្តិ​សង្គម កាន់​តែមាន​សភាព​ធ្ងន់ឡើង។


    
ទំនាស់​ផលប្រយោជន៍ និង អ​សមភាព​សង្គម​ក្នុ​វិស័យ​នយោបាយ និង​ការគ្រប់គ្រង​រដ្ឋ កំពុង​ចោទ​ជា​ជា​បញ្ហា​ដែល​គួរឱ្យ​ព្រួយបារម្ភ​ដែរ។ ប្រព័ន្ធ​នៃ​ការរៀបចំ​សង្គម ការគ្រប់គ្រង​រដ្ឋបាល ការបែងចែក​ផលប្រយោជន៍ ការអនុវត្ត​ច្បាប់ ប្រព័ន្ធ​តុល​ការ សេវា​សង្គម​ដទៃទៀត និង​ឥរិយាបថ​សង្គម​ខ្មែរ​បច្ចុប្បន្ន ត្រូវបាន​គេ​ធ្វើឡើង​សម្រាប់តែ​បម្រើ​ផលប្រយោជន៍​និង​ស្វែងរក​សុភមង្គល​សម្រាប់​អ្នកធំ អ្នកខ្លាំង និង​អ្នកមាន​តែប៉ុណ្ណោះ។ ចំណែក ឯក​អ្នកតូច អ្នកខ្សោយ និង​អ្នក្រ គឺជា​អ្នករងគ្រោះ និង​ត្រូវបាន​គេ​ប្រើ​ជា​កម្មវត្ថុ​នៃ​ការសម្រេច​បំណង​របស់​អ្នកធំ អ្នកខ្លាំង និង​អ្នកមាន​តែប៉ុណ្ណោះ។ ឧទាហរណ៍៖

1.    អ្នកមាន ដែលមាន​លុយ​ច្រើន​ស្រាប់​ហើយ​នោះ ពួកគេ​មានឱកាស​កាន់តែច្រើន​ទៀត​ក្នុងការ​ទទួលបាន​ព័ត៌មាន​សម្ងាត់​ពាក់ព័ន្ធ​នឹង​ការរកស៊ី​របស់ខ្លួន ពី​ស្ថាប័នរដ្ឋ តាមរយៈ​ខ្សែបណ្ដាញ​របស់គេ ដែល​ធ្វើឱ្យ​ពួកគេ​មាន​អានុភាព​លើ​ការប្រកួតប្រជែង​ជាមួយ​ដៃគូ​របស់ខ្លួន។ ល្បិច​បែបនេះ គេ​បង្កើតឡើង ដើម្បី​គាំទ្រ​និង​បែងចែក​ផលប្រយោជន៍​គ្នា​ទៅវិញទៅមក​រវាង​អ្នកមាន​និង​អ្នកធំ។ អញ្ចឹង​ហើយ​បានជា​យើង​សង្កេតឃើញថា អ្នកមាន​និង​អ្នកធំ​នៅ​ស្រុក​ខ្មែរ កាន់តែ​មានឡើងៗ ឯង​អ្នករកស៊ី​តូចតាច និង អ្នកក្រ កាន់តែ​ក្រទៅ។ លើសពីនេះទៅទៀត ប្រសិនបើ​អ្នកមាន​បានធ្វើ​អ្វីមួយ​ខុសច្បាប់​វិញ ភាគច្រើន​ច្រើន ពួកគេ​តែងតែ​រួចខ្លួន ឬ​គ្រាន់តែ​ឆ្លងកាត់​នីតិវិធី​ច្បាប់​ដើម្បី​បង្គ្រប់កិច្ច និង​បន្លំ​ភ្នែក​សារ​ធារ​ណ​ជន​តែប៉ុណ្ណោះ។     

2.    អ្នកធំ មានអំណាច​ច្រើន ធ្វើអ្វីៗស្ទើរតែ​មិន​ផ្អែកលើ​ច្បាប់ បើ​ពួកគេ​ធ្វើ​អ្វី​ខុសច្បាប់ គេ​ថា ខុស​បច្ចេកទេស ម្ល៉ោះហើយ​ពួកគេ​គ្មាន​ទោស​ទេ ពួកគេ​គ្រាន់តែ​ត្រូវ​ប្ដូរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ជាការ​ស្រេច។ លើសពីនេះ​ទៀត អ្នកធំ​ជិះឡាន​រដ្ឋ​ទៅធ្វើ​ការ ចាក់​សាំង​រដ្ឋ មាន​អ្នក​បើកឡាន, មាន​ប្រាក់ខែ​ច្រើន, ប្រាក់​បេសកកម្ម​ច្រើន(គ្មាន​អ្នកណា​ហ៊ាន​កាត់​ភាគរយ), មាន​គម្រោង​និង​គណៈកម្មការ​ច្រើន រហូត​ទាល់តែ​គ្មាន​ពេលធ្វើការ​ទាំងនោះ​បាន ពោលគឺ​គេ​ដាក់ឈ្មោះ​ដើម្បី​យកលុយ​តែប៉ុណ្ណោះ។ ក្រៅពីនេះ អ្នកធំ​ដូចជា​សមាជិក​រដ្ឋសភា សូម្បីតែ ពេល​ប្រជុំ​ក៏មាន​លុយ​ម៉ោង​ដែរ ដែល​ការងារ​សំខាន់​របស់​ពួកគេ គឺ​បង្កើត​ច្បាប់ អនុម័ត​ច្បាប់​សម្រាប់​គ្រប់គ្រង​រដ្ឋ ប៉ុន្តែ ក្នុងករណី​ជាច្រើន តំណាងរាស្ត្រ​ទាំងនោះ ត្រូវបាន​គេ​មើលឃើញថា អង្គុយចាំតែ​លើកដៃ​អនុម័ត​ច្បាប់​តាម​គោ​នយោបាយ ឬ​បទបញ្ជា​របស់​បក្ស ដោយ​មិន​ហ៊ាន​ប្រើ​ពុទ្ធិ បញ្ញា ឧ​ត្ត​ម​គតិ និង គតិបណ្ឌិត​របស់ខ្លួន​ឡើយ ដែល​មហាជន​បាន​ប្រដូច​តំណាងរាស្ត្រ​ទាំងនោះ​ថា បាន​បំពេញការងារ​ដូចជា​មនុស្ស​យន្ត​ដែល​គ្មាន​បេះដូង។ ករណី​ខ្លះទៀត អ្នកធំ​បាន​យក​ម៉ោង​ការងា​រដ្ឋបាល​មក​និយាយ​ការងារ​បក្ស និង​យក​មធ្យោបាយ​និង​អំណាច​របស់​រដ្ឋ​ទៅ​បម្រើ​ករ​ងារ​បក្ស​ទៀតផង។ 

3.    អ្នកតូច ស្ទើរតែ​គ្មាន​អំណាច​និង​សិទ្ធិ ពួកគេ​ធ្វើអ្វីៗត្រូវតែ​គោរព​តាមច្បាប់ បើ​ពួកគេ​ធ្វើ​ខុសច្បាប់​ត្រូវតែ​ទទួលទោស​ជាដាច់ខាត មិ​អាចមាន​លេស​ថា ខុស​បច្ចេកទេស ដូច​អ្នកធំ​ទេ។ លើសពីនេះ​ទៀត អ្នកតូច​ជិះឡាន ឬ​មធ្យោបាយ​ផ្ទាល់ខ្លួន​ទៅធ្វើ​ការ  អាចមាន​របប​សាំង​តិចតួច, មាន​ប្រាក់ខែ​តិច, ប្រាក់​បេសកកម្ម​ក៏​តិច(ថែមទាំង​ត្រូវគេ​កាត់​ភាគរយ​និង​មិន​ងាយ​បើក​បានទេ), មាន​គម្រោង​និង​គណៈកម្មការ​តិចតួច ឬ​គ្មាន តែបើ​មាន​គឺ​ត្រូវតែ​ក​ធ្វើការ​ទើបបាន​លុយ។ លើសពីនេះ បើ​មាន​មន្ត្រី​តូចតាច​ណា ហ៊ាន​ជជែក​រឿង​នយោបាយ ឬ​បង្ហាញឱ្យឃើញថា មាន​ទំនោរ​ទៅរក​បក្សនយោបាយ​ផ្សេង​ក្រៅពី​បក្ស​កាន់អំណាច អ្នកនោះ​នឹងត្រូវ​គេ​កត់សម្គាល់​និង​ស្ដីបន្ទោស​ថា ខុសច្បាប់​សហលក្ខន្តិកៈ​មន្ត្រីរាជការ​ស៊ីវិល ហើយ​ពួកគេ​ក៏​នឹងត្រូវ​ប្រឈម​នឹង​កា​រើសអើង​ក្នុងការ​តម្លើង​ឋានៈ កាំ​ប្រាក់ និង​ការផ្ដល់​ផលប្រយោជន៍ផ្សេងៗផងដែរ។ 

ក្រៅពី​ឧទាហរណ៍​ខាងលើនេះ នៅមាន​ឧទាហរណ៍​ជាច្រើន​ទៀត ដូចជា មន្ត្រី​ដែល​ឋានៈ​ធំ​ស្រាប់​ហើយ​នោះ ត្រូវបាន​គេ​តម្លើង​ឋានន្តរសក្ដិ​បន្ថែ​ទៀត ពីមួយ​កម្រិត​ទៅមួយ​កម្រិត​រហូតដល់​កប់​ពពក។ ឯក​អ្នកតូច​វិញ ត្រូវបាន​គេ​ប្រើ​មិន​គិតពី​ជីវភាព សុខទុក្ខ សេចក្ដីថ្លៃថ្នូរ ត្រូវ​ទទួល​ការស្ដីបន្ទោស​ច្រើន និង​ថែមទាំង​មិនត្រូវ​បាន​គេ​មិន​យកចិត្តទុកដាក់​លើ​ការ​តម្លើង​ឋានៈ ឬ​សូម្បីតែ​កាំ​ប្រាក់​ក៏មាន​ការយឺតយ៉ាវ​ដែរ។ មន្ត្រី​ខ្លះ​ធ្វើ​ការងារ​ស្ទើ​តែ​ដល់ពេល​ចូលនិវត្តន៍​ទៅហើយ មិនដែល​ទទួលបាន​ឋានៈ បុណ្យ​សក្ដិ ឬ​មេដាយ​មួយ​ឡើយ ដោយសារតែ​ពួកគេ​មិនចេះ​អែបអប មិនមាន​លុយ​សូកប៉ាន់ ឬ​ត្រូវគេ​រើសអើង​ខាង​នយោបាយ ជាដើម។

ចំពោះ​សេវា​របស់​រដ្ឋ​វិញ ក៏​មិន​ខុសគ្នា​ដែរ ជាពិសេស ចំពោះ​សេវា​សុខាភិបាល និង​សេវា​រដ្ឋបាល ប្រសិនបើ​អ្នកធំ​ទៅ​ដេកពេទ្យ គឺ​គ្រូពេទ្យ​ត្រូវតែ​រត់​ខ្វែងដៃខ្វែងជើង និង​មាន​វេជ្ជបណ្ឌិត​ប្រចាំការ២៤ម៉ោង, ប៉ុន្តែ បើ​អ្នកតូច ឬ​អ្នកក្រ​ទៅ​ដេកពេទ្យ​រដ្ឋ​វិញ មិនសូវមាន​ការយក​ចិត្ត​ទុកដាក់​ទេ ប្រសិនបើ​ពួកគេ​គ្មាន​លុយ​បង់ បើទោះបីជា​ក្នុង​ច្បាប់​កំណត់​ឱ្យជួយ​អ្នកក្រ​និង​មន្ត្រីរាជការ​ដែល​រងគ្រោះ​ថ្នាក់​ក្នុងពេល​ចុះ​បេសកកម្ម ឬ​ពេល​បំពេញការងារ​ក៏ដោយ។

ដូចគ្នា​ដែរ ចំពោះ​សេវា​រដ្ឋបាល​វិញ ដូចជា ការធ្វើ​អត្តសញ្ញាណ​បណ្ណ សៀវភៅ​គ្រួសារ សៀវភៅ​ស្នាក់នៅ ប្លង់ដី បណ្ណ​សម្គាល់​យានយន្ត...អ្នកធំ​និង​អ្នកមាន ទទួលបាន​សេវា​នេះ​យ៉ាង​ងាយស្រួល​បំផុត ចំណេ​កឯក​អ្នកតូច​និង​អ្នកក្រ​វិញ គេ​ទុកឱ្យ​ប្រជ្រៀត​គ្នា រង់ចាំ​ពេល​យូរ​គ្មាន​កំណត់ និង​បង្កឱ្យមាន​ការលំបាកផ្សេងៗ ដើម្បី​អ្នក​ទាំងនោះ រត់ទៅរក​សេវា​បង់លុយ​ក្រៅច្បាប់​ឱ្យ​មន្ត្រីរដ្ឋបាល​ពុករលួយ ជា​ថ្នូរ​នឹង​ការទទួលបាន​សេវា​លឿន។

ជារួម ការរៀបចំ​ប្រព័ន្ធ​សង្គម​បែបនេះ បានធ្វើឱ្យ​អ្នកមាន​និង​អ្នកធំ​កាន់តែ​មានទៅៗ និង​រស់នៅ​កាន់​សុខ​ស្រួល។ ឯ​អ្នកតូច​និង​អ្នកក្រ​វិញ កាន់តែ​ក្រឡើងៗ និង​ការរស់នៅ​កាន់តែលំបាកទៅ។ ប្រសិនបើ​គ្មាន​ការកែប្រែ​ទម្លាប់​អាក្រក់​នេះ​ទេ សង្គម​ខ្មែរ​មិនអាច​ទទួលបាន​សុខដុមរមនា​ឡើយ។ ផ្ទុយទៅវិញ សង្គម​ខ្មែរ នៅតែ​បន្ត​មាន​បញ្ហា ដូចជា អំពើ​អយុត្តិធម៌ និ​ទណ្ឌ​ភាព ជម្លោះ វិបត្តិ​សង្គម​កាន់តែ​ធ្ងន់ឡើងៗ គម្លាត​រវាង​អ្នកមាន​និង​អ្នកក្រ និង គម្លាត អ្នកធំ​និង​អ្នកតូច កាន់តែ​ធំទៅៗ ដែល​ធ្វើឱ្យ​អ្នកមាន​និង​អ្នកក្រ និង អ្នកធំ​និង​អ្នកតូច កាន់តែ​ខ្វះ​ភាព​ស្និទ​ស្នាល ខ្វះ​ការយោគយល់​គ្នា ខ្វះ​សេចក្ដីស្រឡាញ់ ដែល​រុញឱ្យ​សង្គម​ខ្មែរ​ងាយ​ប្រេះស្រាំ និង​ងាយ​បែកបាក់​ប្រសិនបើ​មាន​កម្លាំង​បរទេស​ណាមួយ​ចូលមក​ជ្រៀតជ្រែក​បន្ថែមទៀត៕   


© រក្សាសិទ្ធិដោយ thmeythmey.com