ជាតិ
​​​ន​យោ​បាយ​ជាតិ​
បើ​ផែនទី​រដ្ឋាភិបាល មិនមែនជា​ផែនទី​ក្លែងក្លាយ CNRP នឹង​អាម៉ាស់?
06, Jul 2015 , 5:03 pm        
រូបភាព
ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​លោក ហ៊ុន សែន បាន​សរសេរ​លិខិត​ទៅ​លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បាន គី​មូ​ន ដើម្បី​ខ្ចី​ផែនទី​ទាំងអស់​របស់​កម្ពុជា ដែល​បាន​តម្កល់​នៅ​អង្គការសហប្រជាជាតិ យកមក​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី​របស់​រដ្ឋាភិបាល​ដែល​កំពុង​ប្រើប្រាស់​បច្ចុប្បន្ន ដើម្បី​បញ្ជាក់​ពី​ភាពត្រឹមត្រូវ​របស់ខ្លួន។ សំណើ​របស់លោក ហ៊ុន សែន ទៅ​លោក បាន គី​មូ​ន នេះ​ធ្វើឡើង បន្ទាប់ពី​គណបក្សប្រឆាំង​ចោទ​រដ្ឋាភិបាល​ថា ប្រើប្រាស់​ផែនទី​ក្លែងក្លាយ។ គណបក្សប្រឆាំង​ស្វាគមន៍​ចំពោះ​ការស្នើសុំ​ផែនទី​ពី​អង្គការសហប្រជាជាតិរ​បស់​រដ្ឋាភិបាល​កម្ពុជា​នាពេលនេះ ខណៈដែល​អ្នកវិភាគ​ថា បើ​ផែន​ទីនេះ​ដូចនឹង​ផែនទី​រដ្ឋាភិបាល​នោះ គណបក្ស​ប្រឆាំងនឹង​អាច​បាត់បង់​ប្រជាប្រិយភាព​ខ្លួន។



សំឡេង៖



អ្នកវិភាគ​នយោបាយ លោក អ៊ូ វីរៈ យល់ថា សំណើ​របស់លោក ហ៊ុន សែន សុំ​ផែនទី​ពី​អង្គការសហប្រជាជាតិ​នាពេលនេះ វា​ជា​រឿង​ល្អ​មួយ ដែលជា​ស្ពាន​សម្រាប់​លាតត្រដាង​ពី​ផែនទី​របស់​រដ្ឋាភិបាល ពិត ឬ​មិន​ពិត។ លោក អ៊ូ វីរៈ អត្ថាធិប្បាយ​ថា សកម្មភាព​របស់លោក ហ៊ុន សែន ពេលនេះ ក៏​អាច​ជាការ​បំបាក់មុខ​គ​ណ​បក្សប្រឆាំង​ដែរ ប្រសិនបើ​ការ​ផ្ទៀ​ត​ផ្ទាត់​ផែនទី​នោះ​រកឃើញថា ផែនទី​រដ្ឋាភិបាល​ជា ផែនទី ពិតប្រាកដ​នោះ គណបក្ស​ប្រឆាំងនឹង​បាត់បង់​ប្រជាប្រិយភាព ខណៈដែល​ខ្លួន​តែងតែ​រដ្ឋាភិបាល​ថា ប្រើ​ផែនទី​ក្លែងក្លាយ។ « ខ្ញុំ​ថា បក្សប្រឆាំង​អស់​ក្រឡា​លោត​ហើយ។ គណបក្ស​នេះ នឹង​បាត់បង់​ប្រជាប្រិយភាព​ច្រើន ខ្មាស​គេ បាក់មុខ ពី​ព្រោះតែ​ការចោទប្រកាន់​បែប​នយោបាយ​ប្រជា​ភិ​ថុ​ត​របស់ខ្លួន​កន្លងមក។ យើង​នៅ​រង់​ចាំមើល​ដំណើរ​ការវិវត្ត​នៃ​ករណីនេះ​ទាំងអស់គ្នា»។ នេះ​ជាការ​វិភាគ​របស់លោក អ៊ូ វីរៈ។

អ្នកវិភាគ​រូបនេះ បន្ថែមថា បញ្ហា​ព្រំដែន ជាពិសេស​ពាក់​ពន្ធ​នឹង​បញ្ហា​ផែនទី​នោះ លោក នាយករដ្ឋមន្ត្រី គួរតែ​ស្នើសុំ​ខ្ចី​ផែនទី​កម្ពុជា ដែល​តម្កល់​នៅ​អង្គការសហប្រជាជាតិ​យូរហើយ។ បញ្ជាក់​ដូច្នេះ​ថា៖«ខ្ញុំ​ថា​លោក ហ៊ុនសែន គួរតែ​ស្នើសុំ​ផែន​ទីនេះ​យូរហើយ ពោលគឺ​តាំងពី​ឆ្នាំ ២០០៥ មក​ម្លេះ ដើម្បី​បញ្ចប់​ក្តី​សង្ស័យ ជាជាង​ទើបតែ​សុំ​នៅពេលនេះ»។

ខុសគ្នា​ពី​លោក អ៊ូ វីរៈ សម្រាប់​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ នយោបាយ លោក រស់ រ៉ាវុធ យល់ថា សំណើ​របស់លោក ហ៊ុន សែន ស្នើសុំ​ផែនទី​ពី​អង្គការសហប្រជាជាតិ​នេះ គឺ​លោក​ចង់​បង្ហាញថា រដ្ឋាភិបាល​លោក​មិន​ព្រងើយកន្ដើយ ក្នុងការ​ដោះស្រាយ​បញ្ហា​ព្រំដែន​នេះ​ទេ។ លោក​ថា បើទោះជា​ផែនទី​យកមក​ពី​អង្គការសហប្រជាជាតិ ដូចនឹង​ផែនទី​រដ្ឋាភិបាល​ក៏ដោយ ក៏​មិនមែនជា​បញ្ហា​ដែល​ធ្វើ​ឲ្យ​គណបក្សប្រឆាំង​បាត់បង់​ប្រជាប្រិយភាព​ដែរ ព្រោះនេះ​ជា​បញ្ហា​រួម​របស់​ប្រទេសជាតិ។ សាស្ត្រាចារ្យ​រូបនេះ​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖«នេះ​ជា​រឿង​ល្អ​មួយ​របស់​មេដឹកនាំ​កម្ពុជា ដែល​មិន​ព្រងើយកន្ដើយ​ក្នុងការ​ដោះស្រាយ​បញ្ហា​ព្រំដែន។ ទី២គឺ​រដ្ឋាភិបាល​ចង់បង្ហាញ​ពី​ការដោះស្រាយ​តាម​ការទូត ក្នុង​ការយក​ផែនទី​ពី​អង្គការសហប្រជាជាតិ ដែលជា​ផែនទី​ស្ដីពី​ការព្រមព្រៀង​រវាង​កម្ពុ​ជា និង​វៀតណាម​ដឹងឮ​តម្កល់ទុក​ទីនោះ។ ហើយ​បញ្ហា​នេះ​គឺជា​បញ្ហា​ជាតិ​ធំ មិន​ទាក់ទង​នឹង​ការបំបាក់​ប្រជាប្រិយភាព​គណបក្សប្រឆាំង​ទេ។ ហើយក៏​គ្មាន​អ្វីដែល​ធ្វើ​ឲ្យ​គណបក្សប្រឆាំង​បាត់បង់​ប្រជាប្រិយភាព​ដែរ ព្រោះ​រដ្ឋាភិបាល​ត្រូវតែ​យក​ផែនទី​មក​បង្ហាញ​ឲ្យ​ច្បាស់​និង​ដោះស្រាយ​បញ្ហា​រួម​របស់​ជាតិ»។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន  បានស្នើ​សុំ​ខ្ចី​ផែនទី​ពី​លោក​អគ្គលេខាធិការ​អង្គការ​សហ​ប្រជា​តិ សម្រាប់​អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់​កម្ពុជា ដែលជា​សមាជិក​អង្គការសហប្រជាជាតិ។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់​បន្ថែមថា ការស្នើសុំ​ខ្ចី​ផែនទី​ទាំងនោះ គឺ​ក្នុង​គោលបំណង​បញ្ជាក់​ពី​ភាពត្រឹមត្រូវ​របស់​រដ្ឋា​ភិ​បាល​កម្ពុជា នៅក្នុង​ការរៀបចំ​និង​អនុវត្ត​ការងារ​របស់ខ្លួន​ក្នុងការ​កំណត់ និង​ការបោះបង្គោល​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​ប្រទេសជិតខាង ដើម្បី​បញ្ចៀស​និង​បញ្ចប់​នូវ​ការ​ញុះញង់​បង្កើត​ស្មារតី​ជាតិនិយម​ជ្រុល។ ជាពិសេស​ធ្វើ​ឲ្យ​មានការ​ភាន់ច្រឡំ​នៅក្នុង​សាធារណៈមតិ​ជាតិ និង​អន្តរជាតិ ដើម្បី​កេងចំណេញ​ខាង​នយោបាយ ដោយ​មជ្ឈដ្ឋាន​មួយចំនួន​នៅក្នុង​ប្រទេស​កម្ពុជា ដែល​អាច​បង្កើតជា​គ្រោះមហន្តរាយ​ដ៏​ធំធេង​ដល់​ជាតិ​កម្ពុជា​ទាំងមូល ។

តំណាង​គណបក្សប្រឆាំង លោក អ៊ុំ សំអាន ដែល​តែងតែ​ចោទ​រដ្ឋាភិបាល​ប្រើប្រាស់​ផែនទី​ក្លែងក្លាយ ស្វាគមន៍​ចំពោះ​សំណើ​ខ្ចី​ផែនទី​ពី​អង្គការសហប្រជាជាតិរ​បស់​រដ្ឋាភិបាល​ពេលនេះ ព្រោះ​លោក​យល់ថា សកម្មភាព​នេះ​គឺ​បង្ហាញថា ខ្មែរ​ចេះ​រួបរួមគ្នា​ក្នុងការ​ដោះស្រាយ​បញ្ហា​ជាមួយ​វៀតណាម។ លោក​អះអាងថា សកម្មភាព​របស់​គណ​បក្ស​លោក​កន្លងមក គឺជា​ការចូលរួមចំណែក​ក្នុងការ​ដោះស្រាយ​បញ្ហា​ព្រំដែន ដែលជា​បញ្ហា​ធំ​របស់​ជាតិ មិនមែនជា​ការរិះគន់ និង​ចោទប្រកាន់​ដើម្បី​ទាញយក​ប្រជាប្រិយភាព​នោះទេ។ តែ​យ៉ាងណា​លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល អនុញ្ញាត​ឲ្យ​គណបក្ស​លោក ចូលរួម​ផ្ទៀងផ្ទាត់​ផែនទី​ជាមួយ​រដ្ឋាភិបាល​ផង នៅពេល​បាន​ផែនទី​ពី​អង្គការសហប្រជាជាតិ«ពេល​ផែនទី​មក​ស្រុក​ខ្មែរ ខ្ញុំ​ស្នើ​ឲ្យ​មាន​តំណាង​ពី​UN អ្នកជំនាញ សង្គម​ស៊ីវិល គណបក្សប្រឆាំង ដោយ​ខ្ញុំ​នឹង​លោក​ប្រធាន​សម រង្ស៊ី នឹង​យក​ផែនទី​ក្នុង​ដៃ ទៅ​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី​ពី​UN ផែនទី​រដ្ឋាភិបាល»។ នេះ​ជាការ​បញ្ជាក់​របស់លោក អ៊ុំ សំអាន។

គួរ​បញ្ជាក់ថា សំណើ​របស់លោក ហ៊ុន សែន ទៅ​លោក បាន គី​មូ​ន នេះ​ធ្វើឡើង បន្ទាប់ពី​គណបក្សប្រឆាំង​នៅតែ​ចោទ​រដ្ឋាភិបាល​ថា ប្រើប្រាស់​ផែនទី​ក្លែងក្លាយ ខណៈដែល​រដ្ឋាភិបាល​បាន​ព្យាយាម​បង្ហាញ​ផែនទី​មូលដ្ឋានគ្រឹះ ដែល​ខ្លួន​អះអាងថា បាន​យកមកអនុវត្ត​ក្នុង​កិច្ចការ​ការពារ​ដែន​អធិបតេយ្យភាព​កម្ពុជា កាលពី​ថ្ងៃទី០២ កក្កដា កន្លងមក៕



© រក្សាសិទ្ធិដោយ thmeythmey.com