សង្គមអន្តរជាតិ​
អន្តរជាតិ
បោះឆ្នោត​ថា«ទេ»ធ្វើ​ឲ្យ​រដ្ឋាភិបាល​ក្រិ​ក​ទឹកមាត់ប្រៃ​ជាង​មុន​ដើម្បី​ជជែក​រឿង​បំណុល?
06, Jul 2015 , 4:46 pm        
រូបភាព
ក្រោយ​រង់ចាំ​លទ្ធផល​ប្រជាមតិ​នៅ​ក្រិ​ក​យ៉ាង​អន្ទះសារ គេ​ឃើញច្បាស់​នឹង​ភ្នែក​ថា ប្រជាជន​ក្រិ​ក​ភាគច្រើន​មិន​គាំទ្រ​កញ្ចប់​សំណើ​របស់​ម្ចាស់បំណុល​អឺរ៉ុប​ទេ។ ប្រជាជន​ក្រិ​ក​បោះឆ្នោត​ទាត់ចោល​សំណើរ​អឺរ៉ុប ប្រៀបដូចជា​ការ​ទះកំភ្លៀង​សហភាព​អឺរ៉ុប​មួយ​ទំហឹង​ដែរ ព្រោះ​មេដឹកនាំ​អឺរ៉ុប​មិន​រំពឹងថា​ប្រជាជន​ក្រិ​ក​ថ្លើមធំ​ហ៊ាន​ទាត់ចោល​សំណើរ​របស់ខ្លួន​បែបនេះ​ទេ ព្រោះ​ក្រិ​ក​អាច​នឹងត្រូវ​ប្រថុយ​ផ្សងព្រេង​យ៉ាង​គ្រោះថ្នាក់​កំណត់​ជោគវាសនា​ខ្លួនឯង​ដោយ​ចេញពី​តំបន់​ចាយលុយ​អឺរ៉ូ​ផង​ក៏​មិនដឹង។ គេ​រំពឹងថា ក្រិ​ក​និង​សហភាព​អឺរ៉ុប​បន្ត​ចរចា​គ្នា​ជាថ្មីទៀត ក្រោយ​មាន​ប្រជាមតិ​នេះ ប៉ុន្តែ​មិនមែន​មានន័យថា ការបោះឆ្នោត​ថា «ទេ» នឹង​ជួយ​ឲ្យ​ក្រិ​ក និង​ម្ចាស់បំណុល​ត្រូវរ៉ូវ​គ្នា​បង្កើត​កិច្ចព្រមព្រៀង​ឡើយ។ បោះឆ្នោត​ថា​ទេ​នេះ នឹងធ្វើ​ឲ្យ​រដ្ឋាភិបាល​ក្រិ​កមាន​ទឹកមាត់​កាន់តែ​ប្រៃ​ពេល​ចរចា​ខាងមុខ ក្នុងករណី​ដែល​អឺរ៉ុប​មិន​ចង់​ឲ្យ​ក្រិ​ក​ចេញពី​ក្រុម​ចាយលុយ​អឺរ៉ូ។ តែបើ​ថា ករណី​ក្រិ​ក​បរាជ័យ​ក្នុងការ​ទាមទារ​អ្វីដែល​ខ្លួន​ចង់បាន វា​ប្រាកដ​ណាស់​ថា​ក្រិ​ក​នឹង​ចាក​ចេញពី​តំបន់​អឺរ៉ូ។

 


សូម​ស្តាប់​ការបកស្រាយ​លោក​សៅ ផល​និស្ស័យ៖



ប្រជាជន​ក្រិ​ក​ដែល​បោះឆ្នោត​ថា«ទេ»ម្សិលមិញ បានប្រកាស​ជ័យជម្នះ​ក្រោយ​លទ្ធផល​ផ្លូវការ​ត្រឹម​បាន​គេ​ប្រកាស​ហើយ។ លទ្ធផល​ផ្លូវការ​បង្ហាញថា​ប្រជាជន​ក្រិច​កជាង៦១ភាគរយ​មិន​ទទួល​សំណើរ​ម្ចាស់បំណុល ខណៈពេល​ប្រជាជន​ត្រឹម៣៩ភាគរយ​ទៀត​ប៉ុណ្ណោះ​ចង់​ទទួល​សំណើរ។ ប្រមុខ​រដ្ឋាភិបាល​ក្រុង​អាថែន អា​ឡិច​ស៊ី​ស ត្ស៊ី​ប្រាស (Alexis Tsipras) ដែល​បាន​អំពាវនាវ​ឲ្យ​បោះឆ្នោត​ទាត់ចោល​សំណើរ​របស់​ម្ចាស់បំណុល​អឺរ៉ុប-មូលនិធិ​រូបី​យ​វត្ថុ​អន្តរជាតិ​បាន​សាទរភាព​ក្លាហាន​របស់​ប្រជាជន​ក្រិ​ក​គ្រប់គ្នា​ដែល​គាំទ្រ​ជំហរ​រដ្ឋាភិបាល​ក្នុង​ការចរចា​ខាងមុខ។ ប្រជាមតិ​ក្រិ​ក​ដែល​បង្ហាញ​ការប្រឆាំង​សំណើរ​អឺរ៉ុប ប្រហែលជា​លើកដំបូង​បំផុត​ហើយ​ក្នុង​ប្រវត្តិសាស្ត្រ​អឺរ៉ុប ហើយ​សូម្បីតែ​អឺរ៉ុប​ក៏​ភ្ងា​ក់​ផ្អើល​ខ្លាំង​និង​មិនដែល​ធ្លាប់មាន​សូម្បីតែ​កូន​ចិត្ត​គិត​សោះ​ថា​ក្រិ​ក​ថ្លើមធំ​បែបនេះ​ដែរ។ វា​ប្រាកដ​ណាស់ ក្រោយ​ប្រជាជន​ក្រិ​ក​ឈ្នះ​អឺរ៉ុប ចលនា​ប្រឆាំង​អឺរ៉ុប​នឹង​រីកសាយ​ភាយ​ពេញ​អឺរ៉ុប ជាពិសេស​នៅ​រដ្ឋ​ដែល​ប្រជាជន​រង​ទុក្ខ​ព្រោះ​វិធានការ​ត្បិតត្បៀត​ដែរនោះ។ ក្នុងនោះ​មានដូចជា​អេ​ស្ប៉ា​ញ អ៊ីតាលី និង​ប៉រ​ទុយ​ហ្កា​ល់​ជាដើម។

១.បោះឆ្នោត​ប្រជាមតិ​ម្សិលមិញ​សម្រេច​លើ​អ្វី​ឲ្យ​ប្រាកដ?
ជុំវិញ​ចលនា​ប្រជាមតិ​នៅ​ក្រិ​ក​ម្សិលមិញ នៅតែមាន​ការភាន់ច្រឡំ​នៅឡើយ​ក្នុងចំណោម​អ្នក​មិនសូវ​បាន​តាមដាន​ស្ថានការណ៍​វិបត្តិ​នៅ​ក្រិ​ក។ មាន​អ្នកខ្លះ​នៅ​យល់ថា ប្រជាជន​ក្រិ​ក​ម្សិលមិញ​នាំគ្នា​បោះឆ្នោត​ដើម្បី​សម្រេច​ជោគវាសនា​ប្រទេសជាតិ​ខ្លួន​ថា​នឹង​ចាក​ចេញពី​តំបន់​ចាយលុយ​អឺរ៉ូ ឬ​សហភាព​អឺរ៉ុប​ផង។ តាមពិតទៅ​វា​មិនមែន​ដូច្នេះ​ឡើយ ការបោះឆ្នោត​ម្សិលមិញ​ត្រឹម​សួរ​មតិ​ប្រជាជន​ថា​តើ​ត្រូវ​ទទួល​កញ្ចប់​សំណើរ​របស់​ម្ចាស់បំណុល​អឺរ៉ុប​ជា​ថ្នូរ​នឹង​កញ្ចប់​លុយ​សម្រាប់​ដោះបំណុល​ឬ​អត់​ប៉ុណ្ណោះ។ តែ​ការបោះឆ្នោត​នេះ​អាច​ក៏​នឹងធ្វើ​ឲ្យ​ក្រិ​ករ​បូត​ចេញពី​ប្លុក​ចាយលុយ​អឺរ៉ូ​រួមគ្នា​ដែរ បើ​ការចរចា​ខាងមុខ​មិនមាន​ផ្លែផ្កា​ទេ។
 
២. ការបោះឆ្នោត​ថា «ទេ» មានន័យ​ដូចម្តេច​សម្រាប់​ក្រិ​ក?
ម្សិលមិញ ប្រជាជន​ក្រិ​ក​ព្រម​បោះឆ្នោត​ថា ទេ ទាត់ចោល​សំណើរ​ម្ចាស់បំណុល ក៏​ព្រោះតែ​ប្រជាជន​ទាំងនោះ​មិន​ចង់​បន្ត​រងទុក្ខវេទនា​ជាថ្មី។ ច្រើន​ឆ្នាំ​មកហើយ និយាយ​ឲ្យ​ត្រូវ​គឺ​ក្រោយ​វិបត្តិ​សេដ្ឋកិច្ច​សាកល​ឆ្នាំ ២០០៨កើត​ឡើង ក្រិ​ក​ត្រូវ​ធ្វើតាម​បញ្ជា​ម្ចាស់បំណុល ព្រោះតែ​ត្រូវការ​លុយ​ដោះបំណុល ប៉ុន្តែ​ប្រជាជន​ក្រិ​ក​មិនតិច​ទេ​ដែល​រងទុក្ខវេទនា ដោយសារ​បាត់បង់​សេវា​សុខភាព បាត់បង់​ការងារ និង​ប្រឈមបញ្ហា​សង្គម​ផ្សេង​ទៀតផង។តាមពិត​ជាក់ស្តែង​ អ្នករងគ្រោះ​ពិតប្រាកដបើអនុវត្តគោលនយោបាយត្បិតត្បៀតគឺ​ប្រជាជន​ក្រិ​កនេះឯង ហើយ​ចំណាត់​ការ​អឺរ៉ុបនេះ វាក៏​មិនមែនជា​ដំណោះស្រាយ​អចិន្ត្រៃយ៍​ដែរ។ ការបង្ខំ​ឲ្យ​ក្រិ​ក​តំឡើង​ពន្ធ កាត់លុយ​ចំណាយ​សាធារណ​និង​ធ្វើកំណែទម្រង់​ផ្សេងទៀត ជា​ថ្នូរ​នឹង​ការទទួល​លុយ​សងបំណុល​គេ មិន​ជួយ​ក្រិ​ក​ឲ្យ​ផុតពី​វិបត្តិ​រហូត​ដែរ។ បោះឆ្នោត​ថា «ទេ» បង្ហាញ​អឺរ៉ុប​កាន់តែច្បាស់​ថា ប្រជាជន​ក្រិ​កលែង​ត្រូវការ​គោលនយោបាយ​ត្បិតត្បៀត​របស់​អឺរ៉ុប​ទៀតហើយ។ បោះឆ្នោត​ម្សិល​មិញជា​អ្វីដែល​មេដឹកនាំ​ប្រ៊ុ​យ​សែ​ល​មិន​ចង់ឃើញ​ទាល់តែសោះ ហើយ​មុន​ចេញ​លទ្ធផល​មេដឹកនាំ​អឺរ៉ុប ដូចជា​បារាំង​ប្រហោង​ពោះ​ខ្លាំងជាងគេ តែ​លួច​សង្ឃឹមតិចៗដែរ​ថា​ប្រជាជន​ក្រិ​ក​ព្រម​ទទួល​សំណើរ។

ពេល​លោក ត្ស៊ី​ប្រាស ទទួលបាន​អ្វីដែល​លោក​ចង់បាន​ហើយ។ ពាក្យ​ថា ទេ ចំពោះ​សំណើរ​អឺរ៉ុប វា​ពិតជា​ជួយ​ឲ្យ​ជំហរ​រដ្ឋាភិបាល​ក្រុង​អាថែន​កាន់តែ​រឹងមាំ​ដើម្បី​ទប់ទល់​ជាមួយ​ម្ចាស់បំណុល​អឺរ៉ុប​សម្រាប់​ការចរចា​នៅពេលឆាប់ៗខាងមុខ។ ប៉ុន្តែ​ត្រឹមនេះ​យើង​អាច​វាយតម្លៃ​បាន​ពីរ​យ៉ាង។ ទីមួយ​បើ​អឺរ៉ុប​មិន​ចង់​ឲ្យ​ក្រិ​ក​ចាក​ចេញពី​ក្រុម​ចាយលុយ​អឺរ៉ូ​ដោយ​ខ្លាច​ការបែកបាក់​គ្នា​ក្នុង​ក្រុម ម្ចាស់បំណុល​អឺរ៉ុប​នឹង​ប្តូរ​ជំហរ ដោយ​ផ្តល់​ដំណោះស្រាយ​ផ្សេង​ដែរ​បន្ធូរបន្ថយ​លក្ខខណ្ឌ។ ទី​ពីរ បើ​អឺរ៉ុប​មិនមាន​បំណង​ទុក​ក្រិ​ក​ក្នុង​ក្រុម​ទេ ការបោះឆ្នោត​ថា​ទេ​មិន​ខុសពី​ការបិទផ្លូវ​ដើរ​ខ្លួនឯង​ទៀត។ ក្រិ​ក​មានតែ​បង្ខំចិត្ត​ដើរចេញ​ពី​ក្រុម​តែប៉ុណ្ណោះ។ វា​ជា​រឿង​ពិបាក​ប៉ាន់ស្មាន ព្រោះ​អឺរ៉ុប​គ្មាន​ស្មារតី​រួបរួមគ្នា​ឡើយ​ក្នុងការ​ដោះស្រាយ​បញ្ហា​ក្រិ​ក​បច្ចុប្បន្ន។ ប្រមុខរដ្ឋ​បារាំង​ហ្វ្រ​ង់​ស្វ័​រ​ហូ​ឡង់​ចង់​ជួយ​ក្រិ​ក​ព្រោះ​មិន​ចង់​ឲ្យ​សុ​បិ​ន្ត​ព​ន្លឿ​ន​សមាហរណកម្ម​អឺរ៉ុប​នឹង​រលាយ​ក្លាយជា​ផេះ។ ប៉ុន្តែ​អធិការបតី​អាល្លឺម៉ង់​ដែលមាន​ទឹកមាត់ប្រៃ​ក្នុង​កិច្ចចរចា​នោះ​ទំនង​មាន​ចេតនា​ចង់​ទាត់​ក្រិ​ក​ចេញពី​ក្រុម​វិញ ដូច្នេះ​ទោះ​ក្រិ​ក​បោះឆ្នោត​ថា​ទេ​ក៏​គ្មានអ្វី​ជា​សម្ពាធ​លើ​ភាគី​ម្ចាស់បំណុល​ដែរ។  ប៉ុន្តែ​ផ្ទុយទៅវិញ​ការបោះឆ្នោត​ថា​ទេ​នេះ ក្រិ​ក​កំពុង​នៅ​ផ្លូវ​វែងឆ្ងាយ​និង​គ្រោះថ្នាក់​បំផុត​មួយ ព្រោះ បើ​គ្មាន​កិច្ចព្រមព្រៀង ធនាគារ​ក្រិ​ក​នឹង​បន្ត​បិទទ្វារ​ព្រោះ​គ្មាន​សាច់ប្រាក់​ប្រើប្រាស់។ ជា​លទ្ធផល​ក្រិ​ក​នឹង​ចាក​ចេញពី​ក្រុម និង​ធ្លាក់ចុះ​ក្នុង​វិបត្តិ​កាន់តែ​ធ្ងន់ បើ​គ្មាន​ជំនួយ​ពី​ក្រៅ​ទេ។ ប៉ុន្តែ​តំបន់​អឺរ៉ុប​ទាំងមូល​ក៏​មិនអាច​គេច​រួច​ពី​គ្រោះ​ធំ​ដែរ។

៣.ក្រិ​ក​ត្រូវធ្វើ​អ្វី​ក្រោយ​ចាក​ចេញពី​តំបន់​អឺរ៉ូ ?
រឿង​ដែល​គេ​កំពុង​តាមដាន​គឺ​ការចាកចេញ​របស​ក្រិ​ក​ពី​ប្លុក​ចាយលុយ​អឺរ៉ូ ព្រោះ​លទ្ធភាព​នៃ​ការចាកចេញ​កាន់តែ​ខ្ពស់​មែនទែន។ ការមិន​លន់តួ​ទទួល​សំណើរ​ម្ចាស់បំណុល វា​ដូចជា​បិទផ្លូវ​ដើរ​ខ្លួនឯង​ដែរ។ បច្ចុប្បន្ន គេ​កំពុង​ចាំមើល​ថា​តើ​ក្រិ​ក​នឹងធ្វើ​អ្វី​ទៀត​ប្រសិនបើ​រដ្ឋ​នេះ​ចាក​ចេញពី​ក្រុម​មែន​នោះ។  ក្រោយ​ចាកចេញ​អ្វីដែល​រដ្ឋាភិបាល​ក្រិ​ក​ត្រូវធ្វើ​ដំបូង​បំផុត​គឺ​បង្កើត​រូបី​យ​វត្ថុ​មួយ​ផ្ទាល់ខ្លួន ព្រោះ​ក្រិ​ក​មិន​ប្រើប្រាស់​លុយ​អឺរ៉ូ​ទៀត​ទេ។ ក្រោយ​បង្កើត​លុយ​ផ្ទាល់ខ្លួន ក្រិ​ក​មិនចាំបាច់​ចាក​ចេញពី​សហភាព​អឺរ៉ុប​ដែរ ព្រោះ​ក្រិ​ក​អាចធ្វើ​ដូច​រដ្ឋ​អឺរ៉ុប​មួយចំនួន​ជាពិសេស​ចក្រភព​អង់គ្លេស​ដែលជា​សមាជិក​សភាព​អឺរ៉ុប ប៉ុន្តែ​ចាយលុយ​ផោន។ យ៉ាងណា​កដោយ ក្រោយ​បង្កើត​រូបី​យ​វត្ថុ​ផ្ទាល់ខ្លួន ក្រិ​ក​ត្រូវ​ប្រឈម​បញ្ហា​មួយ​ដ៏​ធំ​គឺ​តម្លៃ​រូបី​យ​វត្ថុ​ដើម្បី​ប្រើប្រាស់​ក្នុង​សេដ្ឋកិច្ច​និង​បើក​ធនាគារ​ឡើងវិញ។ គេ​រំពឹងថា អឺរ៉ុប អាមេរិក​និង​សម្ព័ន្ធមិត្ត​នឹង​តាម​ព្យាបាទ​ក្រិ​កដោយ​ព្យាយាម​ធ្វើ​ឲ្យ​តម្លៃ​រូបី​យ​វត្ថុ​ថ្មី​របស់​ក្រិ​ក​ធ្លាក់ចុះ​ទៅរក​តម្លៃ​ទាប​បំផុត។ បើ​គ្មាន​អ្នក​ជួយ​ជ្រោមជ្រែង​ទេ សេដ្ឋកិច្ច​ក្រិ​ក​នឹង​រលំ​ចៀស​មិន​រួច​នៅពេល​ខាងមុខ។  


© រក្សាសិទ្ធិដោយ thmeythmey.com